💡ប្រជុំទស្សនវិជ្ជាបរទេសទាំង ១០ ដែលនិយាយពីមនសិការ និងសង្គមជាតិ។ 📚
✅ «ច្បាប់ច្រើនពេក វាបង្ហាញពីសង្គមជាតិដែលមានវិបត្តិ។»
បើសង្គមមួយពោរពេញទៅដោយការរំលោភបំពាន និងការបាត់បង់សីលធម៌ រដ្ឋនឹងត្រូវបង្ខំចិត្តបង្កើតច្បាប់កាន់តែច្រើនដើម្បីទប់ស្កាត់។ សង្គមជាតិដែលរឹងមាំ គឺសង្គមដែលពលរដ្ឋរស់នៅដោយមានសីលធម៌ និងមនសិការខ្ពស់ ទោះគ្មានច្បាប់ចងក ក៏ដឹងខុសដឹងត្រូវ។
✅ «កុំសួរថា តើប្រទេសជាតិបានធ្វើអ្វីខ្លះសម្រាប់អ្នក តែត្រូវសួរថា តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ប្រទេសជាតិវិញ។»
បើពលរដ្ឋមិនដឹងពីកាតព្វកិច្ចរបស់ខ្លួន សង្គមជាតិមួយមិនអាចល្អប្រសើរបានឡើយ បើពលរដ្ឋគិតតែពីទាមទារ និងទទួលផល ដោយមិនព្រមចូលរួមចំណែកកសាង ឬលះបង់អ្វីសោះនោះ។
✅ «បើចង់ទៅលឿន ចូរទៅតែម្នាក់ឯង។ តែបើចង់ទៅឱ្យបានឆ្ងាយ ចូរទៅទាំងអស់គ្នា។»
សង្គមជាតិមួយមិនអាចរីកចម្រើនទៅមុខប្រកបដោយចីរភាព និងរឹងមាំបានឡើយ បើគ្មានការរួមសុខរួមទុក្ខ និងដើរទៅមុខជាមួយគ្នាជាសមូហភាព។
✅ «សង្គមជាតិមួយរីកចម្រើន លុះត្រាតែមានមនុស្សចាស់ៗ ព្រមដាំដើមឈើ ទាំងដឹងច្បាស់ថាខ្លួនមិនអាចរស់នៅបានអង្គុយក្រោមស្រមោលរបស់វា។»
ចំពោះស្មារតីជាតិនិយម និងការកសាងសង្គមពិតប្រាកដ គឺការធ្វើអំពើល្អ និងការអភិវឌ្ឍទាំងឡាយណាដែលផ្តល់ផលប្រយោជន៍ដល់យុវជនជំនាន់ក្រោយ ទោះបីជាខ្លួនឯងមិនបានទទួលផលផ្ទាល់ក៏ដោយ។
✅ «បើចង់ដឹងពីកម្រិតតម្លៃនៃសង្គមជាតិមួយ កុំមើលលើរបៀបដែលគេប្រព្រឹត្តចំពោះពលរដ្ឋជាន់ខ្ពស់ តែត្រូវមើលលើរបៀបដែលគេប្រព្រឹត្តចំពោះអ្នកទន់ខ្សោយ។»
តម្លៃពិតប្រាកដនៃសង្គមជាតិស្ដែងចេញតាមរយៈ ធម៌មេត្តា និងសមភាព ដែលផ្តល់ឱ្យទៅពលរដ្ឋក្រីក្រ កម្សត់ទុគ៌ត និងអ្នកទន់ខ្សោយបំផុតនៅក្នុងសង្គម។
✅ «អយុត្តិធម៌ កើតមាននៅកន្លែងណាមួយ វាគឺជាការគំរាមកំហែងដល់ យុត្តិធម៌ នៅគ្រប់ទីកន្លែងទាំងអស់។»
នៅក្នុងសង្គមជាតិមួយ យើងមិនអាចព្រងើយកន្តើយនឹងទុក្ខសោក ឬភាពអយុត្តិធម៌ដែលកើតឡើងលើអ្នកដទៃ (ទោះពួកគេជាអ្នកតូចតាចក៏ដោយ) ព្រោះបើប្រព័ន្ធសង្គមគ្មានយុត្តិធម៌ពិតប្រាកដ ថ្ងៃណាមួយវានឹងរាលដាលមកដល់ខ្លួនយើងដូចគ្នា។ សុភាសិតខ្មែរ «ឆេះគុម្ពព្រាល រាលគុម្ពព្រេច»។
✅ «ការអប់រំ គឺជាអាវុធដ៏មានអំណាចបំផុត ដែលអ្នកអាចប្រើប្រាស់វាដើម្បីផ្លាស់ប្តូរពិភពលោក។»
បើចង់កែប្រែ ឬអភិវឌ្ឍសង្គមជាតិមួយឱ្យរីកចម្រើន និងមានសណ្តាប់ធ្នាប់ គឺត្រូវចាប់ផ្តើមពីការផ្តល់ការអប់រំដែលមានគុណភាពដល់ប្រជាពលរដ្ឋ។ ចំណេះដឹងគឺជាអ្នកជំរុញដ៏សំខាន់បំផុតក្នុងការលុបបំបាត់ភាពក្រីក្រ និងភាពអវិជ្ជា។
✅ «គ្មានមនុស្សណាម្នាក់ជាកោះដាច់ស្រយាលតែឯងនោះទេ មនុស្សគ្រប់រូបសុទ្ធតែជាចំណែកនៃដីគោក និងជាផ្នែកមួយនៃពិភពលោកទាំងមូល។»
មនុស្សមិនអាចរស់នៅ និងរីកចម្រើនដោយដាច់ឆ្ងាយពីសង្គមបានឡើយ។ សកម្មភាព និងការរស់នៅរបស់យើងម្នាក់ៗ តែងតែមានឥទ្ធិពល និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសុខទុក្ខរបស់សង្គមជាតិទាំងមូល។
✅ «យើងត្រូវស្ថិតនៅក្រោមចំណងនៃច្បាប់ ដើម្បីឱ្យយើងអាចមានសេរីភាព។»
នៅក្នុងសង្គមជាតិមួយ សេរីភាពដែលគ្មានដែនកំណត់ និងគ្មានច្បាប់ទម្លាប់ វានឹងក្លាយទៅជាភាពអនាធិបតេយ្យ។ ការគោរពច្បាប់រួម មិនមែនជាការបង្ខាំងសេរីភាពនោះទេ ប៉ុន្តែវាជាការការពារសេរីភាព និងសុវត្ថិភាពរបស់ពលរដ្ឋគ្រប់រូបឱ្យរស់នៅដោយស្មើភាពគ្នា។
✅ «ប្រជាជាតិមួយដែលគ្មានចំណេះដឹងពីប្រវត្តិសាស្ត្រ ដើមកំណើត និងវប្បធម៌របស់ខ្លួន គឺប្រៀបដូចជាដើមឈើដែលគ្មានឫស។»
សង្គមជាតិមួយអាចឈរជើងបានយ៉ាងរឹងមាំទៅអនាគត លុះត្រាតែប្រជាពលរដ្ឋក្នុងសង្គមនោះ ស្គាល់ ស្រឡាញ់ និងរួមគ្នាថែរក្សាការពារវប្បធម៌ អត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ខ្លួន។ បើបាត់បង់អត្តសញ្ញាណ នោះសង្គមជាតិក៏ងាយនឹងត្រូវរលាយរលត់ទៅតាមនោះដែរ។
By: សុភាសិត កាព្យខ្មែរ
#បកស្រាយសុភាសិតបុរាណខ្មែរ #ណាវ៉ាត់proverbs #សុភាសិតកាព្យខ្មែរ #សុភាសិតខ្មែរ #quotes #កំណាព្យ #proverbs
