💡វិភាគបុរាណភាសិត «ស្រីមួយ ដូចក្រូចមួយដើម»។
នៅក្នុងសង្គមសម័យទំនើប មនុស្សស្រីត្រូវបានគេប្រៀបប្រដូចទៅនឹងផ្កាដ៏ស្រស់បំព្រង ដែលបង្អួតសម្រស់សព្វសារពាង្គ។ ប៉ុន្តែ សម្រាប់គតិបុរាណខ្មែរយើង លោកមិនបានមើលឃើញត្រឹមតែសម្រស់ដែលងាយនឹងស្រពោននោះឡើយ លោកបានបន្សល់ទុកនូវគតិបុរាណដ៏ជ្រាលជ្រៅមួយឃ្លា នោះគឺ «ស្រីមួយ ដូចក្រូចមួយដើម»។
ចំពោះន័យត្រង់នៃផ្លែក្រូច៖
វាមានសំបកស្តើង ងាយនឹងជាំខ្ទេចខ្ទីនៅពេលធ្លាក់ដល់ដី ចំណុចនេះប្រៀបដូចជាកិត្ដិយសរបស់មនុស្សស្រី។ បើយើងវិភាគតាមបែបតក្កវិជ្ជា មនុស្សស្រីកើតមកតែងតែពាំមកជាមួយនឹងមនោសញ្ចេតនាជ្រាលជ្រៅ ក្ដីអាណិតស្រឡាញ់ ចិត្តទន់ និងភាពលះបង់។ ទាំងនេះវាប្រៀបដូចជាទឹកសន្សើមនៅលើចុងស្មៅអ៊ីចឹង ស្រស់ស្អាតណាស់ ថ្លាយង់ណាស់ ប៉ុន្តែក៏ងាយនឹងរលាយបាត់រូបរាងណាស់ដែរ ប្រសិនបើត្រូវរងនូវខ្យល់ព្យុះនៃកិលេសរបស់មនុស្សប្រុស ហើយតម្លៃកិត្តិយសក៏វាទៅតាមនោះដែរ។
ដ្បិតតែយ៉ាងនេះ ធម្មជាតិក៏មិនបានបង្កើតដើមក្រូចមកឱ្យទន់ជ្រាយទាំងស្រុងនោះទេ នៅចន្លោះស្លឹកខៀវស្រងាត់ និងផ្កាពណ៌សរបស់វា ដើមក្រូចតែងតែលាក់បំពួននូវ «បន្លា» ដ៏មុតស្រួច។ បន្លានេះមិនមែនបង្កើតឡើងដើម្បីជាទីរំខានដល់អ្នកដទៃនោះទេ តែវាជា «ខែលការពារ» ខែលបន្លានេះ គឺជាមារយាទដ៏ទន់ភ្លន់តែរឹងមាំ ជាសេចក្តីថ្លៃថ្នូរ និងជាការគោរពឱ្យតម្លៃលើកិត្តិយស របស់មនុស្សស្រីខ្លួនឯង។
ស្រ្តីដែលស្គាល់តម្លៃខ្លួនឯង គឺស្រ្តីដែលចេះពាក់អាវក្រោះនៃ «បន្លាស្រួច» នេះឯង។ នាងរស់នៅដោយមានមារយាទល្អ មានចំណេះដឹង និងសីលធម៌ខ្ពស់ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមិនអាចចូលមកបៀតបៀន ឬជាន់ឈ្លីកិត្តិយសនាងបានតាមចិត្តចង់នោះឡើយ។ ធម្មជាតិនៃដើមក្រូច បើវាខូចមួយមែកហើយ វាអាចធ្វើឱ្យស្អុយរលួយដល់ឫសគល់តែម្ដង។ ធម្មជាតិនៃស្ត្រីខ្មែរក៏ដូច្នោះដែរ បើនាងថ្លោះធ្លោយតម្លៃកិត្ដិយសហើយ វាក៏មានឥទ្ធិពលយ៉ាងនោះដែរចំពោះគ្រួសារ វង្សត្រកូល និងសង្គមជាតិទាំងមូល។ ព្រោះនាងជាកូនស្រីតំណាងឱ្យកេរ្តិ៍ឈ្មោះឪពុកម្តាយ នាងជាភរិយាតំណាងឱ្យកេរ្តិ៍ឈ្មោះស្វាមី នាងជាមាតាតំណាងឱ្យកូនៗ និងតំណាងឱ្យប្រពៃណីប្រទេសជាតិទាំងមូល។
ពីបុរាណកាល និងរហូតមកដល់បច្ចុប្បន្ន ទោះបីជាស្ត្រីខ្មែរក្នុងយុគសម័យថ្មីនេះ បានបោះជំហានយ៉ាងវែងឆ្ងាយនៅក្នុងសង្គម ក្លាយជាអ្នកដឹកនាំ ជាអ្នកគិត និងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការកសាងជាតិក៏ដោយ ក៏តម្លៃស្នូលនៃ «ដើមក្រូច» នេះមិនដែលប្រែប្រួលឡើយ។ ការដេញតាមសម័យកាល មិនមែនជាការបោះបង់ចោលនូវបន្លាការពារខ្លួននោះទេ សូមស្ត្រីខ្មែររក្សានូវគុណភាពនៃផ្លែផ្កា និងសូមកុំបោះបង់ចោលនូវបន្លាដ៏មានតម្លៃនៃមារយាទ និងសេចក្តីថ្លៃថ្នូរ។ ចូរធ្វើជាដើមក្រូចដ៏មានតម្លៃ បញ្ចេញនូវម្លប់ដ៏ត្រជាក់ និងផ្លែផ្កាដ៏បរិសុទ្ធ ដើម្បីលម្អ និងកសាងសង្គមជាតិយើងឱ្យពោរពេញដោយអរិយធម៌ដ៏ឧត្តុង្គឧត្តម។
អត្ថបទវិភាគ : សុភាសិត កាព្យខ្មែរ
#បកស្រាយសុភាសិតបុរាណខ្មែរ #ណាវ៉ាត់proverbs #សុភាសិតកាព្យខ្មែរ #សុភាសិតខ្មែរ #quotes #កំណាព្យ #proverbs
