មុខជំនួញ៣យ៉ាងជាគំនិតដ៏ឆ្លាតវៃរបស់ព្រះអង្គ
ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាប អ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ
១-ជាអ្នកមានបញ្ញា គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេជាដើម ។
២-ប្រឹងប្រែង ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ ពោលគឺមិនខ្ជិលច្រអូស មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ។
៣-ជាអ្នកប៉ិនប្រសប់ក្នុងការទាក់ទងអតិថិជនបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់ ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ ជាអ្នករួសរាយរាក់ទាក់ ។
តើមានកន្លែងណាដែលព្រះពុទ្ធលោកបង្រៀនឱ្យមនុស្សក្រ ឬទន់ខ្សោយស្មារតីនោះ? អ្នកដែលចោទព្រះពុទ្ធសាសនាដោយប្រការផ្សេងៗ ប្រៀបបីដូចជាមនុស្សអប្បឥតវិជ្ជា ហើយខំស្រែកថាលោកនេះងងឹតណាស់ លោកនេះគ្មានពន្លឺទេ ព្រោះគេគ្មានភ្នែកគឺបញ្ញា ដើម្បីសិក្សាស្រាវជ្រាវនូវខ្លឹមសារឲ្យបានច្បាស់លាស់ ។លោកិយធម្មទាន ប្រែថាការឲ្យធម៌ដល់មនុស្សលោក ដោយ
ន័យថា ការឲ្យបញ្ញា ការឲ្យចំណេះវិជ្ជា សម្រាប់ធ្វើឲ្យបានចំរើន ក្នុង ឥធលោក (លោកបច្ចុប្បន្ន) និង បរលោក (លោកខាងមុខ) បានដល់ វិជ្ជា ពុទ្ធសាសនា ថ្នាក់ដំបូង ថ្នាក់កណ្តាល ថ្នាក់បំផុត វិជ្ជាអក្សរសាស្ត្រ
* វិជ្ជាពុទ្ធសាសនាចែកជា ៣ ថ្នាក់គឺ ថ្នាក់ដំបូង (ថ្នាក់ទី១), ថ្នាក់កណ្តាល (ថ្នាក់ទី២) និង ថ្នាក់បំផុត (ថ្នាកទី៣) ។ វិជ្ជាថ្នាក់ដំបូង បានដល់ ទិដ្ឋធម្មិកត្ថប្រយោជន៍ (ប្រយោជន៍បច្ចុប្បន្ន) មាន ៤ យ៉ាងគឺ ១) ឧដ្ឋានសម្បទា, ២) អារក្ខសម្បទា, ៣) កល្យាណមិត្តតា, និង ៤) សមជីវិតា ។ វិជ្ជាថ្នាក់កណ្តាលបានដល់ សម្បរាយិកត្ថប្រយោជន៍ (ប្រយោជន៍បរលោក) មាន ៤ យ៉ាងគឺ ១) សទ្ធសម្បទា, ២) សីលសម្បទា, ៣) ចាគសម្បទា, និង ៤) បញ្ញាសម្បទា ។ វិជ្ជាថ្នាក់បំផុតបានដល់ បរមត្ថប្រយោជន៍ គឺប្រយោជន៍ល្អិតសុខុម ឯកន្តបរមសុខ (សុខក្នុងព្រះ និព្វាន) មាន ៣ យ៉ាងគឺ អធិសីល, អធិសមាធិ, និង អធិបញ្ញា ។ ទាំង ៣ នេះហៅថា ត្រៃសិក្ខា ។
Tags:
Business Buddhism





