{៣៤០} ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី...

 {៣៤០} ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី...


ទ្រង់ត្រាស់ថា


ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ

ឈ្មោះអានកៈ របស់ពួកក្សត្រនាមទសារហៈ ។

កាលបើរាងសំភោរ ឈ្មោះអានកៈ នោះប្រេះឆា

ហើយពួកក្សត្រទសារហៈ

ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អបទុក ។


ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់

របស់សំភោរ ឈ្មោះអានកៈ ខូចបាត់ទៅ

សល់នៅតែរាងស្រោប ។


ម្នាលភិក្ខុទាំងឡាយ សេចក្ដីនេះមានឧបមេយ្យ

ដូចក្នុងកាលអនាគត ព្រះសូត្រ ទាំងឡាយណា

ដែលតថាគត សម្ដែងហើយ ជាព្រះសូត្រដ៏ជ្រៅ

មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ

ប្រកបដោយសភាពដ៏សូន្យ


ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល

ពួកមហាជននឹងមិនស្ដាប់ មិនដាក់ចុះនូវសោតៈ

មិនយកចិត្តទុកដាក់ដើម្បីដឹង

ទាំងមិនសំគាល់ធម៌ទាំងនោះថា

គួររៀន ឬគួរទន្ទេញឡើយ ។


បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញកវី

បានធ្វើជាកាព្យឃ្លោង មានអក្សរដ៏វិចិត្រ

មានព្យញ្ជនៈដ៏វិចិត្រ ជាខាងក្រៅ ជាសាវកភាសិត

ព្រះសូត្រទាំងនោះ កាលបុគ្គលពោល

ទើបមហាជននឹងស្ដាប់ នឹងដាក់ចុះនូវសោតៈ

នឹងយកចិត្តទុកដាក់ដើម្បីដឹង

នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។


{៣៤១} ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រ

ដែលតថាគត សំដែងហើយទាំងនោះ

ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ

ប្រកបដោយសភាពដ៏សូន្យយ៉ាងនេះឯង ។ 


ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ

អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា

ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគត

សម្ដែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ

ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ


ព្រះសូត្រទាំងនេះ កាលបុគ្គលពោល

យើងនឹងប្រុងស្ដាប់ ដាក់ចុះនូវសោតៈ

យកចិត្តទុកដាក់ដើម្បីដឹង

នឹងសំគាល់នូវធម៌ទាំងនោះថា

គួររៀន គួរទន្ទេញ ដូច្នេះ


ម្នាលភិក្ខុទាំងឡាយ

អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។


បិដក ភាគ៣២ ទំព័រ២៦៣ និង២៦៤


#ស្ដាប់ព្រះពុទ្ធវចនៈ

Previous Post Next Post