កុំព្យាយាមបំពេញការងារដើម្បីសង្គម ជាតិ និងសាសនា ដោយគ្រាន់តែចង់ឱ្យបុគ្គលនេះ បុគ្គលនោះសប្បាយចិត្ត សរសើរ និងគាំទ្រខ្លួនឯងឱ្យសោះ។ ព្រោះបើអ្នកធ្វើអ្វីៗដើម្បីតែផ្គាប់ចិត្តអ្នកដទៃ អ្នកអាចនឹងបាត់បង់ខ្លួនឯង អស់កម្លាំងចិត្ត និងបាក់ទឹកចិត្ត នៅពេលដែលមនុស្សជុំវិញខ្លួនលែងគាំទ្រ លែងស្រឡាញ់ លែងសរសើរ និងលែងឱ្យតម្លៃអ្នក។
អ្នកនឹងប្រៀបដូចជាទៀនមួយដើម ដែលផ្ដល់ពន្លឺឱ្យអ្នកដទៃ ប៉ុន្តែបែរជាដុតបំផ្លាញខ្លួនឯងបន្តិចម្ដងៗ។
ហេតុនេះហើយ ព្រះពុទ្ធទ្រង់បង្រៀនឱ្យយើងយកខ្លួនឯង(កុសល)ជាទីពឹង ជាកោះ និងជាប្រទីប។ ការធ្វើការបម្រើសង្គម ជាតិ និងសាសនា មិនគួរធ្វើឡើងដើម្បីតែស្វែងរកការសរសើរ ឬការទទួលស្គាល់ពីអ្នកដទៃនោះទេ ប៉ុន្តែគួរធ្វើដើម្បីបណ្ដុះគុណធម៌ សន្សំបុណ្យកុសល និងអភិវឌ្ឍចិត្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ដោយមានកតញ្ញុធម៌ចំពោះជាតិ និងព្រះពុទ្ធសាសនាជាដើម។
ព្រោះគុណធម៌ដែលយើងបានសាងដោយសេចក្ដីស្មោះត្រង់ នឹងក្លាយជាទ្រព្យខាងក្នុងដែលមិនអាស្រ័យលើការសរសើរ ឬការគាំទ្ររបស់អ្នកណាម្នាក់ឡើយ។ ទោះបីជាពិភពលោកទាំងមូលមិនយល់ពីយើង មិនគាំទ្រយើង ឬសូម្បីតែស្អប់យើងក៏ដោយ ក៏គុណធម៌ដែលយើងបានបណ្ដុះនៅក្នុងចិត្ត នៅតែជារបស់យើង ហើយយើងនឹងមិនមានអារម្មណ៍ថាខ្លួនឯងឯកោឡើយ។
ចូរព្យាយាមបង្កើតពន្លឺចេញពីខាងក្នុងខ្លួន ហើយយកពន្លឺនោះទៅបំភ្លឺអ្នកដទៃ។ កុំបណ្ដោយឱ្យជីវិតរបស់អ្នកពឹងផ្អែកទាំងស្រុងលើពន្លឺពីអ្នកដទៃ ព្រោះពន្លឺខាងក្រៅអាចរលត់ទៅវិញនៅពេលណាមួយបាន។
ជីវិតតែងតែមានពេលវេលាងងឹត។ ប៉ុន្តែ ទោះបីជាពិភពលោកខាងក្រៅងងឹតយ៉ាងណាក៏ដោយ ប្រសិនបើចិត្តរបស់យើងនៅតែភ្លឺដោយគុណធម៌ បញ្ញា និងសេចក្ដីស្មោះត្រង់ យើងនៅតែមានតម្លៃដដែល។ ទោះបីជាគ្មាននរណាម្នាក់មើលឃើញពន្លឺរបស់យើងក៏ដោយ ក៏យើងនៅតែដឹងច្បាស់ថា ពន្លឺនោះមាននៅក្នុងខ្លួនយើង។
កុំរស់នៅដើម្បីតែឱ្យអ្នកដទៃមើលឃើញពន្លឺរបស់អ្នក។ ចូររស់នៅដើម្បីរក្សាពន្លឺនោះឱ្យស្ថិតស្ថេរនៅក្នុងចិត្តរបស់អ្នក។
#សមាធិ #Meditation #កម្ពុជា #Cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #MentalHealth #Vipassana #Dhamma #Theravada #ព្រះពុទ្ធសាសនា #វិបស្សនា #ធម៌
