#សិក្សាព្រះគាថាធម្មបទបិដក៥២និងធម្មបទដ្ឋកថា
៥. #រឿងមហាកាលឧបាសក
អត្តនា ហិ កតំ បាបំ ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងជេតវនវិហារ ទ្រង់ប្រារព្ធនូវឧបាសកម្នាក់ឈ្មោះ មហាកាល ដែលជាព្រះសោតាបន្ន ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ។
ឮថា ក្នុងមួយខែអស់រយៈពេល ៨ ថ្ងៃ ឧបាសកនោះតែងរក្សានូវឧបោសថសីល ហើយនៅស្ដាប់ធម៌ក្នុងវិហារ (វត្ត) អស់ពេញមួយរាត្រី។ គ្រានោះ ក្នុងរាត្រីនោះឯង មានពួកចោរបានជីកកាត់ផ្ទះមួយខ្នង លួចយកទ្រព្យសម្បត្តិទៅ លុះម្ចាស់ផ្ទះដឹងខ្លួនដោយសារសម្លេងភាជន៍លោហៈ ក៏នាំគ្នាដេញតាម ពួកចោរក៏បោះចោលទ្រព្យសម្បត្តិដែលលួចបាននោះហើយរត់គេចខ្លួនទៅ។ ម្ចាស់ផ្ទះទាំងឡាយក៏នៅតែដេញតាមមិនឈប់ ពួកចោរក៏រត់បែកគ្នាទៅតាមទិសផ្សេងៗ។ ចោរម្នាក់បានរត់មកតាមផ្លូវទៅកាន់វិហារ (វត្ត) ហើយឃើញមហាកាលឧបាសកដែលទើបតែស្ដាប់ធម៌ចប់ក្នុងពេលព្រឹកព្រលឹម កំពុងលុបមុខនៅក្បែរមាត់ស្រះ ក៏បោះកញ្ចប់ទ្រព្យសម្បត្តិទៅខាងមុខឧបាសកនោះ រួចរត់បាត់ទៅ។ ពួកមនុស្សដែលដេញតាមចោរមកដល់ ឃើញកញ្ចប់ទ្រព្យសម្បត្តិក៏ពោលថា អ្នកឯងជីកកាត់ផ្ទះយើង លួចយកទ្រព្យសម្បត្តិហើយ បែរជាមកធ្វើពុតជាដើរស្ដាប់ធម៌ទៅវិញ រួចក៏នាំគ្នាព្រួតវាយសម្លាប់ឧបាសកនោះចោល ហើយត្រឡប់ទៅវិញអស់ទៅ។
លុះដល់ពេលព្រឹកព្រលឹម ពួកទហរសាមណេរដែលកាន់ក្អមទឹកដើរកាត់តាមនោះឃើញ ក៏ពោលថា ឧបាសកដែលដេកស្ដាប់ធម៌ក្នុងវិហារ មិនគួរមកស្លាប់បែបនេះសោះ រួចក៏នាំគ្នាទៅក្រាបទូលព្រះសាស្តា។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពិតណាស់ ក្នុងអត្តភាពនេះ មហាកាលឧបាសកបានទទួលនូវមរណៈដែលមិនសមគួរមែន ប៉ុន្តែបើតាមកម្មដែលគាត់បានធ្វើទុកពីមុន គឺគាត់ទទួលបាននូវមរណៈដ៏សមគួរហើយ។ កាលដែលពួកភិក្ខុទូលសូម ព្រះអង្គក៏សម្ដែងនូវបុព្វកម្មរបស់ឧបាសកនោះថា៖
ក្នុងអតីតកាល ក្នុងដែនរបស់ព្រះរាជាក្រុងពារាណសី មានពួកចោរតែងតែចាំស្ទាក់ប្លន់ នៅមាត់ព្រៃក្បែរភូមិចុងកាត់មាត់ញកមួយ។ ព្រះរាជាក៏បានដាក់រាជភដ (អ្នកបម្រើកិច្ចការរាជការ) ម្នាក់ឱ្យនៅចាំទីនោះ គេតែងតែយកកម្រៃពីមនុស្សដើម្បីនាំឆ្លងពីខាងនេះទៅខាងនោះ និងពីខាងនោះមកខាងនេះវិញ។ គ្រានោះ មានបុរសម្នាក់បានឱ្យភរិយាដែលមានរូបឆោមសមរម្យ អង្គុយលើរទេះតូចមួយ រួចធ្វើដំណើរមកដល់ទីនោះ។ រាជភដគ្រាន់តែឃើញស្រ្តីនោះភ្លាម ក៏កើតសេចក្ដីស្រឡាញ់ ទោះបីជាបុរសនោះពោលថា បពិត្រលោកម្ចាស់ សូមជួយនាំពួកយើងឆ្លងព្រៃនេះផង ក៏ដោយ ក៏គេតបថា ឥឡូវនេះយប់ណាស់ហើយ ចាំព្រឹកឡើងសឹមឆ្លងទៅ។ បុរសនោះតបថា បពិត្រលោកម្ចាស់ ឥឡូវនេះនៅភ្លឺនៅឡើយទេ សូមនាំយើងទៅឥឡូវនេះចុះ។ រាជភដពោលបង្ខំថា ចូរឈប់សិនចុះ អាហារ និងកន្លែងស្នាក់នៅនឹងមាននៅក្នុងផ្ទះរបស់យើងនេះឯង។ បុរសនោះមិនចង់ឈប់សម្រាកឡើយ។
រាជភដក៏ឱ្យសញ្ញាដល់ពួកបុរសបម្រើ ឱ្យនាំរទេះត្រឡប់មកវិញ រួចបង្ខំឱ្យស្នាក់នៅក្នុងផ្ទះបាយ ហើយរៀបចំអាហារឱ្យបរិភោគ។ នៅក្នុងផ្ទះរបស់រាជភដនោះ មានកែវមណីរតនៈមួយ។ គេក៏លួចយកកែវមណីនោះទៅដាក់ក្នុងចន្លោះរទេះរបស់បុរសនោះ លុះដល់ពេលជិតភ្លឺ ក៏ធ្វើជាបង្កសម្លេងថាមានចោរចូល។ ពួកបុរសបម្រើក៏ស្រែកប្រាប់ថា បពិត្រលោកម្ចាស់ កែវមណីត្រូវចោរលួចបាត់ហើយ។ រាជភដក៏ដាក់កម្លាំងយាមនៅតាមទ្វារភូមិ រួចបញ្ជាថា អ្នកណាចេញពីក្នុងភូមិ ចូរឆែកឆេរមើលឱ្យអស់។ បុរសនោះ លុះព្រឹកឡើងក៏រៀបចំរទេះចេញដំណើរទៅ។ គ្រានោះ ពួកអ្នកឆែកឆេររទេះ ក៏ឃើញកែវមណីដែលរាជភដដាក់ទុកនោះ រួចក៏គំរាមកំហែងថា អ្នកឯងលួចកែវមណីហើយរត់គេចខ្លួនឬ រួចក៏វាយដំ ហើយនាំទៅបង្ហាញដល់មេភូមិថា បពិត្រលោកម្ចាស់ យើងចាប់ចោរបានហើយ។ រាជភដក៏ពោលថា អញឱ្យស្នាក់នៅ និងឱ្យបាយទឹកបរិភោគក្នុងផ្ទះក្នុងនាមជាអ្នកបម្រើរាជការ ប៉ុន្តែអ្នកឯងបែរជាលួចកែវមណីរបស់អញទៅវិញ ចូរពួកឯងចាប់អាមនុស្សអាក្រក់នេះទៅ រួចក៏ឱ្យគេព្រួតវាយសម្លាប់ចោលទៅ។
នេះគឺជាបុព្វកម្មរបស់មហាកាលឧបាសកនោះ។ លុះបុរស (រាជភដ) នោះស្លាប់ទៅ ក៏បានទៅកើតក្នុងអវីចិនរក រងទុក្ខក្នុងនរកនោះអស់កាលដ៏យូរអង្វែង ដោយផលកម្មដែលនៅសេសសល់ គាត់ត្រូវគេវាយសម្លាប់បែបនេះអស់ ១០០ អត្តភាព។
ព្រះសាស្តា កាលដែលទ្រង់បង្ហាញនូវបុព្វកម្មរបស់មហាកាលឧបាសកយ៉ាងនេះហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង បាបកម្មដែលសត្វទាំងឡាយធ្វើដោយខ្លួនឯង តែងតែមកកិនកម្ទេចសត្វទាំងនោះក្នុងអបាយភូមិទាំង ៤ រួចទ្រង់ត្រាស់នូវព្រះគាថានេះថា៖
១៦១. អត្តនា ហិ កតំ បាបំ, អត្តជំ អត្តសម្ភវំ;
អភិមត្ថតិ ទុម្មេធំ, វជិរំ វស្មមយំ មណឹ។
បាបកើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាជ្ញា ដូចពេជ្រសម្រាប់កាត់កែវមណីដែលកើតអំពីថ្ម ដូច្នោះឯង។
អធិប្បាយសេចក្ដីនៃគាថា
ក្នុងព្រះគាថានោះ ពាក្យថា វជិរំវស្មមយំ មណិន្តិ សេចក្ដីថា ដូចជាពេជ្រដែលកិនកម្ទេចនូវកែវមណីដែលកើតអំពីថ្មដូច្នោះឯង។ សេចក្ដីអធិប្បាយមានដូចនេះថា៖
កែវពេជ្រដែលកើតអំពីថ្ម មានថ្មជាដែនកើត តែងកាត់កម្ទេចនូវកែវមណីដែលកើតអំពីថ្មនោះឯង (ដែលជាកន្លែងដុះដាលនៃខ្លួន) ឱ្យដាច់ធ្លាយជាប្រហោង ឬឱ្យបែកបាក់ជាកម្ទេចតូចៗ រហូតដល់ប្រើការមិនបានយ៉ាងណា មិញ បាបដែលបុគ្គលធ្វើដោយខ្លួនឯង កើតក្នុងខ្លួនឯង មានខ្លួនឯងជាដែនកើត ក៏តែងតែកិនកម្ទេច គឺហែកហួរ បំផ្លិចបំផ្លាញនូវបុគ្គលដែលមានប្រាជ្ញាទន់ខ្សោយ ក្នុងអបាយភូមិទាំង ៤ យ៉ាងនោះឯង។
ក្នុងពេលបញ្ចប់ព្រះធម្មទេសនា ភិក្ខុទាំងឡាយដែលបានមកជួបជុំគ្នា ក៏បានសម្រេចនូវសោតាបត្តិផលជាដើម។
រឿងមហាកាលឧបាសក ទី ៥ ចប់។







