«WEST POINT និងក្បាលម៉ាស៊ីនដ៏ស្ងៀមស្ងាត់ ក្នុងការបង្កើតមនុស្សដែលចេះរែកពន់អំណាច»
West Point តែងតែត្រូវបានគេរំលឹកថាជាបណ្ឌិត្យសភាយោធាដ៏មានប្រជាប្រិយភាព និងថ្លៃថ្នូរបំផុតមួយរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែប្រសិនបើគ្រាន់តែមើលហើយចាត់ទុកទីនេះជាកន្លែងបណ្តុះបណ្តាលនាយទាហាន នោះយើងទើបតែមើលឃើញត្រឹមតែសំបកក្រៅតែប៉ុណ្ណោះ។ រឿងដែលគួរឱ្យយកចិត្តទុកដាក់ជាងនេះ គឺរបៀបដែលជនជាតិអាមេរិកប្រើប្រាស់បរិយាកាសអប់រំមួយនេះ ដើម្បីហ្វឹកហ្វឺនបង្កើតមនុស្សដែលមានសមត្ថភាពអនុវត្តអំណាចក្នុងពេលអនាគត។
ឆ្លងកាត់រយៈពេលជាងពីរសតវត្ស West Point មិនត្រឹមតែផ្គត់ផ្គង់នាយទាហានឱ្យកងទ័ពអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវមេទ័ព អ្នកនយោបាយ មេដឹកនាំ អ្នកគ្រប់គ្រង និងអ្នកដឹកនាំអាជីវកម្មជាច្រើនរូប។ នេះមិនមែនជារឿងចៃដន្យទេ ព្រោះតាំងពីដើមដំបូងមក West Point មិនបានផ្ដោតទៅលើសំណួរថា៖ តើត្រូវបណ្តុះបណ្តាលសិស្សពូកែម្នាក់ដោយរបៀបណានោះឡើយ? ពួកគេផ្ដោតទៅលើសំណួរដ៏ធំជាងនេះ៖ តើត្រូវផ្លាស់ប្តូរយុវជនម្នាក់ ឱ្យក្លាយជាបុគ្គលដែលអាចទទួលខុសត្រូវលើអ្នកដទៃដោយរបៀបណា? “នោះទើបជាភាពខុសគ្នារវាងការបណ្តុះបណ្តាលចំណេះដឹង និងការបណ្តុះបណ្តាលសមត្ថភាពដឹកនាំ”។
ពិនិត្យមើលឱ្យស៊ីជម្រៅ អាថ៌កំបាំងរបស់ West Point មិនស្ថិតនៅលើការហ្វឹកហ្វឺនក្រោមព្រិលទឹកកក ការភ្ញាក់ពីគេងនៅម៉ោង ៥ ព្រឹក ឬវិន័យយោធាដ៏តឹងរ៉ឹងនោះឡើយ។ ទាំងនោះគ្រាន់តែជាការលត់ដំប៉ុណ្ណោះ។ អ្វីដែលពួកគេប្រាថ្នាចង់កសាងពិតប្រាកដ គឺ «គំនិតដែលមានរចនាសម្ព័ន្ធ»។ ចង់ឈានជើងចូល West Point បុគ្គលម្នាក់មិនអាចមានត្រឹមតែពិន្ទុប្រឡងខ្ពស់នោះទេ។ ពួកគេត្រូវតែបញ្ជាក់ពីសមត្ថភាពសិក្សា កាយសម្បទា វិន័យ ក្រមសីលធម៌ និងសមត្ថភាពដឹកនាំក្រុម។ ព្រោះកងទ័ពដែលខ្លាំងពូកែ មិនត្រឹមតែជាមនុស្សដែលចេះស្តាប់បទបញ្ជាប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវតែជាមនុស្សដែលអាចធ្វើការសម្រេចចិត្ត នៅពេលដែលលែងមាននរណាម្នាក់នៅក្បែរដើម្បីចេញបញ្ជា។
ប៉ុន្តែការឈានជើងចូលរៀននៅ West Point ត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ រយៈពេល ៤ ឆ្នាំនៅទីនេះ ប្រៀបដូចជាដំណើរការនៃការបកស្រទាប់នៃចំណុចខ្សោយរបស់មនុស្សចេញជាបន្តបន្ទាប់។ អ្នកដែលខ្វះវិន័យ កាលវិភាគនឹងស្វែងរកឃើញ។ អ្នកដែលខ្សោយកាយសម្បទា ការហ្វឹកហ្វើននឹងស្វែងរកឃើញ។ អ្នកដែលមិនចេះគ្រប់គ្រងពេលវេលា ការងារនឹងស្វែងរកឃើញ។ អ្នកដែលមិនចេះសហការ ការងារក្រុមនឹងស្វែងរកឃើញ។ ហើយប្រសិនបើអ្នកដែលមានទម្លាប់ទម្លាក់កំហុស នោះការទទួលខុសត្រូវនឹងត្រឡប់មកស្វែងរកអ្នកវិញ។ West Point មិនចាំបាច់ប្រាប់ថាអ្នកមានចំណុចខ្សោយអ្វីនោះឡើយ ពួកគេបង្កើតស្ថានការណ៍មួយដែលធ្វើឱ្យអ្នកមិនអាចលាក់បាំងវាបាន។
នេះទើបជាផ្នែកដែលគួរតែត្រូវគិតគូរជាទីបំផុត។ នៅក្នុងជីវិតធម្មតា យើងមានវិធីជាច្រើនដើម្បីដោះសារសម្រាប់បរាជ័យរបស់ខ្លួន។ កាលៈទេសៈមិនអំណោយផល មិត្តរួមក្រុមមិនល្អ ថ្នាក់លើមិនយល់ ពេលវេលាមិនគ្រប់គ្រាន់។ ប៉ុន្តែនៅពេលដែលបុគ្គលម្នាក់ត្រូវទទួលខុសត្រូវលើក្រុមទាំងមូល រាល់ពាក្យពន្យល់ដោះសារទាំងអស់ប្រែជាមានតម្លៃតិចតួចបំផុត។ ភារកិច្ចមួយត្រូវបរាជ័យ អ្នកដឹកនាំមិនអាចគ្រាន់តែនិយាយថាកូនចៅទន់ខ្សោយនោះឡើយ។ ពួកគេត្រូវតែសួរខ្លួនឯងថា តើខ្លួនបានរៀបចំខ្លួនគ្រប់គ្រាន់ហើយឬនៅ បានប្រគល់ភារកិច្ចច្បាស់លាស់ហើយឬនៅ និងបានមើលឃើញហានិភ័យតាំងពីដំបូងហើយឬនៅ។ អ្នកគ្រប់គ្រងដែលទន់ខ្សោយ តែងតែចាប់ផ្តើមដោយការស្វែងរកនរណាម្នាក់ដើម្បីទម្លាក់កំហុស។ អ្នកដឹកនាំពិតប្រាកដ តែងតែផ្តើមចេញពីការស្វែងរកចំណែកនៃការទទួលខុសត្រូវរបស់ខ្លួនឯង។
រឿងរ៉ាវមិនបញ្ឈប់ត្រឹមបុគ្គលម្នាក់ៗឡើយ។ West Point កសាងស្មារតីក្រុមដោយការបង្ខំឱ្យមនុស្សម្នាក់ៗយល់ថា សកម្មភាពរបស់ខ្លួនតែងតែបង្កផលវិបាកដល់អ្នកដទៃ។ នៅក្នុងបរិបទយោធា កំហុសឆ្គងរបស់បុគ្គលម្នាក់ អាចធ្វើឱ្យអង្គភាពទាំងមូលត្រូវទទួលខុសត្រូវ។ មេរៀននេះស្តាប់ទៅសាមញ្ញ ប៉ុន្តែតាមពិតគឺជាធាតុពិតនៃអំណាច។ CEO ម្នាក់ធ្វើការសម្រេចចិត្តខុស អាចធ្វើឱ្យបុគ្គលិករាប់ពាន់នាក់បាត់បង់ការងារ។ អ្នកនយោបាយទន់ខ្សោយម្នាក់ អាចទាញទម្លាក់សេដ្ឋកិច្ចទាំងមូលឱ្យបាក់ស្រុត។ មេបញ្ជាការចេញបទបញ្ជាខុសឆ្គងម្នាក់នៅសមរភូមិ អាចធ្វើឱ្យជីវិតមនុស្សរាប់រយនាក់មិនបានវិលត្រឡប់មកផ្ទះវិញ។
ហេតុដូច្នេះហើយ West Point មិនព្យាយាមបង្កើតផ្កាយដែលរះតែលតោលដាច់ដោយឡែកម្នាក់ឯងនោះទេ។ ពួកគេចង់បង្កើតមនុស្សដែលយល់ថា សមត្ថភាពបុគ្គលមានន័យលុះត្រាតែវាជួយឱ្យក្រុមទាំងមូលកាន់តែខ្លាំងក្លាឡើង។ នេះក៏ជាមូលហេតុ ដែលមនុស្សជាច្រើន បន្ទាប់ពីចាកចេញពីការងារកងទ័ព អាចឈានជើងចូលក្នុងពិភពអាជីវកម្ម និងអាចស៊ាំបានយ៉ាងលឿនរហ័ស។ កងទ័ព និងអាជីវកម្ម មើលពីសំបកក្រៅខុសគ្នាដាច់ស្រឡះ ប៉ុន្តែបើពិនិត្យឲ្យស៊ីជម្រៅ វាជារឿងគ្រប់គ្រងមនុស្ស ធនធាន និងភាពមិនប្រាកដប្រជា។ ភាគីម្ខាងប្រតិបត្តិការសឹកដោយប្រើកងទ័ព។ ភាគីម្ខាងទៀតប្រតិបត្តិការទីផ្សារដោយប្រើដើមទុន និងធនធានមនុស្ស។ ភាគីទាំងពីរនេះសុទ្ធតែត្រូវការមនុស្សដែលមានសមត្ថភាពធ្វើការសម្រេចចិត្ត នៅពេលដែលព័ត៌មានមិនទាន់គ្រប់គ្រាន់ និងសម្ពាធកំពុងតែកើនឡើង។
មូលដ្ឋានគ្រឹះដ៏សំខាន់មួយទៀតរបស់ West Point គឺ «កិត្តិយស»។ នាយទាហានត្រូវបានតម្រូវមិនឲ្យនិយាយកុហក មិនបោកប្រាស់ មិនលួចឆក់ និងមិនត្រូវយោគយល់ចំពោះសកម្មភាពអស់ទាំងនេះឡើយ។ មនុស្សជាច្រើនចាត់ទុករឿងទាំងនេះជាគោលការណ៍សីលធម៌សាមញ្ញ ប៉ុន្តែចំពោះអង្គភាពដ៏ធំមួយ វាគឺជារឿងស្លាប់រស់។ មេទ័ពម្នាក់មិនអាចពិនិត្យមើលរាល់របាយការណ៍ម្ដងមួយៗពីថ្នាក់ក្រោមបានឡើយ។ CEO ម្នាក់មិនអាចផ្ទៀងផ្ទាត់រាល់តួលេខនៅក្នុងក្រុមហ៊ុនធំដោយផ្ទាល់បានឡើយ។ នៅពេលស្ថាប័នកាន់តែធំ «សេចក្តីទុកចិត្ត» កាន់តែក្លាយជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដែលមិនអាចលុបបំបាត់បាន។
ប្រសិនបើសេចក្តីទុកចិត្តបាត់បង់ ក្បាលម៉ាស៊ីនត្រូវជំនួសមកវិញដោយការពិនិត្យ ការឃ្លាំមើល និងនីតិវិធីវែងអន្លាយ។ កាន់តែមានការសង្ស័យ អង្គភាពកាន់តែយឺតយ៉ាវ។ កាន់តែមានការត្រួតពិនិត្យច្រើនដំណាក់កាល សមត្ថភាពឆ្លើយតបកាន់តែចុះខ្សោយ។ នោះជាហេតុផលដែល «ពូកែតែគ្មានបុគ្គលិកលក្ខណៈរឹងមាំ» ជួនកាលគ្រោះថ្នាក់ជាង «អសមត្ថភាព» ទៅទៀត។
តាមពិតទៅ អ្វីដែលគួរឱ្យចង់រៀនសូត្របំផុតពី West Point មិនមែនជាវិធីនៃការភ្ញាក់ពីព្រលឹម ឬការហ្វឹកហាត់រហូតដល់អស់កម្លាំងនោះឡើយ។ វាគឺជា «គំនិតនៃការកសាងមនុស្សតាមរយៈស្ថានការ»។ ពួកគេយល់ថា មេរៀនមួយអំពីវិន័យអាចនឹងត្រូវភ្លេចបន្ទាប់ពីប៉ុន្មានថ្ងៃ ប៉ុន្តែស្ថានការដែលបង្ខំឱ្យអ្នកត្រូវតែរស់នៅដោយមានវិន័យរៀងរាល់ថ្ងៃ នឹងផ្លាស់ប្តូររចនាសម្ព័ន្ធនៃឥរិយាបថទាំងមូល។ មេរៀនមួយអំពីការទទួលខុសត្រូវអាចស្តាប់ទៅពីរោះណាស់ ប៉ុន្តែនៅពេលដែលអ្នកត្រូវទទួលផលវិបាកពិតប្រាកដសម្រាប់កំហុសឆ្គងរបស់ខ្លួន ទើបមេរៀននោះក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក។
ប្រសិនបើដាក់នៅក្នុងបរិបទដ៏ធំជាងនេះ West Point ឆ្លុះបញ្ចាំងពីរបៀបដែលមហាអំណាចមួយគិតគូរអំពីអនាគត។ សហរដ្ឋអាមេរិកមិនត្រឹមតែវិនិយោគលើនាវាផ្ទុកយន្តហោះ យន្តហោះបំបាំងកាយ ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ។ ពួកគេថែមទាំងវិនិយោគលើប្រព័ន្ធដែលមានសមត្ថភាពផលិតអ្នកដឹកនាំឆ្លងកាត់ជាច្រើនជំនាន់។ អាវុធអាចទិញបាន។ បច្ចេកវិទ្យាអាចចម្លងបាន។ ប្រាក់កាសអាចកៀរគរបាន។ ប៉ុន្តែមនុស្សម្នាក់ដែលមានភាពអង់អាចគ្រប់គ្រាន់ដើម្បីឈរនៅកណ្តាលភាពវឹកវរ ដើម្បីធ្វើការសម្រេចចិត្ត និងទទួលខុសត្រូវលើផលវិបាករបស់ខ្លួន គឺមិនអាចបង្កើតឡើងក្នុងរយៈពេលប៉ុន្មានខែបានឡើយ។
ទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ប្រទេសជាតិមួយ ប្រហែលមិនមែនគ្រាន់តែជាធនធាន ឬអាវុធនោះឡើយ។ វាគឺជា សមត្ថភាព ក្នុងការលត់ដំមនុស្សឲ្យចេះរ៉ាប់រងការទទួលខុសត្រូវដ៏ធំធេងជាងទំនួលខុសត្រូវរបស់ខ្លួនឯង ។ ហើយនោះក៏ជាសំណួរដែល West Point ចោទសួរចំពោះយើងម្នាក់ៗ។ នរណាក៏ចង់មានអំណាចច្រើនជាងមុន ទីតាំងខ្ពស់ជាងមុន និងឥទ្ធិពលធំជាងមុនដែរ។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលប្រាថ្នាចង់ទទួលយកចំណែកនៃការទទួលខុសត្រូវដែលអមដំណើរមកជាមួយវាណាស់ ព្រោះអំណាចមិនស្ថិតនៅលើចំនួនមនុស្សដែលត្រូវស្តាប់បញ្ជារបស់អ្នកនោះឡើយ។ អំណាចពិតប្រាកដ ស្ថិតនៅខណៈពេលដែលរាល់អ្វីៗទាំងអស់ចាប់ផ្តើមខុសឆ្គង នៅពេលដែលអ្នកគ្មានសិទ្ធិដើម្បីទម្លាក់កំហុសលើនរណា ហើយអ្នកនៅតែមានស្មារតីគ្រប់គ្រាន់ដើម្បីឈរនៅខាងមុខ។
តើអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ កើតចេញពីអំណោយផលពីកំណើត ឬក៏ឆ្លងកាត់ស្ថានការដ៏តឹងតែង វិន័យ និងការទទួលខុសត្រូវ ទើបជាអ្នកបង្កើតពួកគេឡើង? សូមបញ្ចេញមតិរបស់អ្នកនៅក្នុង Comment ខាងក្រោម ។
Tags:
Arts Of War
