ពុតត្បុតរបស់ថៃ៖ «សង្គ្រាមដណ្តើមអរិយធម៌- ភស្តុតាងរូបថតសម័យអាណានិគម និងការទាមទារសិទ្ធិជាម្ចាស់បេតិកភណ្ឌខ្មែរ»
ប្រទេសថៃ (សៀម) បានចាប់ផ្តើមរៀបចំចលនាជាតិនិយម និងការកែប្រែឈ្មោះឧបករណ៍តន្ត្រីនៅដើមសតវត្សរ៍ទី ២០ មកម្លេះ តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាប្រទេសជិតខាងមួយនេះព្យាយាមអះអាងថា សម្លៀកបំពាក់ របាំ និងតន្ត្រីបុរាណ រាជវាំងខ្មែរជាមរតកចម្លងចេញពីពួកគេ តើកម្ពុជាមានភស្តុតាងប្រវត្តិសាស្ត្រថ្នាក់សាកលអ្វីខ្លះដើម្បីបំបែកឡូស៊ិចនេះ? តើកាមេរ៉ាដំបូងរបស់ជនជាតិបារាំងនាទសវត្សរ៍ឆ្នាំ ១៨៦០ អាចក្លាយជាអាវុធបណ្ណសារដ៏មានឥទ្ធិពលបំផុត ក្នុងការការពារអធិបតេយ្យភាពវប្បធម៌ខ្មែរលើឆាកអន្តរជាតិយ៉ាងដូចម្តេច?
១. លំនាំដើម និងប្រភពរូបថត
ក្នុងបរិបទនៃសង្គ្រាមបកស្រាយប្រវត្តិសាស្ត្រ និងការទាមទារសិទ្ធិជាម្ចាស់អរិយធម៌នៅអាស៊ីអាគ្នេយ៍ រូបថតកាលពីទសវត្សរ៍ឆ្នាំ ១៨៦០ និង ១៨៧០ ដោយអ្នកថតរូបបារាំង Émile Gsell គឺជា «ភស្តុតាងប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបាន»។ Émile Gsell ដែលជាអ្នកថតរូបពាណិជ្ជកម្មដំបូងគេបង្អស់ដែលបានបង្កើតស្ទូឌីយោថតរូបនៅក្រុងព្រៃនគរ (Saigon ឬ ទីក្រុងហូជីមិញ) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តិតយករូបភាពប្រវត្តិសាស្ត្រនៃអាស៊ីអាគ្នេយ៍។ នៅពេលដែលព្រះបាទនរោត្តមបានឡាយព្រះហស្តលេខាលើសន្ធិសញ្ញាអាណាព្យាបាលបារាំងក្នុងឆ្នាំ ១៨៦៣ រាជវាំងខ្មែរដែលទើបតែផ្លាស់ប្តូរពីរាជធានីឧដុង្គមកាន់ភ្នំពេញក្នុងឆ្នាំ ១៨៦៦ បានក្លាយជាផ្ទាំងទស្សនីយភាពនៃការផ្តិតយករូបភាពក្រុមតន្ត្រីករ និងអ្នករាំរាជវាំងដំបូងគេបង្អស់លើពិភពលោក។
តើរូបថតទាំងនេះមានលក្ខណៈពិសេសយ៉ាងណា?
រូបថតទាំងនេះ មិនមែនជាការលបថតក្នុងលក្ខណៈចៃដន្យឡើយ ប៉ុន្តែជាការរៀបចំឆាកយ៉ាងផ្ចិតផ្ចង់ នៅក្នុងព្រះបរមរាជវាំងចតុមុខមង្គល។ ឧបករណ៍តន្ត្រីទាំងអស់ដូចជា រនាតឯក, រនាតធុង, រនាតដែក, ចាប៉ីដងវែង, ទ្រខ្មែរ (ទ្របីខ្សែ), តាខេ, ពាទ្យហ្គុង (គងវង់), ខ្លុយ, និង ស្គរថូន-រមនា ត្រូវបានប្រគំដោយតន្ត្រីការិនីរាជវាំងខ្មែរ ក្រោមការគ្រប់គ្រង និងរៀបចំដោយផ្ទាល់របស់ព្រះរាជវង្សខ្មែរ។ នេះជាសាក្សីបញ្ជាក់ថា សិល្បៈតន្ត្រីរាជវាំងដែលបានផ្តិតនៅក្នុងប្រវត្តិសាស្ត្រនោះ គឺជារក្សាមរតកអរិយធម៌ខ្មែរពិតប្រាកដដែលបានហូរចូល និងរស់រវើកក្នុងរាជធានីខ្មែរ។
២. ឥទ្ធិពលបារាំង ស្ថាប័នប្រមូលសិល្បៈ និងម៉ូដនៅសាកលលោក
តើហេតុអ្វីបានជាការកត់ត្រារបស់បារាំងសម័យនោះ មានឥទ្ធិពលខ្លាំងក្លាម្ល៉េះលើការទទួលស្គាល់កម្រិតអន្តរជាតិ?
នាយុគសម័យអាណានិគមនិយមបារាំង ប្រជាជាតិអឺរ៉ុបបានចាត់ទុកអាស៊ីអាគ្នេយ៍ ជាពិសេសអរិយធម៌អង្គរ ជាទីតាំងសិល្បៈដ៏អស្ចារ្យដែលត្រូវស្វែងយល់ និងបង្ហាញទៅកាន់ពិភពលោក។ គណៈកម្មការរុករកទន្លេមេគង្គ (Mekong Exploration Commission) ដឹកនាំដោយលោក Ernest Doudart de Lagrée (1823–1868៖ ជានាយទាហានជើងទឹក អ្នកការទូត និងជាតំណាងដំបូងបង្អស់នៃអាណាព្យាបាលបារាំងនៅកម្ពុជា) រួមជាមួយអ្នកថតរូប Émile Gsell មិនត្រឹមតែមកធ្វើការទូតប៉ុណ្ណោះទេ ប៉ុន្តែបានយកកាមេរ៉ាមកធ្វើជាឧបករណ៍កត់ត្រាមរតកវប្បធម៌ខ្មែរ។
ក- តួនាទីការទូត និងការការពារអធិបតេយ្យភាពខ្មែរ៖ លោក Doudart de Lagrée ត្រូវបានបញ្ជូនពីព្រៃនគរមកកាន់រាជធានីឧដុង្គក្នុងឆ្នាំ ១៨៦៣ ហើយបានជួបប្រជុំជាមួយព្រះបាទនរោត្តម។ លោកគឺជាអ្នកបញ្ចុះបញ្ចូលព្រះមហាក្សត្រខ្មែរឱ្យឡាយព្រះហស្តលេខាលើសន្ធិសញ្ញាអាណាព្យាបាល ដែលជួយរាំងខ្ទប់ និងការពារកម្ពុជាពីការលេបត្របាក់ទឹកដី និងឥទ្ធិពលយោធាពីសំណាក់សៀម (ថៃ)។
ខ- ការស្រាវជ្រាវ និងការបកប្រែពង្សាវតារខ្មែរ៖ ក្នុងកំឡុងពេលស្នាក់នៅរាជវាំងឧដុង្គក្នុងឆ្នាំ ១៨៦៤ លោក Doudart de Lagrée បានស្រាវជ្រាវ និងរកឃើញសាស្រ្តាស្លឹករឹតបុរាណ ព្រមទាំងបានបកប្រែ «ពង្សាវតារក្សត្រខ្មែរ (Royal Chronicle of Cambodia)» ដែលជាការកត់ត្រាប្រវត្តិសាស្ត្រខ្មែរជាផ្លូវការដំបូងគេទៅជាភាសាបារាំង។
គ- បេសកកម្មរុករកទន្លេមេគង្គ និងការបើកទំព័របុរាណវិទ្យា៖ នៅខែមិថុនា ឆ្នាំ ១៨៦៦ លោក Doudart de Lagrée បានដឹកនាំគណៈកម្មការរុករកទន្លេមេគង្គ (Mekong Exploration Commission) រួមជាមួយអ្នកថតរូប Émile Gsell। ក្រុមការងារបានធ្វើដំណើរមកកាន់រមណីយដ្ឋានអង្គរ ដើម្បីធ្វើការកត់ត្រា គូរផ្លង់ និងថតរូបភាពបុរាណដ្ឋានអង្គរជាលើកដំបូង ដែលជាចំណុចចាប់ផ្តើមនៃវិស័យបុរាណវិទ្យាខ្មែរទំនើបលើឆាកអន្តរជាតិ។
ឃ- ការបញ្ជាក់អន្តរជាតិតាមរយៈសារមន្ទីរ Isabella Stewart Gardner (សហរដ្ឋអាមេរិក)៖ កាន់តែមានទម្ងន់ប្រវត្តិសាស្ត្រថែមទៀតនោះ យោងតាមកំណត់ត្រាផ្លូវការនៃ Isabella Stewart Gardner Museum (អាល់ប៊ុមលេខ 17283) រូបថតប្រវត្តិសាស្ត្រដើមទាំងអស់ត្រូវបានរក្សាទុក និងចុះបញ្ជីកាតាឡុកច្បាស់ៗថា "Khmers ou Cambodgiens" (ជនជាតិខ្មែរ ឬកម្ពុជា) ព្រមទាំងមានការសរសេរដៃអំពីការធ្វើដំណើរមកកាន់ភ្នំពេញក្នុងខែវិច្ឆិកា និងរូបថតពិធីបុណ្យអុំទូកនៅភ្នំពេញ ("Boat Race of Piroques - Phnompenh, Nov. 15")។
ឃ- តម្លៃបណ្ណសារអន្តរជាតិ និងស្ថាប័នពិភពលោក៖ ស្នាដៃដើមរបស់អ្នកថតរូប Émile Gsell ដែលដើរក្នុងបេសកកម្មរបស់ Doudart de Lagrée ត្រូវបានទទួលស្គាល់ រក្សាទុក និងប្រមូលផ្តុំក្នុងសិល្បៈអន្តរជាតិល្បីៗ រួមមាន Isabella Stewart Gardner Museum ព្រមទាំងមូលនិធិសិល្បៈលំដាប់ពិភពលោកដូចជា Joy of Giving Something Foundation ជាដើម។
ការដែលស្ថាប័នសារមន្ទីរ និងមូលនិធិអន្តរជាតិធំៗបានចុះបញ្ជី និងរក្សាទុកបណ្ណសាររូបថតដោយបញ្ជាក់ច្បាស់ៗពីកាលបរិច្ឆេទ ទីតាំង «ព្រះបរមរាជវាំងភ្នំពេញ» និងប្រភពដើម «តន្ត្រីកររាជវាំងខ្មែរ» បានប្រែក្លាយទម្រង់សិល្បៈខ្មែរឱ្យទៅជាបេតិកភណ្ឌប្រវត្តិសាស្ត្រដែលមានគ្រឹះច្បាប់ និងភស្តុតាងរឹងមាំបំផុតលើឆាកអន្តរជាតិ។
៣. ឡូស៊ិច និងបុព្វហេតុនៃការដណ្តើមអារ្យធម៌របស់សៀម
តើអ្វីជាឫសគល់នៃល្បិចកល និងយុទ្ធសាស្ត្របង្វែរប្រវត្តិសាស្ត្ររបស់សៀម?
ដើមហេតុនៃការដណ្តើម និងការអះអាងសិទ្ធិជាម្ចាស់របស់សៀម (ថៃ) លើមរតកវប្បធម៌ខ្មែរ មានឡូស៊ិច និងបុព្វហេតុភូមិសាស្ត្រនយោបាយយ៉ាងច្បាស់លាស់៖
ក- ការកៀរគរវប្បធម៌សម័យលង្វែក៖ ក្រោយពេលកងទ័ពសៀមវាយបែករាជធានីលង្វែកក្នុងឆ្នាំ ១៥៩៤ សៀមបានកៀរគរសិល្បករ ជាងចម្លាក់ អ្នកប្រាជ្ញ បណ្ឌិតៗ ព្រមទាំងឧបករណ៍សិល្បៈ និងក្បួនខ្នាតខ្មែររាប់ម៉ឺននាក់ទៅកាន់ក្រុងអយុធ្យា។ ពួកគេបានយកទម្រង់អរិយធម៌ខ្មែរទៅកែច្នៃ និងប្រើប្រាស់ក្នុងរាជវាំងសៀម។
ខ- ការបង្កើតជាតិនិយម៖ នៅពេលដែលព្រះបាទនរោត្តម (វ័យកុមារ) ទ្រង់គង់នៅក្រុងបាងកកមុនឡើងគ្រងរាជ្យ ទំនាក់ទំនងរវាងរាជវាំងទាំងពីរមានភាពជិតស្និទ្ធ ដែលធ្វើឱ្យមានការផ្លាស់ប្តូរឧបករណ៍ និងពាក្យពេចន៍មួយចំនួន (ដូចជាការហៅ ភ្លេងសៀម ឬ ស៊ីបថូន/តាខេ ជាដើម)។ ទោះជាយ៉ាងណា ភាគីថៃបានប្រើប្រាស់ចំណុចនេះធ្វើជាឡូស៊ិចប្រវត្តិសាស្ត្រ ដើម្បីអះអាងថា តន្ត្រី និងឧបករណ៍ទាំងនោះជារបស់ថៃ ហើយខ្មែរជាអ្នកចម្លងទៅវិញ។
គ- បុព្វហេតុនៃអំណាចវប្បធម៌ ៖ សៀមតែងតែព្យាយាមបង្វែរប្រវត្តិសាស្ត្រ ដើម្បីបង្ហាញថាខ្លួនជា «មជ្ឈមណ្ឌលអរិយធម៌អាស៊ីអាគ្នេយ៍» និងចង់លុបបាត់ប្រភពដើមនៃសិល្បៈខ្មែរដែលជាគ្រឹះនៃអរិយធម៌តំបន់ តាមរយៈការកែប្រែឈ្មោះឧបករណ៍ និងការបង្កើតការយល់ច្រឡំលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណា រូបថតរបស់ Émile Gsell ឆ្នាំ ១៨៦៦-១៨៧១ ដើមប្រភពដែលមាននៅក្នុងបណ្ណសារអន្តរជាតិ បានបំបែកឡូស៊ិចរបស់សៀមទាំងស្រុង។ រូបថតទាំងនេះបានសបញ្ជាក់ថា ទោះបីជាមានសង្គ្រាម និងការជ្រៀតជ្រែកយ៉ាងណាក៏ដោយ ក៏រាជវាំងខ្មែរនៅតែរក្សាបាននូវវង់តន្ត្រី មហោរី និង ពិណពាទ្យ ជាមួយនឹងឧបករណ៍ និងតន្ត្រីការិនីខ្មែរយ៉ាងពេញលេញ និងមានលក្ខណៈពិសេសដាច់ដោយឡែកពីសៀម។
៤. សន្និដ្ឋាន
តើអ្វីជាមេរៀន និងកាតព្វកិច្ចសំខាន់បំផុតសម្រាប់យុវជនខ្មែរជំនាន់ក្រោយ?
សង្គ្រាមដណ្តើមអរិយធម៌ និងបេតិកភណ្ឌ មិនមែនជាសង្គ្រាមប្រដាប់អាវុធនៅលើសមរភូមិឡើយ ប៉ុន្តែវាជាសង្គ្រាមភស្តុតាង ការស្រាវជ្រាវ និងការរក្សាអត្តសញ្ញាណជាតិ។ រូបថតប្រវត្តិសាស្ត្ររបស់អ្នកថតរូបបារាំង Émile Gsell នាទសវត្សរ៍ឆ្នាំ ១៨៦០-១៨៧០ ដែលត្រូវបានថែរក្សាក្នុងសមុច្ចយសិល្បៈអន្តរជាតិ និងស្ថាប័នពិភពលោក មិនត្រឹមតែជានិមិត្តរូបនៃសិល្បៈថតរូបបុរាណប៉ុណ្ណោះទេ ប៉ុន្តែជា «បណ្ណសារអន្តរជាតិ» ដែលការពារអធិបតេយ្យភាពវប្បធម៌ខ្មែរយ៉ាងរឹងមាំ។
វាជាភស្តុតាងប្រាប់ទៅពិភពលោក និងជំនាន់ក្រោយថា សិល្បៈ តន្ត្រី និងវប្បធម៌ដែលសម្តែងក្នុងរាជវាំងខ្មែរ គឺជាដង្ហើមរស់ និងជាដួងព្រលឹងអរិយធម៌ខ្មែរពិតប្រាកដ ដែលគ្មានការបង្កើតប្រវត្តិសាស្ត្របន្លំ ឬការទាមទារពីប្រទេសជិតខាងណាមួយអាចលុបបាត់បានឡើយ។
រួមគ្នាការពារអារ្យធម៌ និងប្រវត្តិសាស្ត្រខ្មែរ! រៀន រៀន រៀន!
អត្ថបទ៖ ញិល រដ្ឋា
ប្រភព៖ Angkor Database. (n.d.); Cambodge Mag. (2025); Isabella Stewart Gardner Museum. (1880s); Émile Gsell. Joy of Giving Something Foundation. (n.d.); Kersalé, P. (1998–2026); Moura, J. (1883); TVK News. (n.d.). (2026).
រូបភាព៖ ទាញចេញពី https://angkordatabase.asia/authors/emile-gsell (22/09/2026)















