តក្កសិលា៖ សាកលវិទ្យាល័យបុរាណមុនដំបូងគេបង្អស់ក្នុងលោក

 ធម្មរាជិកស្តូប នៅក្រុងតក្កសិលា ©វិគីភីឌា ។

លោកវិទូ | ថ្ងៃ ៦᧧៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១០ ឧសភា ២០១៩

សាកលវិទ្យាល័យល្បីល្បាញមួយ នៅប្រទេសឥណ្ឌាសម័យបុរាណគឺ តក្កសិលា ជាភាសាសំស្ក្រឹតថា តក្សសិលា ដែលតែងតែឮតាមរឿងល្ខោនខ្មែរជាញឹកញាប់ ។ បច្ចុប្បន្ន តក្កសិលាស្ថិតនៅក្នុងទីក្រុងតក្កសិលា រដ្ឋបញ្ចាប ប្រទេសប៉ាគីស្ថាន មានចម្ងាយប្រមាណ ៣៣ គ.ម. (២០ ម៉ៃល៍) នៅខាងលិចភាគខាងជើង នៃរដ្ឋធានីឥស្លាមបាទ ។ ក្រុងតក្កសិលា ក្នុងសម័យបុរាណ ជាចំណុចយុទ្ធសាស្ត្រសំខាន់ ដែលភ្ជាប់ឧបទ្វីបឥណ្ឌា និងអាស៊ីកណ្ដាល ។ កំណើតនៃក្រុងដ៏បុរាណមួយនេះ គឺចាប់ផ្ដើមទាំងពី ១០០០ ឆ្នាំ មុនគ្រិស្តស័ករាជមកម៉្លេះ ដោយឆ្លងកាត់សម័យកាល ចក្រភពមោរ្យៈ (Maurya Empire) ឥណ្ឌូ-ក្រិច (Indo-Greek) ឥណ្ឌូ-ស៊ីធៀ (Indo-Scythia) ចក្រភពកុស័ន (Kushan Empire) ។ តក្កសិលាធ្លាប់ជារាជធានីនៃនគរពុទ្ធសាសនាឈ្មោះ គន្ធារៈ ដែលជាដែន ១ ក្នុងចំណោមមហាជនបទ ទាំង ១៦ ក្នុងសម័យពុទ្ធកាល ។

ក្រុងតក្កសិលាល្បីល្បាញក្នុងសម័យពុទ្ធកាល ព្រោះជាកន្លែងសិក្សាវិជ្ជាសិល្ប៍សាស្ត្រជាន់ខ្ពស់ ដែលមានសាលាមួយឈ្មោះថា «សាលទិសាបាមោក្ខ» ដែលអាចមានតម្លៃស្មើនឹងថ្នាក់សាកលវិទ្យាល័យក្នុងសម័យទំនើប ។ តាមប្រភពខ្លះបានលើកឡើងថា សាកលវិទ្យាតក្កសិលាជាសាកលវិទ្យាល័យមុនគេបំផុតក្នុងលោក ។ ប៉ុន្តែមានប្រភពខ្លះថា តក្កសិលាមិនមានលក្ខណៈជាសាកលវិទ្យាល័យទេ បើគិតតាមលក្ខណៈវិនិច្ច័យ របស់សាកលវិទ្យាសម័យទំនើប ដោយមិនមានអាគារបង្រៀន មិនមានអាគារស្នាក់នៅ រីឯគ្រូទៀតសោត ប្រហែលមិនមានសមាជិកភាពនៃមហាវិទ្យាល័យណាមួយឡើយ ផ្ទុយស្រឡះពីសាកលវិទ្យាល័យនាលន្ទា ។

ទោះបីជាយ៉ាងណាក៏ដោយ តក្កសិលាបានក្លាយជាមជ្ឈមណ្ឌលសិក្សាមួយដ៏សំខាន់ រួមទាំងការសិក្សាអំពីព្រះធម៌ព្រះពុទ្ធសាសនាផង ដែលបានរីកចម្រើនអស់កាលជាច្រើនសតវត្សរ៍ និងបន្តទាក់ទាញសិស្សឲ្យមករៀន ក្នុងសម័យបុរាណកាល រហូតដល់បាត់បង់ ក្នុងសតវត្សរ៍ទី ៥ គ.ស. ។ ក្នុងសម័យកាលរុងរឿងខ្លាំង មានប្រភពខ្លះលើកឡើងថា តក្កសិលា មានឥទ្ធិពលផ្នែកប្រាជ្ញាញាណ លើសាលាសិក្សានានា នៅប្រទេសឥណ្ឌា ។ សាកលវិទ្យាល័យបុរាណនេះ ទទួលសិស្សចាប់ពីអាយុ ១៦ ឆ្នាំឡើងទៅ ជាពិសេសសិស្សដែលបានបញ្ចប់ថ្នាក់វិទ្យាល័យហើយ ។

មុខវិជ្ជាដែលបង្រៀនមានដូចជា ច្បាប់ ពេទ្យ និងវិទ្យាសាស្ត្រយោធា ព្រមទាំងអក្សរបុរាណ និងសិល្ប៍សាស្ត្រទាំង ១៨ មានវិជ្ជាក្នុងការបាញ់ធ្នូ វិជ្ជាក្នុងការប្រមាញ់សត្វ និងវិជ្ជាក្នុងការទាក់ដំរីជាដើម ។ល។ សិស្សដែលសិក្សានៅតក្កសិលា មានមកពីដែន កាសី កោសលៈ និងមគធៈ ដែលស្ថិតនៅឆ្ងាយ ហើយផ្លូវលំបាកទៀតផង ព្រោះតែចង់ក្រេបយកនូវចំណេះវិជ្ជាដែលមានឧត្តមភាពខ្ពស់ លើសសាលាសិក្សានានា នាសម័យនោះ ។ 

តក្កសិលាមានឥទ្ធិពលខ្លាំងលើវប្បធម៌ហិណ្ឌូ និងភាសាសំស្ក្រឹត ។ សាលានេះប្រហែលជាល្បីល្បាញខ្លាំង ដោយសារមានជាប់ទាក់ទងនឹងបុគ្គលសំខាន់មួយរូបគឺ ចាណក្យៈ ឬគេស្គាល់ថា កោដិល្យៈ ដែលជាអ្នកយុទ្ធសាស្ត្រ ជាទីប្រឹក្សានៃស្តេច ចន្ទ្រគុម្តៈ ក្នុងការបង្កើតនូវចក្រភពមោរ្យ ។ គេនិយាយថា សៀវភៅដ៏ល្បីល្បាញមានចំណងជើងថា អថ៌សាស្ត្រៈ របស់អាចារ្យ ចាណក្យៈ ត្រូវបាននិពន្ធនៅតក្កសិលានេះឯង ។ ឥសី ចរ័ក ដែលជាគ្រូថ្នាំបុរាណអាយុរវេទ ក៏បានសិក្សានៅតក្កសិលានេះដែរ ។ 

ទាក់ទងនឹងព្រះពុទ្ធសាសនាវិញ សាលាតក្កសិលា មានសារសំខាន់ចំពោះការកើតឡើងជារូបរាង នៃពុទ្ធសាសនាមហាយាន ។ ម៉្យាងទៀត ជីវកៈ ដែលជាគ្រូពេទ្យរបស់ព្រះបាទពិម្ពិសានៃនគរមគធៈ ដែលធ្លាប់បានព្យាបាលរោគថ្វាយព្រះពុទ្ធជាម្ចាស់ និងព្រះបាទបសេនទិ នៃដែនកោសល គឺជាបុគ្គលសំខាន់ៗមួយចំនួន ដែលមាននិយាយក្នុងគម្ពីរពុទ្ធសាសនា ជាពិសេសជាតក ដែលបានសិក្សាជាមួយនឹងអាចារ្យទិសាបាមោក្ខ នៅក្រុងតក្កសិលា ។

ប្រភពឯកសារដែលនិយាយអំពីក្រុងតក្កសិលា បានមកពីកំណត់ត្រាការធ្វើដំណើររបស់អ្នកធម្មយាត្រាចិន ហ្វាហ៊ាន និងហួនត្សាង ដែលជាប្រភពដ៏សំខាន់ ដែលឈានទៅរកការកំណត់ទីតាំង ក្នុងសម័យទំនើប ។ ដោយសារសង្គ្រាមជាបន្តបន្ទាប់ តក្កសិលាត្រូវបានខូចខាត និងបោះបង់ចោល ក្នុងសតវត្សរ៍ទី ៥ ។ ហួនត្សាងដែលបានទៅដល់ទីក្រុងតក្កសិលា ក្នុងសតវត្សរ៍ទី ៧ បានរៀបរាប់ក្នុងកំណត់ត្រារបស់គាត់ថា នៅទីក្រុងតក្កសិលាកាលនោះ មានប្រទះឃើញសង្ឃារាមជាច្រើន ដែលមានសភាពបែកបាក់ និងគ្មានមនុស្សរស់នៅទេ មានតែព្រះសង្ឃពីរបីអង្គប៉ុណ្ណោះ ។ គាត់បានបន្ថែមទៀតថា គន្ធារៈបានក្លាយជាដែនចំណុះឲ្យដែនកស្មីរ៍ ដោយមានមេដឹកនាំរបស់ខ្លួន វាយដណ្ដើមអំណាចគ្នាទៅវិញទៅមក និងធ្លាប់ជារដ្ឋស្ថិតនៅក្រោមការគ្រប់គ្រង របស់ដែនកបិស (បច្ចុប្បន្ន នៅក្នុងខេត្តមួយ នៃប្រទេសអាហ្គានីស្ថាន) ។

នៅពាក់កណ្ដាលសតវត្សរ៍ទី ១៩ លោក អឡេកសាន់ឌ័រ កនិងហ្គ័ម ដែលជាអគ្គនាយកទី១ នៃស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា បានរកឃើញក្រុងតក្កសិលានេះ ។ ក្រុងតក្កសិលាត្រូវបានគេធ្វើកំណាយដំបូង ដោយលោក ចន ម៉ាសល ដែលជាអ្នកធ្វើការនៅទីនោះ អស់រយៈពេលជាង ២០ ឆ្នាំចាប់ពីឆ្នាំ ១៩១៣ ។ គេបានរកឃើញសំណល់បាក់បែកមួយចំនួន ដែលមានអាយុកាលតាំងពី ៦ សតវត្សរ៍មុនគ្រិស្តស័ករាជ ។ 

ក្នុងឆ្នាំ ១៩៨០ ក្រុងតក្កសិលា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលគ្របដណ្ដប់ទីតាំងសំខាន់ៗចំនួន ៤ កន្លែងគឺ ភីរ៍ (Bhir) សរៃកាលា (Saraikala) ស៊ីរក័ប (Sirkap) និង ស៊ីរសុខ (Sirsukh) ។ ក្នុងឆ្នាំ ២០០៦ តក្កសិលាត្រូវបានគេចាត់ទុកថា ជាទិសដៅទេសចរណ៍សំខាន់បំផុតរបស់ប្រទេសប៉ាគីស្ថាន ដែលមានភ្ញៀវទេសចរទៅទស្សនា មួយលាននាក់ ជារៀងរាល់ឆ្នាំ ។ ក្នុងឆ្នាំ ២០១៧ គេប្រកាសថា រដ្ឋាភិបាលថៃនឹងផ្ទល់ជំនួយ ក្នុងការខំប្រឹងប្រែងក្នុងការអភិរក្ស នៅបុរាណដ្ឋានតក្កសិលា ក៏ដូចជាពុទ្ធស្ថាននានា នៅជ្រលងភ្នំស្វាតក្បែរនោះ ៕
អថ៌ vs អត្ថ
អថ៌ ៖ ធម៌អថ៌ ធម៌និងអត្ថគឺបាលីនិងអដ្ឋកថាឬបាលីព្រមទាំងសេចក្ដីអធិប្បាយ : រៀនធម៌អថ៌, ចេះធម៌ចេះអថ៌ ឬ ចេះធម៌អាថ៌ ។
អត្ថ ៖ ( បា.; សំ. អាថ៌ ) ប្រយោជន៍; សេចក្ដី; សេចក្ដីពន្យល់; ពាក្យប្រែស្រាយ; សេចក្ដីចម្រើន; គតិ; រឿង, ហេតុ, ការណ៍; ដំណើរ; ផល; ផលប្រយោជន៍; បំណង; សេចក្ដីប្រាថ្នា; ទ្រព្យ, សម្បត្តិ; របស់; វត្ថុ; អីវ៉ាន់; កិច្ច, កិច្ចការ; ធុរៈ, រវល់; . . . ។ ស្គាល់អត្ថ ស្គាល់ដំណើរ; ស្គាល់សេចក្ដី ។ រៀនអត្ថ រៀនសេចក្ដីអធិប្បាយ, រៀនអដ្ឋកថា ។ ព. សា. រៀនប្រែបាលី ។ ចេះអត្ថប្រែ ( ព. សា. ) ចេះប្រែស្រាយអធិប្បាយសេចក្ដីចេញពីបាលីបាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ត-ថៈ, ដូចជា អត្ថកាម អ្នកមានបំណងល្អ; អ្នកចង់ឲ្យមានសេចក្ដីចម្រើន; អ្នកផ្គងដំណើរការណ៍សំដៅផលប្រយោជន៍ ។ អត្ថកោវិទ អ្នកឈ្លាសឬជំនាញក្នុងអត្ថ ។ អត្ថគវេសនា ( —គៈវេសៈន៉ា ) ការស្វែងរកប្រយោជន៍ឬរកទ្រព្យ ។ អត្ថគ្រឹះ ផ្ទះដាក់អីវ៉ាន់, ឃ្លាំងដាក់របស់ ។ អត្ថចរិយា ការប្រព្រឹត្តឲ្យកើតផលប្រយោជន៍ឬឲ្យកើតសេចក្ដីចម្រើន ។ អត្ថចិន្ដា គំនិតគិតឲ្យមានប្រយោជន៍ ឬឲ្យមានសេចក្ដីចម្រើន, ឲ្យកើតទ្រព្យ ។ អត្ថញ្ញុតា ការស្គាល់ផលរបស់ហេតុ ។ អត្ថញ្ញូ អ្នកស្គាល់ផលរបស់ហេតុ ។ អត្ថទាន ការឲ្យប្រយោជន៍ ។ អត្ថទោស ដំណើរខុសសេចក្ដីឬខុសបំណង ។ អត្ថន័យ ការពន្យល់សេចក្ដី, ការរាយរាប់ពីលក្ខណៈនៃវត្ថុផ្សេងៗ : តាមអត្ថន័យនេះ; ពាក្យនេះមានអត្ថន័យយ៉ាងណា ? ។ អត្ថបដិរូប ( បា. អត្ថ "សេចក្ដី, ន័យ" + បដិរូប > អត្ថប្បដិរូប "ប្រដូច, ប្រៀបធៀប" ) សេចក្ដីប្រៀបធៀប, ន័យប្រដូច គឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗ ដូចជាពាក្យថា "ស៊ី" តាមអត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើមថា "បរិភោគភោជនាហារ" តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញ បែរជាមានន័យផ្សេងពីន័យដើម ដូចជា "ស៊ីគ្នា" គឺសមគ្នា, ត្រូវគ្នា, "ស៊ីថ្លៃ" គឺយកតម្លៃច្រើន ។ "ស៊ីថោក" គឺយកតម្លៃថោក យ៉ាងនេះជាដើម ហៅថា អត្ថបដិរូប ( គួរប្រើជា អត្ថប្បដិរូប ) ។ ព. ផ្ទ. អត្ថានុរូប ។ អត្ថបតី (—ប៉ៈដី) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យច្រើន ។ អត្ថបទ សេចក្ដីអធិប្បាយនៃរឿងអ្វីនីមួយៗ; សេចក្ដីជាខ្លឹមសាររបស់អ្នកនិពន្ធ; សេចក្ដីដែលចុះផ្សាយក្នុងសារពត៌មានផ្សេងៗ ។ អត្ថប្បយោគ ( អ័ត-ថ័ប-ប៉ៈយោក ) ឬ —ប្រយោគ ការចាយទ្រព្យឲ្យកើតប្រយោជន៍ ។ អត្ថប្រយោជន៍ ( អ័ត-ថៈ—) អ្វីៗដែលមានផលប្រយោជន៍, ប្រយោជន៍ដែលគួរប្រាថ្នា, គួរចង់បាន ។ អត្ថរស ( —រស់ ) ដំណើរសេចក្ដី ។ អត្ថរូប រូបសេចក្ដី ។ អត្ថលាភ ការបានប្រយោជន៍; ការបានទ្រព្យ ។ អត្ថវណ្ណនា ការពន្យល់សេចក្ដី, អដ្ឋកថា ។ អត្ថវិជ្ជា ឬ —សាស្រ្ត វិជ្ជាឬសាស្ត្រសម្រាប់រៀនឲ្យស្គាល់កិច្ចការចិញ្ចឹមជីវិត និងការគ្រប់គ្រងស្រុកទេស ។ អត្ថវិញ្ញាបនី ( —ប៉ៈន៉ី ) សម្ដីបញ្ជាក់សេចក្ដី ។ អត្ថវិនាស ការខូចប្រយោជន៍ ។ អត្ថវិនិច្ឆ័យ ការកាត់សេចក្ដី ។ អត្ថវិបត្តិ ឬ —វិប័ទ វិបត្តិសេចក្ដី ឬវិប័ទប្រយោជន៍ ។ អត្ថសង្គហៈ, —សង្រ្គោះ ឬ —សន្និច័យ ការប្រមូលឬសន្សំទ្រព្យសម្បតិ្ត ។ អត្ថសម្ពន្ធ ការត្រូវបានទ្រព្យសម្បាច់ ។ អត្ថសម្ពន្ធិន ឬ —សម្ពន្ធី អ្នកដែលត្រូវបានទ្រព្យសម្បាច់ ( បើស្ត្រីជា អត្ថសម្ពន្ធិនី ) ។ អត្ថសាធក ( —ធៈកៈ ឬ —ធក់ ) អ្នកសម្រេចសេក្ដី; អ្នកដែលបានសម្រេចផលប្រយោជន៍ ( បើស្ត្រីជា អត្ថសាធិកា ) ។ អត្ថសិរី សិរីជាទ្រព្យ; ទ្រព្យមានសិរី; ការមានទ្រព្យស្ដុកស្ដម្ភ ។ អត្ថាធិប្បាយ ( បា. អត្ថ + អធិប្បាយ ) អធិប្បាយសេចក្ដី ។ អត្ថានុរូប ( បា. អត្ថ "ន័យ, សេចក្ដី" + អនុរូប "សមទៅតាម, ត្រូវតាមទំនង" ) ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច ។ ព. ផ្ទ. អត្ថបដិរូប ។ ល ។
សូមអានសៀវភៅ៖
បណ្ឌិត ញ៉ែម គឹមតេង (២០០៨), ក្រុងតក្កសិលា, ពារាណសី: វត្តខ្មែរក្រុងពារាណសី ។
ឱម ណាគ្រី (១៩៦៦), ភិក្ខុពនេរចរ, ភ្នំពេញ: បណ្ណាគារ អ៊ឹង ហ៊ុន ។
John Marshall (1918), A Guide To Taxila, Calcutta: SUPERINTENDENT GOVERNMENT PRINTING.
Previous Post Next Post