តើកម្ពុជាខាតបង់អ្វីខ្លះ នៅពេលអស់ការអត់ធ្មត់ ហើយប្រើកម្លាំងវាយបកដណ្តើមទឹកដីពីថៃមកវិញ?

“តើកម្ពុជាខាតបង់អ្វីខ្លះ នៅពេលអស់ការអត់ធ្មត់ ហើយប្រើកម្លាំងវាយបកដណ្តើមទឹកដីពីថៃមកវិញ?”
ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា–ថៃ ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចដ៏សំខាន់របស់រាជ្យរដ្ឋាភិបាល។ ប្រជាជនកម្ពុជាចង់ឃើញទឹកដីដែលខ្លួនចាត់ទុកថាជាទឹកដីរបស់ខ្លួន ត្រូវបានការពារ និងស្តារ (ទាមទារ) យកមកវិញ។
ប៉ុន្តែមានសំណួរមួយដែលគួរឱ្យគិតឱ្យបានជ្រៅ៖
តើការបង្ខំឱ្យរាជ្យរដ្ឋាភិបលកម្ពុជាអស់ការអត់ធ្មត់ ហើយប្រើកម្លាំងវាយបក គឺជាអ្វីដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជាពិតប្រាកដ ឬ បាត់បង់កាន់តែធំ?
ចម្លើយអាច មិនពិតប្រាកដ និងជាដរាបទេ វាមានការប្រែប្រួល។
ព្រោះនៅក្នុងសង្គ្រាម ការឈ្នះតំបន់មួយ មិនមានន័យថា ឈ្នះទាំងស្រុងនោះទេ។ កម្ពុជាអាចត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ ទាំងជីវិតមនុស្ស សេដ្ឋកិច្ច ការទូត ច្បាប់ និងការគាំទ្រពីសហគមន៍អន្តរជាតិ។
១. ការវាយបកអាចធ្វើឱ្យកម្ពុជាបាត់បង់ “ភាពមានប្រៀបផ្នែកច្បាប់” (Legal Advantage)
យោងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) ហាមឃាត់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។
ទន្ទឹមនឹងនេះ មាត្រា ៥១ ទទួលស្គាល់សិទ្ធិការពារខ្លួន (Right of Self-Defence) ក្នុងករណីមាន វាយប្រហារដោយកំលាំងទ័ពប្រដាប់អាវុធ (Armed Attack) ប៉ុន្តែការឆ្លើយតបត្រូវស្ថិតក្រោមលក្ខខណ្ឌច្បាប់ និងគោរពគោលការណ៍សមាមាត្រ (Necessity and Proportionality)។
ដូច្នេះ កម្ពុជាត្រូវប្រុងប្រយ័ត្នកុំឱ្យការឆ្លើយតបរបស់ខ្លួន ត្រូវបានសត្រូវបកស្រាយថាជា “ការចាប់ផ្តើម ឬការពង្រីកសង្គ្រាម។”
នេះជាចំណុចដែលសំខាន់បំផុត៖ កុំឱ្យការការពារទឹកដីរបស់ខ្លួន ប្រែទៅជាហេតុផលដែលអ្នកដទៃអាចប្រើដើម្បីចោទប្រកាន់កម្ពុជា។
២. កម្ពុជាអាចបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ (International Support)
ប្រសិនបើកម្ពុជាបន្តប្រើ ការទូត ច្បាប់អន្តរជាតិ ការដោះស្រាយដោយសន្តិវិធី (Diplomacy, (International Law and Peaceful Settlement) នោះកម្ពុជាអាចរក្សាភាពបានប្រៀបផ្នែកការទូត និងនយោបាយជាង។
ប៉ុន្តែប្រសិនបើកម្ពុជាបើកការវាយប្រហារទ្រង់ទ្រាយធំ ស្ថានការណ៍អាចត្រូវបានបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា៖ “នេះគឺជាសង្គ្រាមរវាងភាគីទាំងពីរ (Armed Conflict Between Two States)”
ជំនួសឱ្យការផ្តោតលើសំណួរដើមថា៖ “តើអ្នកណាជាអ្នកចាប់ផ្តើមការប្រើកម្លាំង?”
នោះអាចធ្វើឱ្យការកំណត់ ការទទួលខុសត្រូវ និងការកំណត់ភាពជាប់ពាក់ព័ន្ធ (Responsibility and Attribution) កាន់តែស្មុគស្មាញ។
៣. នេះអាចជាអ្វីដែលគួរហៅថា “អន្ទាក់បង្កហេតុឱ្យវាយបក - Provocation Trap”
ប្រសិនបើមានការបង្កសម្ពាធយោធា ឬការបង្កហេតុជាបន្តបន្ទាប់ រហូតដល់កម្ពុជាអស់ការអត់ធ្មត់ ហើយសម្រេចចិត្តវាយបក នោះលទ្ធផលអាចមានពីរផ្នែក៖
- ទី១ នៅលើសមរភូមិ — កម្ពុជាអាចព្យាយាមដណ្តើមតំបន់ដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួនវិញបាន។
- ទី២ នៅលើឆាកអន្តរជាតិ — កម្ពុជាអាចប្រឈមនឹងការផ្លាស់ប្តូរស្ថានភាព (Narrative Shift) ពី “ការការពារខ្លួន” ទៅជា “ការប្រើកម្លាំងវាយប្រហារ” ដែលអាចរងការចោទប្រកាន់វិញ ។
ហេតុនេះ កម្ពុជាត្រូវប្រយ័ត្នចំពោះអ្វីដែលអាចហៅថា៖ “អន្ទាក់បង្កហេតុឱ្យវាយបក - Provocation Trap ”
ការអត់ធ្មត់ក្នុងករណីនេះ មិនមែនមានន័យថា "កម្ពុជាបោះបង់ទឹកដី ឬបោះបង់សិទ្ធិរបស់ខ្លួនឡើយ។"
ប៉ុន្តែវាមានន័យថា៖ "កម្ពុជាមិនអនុញ្ញាតឱ្យភាគីណាមួយ កំណត់ពេលវេលា និងលក្ខខណ្ឌដែលកម្ពុជាត្រូវប្រើកម្លាំងឡើយ។"
៤. កម្ពុជាអាចខាតបង់ជីវិតមនុស្ស និងបង្កវិបត្តិមនុស្សធម៌ (Humanitarian Crisis)
សង្គ្រាមមិនប៉ះពាល់តែទាហានទេ។ ប៉ុន្តែវាអាចបង្កឪ្យមាន៖
- ការស្លាប់ និងរបួសប្រជាជន
- ការផ្លាស់ទីលំនៅ (Displacement)
- ការខូចខាតផ្ទះសម្បែង
- ការខូចខាតសាលារៀន និងមន្ទីរពេទ្យ
- ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ
- ការរាំងស្ទះពាណិជ្ជកម្ម និងការរស់នៅ
ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ (International Humanitarian Law - (IHL) ភាគីជម្លោះត្រូវគោរព គោលការណ៍គ្រឹះនៃ ច្បាប់មនុស្សធម៌អន្តរជាតិ និងការពារប្រជាជនស៊ីវិល (Principle of Distinction, Proportionality and Precautions in Attack) ។
ដូច្នេះ ការការពារទឹកដីត្រូវធ្វើដោយគិតពីការការពារប្រជាជនជាមួយគ្នា។
៥. កម្ពុជាអាចខាតបង់ស្ថិរភាពសេដ្ឋកិច្ច (Economic Stability)
សង្គ្រាមអាចប៉ះពាល់ដល់៖
- ពាណិជ្ជកម្ម (Trade)
- ការវិនិយោគ (Investment)
- ទេសចរណ៍ (Tourism)
- ការដឹកជញ្ជូន (Transportation)
- ការងារ (Employment)
- និង ការវិនិយោគផ្ទាល់ពីបរទេស (FDI)។
សូម្បីតែសង្គ្រាមមានរយៈពេលខ្លី ក៏ផលប៉ះពាល់សេដ្ឋកិច្ចអាចបន្តយូរជាងសង្គ្រាម។
ប្រទេសដែលត្រូវការកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាជន មិនគួរចាត់ទុកសង្គ្រាមថាជាដំណោះស្រាយដែលគ្មានតម្លៃត្រូវខាតបង់ឡើយ។
៦. កម្ពុជាអាចខាតបង់អានុភាពការទូត (Diplomatic Leverage)
កម្ពុជា នឹងទទួលប្រយោជន៍ នៅពេលដែលកម្ពុជាប្រើ÷
- ការដោះស្រាយវិវាទដោយសន្តិវិធី (Peaceful Settlement of Disputes)
- ការចរចា (Negotiation),
- ការសម្រុះសម្រួល (Mediation)
- និងយន្តការច្បាប់អន្តរជាតិ កម្ពុជាកំពុងប្រមូល (Diplomatic Leverage)។
ប៉ុន្តែប្រសិនបើជម្លោះត្រូវបានពង្រីកទៅជាសង្គ្រាមទ្រង់ទ្រាយធំ អាទិភាពរបស់សហគមន៍អន្តរជាតិអាចផ្លាស់ប្តូរពី៖
“ដោះស្រាយបញ្ហាអធិបតេយ្យភាព និងការទទួលខុសត្រូវ”
ទៅជា៖
“បញ្ឈប់ការប្រយុទ្ធរបស់ភាគីទាំងពីរ”។
នេះជាការផ្លាស់ប្តូរដែលកម្ពុជាគួរប្រុងប្រយ័ត្ន។
៧. បេតិកភណ្ឌវប្បធម៌ក៏អាចក្លាយជាទីរងគ្រោះ
តំបន់ប្រាសាទ និងតំបន់បុរាណនៅជិតតំបន់ជម្លោះ មានតម្លៃលើសពីតម្លៃប្រើកំលាំងយោធា។
វាជា បេតិកភណ្ឌវប្បធម៌ (Cultural Heritage) និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។
ការប្រយុទ្ធនៅតំបន់បេតិកភណ្ឌអាចបង្កការខូចខាតដែលមិនអាចស្តារឡើងវិញបាន។
ហេតុនេះ ការការពារទឹកដីត្រូវដើរទន្ទឹមនឹងការការពារបេតិកភណ្ឌ។
៨. បទពិសោធន៍ប្រាសាទព្រះវិហារ បង្ហាញថា “ច្បាប់” អាចជាអាវុធដ៏មានប្រសិទ្ធភាព
ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កម្ពុជា ជាមួយថៃ (Temple of Preah Vihear Cambodia v. Thailand) គឺជាឧទាហរណ៍សំខាន់។
ក្នុងឆ្នាំ ១៩៦២ តុលាការយុទ្តិធម៌អន្តរជាតិ - International Court of Justice (ICJ) បានសម្រេចអំពីអធិបតេយ្យភាពកម្ពុជាលើប្រាសាទព្រះវិហារ ហើយក្នុងឆ្នាំ ២០១៣ តុលាការបានបកស្រាយសេចក្តីសម្រេចឆ្នាំ ១៩៦២ បន្ថែមទៀត។
មេរៀនសំខាន់គឺ៖
ទឹកដីអាចត្រូវការពារដោយ “ច្បាប់ + ការទូត + ភស្តុតាង” មិនមែនដោយកម្លាំងយោធាតែមួយមុខឡើយ។
៩. ដូច្នេះ តើពេលណាជាពេលសមស្របសម្រាប់កម្ពុជាប្រើកម្លាំង?
តាមច្បាប់អន្តរជាតិ សំណួរនេះមិនអាចឆ្លើយដោយ៖
“ពេលណាដែលកម្ពុជាខឹងគ្រប់គ្រាន់” ឬ
“ពេលណាដែលកម្ពុជាមានកម្លាំងគ្រប់គ្រាន់” នោះទេ។
សំណួរដែលត្រូវសួរគឺ៖
តើមានមូលដ្ឋានច្បាប់សម្រាប់ការប្រើកម្លាំងឬទេ?
ប្រសិនបើមាន ការប្រើកំលាំងអាវុធ វាយប្រហារ (Armed Attack) ដែលបង្កើតសិទ្ធិ ការបារខ្លួន (Self-Defence) ការឆ្លើយតបក៏នៅតែត្រូវគោរព ភាពចាំបាច់ និងសមាមាត្រ (Necessity and Proportionality)។
ដូច្នេះ កម្ពុជាគួររក្សា សមត្ថភាពការពារខ្លួន (Defensive Capability) ឱ្យរឹងមាំ ប៉ុន្តែមិនគួរអនុញ្ញាតឱ្យអារម្មណ៍ឆេវឆាវ ការបង្កហេតុ ឬសម្ពាធពីភាគីណាមួយ ជាអ្នកកំណត់ពេលវេលាឱ្យកម្ពុជាចាប់ផ្តើមសង្គ្រាមឡើយ។
១០. អ្វីដែលកម្ពុជាគួរធ្វើ គឺ “អត់ធ្មត់ដោយមានយុទ្ធសាស្ត្រ - Strategic Restraint”
មិនមែនបង្ហាញថា កម្ពុជាខ្សោយជា (Weakness) ទេ។
វាមានន័យថា កម្ពុជាកំពុងរក្សា៖
- ភាពបានប្រៀបផ្នែកច្បាប់ (Legal Advantage).
- ការគាំទ្រពីសហគមន៍អន្តរជាតិ (International Support).
- អានុភាពការទូត (Diplomatic Leverage).
- ភាពបានប្រៀបផ្នែកសីលធម៌ (Moral Authority).
- ភស្តុតាង និងឯកសារ ការប្រមូល រក្សាទុក និងបង្ហាញនូវភស្តុតាងជាក់ស្តែង (Evidence and Documentation).
ខណៈពេលបន្តពង្រឹងសមត្ថភាពការពារជាតិ។
ការអត់ធ្មត់មិនមានន័យថា “មិនធ្វើអ្វី” ឡើយ ស្របជាមួយនយោបាយរបស់រដ្ឋាភិបាលគឺ "ស្ថាត់ តែមិនស្ងៀម" ។
វាមានន័យថា៖ “មិនឱ្យអ្នកដទៃបង្ខំឱ្យកម្ពុជាធ្វើអ្វី ដែលអាចធ្វើឱ្យកម្ពុជាបាត់បង់ភាពមានប្រៀបលើផ្នែកច្បាប់ដែលខ្លួនកំពុងមាម។”
សរុបរួមមក៖ កុំឱ្យការការពារទឹកដី ប្រែក្លាយជាជាប់អន្ទាក់ ។
កម្ពុជាមានសិទ្ធិការពារអធិបតេយ្យភាព និងប្រជាជនរបស់ខ្លួនតាមច្បាប់អន្តរជាតិ។
ប៉ុន្តែ ការវាយបកដោយអារម្មណ៍ឆេវឆាវ និង ការការពារខ្លួនតាមច្បាប់ មិនមែនជារឿងដូចគ្នាទេ។
ប្រសិនបើការបង្កសម្ពាធ ឬការបង្កហេតុធ្វើឱ្យកម្ពុជាអស់ការអត់ធ្មត់ ហើយកម្ពុជាបើកសង្គ្រាមទ្រង់ទ្រាយធំ នោះកម្ពុជាអាចខាតបង់មិនត្រឹមតែជីវិត និងសេដ្ឋកិច្ចទេ ប៉ុន្តែថែមទាំងអាចខាតបង់ ភាពមានប្រៀបផ្នែកច្បាប់** ការគាំទ្រពីសហគមន៍អន្តរជាតិ អានុភាពការទូត **ភាពបានប្រៀបផ្នែកសីលធម៌ (Legal Advantage, International Support, Diplomatic Leverage & Moral Authority) ផងដែរ។
ហេតុនេះ សំណួរដ៏សំខាន់បំផុត មិនគួរគ្រាន់តែសួរថា៖
“តើពេលណាកម្ពុជាគួរវាយបក?”
ប៉ុន្តែត្រូវតែសួរថា៖
“តើកម្ពុជាត្រូវធ្វើដូចម្តេច ដើម្បីការពារទឹកដីរបស់ខ្លួន ដោយរក្សាបាននូវភាពមានប្រៀបផ្នែកច្បាប់ ការទូត និងការគាំទ្រពីសហគមន៍អន្តរជាតិ?”
ព្រោះប្រសិនបើភាគីណាមួយកំពុងព្យាយាមជំរុញឱ្យកម្ពុជាឆ្លើយតបដោយកម្លាំង កម្ពុជាមិនគួរឱ្យភាគីនោះក្លាយជាអ្នកកំណត់ ពេលវេលា របៀប និងលក្ខខណ្ឌនៃការឆ្លើយតបរបស់កម្ពុជា ឡើយ។
ការអត់ធ្មត់ដែលមានយុទ្ធសាស្ត្រ គឺមិនមែនការចុះចាញ់ទេ។
វាគឺជាការមិនប្រគល់អត្ថប្រយោជន៍ផ្នែកច្បាប់ ការទូត និងនយោបាយរបស់ខ្លួន ទៅឱ្យភាគីម្ខាងទៀតតាមរយៈការវាយបកដែលមិនបានគ្រោងទុក ដោយស្របច្បាប់។
ការពារទឹកដី — ការពារប្រជាជន — ការពារច្បាប់ — និងការពារភាពមានប្រៀបរបស់កម្ពុជា។ឯកសារយោងស្នូល
១. United Nations Charter — មាត្រា 2(4) និង 51: ការហាមឃាត់ការប្រើកម្លាំង និងសិទ្ធិការពារខ្លួន។
២. International Court of Justice (ICJ) — Temple of Preah Vihear (Cambodia v. Thailand), Judgment, 15 June 1962.
៣. ICJ — Request for Interpretation of the Judgment of 15 June 1962, Judgment, 11 November 2013.
៤. ASEAN Charter — គោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី និងការបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង។
៥. UNESCO World Heritage Centre — Temple of Preah Vihear.
៦. ICRC — International Humanitarian Law — គោលការណ៍ Distinction, Proportionality និង Precautions in Attack.

 

Previous Post Next Post