សត្រូវជុំទិស
ពេលខ្លះយើងសាងសត្រូវដោយមិនដឹងខ្លួន! ចូរពិនិត្យមើលសិន តើហេតុអ្វីទើបគេស្អប់?
មនុស្សជាច្រើនធ្លាប់បានឆ្លងកាត់អារម្មណ៍មួយគឺ "គេស្អប់" ទៅកន្លែងធ្វើការក៏មានអ្នកចាក់រុក ត្រឡប់មកផ្ទះក៏មានជម្លោះ ជួបមិត្តភក្តិក៏មានរឿងទើសទាល់ ហាក់បីដូចជាពិភពលោកទាំងមូលកំពុងប្រឆាំងនឹងយើង ពេលជួបរឿងបែបនេះ យើងតែងតែចង្អុលដៃទៅកាន់អ្នកដទៃ ហើយគិតថា... "ហេតុអ្វីបានជាមនុស្សជុំវិញខ្លួនសុទ្ធតែអាក្រក់ម្ល៉េះ?" ប៉ុន្តែការពិតមួយដែលយើងកម្រនឹងហ៊ានទទួលស្គាល់គឺ "ជួនកាល យើងខ្លួនឯងនេះហើយ ជាអ្នកសាងសត្រូវទាំងនោះឡើងដោយមិនដឹងខ្លួន"។
ហេតុអ្វីបានជាយើងសាងសត្រូវដោយមិនដឹងខ្លួន?
មុននឹងស្វែងរកថ្នាំព្យាបាល យើងត្រូវស្គាល់ពីរោគសញ្ញាជាមុនសិន ការដែលយើងបង្កើតសត្រូវដោយមិនដឹងខ្លួន ច្រើនតែកើតចេញពីកត្តា ៣ យ៉ាង...
១. "មាត់" លឿនជាង "ខួរក្បាល"
ពាក្យសម្តីខ្លះយើងនិយាយចេញទៅក្នុងន័យលេងសើច ឬតម្កើងខ្លួនបន្តិចបន្តួច តែវាបានទៅចាក់ដោតចំក្រអៅបេះដូងអ្នកស្តាប់។ ការរិះគន់ដោយឥតសំចៃមាត់ ការនិយាយដើមគេ ឬការប្រើពាក្យចុងរលាស់ សុទ្ធសឹងតែជាគ្រាប់ពូជនៃសត្រូវ។
២. អំនួត និងការចង់ឈ្នះចង់ចាញ់
ពេលមានជម្លោះ យើងតែងតែចង់ទាមទារភាពត្រឹមត្រូវម្នាក់ឯង យើងមិនព្រមចាញ់ មិនព្រមសុំទោស សុខចិត្តបាត់បង់ទំនាក់ទំនង ល្អជាងបាត់បង់មុខមាត់។
៣. ខ្វះការយល់ចិត្ត
យើងមើលឃើញតែពីទុក្ខលំបាក និងការចង់បានរបស់ខ្លួនឯង ដោយភ្លេចគិតថាអ្នកទល់មុខក៏មានអារម្មណ៍ មានបញ្ហា និងមានដែនកំណត់របស់គេដូចគ្នា។
៙ វិធីសាស្ត្រកែដ៏មានប្រសិទ្ធភាព អាចអនុវត្តបានពិតៗ
ប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាមានសត្រូវច្រើន ហើយចង់ផ្លាស់ប្តូរស្ថានភាពនេះ សូមសាកល្បងអនុវត្តនូវវិធីសាស្ត្រជាក់ស្តែងខាងក្រោមនេះ....
• វិធីទី១ - ច្បាប់ ៣ វិនាទី មុនពេលហើបមាត់
នេះជាវិធីសាមញ្ញបំផុតតែមានប្រសិទ្ធភាពខ្ពស់បំផុត នៅពេលដែលមាននរណាម្នាក់និយាយអ្វីដែលធ្វើឲ្យអ្នកខឹង មិនពេញចិត្ត ឬនៅពេលដែលអ្នកចង់រិះគន់នរណាម្នាក់ សូមឈប់ ៣ វិនាទីសិន មុននឹងនិយាយតបត។
ក្នុង ៣ វិនាទីនោះ សូមសួរខ្លួនឯងថា "តើពាក្យដែលខ្ញុំរៀបនឹងនិយាយនេះ វាជួយដោះស្រាយបញ្ហា ឬវាគ្រាន់តែដើម្បីបញ្ចេញកំហឹង និងធ្វើឲ្យគេឈឺចាប់?" បើវាត្រឹមតែបញ្ចេញកំហឹង សូមបិទមាត់។ ភាពស្ងៀមស្ងាត់ មិនមែនមានន័យថាចាញ់ទេ តែវាជាការរក្សាសន្តិភាព។
• វិធីទី២ - ក្លាយជា "អ្នកស្តាប់" ដ៏អស្ចារ្យ
មនុស្សសព្វថ្ងៃចូលចិត្តនិយាយ តែមិនសូវចូលចិត្តស្តាប់ទេ ជម្លោះភាគច្រើនកើតឡើងដោយសារភាគីសងខាងគិតតែពីបាញ់ពាក្យសម្តីដាក់គ្នា តែគ្មាននរណាស្តាប់នរណា។
ពេលសន្ទនា សូមបិទទូរស័ព្ទ សម្លឹងមើលភ្នែកអ្នកនិយាយ ហើយស្តាប់ដោយយកចិត្តទុកដាក់ ពេលអ្នកដទៃយល់ថាអ្នកកំពុង "យល់ពីគេ" ជញ្ជាំងនៃសត្រូវនឹងរលាយបាត់ដោយស្វ័យប្រវត្តិ ក្លាយជាការគោរពវិញ។
• វិធីទី៣ - សិល្បៈនៃការ "សុំទោស" និង "អរគុណ"
ពាក្យសុំទោស មិនមែនជាការបន្ទាបតម្លៃខ្លួនទេ តែវាជាសញ្ញានៃភាពចាស់ទុំ ចំណែកពាក្យអរគុណ គឺជាទឹកអម្រឹតរំលត់កំហឹង។
បើដឹងថាខ្លួនឯងជ្រុលសម្តី ឬធ្វើខុស (ទោះបីខុសតែ ១០% ក៏ដោយ) សូមហ៊ាននិយាយពាក្យថា "ខ្ញុំសុំទោស ចំពោះចំណុចនេះខ្ញុំពិតជាមានការធ្វេសប្រហែសមែន" ការហ៊ានទទួលកំហុសមុន ធ្វើឲ្យភាគីម្ខាងទៀតទម្លាក់អាវុធចុះភ្លាមៗ, ទន្ទឹមនឹងនេះ សូមកុំរំពឹងថាគេត្រូវតែសុំទោសអ្នកវិញ ធ្វើវាដើម្បីរំដោះចិត្តខ្លួនឯង។
• វិធីទី៤ - ផ្តោតលើ "បញ្ហា" មិនមែន "បុគ្គល"
នៅពេលមានកំហុសកើតឡើងនៅកន្លែងធ្វើការ ឬក្នុងគ្រួសារ យើងតែងតែសួរថា "អ្នកណាជាអ្នកធ្វើខុស?" ដែលនេះជាការប្រកាសសង្គ្រាម។
ប្តូររបៀបសួរ ពីការរកមុខអ្នកខុស មកជាការស្វែងរកដំណោះស្រាយវិញ ជំនួសឲ្យការនិយាយថា "មកពីឯងទើបខាតបង់បែបនេះ!" គួរដូរមកនិយាយថា "រឿងនេះវាកើតឡើងរួចហើយ តើយើងគួររួមគ្នាដោះស្រាយវាយ៉ាងម៉េចវិញល្អ?" ការធ្វើបែបនេះ មិនត្រឹមតែមិនសាងសត្រូវទេ ថែមទាំងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំក្នុងក្រសែភ្នែកគេទៀតផង។
• វិធីទី៥ - គ្រប់គ្រងព្រំដែនដោយភាពទន់ភ្លន់
ជួនកាលយើងសាងសត្រូវ ព្រោះយើងបដិសេធគេមិនចេះ ឬដោយសារយើងទ្រាំធ្វើតាមគេរហូតដល់ទ្រាំលែងបាន រួចក៏ផ្ទុះកំហឹង។
រៀននិយាយបដិសេធដោយប្រើហេតុផលទន់ភ្លន់ ឧទាហរណ៍... ជាជាងនិយាយថា "ខ្ញុំមិនធ្វើទេ ខ្ញុំរវល់ណាស់!" អាចនិយាយថា "ខ្ញុំពិតជាចង់ជួយអ្នកណាស់ ប៉ុន្តែពេលនេះខ្ញុំកំពុងជាប់កិច្ចការមួយនេះសិន សុំទោសផងណាដែលលើកនេះជួយមិនបាន" បើបដិសេធដោយការគោរព គេនឹងមិនខឹងយើងឡើយ។
ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា "សត្រូវដែលគួរឲ្យខ្លាចបំផុត គឺខ្លួនឯង" ការមានសត្រូវជុំទិស ភាគច្រើនគឺជាកញ្ចក់ចំណាំងផ្លាតនៃអាកប្បកិរិយា និងផ្នត់គំនិតរបស់យើងចំពោះពិភពលោក។
យើងមិនអាចគ្រប់គ្រងអ្នកដទៃមិនឲ្យស្អប់យើងបានទេ ប៉ុន្តែយើងអាចគ្រប់គ្រងពាក្យសម្តី អាកប្បកិរិយា និងទង្វើរបស់យើងបាន។ ផ្តើមចេញពីការគិតមុននិយាយ ការចេះស្តាប់ ការទម្លាក់អំនួត និងការផ្តល់ការគោរព នោះអ្នកនឹងសង្កេតឃើញថាសត្រូវជុំទិសនឹងចាប់ផ្តើមប្រែបាត់ទៅម្តងមួយៗ រហូតសល់តែភាពស្ងប់សុខនៅក្នុងជីវិតរបស់អ្នក។
ចូរចាំថា... ផ្កាឈូកដែលរីកបានស្រស់ស្អាត គឺដោយសារវាចេះទាញយកសារធាតុចិញ្ចឹមពីភក់ជ្រាំ មិនមែនដោយសារវាតាំងខ្លួនជាសត្រូវជាមួយភក់ជ្រាំនោះទេ។
_____សុវត្ថន៍-Sovathn
#សុវត្ថន៍_Sovathn #សត្រូវ #សត្រូវជុំទិស #មានសត្រូវគ្រប់ទិស #សាងសត្រូវ #គេស្អប់ #ផ្លាស់ប្ដូរផ្នត់គំនិត #ជោគវាសនាជីវិត #ផលនៃកម្ម #មេរៀនជីវិត #ការពិតនៃសង្គម #ការអភិវឌ្ឍន៍ខ្លួនឯង #សុខភាពផ្លូវចិត្ត #ភាពរឹងមាំ #អ្នកតស៊ូ #សេចក្តីថ្លៃថ្នូរ #ភាពឯកោ #ការតាំងចិត្ត #ការអភិវឌ្ឍ #អភិវឌ្ឍន៍ខ្លួន #អៀនខ្មាស #ក្រែងចិត្ត #ក្រែងចិត្តអ្នកដទៃ #មិនក្លាហាន #ពេលវេលា #អាកប្បកិរិយាល្អ #ផ្នត់គំនិត #សមត្ថភាព #ចរិតសុីន #យល់ចិត្តគ្នា
