៦. រឿងភិក្ខុអ្នកនៅក្នុងដែនបាថេយ្យៈ ៣០ អង្គ
មុហុត្តមបិ ចេ វិញ្ញូតិ ព្រះសាស្តា កាលគង់ប្រថាប់នៅក្នុងជេតវនារាម ទ្រង់ប្រារព្ធនូវភិក្ខុអ្នកនៅក្នុងដែនបាថេយ្យៈ ៣០ អង្គ ហើយត្រាស់នូវព្រះធម៌ទេសនានេះ។
ឮថា ព្រះភគវាបានសម្ដែងធម៌ប្រោសដល់ពួកជនទាំងនោះ ដែលកំពុងដើរស្វែងរកស្រ្តីម្នាក់ នៅក្នុងព្រៃកប្បាសិកៈជាដំបូង។ ក្នុងកាលនោះ ពួកជនទាំងនោះទាំងអស់ ក៏បានដល់នូវឯហិភិក្ខុភាវៈ (ការបួសដែលព្រះពុទ្ធទ្រង់អនុញ្ញាតដោយផ្ទាល់) ជាអ្នកទ្រទ្រង់នូវបាត្រ និងចីវរដែលកើតឡើងដោយឫទ្ធិ ហើយបានសមាទាននូវធុតង្គ ១៣ យ៉ាងខ្ជាប់ខ្ជួន។ លុះកន្លងទៅអស់កាលជាយូរ បន្ទាប់ពីធ្វើដំណើរមកកាន់ទីជិតនៃព្រះសាស្តា និងបានស្ដាប់នូវអនមតគ្គធម្មទេសនា (ធម៌ដែលនិយាយពីការវិលវល់ក្នុងសង្សារវដ្តដែលរកទីបំផុតគ្មាន) ពួកគេក៏បានសម្រេចនូវអរហត្តផលនៅលើអាសនៈនោះឯង។
ពួកភិក្ខុទាំងឡាយ ក៏បាននាំគ្នាជជែកក្នុងធម្មសភាថា៖ "អហោ! គួរឱ្យអស្ចារ្យណាស់ ភិក្ខុទាំងឡាយនេះដឹងនូវធម៌បានយ៉ាងរហ័សឆាប់បំផុត"។ ព្រះសាស្តាទ្រង់ជ្រាបហើយ ក៏ត្រាស់ថា៖ "ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងពេលនេះទេ សូម្បីតែកាលពីមុន សម្លាញ់ទាំង ៣០ នាក់នេះ ក្នុងកាលដែលជាព្រានព្រៃ នៅក្នុងតុណ្ឌិលជាតក បន្ទាប់ពីបានស្ដាប់ធម៌របស់មហាតុណ្ឌិល ក៏បានដឹងនូវធម៌យ៉ាងរហ័ស និងបានសមាទាននូវសីល ៥ រួចមកហើយដែរ។ ដោយអាស្រ័យនឹងឧបនិស្ស័យនោះឯង ទើបក្នុងពេលនេះ ពួកគេគ្រាន់តែអង្គុយលើអាសនៈ ក៏បានសម្រេចអរហត្តផលភ្លាម" រួចទ្រង់សម្ដែងធម៌បន្តដោយត្រាស់នូវព្រះគាថានេះថា៖
៦៥. មុហុត្តមបិ ចេ វិញ្ញូ, បណ្ឌិតំ បយិរុបាសតិ;
ខិប្បំ ធម្មំ វិជានាតិ, ជិវ្ហា សូបរសំ យថា។
វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌ដោយឆាប់រហ័ស ដូចអណ្តាតដឹងនូវរសសម្ល។
អធិប្បាយន័យនៃព្រះគាថា (អដ្ឋកថា)
សេចក្ដីអធិប្បាយនៃបទថា វិញ្ញូ សំដៅដល់បុរសជាបណ្ឌិតដែលមានប្រាជ្ញា បើចូលទៅអង្គុយជិតបណ្ឌិតម្នាក់ទៀត ទោះបីត្រឹមតែមួយរំពេច (មុហុត្តមបិ) ក៏ដោយ កាលដែលបានរៀនសូត្រ និងសាកសួរក្នុងសំណាក់បណ្ឌិតនោះ គេរមែងដឹងនូវបរិយត្តិធម៌បានយ៉ាងឆាប់រហ័ស។ បន្ទាប់មក កាលដែលបានរៀននូវកម្មដ្ឋាន និងខំប្រឹងប្រែងប្រតិបត្តិធម៌ គេក៏ដឹងនូវលោកុត្តរធម៌យ៉ាងឆាប់រហ័សផងដែរ។
សេចក្ដីនេះ ប្រៀបដូចជាបុរសដែលមានប្រសាទអណ្ដាតមិនទាន់ខូច (មិនមានរោគ) កាលដែលដាក់អាហារនៅចុងអណ្ដាតដើម្បីដឹងរស គេក៏រមែងដឹងនូវរសផ្សេងៗមានរសប្រៃជាដើមភ្លាមៗ យ៉ាងណាមិញ បណ្ឌិតក៏រមែងដឹងនូវធម៌បានយ៉ាងឆាប់រហ័សយ៉ាងនោះដែរ។
ក្នុងពេលបញ្ចប់សេចក្ដីទេសនា ភិក្ខុជាច្រើនបានសម្រេចនូវអរហត្តផល។
រឿងភិក្ខុអ្នកនៅក្នុងដែនបាថេយ្យៈ ៣០ អង្គ ចប់ទី ៦។
