#សិក្សាបិដក៤២
ឧរុវេលវគ្គ ទី ៣
[២២] បឋមឧរុវេលសូត្រ (សូត្រស្តីពីសេចក្តីគោរព)
សម័យមួយ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្ត ជេតពន របស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា “ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតបានត្រាស់ដឹងជាដំបូងហើយ នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលានិគមឯណោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ សម្ងំនៅក្នុងទីស្ងាត់តែម្នាក់ឯង មានចិត្តត្រិះរិះយ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរពកោតក្រែង រមែងនៅបានទាំងលំបាកណាស់ តថាគតគួរចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈឬព្រាហ្មណ៍ណាហ្ន៎”។ “ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះតទៅទៀតថា តថាគត គប្បីចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬព្រាហ្មណ៍ឯទៀត ដើម្បីបំពេញនូវគោលធម៌ដែលមិនទាន់ពេញនូវ៖
១. សីលក្ខន្ធោ (សីលក្ខន្ធ)៖ របស់តថាគតដែលមិនទាន់ពេញ តែក្នុងលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណព្រហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគតមិនឃើញសមណៈ ឬព្រហ្មណ៍ឯទៀត ដែលបរិបូណ៌ដោយសីលជាងតថាគត គួរឱ្យតថាគតចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ។
២. សមាធិក្ខន្ធោ (សមាធិក្ខន្ធ)៖ របស់តថាគតដែលមិនទាន់ពេញ តែ... បានឡើយ។
៣. បញ្ញាខន្ធោ (បញ្ញាខន្ធ)៖ របស់តថាគតដែលមិនទាន់ពេញ តែ... បានឡើយ។
៤. វិមុត្តិក្ខន្ធោ (វិមុត្តិក្ខន្ធ)៖ របស់តថាគតដែលមិនទាន់ពេញ តែ ក្នុងលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រម ទាំងសមណៈព្រហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេពនឹងមនុស្សដ៏សេស តថាគតមិនឃើញសមណៈព្រហ្មណ៍ ឯទៀត ឱ្យបរិបូណ៌ដោយវិមុត្តិជាង តថាគត ល្មមឱ្យតថាគតចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ។
ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះថា បើដូច្នោះ គួរតែតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពធម៌ ដែលតថាគតត្រាស់ដឹងហើយនោះឯង។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បានដឹងសេចក្តីត្រិះរិះក្នុងចិត្តរបស់តថាគត ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះមុខតថាគត ដូចជាបុរសមានកម្លាំង លាដៃដែលខ្លួនបត់ ឬបត់ដៃដែលខ្លួនលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សហម្បតិព្រហ្ម បង់កសំពត់ឆៀងស្មាម្ខាង លុតជង្គង់ខាងស្តាំលើប្រថពី ប្រណម្យអញ្ជលីចំពោះតថាគត ហើយនិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ការនុ៎ះយ៉ាងនេះហើយ បពិត្រព្រះសុគត ការនុ៎ះយ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយក្នុងកាលអតីតក្តី ព្រះដ៏មានព្រះភាគទាំងឡាយនោះ ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពចំពោះធម៌តែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងកាលអនាគតក្តី ព្រះដ៏មានព្រះភាគទាំងឡាយនោះ នឹងចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពចំពោះព្រះធម៌ដែរ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធក្នុងកាលឥឡូវនេះ ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពចំពោះព្រះធម៌ដែរចុះ។
សហម្បតិព្រហ្មបានពោលពាក្យនេះហើយ លុះពោលពាក្យនេះហើយ ក៏ពោលពាក្យជាគាថាពន្ធ យ៉ាងនេះតទៅទៀតថា៖
ព្រះសម្ពុទ្ធទាំងឡាយណា ក្នុងកាលជាអតីតក្តី ព្រះសម្ពុទ្ធទាំងឡាយណា ក្នុងកាលអនាគតក្តី ព្រះសម្ពុទ្ធណា ក្នុងកាលឥឡូវនេះក្តី ព្រះអង្គបានញុំាងសេចក្តីសោក របស់ពួកជនច្រើនឱ្យវិនាស ព្រះសម្ពុទ្ធគ្រប់អង្គនោះ គោរពព្រះសទ្ធម្មហើយផង កំពុងគោរពព្រះសទ្ធម្មផង នឹងគោរពព្រះសទ្ធម្មផង នេះជាធម្មតារបស់ព្រះពុទ្ធទាំងឡាយ ហេតុនោះ បុគ្គលអ្នកត្រូវការប្រយោជន៍ផ្ទាល់ខ្លួន ប្រាថ្នានូវភាវៈនៃខ្លួនជាធំ ការរឭកពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ ត្រូវតែគោរពព្រះសទ្ធម្ម។
ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បាននិយាយពាក្យនេះ លុះនិយាយពាក្យនេះហើយ ក៏ថ្វាយបង្គំតថាគត រួចធ្វើប្រទក្សិណហើយ បាត់ពីទីនោះទៅ។
ម្នាលភិក្ខុទាំងឡាយ តថាគតបានដឹងច្បាស់នូវការនិមន្តរបស់សហម្បតិព្រហ្មផង នូវការដ៏សមគួរដល់តថាគតផង ក្នុងទីឯណោះហើយ ក៏ធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះធម៌ដែលតថាគតត្រាស់ដឹងហើយនោះ។
ម្នាលភិក្ខុទាំងឡាយ បើសង្ឃដែលប្រកបដោយគុណដ៏ធំ ក្នុងកាលណា កាលនោះតថាគតមានសេចក្តីគោរពចំពោះសង្ឃដែរ។
