អធម្មិកសូត្រ

 [៧១] #អធម្មិកសូត្រ

(សិក្សា​បិដក​ ៤២/ទំព័រ​ ១៨៤)

ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏មិនប្រកបដោយធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការ មិនប្រកបដោយធម៌ សម័យនោះ ពួកព្រាហ្មណ៍ និងគហបតី ក៏មិនប្រកបដោយធម៌ដែរ កាលពួកព្រាហ្មណ៍ និងគហបតី មិនប្រកបដោយធម៌ហើយ សម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏មិនប្រកបដោយធម៌ដែរ កាលអ្នកនិគម និងអ្នកជនបទ មិនប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅមិនស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យ គោចរទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្សក៏គោចរទៅមិនស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅមិនស្មើយប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលយប់ និងថ្ងៃប្រព្រឹត្តទៅមិនស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខែ និងកន្លះខែប្រព្រឹត្តទៅមិនស្មើ រដូវ និងឆ្នាំក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលរដូវ និងឆ្នាំប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ កាលខ្យល់បក់មិនស្មើ ខ្យល់បក់ខុសផ្លូវទាំងឡាយ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខ្យល់បក់ខុសផ្លូវទាំងឡាយ ប្រព្រឹត្តទៅមិនស្មើ ទេវតាទាំងឡាយខឹងសម្បា កាលទេវតាទាំងឡាយខឹងសម្បា ភ្លៀងក៏មិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ កាលភ្លៀងមិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ ស្រូវទាំងឡាយក៏ឱ្យផលមិនស្មើល្អ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស កាលបរិភោគស្រូវឱ្យផលមិនស្មើ រមែងមានអាយុខ្លី មានសម្បុរអាក្រក់ មានកម្លាំងតិច មានអាពាធច្រើន។

ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏ប្រកបដោយធម៌ដែរ កាលបើពួកខ្ញុំរាជការប្រកបដោយធម៌ ក្នុងសម័យនោះ ពួកព្រាហ្មណ៍និងគហបតីក៏ប្រកបដោយធម៌ដែរ កាលពួកព្រាហ្មណ៍ និងគហបតី ប្រកបដោយធម៌ ក្នុងសម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏ប្រកបដោយធម៌ដែរ កាលបើពួកអ្នកនិគម និងអ្នកជនបទ ប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យគោចរទៅស្មើ ពួកផ្កាយនក្ខត្តឫក្សក៏គោចរទៅស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្សគោចរទៅស្មើយប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅស្មើដែរ កាលយប់ និងថ្ងៃប្រព្រឹត្តទៅស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅស្មើដែរ កាលខែ និងកន្លះខែប្រព្រឹត្តទៅស្មើ រដូវ និងឆ្នាំក៏ប្រព្រឹត្តទៅស្មើដែរ កាលរដូវ និងឆ្នាំប្រព្រឹត្តទៅស្មើ ខ្យល់ក៏បក់ស្មើដែរ កាលខ្យល់បក់ទៅស្មើ ផ្លូវខ្យល់ទាំងឡាយ ក៏ប្រព្រឹត្តទៅបានស្មើ កាលបើផ្លូវខ្យល់ទាំងឡាយស្មើ ពួកទេវតាក៏មិនខឹងសម្បារ កាលពួកទេវតាមិនខឹងសម្បារ ភ្លៀងក៏បង្អុរទឹកភ្លៀងចុះមកដោយប្រពៃ កាលភ្លៀងបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ ស្រូវក៏ឱ្យផលស្មើល្អ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ កាលបរិភោគស្រូវដែលមានផលស្មើល្អ រមែងមានអាយុវែង មានសម្បុរល្អ មានកម្លាំង ព្រមទាំងមានអាពាធតិច។

‘‘គុន្នំ ចេ តរមានានំ,      ជិម្ហំ គច្ឆតិ បុង្គវោ;

សព្វា តា ជិម្ហំ គច្ឆន្តិ,     នេត្តេ ជិម្ហំ គតេ សតិ។

បើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូងនាំទៅកាន់ផ្លូវខុសកំពង់ កាលបើគោមេហ្វូងនាំទៅកាន់ផ្លូវខុសកំពង់ ពួកគោទាំងអស់នោះ ក៏នាំគ្នាទៅកាន់ផ្លូវខុសកំពង់ដែរ។

‘‘ឯវមេវំ មនុស្សេសុ,     យោ ហោតិ សេដ្ឋសម្មតោ;

សោ ចេ អធម្មំ ចរតិ,     បគេវ ឥតរា បជា;

សព្វំ រដ្ឋំ ទុក្ខំ សេតិ,      រាជា ចេ ហោតិ អធម្មិកោ។

មានឧបមាយ៉ាងណា ក្នុងពួកមនុស្ស ក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តមិនត្រូវតាមធម៌ និងបាច់និយាយទៅថ្វី ដល់ប្រជាជនដទៃឡើយ បើព្រះរាជាមិនប្រកបដោយធម៌ រាស្រ្តទាំងអស់ រមែងដេកកើតទុក្ខ។

‘‘គុន្នំ ចេ តរមានានំ,      ឧជុំ គច្ឆតិ បុង្គវោ;

សព្វា តា ឧជុំ គច្ឆន្តិ,     នេត្តេ ឧជុំ គតេ សតិ។

កាលបើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូងនាំទៅកាន់ផ្លូវត្រង់ កាលបើគោមេហ្វូងនាំទៅកាន់ផ្លូវត្រង់ គោទាំងអស់នោះ រមែងទៅកាន់ផ្លូវត្រង់ដែរ។

‘‘ឯវមេវំ មនុស្សេសុ,     យោ ហោតិ សេដ្ឋសម្មតោ;

សោ សចេ ធម្មំ ចរតិ,    បគេវ ឥតរា បជា;

សព្វំ រដ្ឋំ សុខំ សេតិ,     រាជា ចេ ហោតិ ធម្មិកោ’’តិ។

មានឧបមាយ៉ាងណា ក្នុងពួកមនុស្សក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តតាមធម៌ និងបាច់និយាយទៅថ្វី ដល់ប្រជាជនដទៃ បើព្រះរាជាប្រកបដោយធម៌ រាស្រ្តទាំងអស់រមែងដេកនៅជាសុខ។

Previous Post Next Post