#សិក្សាបិដក៥២
[៤៧] ពាហិយសូត្រ (ភាគទី ១)
ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
សម័យនោះឯង ពាហិយទារុចីរិយបុរស (បុរសឈ្មោះពាហិយៈ អ្នកស្លៀកដណ្តប់សម្បកឈើ) អាស្រ័យនៅទៀបឆ្នេរសមុទ្រឈ្មោះ សុប្បារកៈ ជាអ្នកដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគលានប្បច្ចយភេសជ្ជបរិក្ខារយ៉ាងបរិបូរណ៍ (ដោយមនុស្សទាំងឡាយយល់ច្រឡំថាគាត់ជាព្រះអរហន្ត)។
កាលពាហិយទារុចីរិយបុរស ពួនសម្ងំក្នុងទីស្ងាត់ ស្រាប់តែមានសេចក្តីត្រិះរិះកើតឡើងក្នុងចិត្តយ៉ាងនេះថា៖
"ពួកជនណាមួយក្នុងលោកជាព្រះអរហន្ត ឬសម្រេចអរហត្តមគ្គ បណ្តាអរហន្តទាំងនេះ ខ្លួនអញជាអរហន្តមួយដែរ។"
លំដាប់នោះ ទេវតា ដែលជាសាលោហិត (សាច់ញាតិ) អំពីដើមរបស់គាត់ ជាអ្នកអនុគ្រោះ ប្រាថ្នាប្រយោជន៍ បានដឹងច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្តរបស់គាត់ ក៏បានចូលទៅប្រាប់យ៉ាងត្រង់ថា៖
"នែពាហិយៈ អ្នក មិនមែនជាព្រះអរហន្តទេ ទាំងមិនទាន់សម្រេចអរហត្តទេ ខ្លួនអ្នកមិនមានបដិបទាដែលនាំឱ្យបានជាព្រះអរហន្ត ឬសម្រេចអរហត្តមគ្គទេ។"
ពាហិយទារុចីរិយៈ សួរដោយក្តីតក់ស្លុតថា៖
"បើដូច្នោះ ក្នុងកាលឥឡូវនេះ តើជនណាជាអរហន្ត ឬបានសម្រេចអរហត្តមគ្គ មានដែរឬ?"
ទេវតាឆ្លើយប្រាប់ថា៖
"ម្នាលពាហិយៈ មានក្រុងមួយឈ្មោះ សាវត្ថី ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់គង់នៅក្នុងក្រុងសាវត្ថីនោះ។ ព្រះអង្គឯងជាព្រះអរហន្តផង ទ្រង់សំដែងធម៌ដើម្បីអរហត្តផង។"
លំដាប់នោះ ពាហិយទារុចីរិយបុរស ដែលទេវតានោះធ្វើឱ្យតក់ស្លុត ក៏ស្រាប់តែគេចចេញអំពីឆ្នេរសមុទ្រឈ្មោះសុប្បារកៈក្នុងខណៈនោះភ្លាម ដោយការប្រឹងប្រែងធ្វើដំណើរអស់ ១ យប់ (ដោយអានុភាពនៃការជ្រះថ្លា) ក៏បានទៅដល់ព្រះមានព្រះភាគ ដែលកំពុងគង់ក្នុងវត្តជេតពន ជិតក្រុងសាវត្ថី។
[៤៨] ពាហិយសូត្រ (ត)
សម័យនោះ គាប់ចួនភិក្ខុច្រើនរូប កំពុងដើរចង្ក្រម ក្នុងទីវាល។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏ឆៀងចូលទៅរកពួកភិក្ខុ លុះចូលទៅដល់ហើយ ក៏បានសួរភិក្ខុទាំងនោះដូច្នេះថា៖
"បពិត្រលោកដ៏ចំរើនទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ គង់នៅទីណា យើងមានបំណងនឹងចូលទៅ ដើម្បីចួបព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។"
ពួកភិក្ខុតបថា៖
"ម្នាលពាហិយៈ ព្រះមានព្រះភាគ ចូលកាន់ចន្លោះភូមិ ដើម្បី បិណ្ឌបាត ទៅហើយ។"
លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏មានដំណើរម្នីម្នាចេញពីវត្តជេតពន ចូលទៅនគរសាវត្ថី បានឃើញព្រះមានព្រះភាគ កំពុងនិមន្តបិណ្ឌបាតក្នុងក្រុងសាវត្ថី ជាទីនាំមកនូវសេចក្តីជ្រះថ្លា គួរជ្រះថ្លា មាន ឥន្ទ្រិយស្ងប់ មាន ព្រះទ័យស្ងប់ ទ្រង់បានដល់នូវការហាត់ពត់ និងការស្ងប់រម្ងាប់ដ៏ឧត្តម ទ្រង់បានទូន្មាន គ្រប់គ្រង សង្រួមឥន្ទ្រិយ ជា ពុទ្ធនាគ គឺជាព្រះពុទ្ធដ៏ប្រសើរ។
លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ មានសិរ្សឱនចុះទៀបព្រះបាទនៃព្រះមានព្រះភាគ ហើយអារាធនាព្រះមានព្រះភាគនេះថា៖
"បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឱ្យទាន។"
[៤៩] ពាហិយសូត្រ (ត)
ធម្មទេសនាសង្ខេប និងការត្រាស់ដឹង
កាល ពាហិយទារុចីរិយបុរស អារាធនាយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពាហិយទារុចីរិយបុរសដូច្នេះថា៖
"ម្នាលពាហិយៈ ឈប់សិន កាលនេះជាកាលមិនគួរ ដ្បិតតថាគតចូលទៅកាន់ចន្លោះភូមិបិណ្ឌបាត។"
ពាហិយទារុចីរិយបុរស ទូលព្រះមានព្រះភាគ ជាគំរប់ពីរដងយ៉ាងនេះថា៖
"បពិត្រព្រះអង្គដ៏ចំរើន ដំណើរប្រព្រឹត្តទៅនៃ ជីវិតន្តរាយ របស់ព្រះមានព្រះភាគ ឬជីវិតន្តរាយរបស់ខ្ញុំព្រះអង្គ ដឹងបានដោយក្រណាស់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឱ្យទាន។"
ព្រះមានព្រះភាគ បានត្រាស់នឹងទារុចីរិយបុរស អស់វារៈពីរដងយ៉ាងនេះថា៖
"ម្នាលពាហិយៈឈប់សិន កាលនេះជាកាលមិនគួរ ដ្បិតតថាគតចូលទៅកាន់ចន្លោះភូមិ បិណ្ឌបាតសិន។"
ពាហិយទារុចីរិយបុរស ទូលព្រះមានព្រះភាគ អស់វារៈ ៣ ដងយ៉ាងនេះថា៖
"បពិត្រព្រះអង្គដ៏ចំរើន ដំណើរប្រព្រឹត្តទៅនៃ ជីវិតន្តរាយ របស់ព្រះមានព្រះភាគ ឬជីវិតន្តរាយរបស់ខ្ញុំព្រះអង្គ ដឹងបានដោយក្រណាស់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឱ្យទាន។"
ព្រះមានព្រះភាគទ្រង់ត្រាស់ថា៖
"ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា៖
• រូបារម្មណ៍ ដែលអ្នកឃើញហើយ គ្រាន់តែជារូបារម្មណ៍ដែលឃើញហើយ
• សទ្ទារម្មណ៍ ដែលអ្នកឮហើយ គ្រាន់តែជាសទ្ទារម្មណ៍ដែលឮហើយ
• គន្ធៈ រសៈ ផោដ្ធព្វារម្មណ៍ ដែលប៉ះពាល់ហើយ គ្រាន់តែជាអារម្មណ៍ដែលប៉ះពាល់ហើយ
• ធម្មារម្មណ៍ ដែលអ្នកដឹងហើយ គ្រាន់តែជាធម្មារម្មណ៍ដែលដឹងហើយ
ម្នាលពាហិយៈ អ្នកគប្បីសិក្សាយ៉ាងនេះឯង។ ម្នាលពាហិយៈ រូបារម្មណ៍ដែលអ្នកឃើញហើយ គ្រាន់តែជារូបារម្មណ៍ដែលឃើញហើយ... ធម្មារម្មណ៍ដែលអ្នកដឹងហើយ គ្រាន់តែជាធម្មារម្មណ៍ដែលដឹងហើយ ព្រោះហេតុណា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកនឹងលែងមាន ម្នាលពាហិយៈ អ្នកនឹងលែងមានព្រោះហេតុណា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកនឹងមិនមានក្នុងភពនេះ និងភពមុខ និងមិនមានក្នុងចន្លោះនៃលោកទាំងពីរ នេះឯង ជាទីបំផុតនៃទុក្ខ។"
គ្រានោះ ចិត្តនៃពាហិយទារុចីរិយបុរស ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន ក្នុងខណៈនោះឯង ដោយធម្មទេសនាសង្ខេបរបស់ព្រះមានព្រះភាគនេះ។
លុះព្រះមានព្រះភាគ ទ្រង់ទូន្មាន ពាហិយទារុចីរិយបុរស ដោយឱវាទសង្ខេបនេះហើយ ស្តេចចៀសចេញទៅដើម្បីបន្តការបិណ្ឌបាត។
[៥០] ពាហិយសូត្រ (ភាគបញ្ចប់)
មរណភាព និងការបរិនិព្វាន
កាលដែល ព្រះមានព្រះភាគ ស្តេចចេញផុតទៅមិនយូរប៉ុន្មាន មេគោមានកូនខ្ចី បុះផ្តួល ពាហិយទារុចីរិយបុរស ឱ្យដាច់ចាកជីវិតទៅ។
លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់បិណ្ឌបាតក្នុងនគរសាវត្ថី រួចត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ចេញអំពីនគរជាមួយភិក្ខុច្រើនរូប បានទតឃើញពាហិយទារុចីរិយបុរសធ្វើមរណភាព លុះទតឃើញហើយ ទើបត្រាស់ប្រាប់ពួកភិក្ខុថា៖
"ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកសរីរៈពាហិយទារុចីរិយបុរស លើកដាក់លើគ្រែនាំទៅដុតផង ធ្វើស្តូបដល់សរីរៈនោះផង ម្នាលភិក្ខុទាំងឡាយ ព្រោះថា សព្រហ្មចារី របស់អ្នកទាំងឡាយ ធ្វើមរណភាពហើយ។"
ពួកភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា ហើយលើកសរីរៈពាហិយទារុចីរិយបុរស ដាក់លើគ្រែតូច នាំទៅរំលាយ ទាំងធ្វើស្តូបរួចរាល់ហើយ ក៏ចូលទៅទូលសួរព្រះមានព្រះភាគថា៖
"បពិត្រព្រះអង្គដ៏ចំរើន គតិរបស់គាត់តើដូចម្តេច ដំណើរក្នុងលោកខាងមុខតើដូចម្តេច?"
ព្រះមានព្រះភាគត្រាស់ថា៖
"ម្នាលភិក្ខុទាំងឡាយ ពាហិយទារុចីរិយបុរស ជាបណ្ឌិត បានប្រតិបត្តិធម៌គួរដល់ព្រះនិព្វានហើយ មិនបៀតបៀនតថាគត ព្រោះហេតុសំដែងធម៌ទេ ម្នាលភិក្ខុទាំងឡាយ ពាហិយទារុចីរិយបុរស បរិនិព្វានហើយ។"
លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវ ឧទាន នេះ ក្នុងវេលានេះថា៖
យត្ថ អាបោ ច បឋវី តេជោ វាយោ ន គាធតិ
ន តត្ថ សុក្កា ជោតន្តិ អាទិច្ចោ នប្បកាសតិ
ន តត្ថ ចន្ទិមា ភាតិ តមោ តត្ថ ន វិជ្ជតិ។
យទា ច អត្តនាវេទិ មុនិ មោនេន ព្រាហ្មណោ
អថ រូបា អរូបា ច សុខទុក្ខា បមុច្ចតិ។
ទឹក ដី ភ្លើង ខ្យល់ រមែងមិនតាំងនៅក្នុងនិព្វានធាតុណា ពួកផ្កាយមានពន្លឺ រមែងមិនភ្លឺ ទាំងព្រះអាទិត្យក៏មិនរុងរឿង ក្នុងនិព្វានធាតុនោះ ព្រះចន្ទក៏មិនមានពន្លឺក្នុងនិព្វានធាតុនោះ ទាំងងងឹតក៏មិនមានក្នុងនិព្វានធាតុនោះទេ។ ព្រាហ្មណ៍មាននាមថាមុនី ព្រោះមោនប្បដិបត្តិ ដឹងច្បាស់នូវព្រះនិព្វានដោយខ្លួនឯង ក្នុងកាលណា រមែងរួចចាករូបផង អរូបផង សុខទុក្ខផង ក្នុងកាលនោះ។
ចប់ សូត្រទី ១០។
ចប់ ពោធិវគ្គ ទី ១។
