មុច្ចលិន្ទសូត្រ

 #សិក្សាបិដក៥២​

[៥១] មុច្ចលិន្ទសូត្រ

ខ្ញុំបានស្តាប់មកយ៉ាងនេះ​​​​​​​។​​​ សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅទៀប មុច្ចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរ ស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស​​​​​​​។​​​ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្គតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍​​​​​​​។​​​

សម័យនោះ បណ្តាលមាន ភ្លៀងធំ ពុំដូចកាលកើតឡើង​​​​​​​។​​​ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃ ត្រជាក់ទូទឹមស្រអាប់​​​​​​​។​​​ លំដាប់នោះ មុច្ចលិន្ទនាគរាជ ចេញពីលំនៅរបស់ខ្លួនហើយ ពេនព័ទ្ធព្រះកាយ នៃព្រះមានព្រះភាគ ដោយភ្នេន ៧ ជុំ ហើយ បើកពពារដ៏ធំ បាំងអំពីខាងលើព្រះសិរ្សព្រះមានព្រះភាគ ដោយគិតថា៖

"រងាកុំបីប៉ះពាល់ព្រះមានព្រះភាគ កំដៅកុំបីប៉ះពាល់ព្រះមានព្រះភាគ សម្ផស្សរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះមានព្រះភាគឡើយ​​​​​​​។​​​"

លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ​​​​​​​។​​​ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នេនចាកព្រះកាយនៃព្រះមានព្រះភាគ និម្មិតភេទរបស់ខ្លួន (ជាភេទមាណព) ឈរប្រណម្យអញ្ជលីនមស្ការព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ​​​​​​​។​​​

លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវ ឧទាន នេះ ក្នុងវេលានោះថា៖

សុខោ វិវេកោ តុដ្ឋស្ស   

សុតធម្មស្ស បស្សតោ

អព្យាបជ្ឈំ សុខំ លោកេ  

បាណភូតេសុ សំយមោ​​​​​។

សុខា វិរាគតា លោកេ    

កាមានំ អតិក្កមោ

អស្មិមានស្ស វិនយោ      

ឯតំ វេ បរមំ សុខំ។

វិវេករបស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ស្តាប់ហើយ បានឃើញច្បាស់ (ដោយញាណចក្ខុ) នាំមកនូវសុខ ការមិនបៀតបៀនគ្នា និងការសង្រួមក្នុងសត្វទាំងឡាយ ជាសុខក្នុងលោក ការប្រាសចាកតម្រេក ការប្រព្រឹត្តិកន្លងកាមទាំងឡាយ ជាសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ ដំណើរនុ៎ះ ឈ្មោះថាជាសុខ យ៉ាងក្រៃលែង​​​​​​​។​​​

ចប់ សូត្រទី ១​​​​​​​។

Previous Post Next Post