ស៊ុរ៉ាឆាត បាំរុងសុខ អ្នកជំនាញផ្នែកយុទ្ធសាស្ត្រ កិច្ចការយោធា សន្តិសុខ និងទំនាក់ទំនងអន្តរជាតិថៃ សរសេរថា ៖ អន្ទាក់សង្គ្រាម! ថៃកាន់តែច្បាំង កម្ពុជាកាន់តែខ្លាំង !

 ស៊ុរ៉ាឆាត បាំរុងសុខ អ្នកជំនាញផ្នែកយុទ្ធសាស្ត្រ កិច្ចការយោធា សន្តិសុខ និងទំនាក់ទំនងអន្តរជាតិថៃ សរសេរថា ៖ អន្ទាក់សង្គ្រាម! ថៃកាន់តែច្បាំង កម្ពុជាកាន់តែខ្លាំង !


អត្ថបទនេះវាវែងបន្តិចមែន តែសូមអានឱ្យចប់ ពីព្រោះផ្ទៃក្នុងថៃខ្លះ មិនពេញចិត្តនឹងការល្មោភសង្គ្រាម និងការគំរាមកំហែងប្រទេសដទៃក្នុងផ្លូវយោធា ។


ក្នុងអំឡុងពេលនេះ នាយករដ្ឋមន្ត្រីថៃ ត្រូវប្រឈមមុខនឹងបញ្ហារុករានជុំទិសជុំវិញរឿងរ៉ាវពុករលួយក្នុងការប្រឡងនៅក្រសួងមហាផ្ទៃ ក្នុងនាមជារដ្ឋមន្ត្រីប្រចាំក្រសួង បញ្ហាគ្រឿងញៀន សេដ្ឋកិច្ច ដែលនាយករដ្ឋមន្ត្រី អនុធិន ត្រូវរែកពន់ដ៏ធ្ងន់ធ្ងរ ប្រៀបដូចកំពុងកាន់ «ដំឡូងក្តៅ»។


លោកបណ្ឌិត ស៊ុរ៉ាជឆាត បាំរុងសុខ អ្នកសិក្សាដ៏ល្បីល្បាញម្នាក់របស់ប្រទេសថៃ និងជាអ្នកជំនាញផ្នែកយុទ្ធសាស្ត្រ កិច្ចការយោធា សន្តិសុខ និងទំនាក់ទំនងអន្តរជាតិ បាននិពន្ធអត្ថបទមួយ Style រាងត្រជាក់ តែឈឺចុក នៅត្រង់ថា៖ ក្នុងនាមលោកនាយករដ្ឋមន្ត្រីបង្ហាញតួនាទីជា «អ្នកជាតិនិយម» លោកប្រហែលជាមានជំនឿលើ «អំណាចនៃសង្រ្គាម» ដោយធ្លាប់ងើយមុខ ពើងទ្រូង ក្នុងឋានៈតែងតាំងខ្លួនឯងជាមហា​អំណាចយោធាធំទីបីនៅអាស៊ីអាគ្នេយ៍ ដែលប្រើអំណាចយោធាដាក់សម្ពាធលើប្រទេសជិតខាងតូចៗ ឱ្យគោរពតាមការទាមទារ។ 


ប៉ុន្តែ នៅក្នុងបរិបទនៃទំនាក់ទំនងថៃ-កម្ពុជា នាយុគសម័យសង្រ្គាមត្រជាក់ ស្ថានការណ៍មិនបានស្ថិតក្នុងទម្រង់ដូចករណីមុនៗនោះឡើយ គេថែមទាំងបានឃើញករណីវិវាទប្រាសាទព្រះវិហារ ដែលត្រូវតែទទួល​ស្គាល់ថា លទ្ធផលដែលបានកើតឡើង និងដឹកនាំទៅរកសាលដីការបស់តុលាការអន្តរជាតិ (ICJ) នៅក្នុងឆ្នាំ ១៩៦២ នោះ គឺខាងភាគីថៃជាអ្នកចាញ់នៅក្នុងផ្លូវច្បាប់អន្តរជាតិ។


លោកនាយករដ្ឋមន្ត្រីជ្រាបច្បាស់ហើយថា បញ្ហាប្រាសាទព្រះវិហារបានផ្ទុះឡើងម្តងទៀតនៅក្នុងឆ្នាំ២០០៨ ដែលបាននាំទៅរកសង្រ្គាមនៅក្នុងឆ្នាំ ២០១១ ហើយបានបញ្ចប់ទៅនៅតុលាការអន្តរជាតិម្តងទៀតនៅក្នុងឆ្នាំ ២០១៣។ ខ្ញុំសូមប្រាប់ថា ទោះបីជាកម្ពុជាខ្សោយជាងយើង ប៉ុន្តែនៅ​ពេល​ដែលត្រូវតស៊ូជាមួយយើងនៅលើឆាកអន្តរជាតិ កម្ពុជាអាចក្លាយជាភាគីដែលទទួលជ័យជម្នះលើថៃបានគ្រប់ពេល... កម្ពុជាមិនចាំបាច់ត្រូវមានអំណាចយោធាខ្លាំងជាងថៃនោះទេ ប៉ុន្តែមានប្រៀបជាងនៅក្នុងផ្លូវនយោបាយអន្តរជាតិ ហើយអាចឈ្នះថៃបានដោយសារលក្ខខណ្ឌនៃច្បាប់។ ជ័យជម្នះដែលបានកើតឡើង មុខជាមានឥទ្ធិពលចងកាតព្វកិច្ចឱ្យថៃត្រូវតែប្រតិបត្តិតាម ឬនិយាយម្យ៉ាងទៀតគឺ ថៃ «ត្រូវបានបង្ខំ» ត្រូវតែធ្វើតាមសាលដីកាបែបនោះ ដោយកម្ពុជាមិនចាំបាច់មានឋានៈអំណាចខ្លាំងជាង ឬមានកងទ័ពធំជាងថៃឡើយ។


លោក ស៊ុរ៉ាឆាត គិតថា ជួនកាលយើងប្រហែលជាត្រូវទទួលស្គាល់ការពិតថា នៅក្នុងយុគសម័យបច្ចុប្បន្ន ថៃមិនមានសមត្ថភាពក្នុងការ​បង្កើតអំណាចដាច់ខាតបែបនោះទៀតឡើយ។ ម្យ៉ាងទៀត ទ្រឹស្តីចាស់នៃអំណាចរដ្ឋនៅលើឆាកអន្តរជាតិដែលជឿថា «យោធាខ្លាំងក្លា គឺការទូតខ្លាំងក្លា» តាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសថៃដែលបានផ្តល់បទ​សម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ The Standard នោះ ប្រហែលជាមិន​ពិតទាំងអស់នោះទេ ព្រោះអំណាចរបស់រដ្ឋនៅលើឆាកអន្តរជាតិក្នុងពិភពលោកបច្ចុប្បន្ន មិនមែនមានតែអំណាចយោធាតែមួយមុខនោះឡើយ។ 


អំណាចយោធាមិនមែនជាកត្តាកាត់សេចក្តីដែលធ្វើឱ្យរដ្ឋទទួលបានជ័យជម្នះជានិច្ចនោះទេ។ ការតស៊ូនៅលើឆាកអន្តរជាតិដែលប្រកាន់ខ្ជាប់តែលើអំណាចយោធាជាកត្តាចម្បង អាចធ្វើឱ្យរដ្ឋនោះធ្លាក់ចូលក្នុង «អន្ទាក់សង្រ្គាម» ហើយនាំខ្លួនឯងត្រឡប់មករកទំនាក់ទំនងក្នុងកម្រិត​ធម្មតាជាមួយប្រទេសជិតខាងវិញបានយ៉ាងលំបាក រហូតដឹកនាំទៅរកស្ថានការណ៍នៃ «សង្រ្គាមដ៏អស់កល្ប» ដែលនាយករដ្ឋមន្ត្រី អនុធិន ដឹងច្បាស់ហើយថា ស្ថានការណ៍បែបនេះមិនផ្តល់ផលប្រយោជន៍ដល់ថៃទេ ។


ការកត់សម្គាល់ក្នុងផ្លូវទ្រឹស្តីនយោបាយអន្តរជាតិថា ការដែលប្រទេសមួយប្រើប្រាស់អំណាចយោធាដើម្បីយកឈ្នះរដ្ឋជិតខាងយ៉ាងដាច់ខាត គឺជារឿងដែលពិបាកមិនអាចទៅរួចទេ ។ ការធ្វើបែបនោះ អាចនាំទៅរកការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ រហូតធ្វើឱ្យថៃធ្លាក់ទៅក្នុងស្ថានភាព «ត្រូវបានបង្ខំ» ក្នុងទម្រង់មួយបែបទៀត ពីព្រោះការកើតឡើង និងការរីករាលដាលនៃសង្រ្គាមព្រំដែននៅក្នុងយុគសម័យដែលមហាអំណាចធំៗបង្កើនការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវនោះ វាមានភាពប្រថុយប្រថានខ្លាំងណាស់ ។


ប៉ុន្តែនៅក្នុងជ្រុងមួយទៀតនៃបញ្ហា លោក អនុធិន ច្បាស់ជាបានឃើញចម្លើយពីស្ថានការណ៍នៃសង្រ្គាមជាក់ស្តែងហើយថា មហាអំណាចធំរុស្ស៊ី ក៏មិនអាចយកឈ្នះសង្រ្គាមអ៊ុយក្រែនបាន... ដូចគ្នានឹងមហា អំណាចធំសហរដ្ឋអាមេរិក ក៏មិនអាចយកឈ្នះសង្រ្គាមអ៊ីរ៉ង់បានដែរ។ បើបែបនេះទៅហើយ ទើបមិនអាចទប់ចិត្តមិនឱ្យគិតថា តើថៃនឹងអាចយកឈ្នះកម្ពុជាក្នុងផ្លូវយោធាពិតប្រាកដបានកម្រិតណា? រហូតមក ដល់ថ្ងៃនេះ ថៃហាក់បីដូចជាកាន់តែដើរ កាន់តែជាប់អន្ទាក់សង្រ្គាមកម្ពុជា រហូតមើលមិនឃើញផ្លូវ ក្នុងការនាំប្រទេសជាតិគេចចេញពីបញ្ហានេះ ។


ការពិតមួយទៀតដែលថៃត្រូវទទួលស្គាល់គឺ សង្រ្គាមប្រែជាធ្វើឱ្យរបបគ្រប់គ្រងអ៊ុយក្រែនកាន់តែរឹងមាំឡើង... ដូចគ្នា សង្រ្គាមធ្វើឱ្យរបបសាសនានិយមរបស់អ៊ីរ៉ង់កាន់តែរឹងមាំឡើង ហើយយើងប្រហែលជាត្រូវទទួលស្គាល់ថា សង្រ្គាមក៏ធ្វើឱ្យរដ្ឋាភិបាលកម្ពុជានា ពេលបច្ចុប្បន្នកាន់តែរឹងមាំឡើងផងដែរ ដែលអាចនិយាយជាការកត់សម្គាល់ក្នុងបរិបទនៃសង្រ្គាមបានថា សង្រ្គាមព្រំដែនមិនបានបង្កើតផលតបស្នងខាងយុទ្ធសាស្ត្រដល់ថៃដូចអ្វីដែលថៃចង់បាននោះឡើយ!!


ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីគួរតែដឹងថា អ្វីៗទាំងអស់ដែលសំណេរខាងលើនេះ គឺដើម្បីឱ្យលោកឃើញជ្រុងម្ខាងនៃបញ្ហា និងមិន «បាក់ចិត្ត» ទៅលើការប្រើប្រាស់កម្លាំងយោធាបែបជ្រុលនិយមក្នុងការដោះស្រាយបញ្ហាថៃ-កម្ពុជា ដែលវាជាស្ថានការណ៍នៃការជាប់អន្ទាក់នៃជំនឿខាងយុទ្ធប្រតិបត្តិការ ហើយថែមទាំងផ្តល់ផលវិបាកក្នុងផ្លូវយុទ្ធសាស្ត្រចំពោះថៃទៀតផង។


លោក ស៊ុរ៉ាឆាត សរសេរទៀតថា៖ «ខ្ញុំនៅតែជឿជាក់ជានិច្ចថា ការស្វែងរកផ្លូវចេញពីបញ្ហាកម្ពុជា ដោយមិនមែនប្រើប្រាស់សង្រ្គាមនោះ គឺជារឿងចាំបាច់ដ៏សំខាន់... ខ្ញុំជូនពរនិងផ្តល់កម្លាំងចិត្តជូនលោកនាយករដ្ឋមន្ត្រី ឱ្យនាំប្រទេសថៃដើរចេញពីសមរភូមិកម្ពុជាបានដោយសុវត្ថិភាព ដោយមិនក្លាយជាភាគីដែលចាញ់ក្នុងផ្លូវនយោបាយ និងផ្លូវច្បាប់ ពីព្រោះមិនចង់ឃើញសង្រ្គាមជុំទី ៣ ដែលអាចជាកត្តានាំទៅរកតុលាការអន្តរជាតិលើកទី ៣ នោះឡើយ!


លោក ស៊ុរ៉ាឆាត ខ្សឹបបន្ថែមថា : លោក អនុធិន ទៅប្រទេសបារាំង ប្រហែលជាគិតថា ទីនោះនឹងមានឯកសារសម្ងាត់ខាងប្រវត្តិសាស្ត្រឱ្យស្រាវជ្រាវ រហូតធ្វើឱ្យថៃអាចឈ្នះក្តីលើភាគីកម្ពុជាបាន។ ការរំពឹងទុកបែបនេះ មិនមែនជាការពិតឡើយ ព្រោះឯកសារនិងកំណត់ហេតុភ្ជាប់កន្ទុយរបាយការណ៍របស់គណៈកម្មការចម្រុះក្នុងការខណ្ឌសីមាព្រំដែននោះ គឺត្រូវបានរក្សាទុកនៅក្រសួងការបរទេសថៃឯណេះទេ!!! ទិន្នន័យទាំងអស់ រួមទាំងអង្គហេតុក្នុងផ្លូវផែនទី និងបង្គោលព្រំដែន គឺត្រូវបានរក្សាទុកនៅក្នុងផ្ទះរបស់យើង មិនចាំបាច់ទៅសុំអ្វីពីប្រធានាធិបតីបារាំង ឬឱ្យទូតថៃប្រចាំទីក្រុងប៉ារីស ដើរតួជាអ្នកស្រាវជ្រាវនោះទេ ដែលវាក៏មិនអាចធ្វើទៅបាន។ អ្វីដែលនៅសេសសល់គឺមានតែត្រង់ថា តើយើងនឹងព្រមទទួលស្គាល់ខ្លឹមសារសំខាន់នៃទិន្នន័យទាំងនេះកម្រិតណានោះឯង។ ///


#អំណាចយោធា #នាយករដ្ឋមន្ត្រីថៃ #អន្ទាក់សង្គ្រាម #ច្បាប់អន្តរជាតិ #កម្ពុជាសន្តិភាព #Sorith

Previous Post Next Post