រឿងព្រះមាល័យ

 រឿងព្រះមាល័យ


អតីតេ កាលេ កិរ បានឮមកថាៈ ក្នុងអតីតកាលកន្លងទៅហើយ មានព្រះថេរៈ ១ អង្គព្រះនាមថាៈ មាល័យ លោកតែងតែអាស្រ័យនៅស្រុកមួយឈ្មោះ កន្ពោជគ្រាម ជាទី គោចរបិណ្ឌបាត ហើយសំណាក់នៅជាប្រក្រតីក្នុងលោហនជនបទ ។ បានជាគេនិយមហៅ ថាៈ មាល័យ ពីព្រោះលោកតែងតែនិមន្តហោះទៅកាន់កោះមាល័យនៅក្នុងប្រទេសលង្កា ទ្វីបជារឿយៗ ដើម្បីសម្រេចសម្រាន្តឥរិយាបថ ក្នុងឈានសមាបត្តិអនុបុព្វវិហារ ប្រាកដ ស្មើដូចព្រានព្រៃតែងតែ តា្រច់ទៅក្នុងព្រៃជាប្រក្រតីដូច្នោះឯង ។ ម្យ៉ាងទៀតកោះនោះ សម្បូណ៌ដើមខ្លឹមចន្ទន៍ក្រហម ឈើឯទៀតមានដែរ ប៉ុន្តែមិនច្រើនដេរដាសដូចដើមខ្លឹម ចន្ទន៍ក្រហម បានជាអ្នកស្រុកនាំគ្នាហៅថាៈ កោះមាល័យដូច្នេះជាប់ហូរហែមក ។


ព្រះមាល័យ គឺជាព្រះខីណាស្រពមានប្រាជ្ញវិសារទញាណឆ្លៀវឆ្លាតជ្រាលជ្រៅប៉ិន ប្រសប់ខាងការធ្វើអន្តរាគមន៍ ទាក់ទងជាមួយមនុស្ស និង ទេវតាព្រមទាំងសត្វនរក ។ ពួកមនុស្ស និង ទេវតាព្រមទាំងសត្វនរកបានសុខសាន្តដោយសារលោកក៏មានច្រើនដែរ បានជាគេនិយមរាប់អានស្រឡាញ់លោកដូចកូន និង ម្តាយ លោកមានបរិវារច្រើន មានគេ ជឿស្តាប់តាមលោកមានសេចក្តីសន្តោសជា ប្រក្រតីក្នុងចតុប្បច្ច័យរាប់ថាជាព្រះអរហន្តដ៏ ប្រសើរក្នុងបច្ចឹមកាល លោកតែងតែរក្សាធុតង្គជាប្រក្រតី ជាអ្នកទ្រទ្រង់ឫទ្ធិចាត់ជាតបៈ មានកិត្តិស័ព្ទឮល្បីរុងរឿងផ្សព្វផ្សាយចេញទៅពេញជម្ពូទ្វីបលោក ជាស្នូលខាងជំនឿរបស់ បច្ឆាជនយ៉ាងជាក់ស្តែងក្នុងចំណោម ពពួកមនុស្ស និង ទេវតាទាំងពួងដូចជាព្រះចន្ទពេញ វង់ក្នុងថ្ងៃពេញ បូណ៌មីនាតិត្ថី ១៥ កើតដូច្នោះឯង។


លោកតែងតែនិមន្តកាន់នរក និង ទេវតាដើម្បីសួរនាំអំពីបុព្វ កម្មទាំងឡាយផ្សេងៗ ដែលសត្វទាំងនោះបានធ្វើហើយជាញឹកញាប់ កាតព្វកិច្ចរបស់លោកដែលត្រូវប្រតិបត្តិការ គឺមមាញឹកខាងប្រកាសព្រះពុទ្ធសាសនាឲ្យភ្លឺស្វាងឡើង ធ្វើជំនឿខាងព្រះពុទ្ធសាសនាឲ្យ បានជាទីពឹងក្នុងលោកនេះ និង បរលោក បំបែរពួកមនុស្សដែលជាមិច្ឆាទិដ្ឋិឲ្យជាសមាទិដ្ឋិ ឡើង គឺជាប្រទីបបំភ្លឺលោកដោយបញ្ញារបស់ខ្លួន ។ លោកគឺជាព្រះអរហន្តមួយព្រះអង្គ ដែល មានតួនាទីដូចជាព្រះអគ្គសាវ័កឆ្វេងដែរគឺៈ ព្រះមហាមោគ្គល្លាន ។ សេចក្តីថាៈ ព្រះមហាមោគ្គល្លានដែលព្រះអង្គមិនទាន់បរិនិព្វាននៅឡើយ ព្រះអង្គ តែងតែនិមន្តចុះទៅប្រោសសត្វនរកបានធ្វើឫទ្ធានុ ភាពរបស់លោកបណ្តាលឲ្យភ្លើងនរក រលត់សូន្យ ឲ្យសត្វនរកបានត្រជាក់ស្រួលដោយសម្តែងឫទ្ធិធ្វើឲ្យភ្លៀងធា្លក់ពន្លត់អណ្តាត ភ្លើង ។


ធ្វើរកាដែកឲ្យបាត់ខ្ទេចខ្ទី ធ្វើខ្ទះដែកលង្ហិនឲ្យត្រជាក់ធ្វើឲ្យភ្នំទង្គិច គ្នាឲ្យឈប់ ស្ងៀម ធ្វើស្ទឹងទឹកជូរឲ្យមានរសផ្អែមកងចក្រដែលវិល ខារខៃសត្វនរកលោកបណ្តាលឲ្យ ឈប់នឹងថ្កល់ជាដើម។


ពួកសត្វនរកកាលបើបានលោកនិមន្តទៅពេលណាហើយ ក៏បានល្អែល្អើយធូរទ្រូង ធូរដង្ហើមដូចជាអ្នកជំងឺដែលកំពុងតែក្តៅក្រហាយ ស្រាប់តែមានថ្នាំមកព្យាបាលហើយ បានត្រជាក់ចិត្តដូច្នោះឯង ពុំនោះសោត ប្រៀបដូចអ្នកស្រែចម្ការមាននូវទឹកភ្លៀងដូច្នោះ ម្យ៉ាងវិញទៀត លោកនិមន្តត្រឡប់ពីនរកវិញ បានទទួលបណ្តាំរបស់សត្វនរកប្រាប់ញាតិ មិត្តនៅរស់ក្នុងមនុស្សលោក ឲ្យប្រុងប្រយ័ត្នកុំឲ្យធ្វើបាបទាំងឡាយ ហើយឲ្យធ្វើបុណ្យ បំពេញកុសលឧទ្ទិសឲ្យ ពួកញាតិសន្តាននោះផង។

កាលបើបានទទួលដំណឹងអំពីព្រះមហាមោគ្កល្លានហើយ ពពួកញាតិទាំងអស់នោះ ច្រើនតែមាន សេចក្តីស្លុតចិត្តដោយបានដឹងថាៈ មាតាបិតាឬញាតិការណាម្នាក់ បានធ្លាក់ ទៅកាន់ស្ថាននរកយ៉ាងនេះម៉្យាងវិញទៀតពពួកញាតិទាំងអស់នោះ កាលបើដឹងថាៈ អំពើ របៀបនេះ នាំសត្វឲ្យធ្លាក់ទៅកាន់នរកហើយក៏វៀរចាកអំពើទាំងនោះ ហើយបំពេញតែ បុណ្យ កុសលតែម្យ៉ាងដើម្បីសេចក្តីសុខរបស់ខ្លួន ។ ព្រះមហាមោគ្គល្លាន មានគុណឧបការៈជាច្រើនអនេកប្បការ ដល់ពួកមនុស្ស និង ទេវតា យ៉ាងណាមិញចំណែកព្រះមហាមាល័យត្ថេរ លោកមានទិដ្ឋានុគតិដូចព្រះមហា មោគ្គលា្លនដែរគឺថា លោកអាចនិមន្តទៅកាន់ស្ថាននរកនិងឋានសួគ៌ ចុះទៅនឹងឡើង មក កាន់ឋាននានា បានដោយឫទ្ធានុភាពរបស់លោកបានយ៉ាងរហ័សដូចជាគេបត់ដៃចូល និង លាដៃចេញយ៉ាងដូច្នោះ ឯងព្រះមហាមាល័យព្រះអង្គតែងតែពន្យល់បុណ្យដែលគួរ ធ្វើ និង បាបដែរ គួរលះចេញគឺ ដើម្បីតែប្រយោជន៍របស់មនុស្សទូទៅផង មិនតែប៉ុណ្ណោះ ថែមទាំងផ្តាំញាតិទាំងនោះឲ្យបានធ្វើបុណ្យទានហើយ ឲ្យឧទ្ទិសកុសលឲ្យដល់ញាតិទាំង អស់នោះ ហើយក៏បានរួចចាកទុក្ខក្នុងកាលនោះឯង ។


មិនតែប៉ុណ្ណោះ លោកក៏បាននិមន្តទៅកាន់ឋានសួគ៌ដោយ ឫទ្ធិរបស់ព្រះអង្គហើយ បានសាកសួរនូវបញ្ហាកម្មដែលជាបុព្វកម្មរបស់ទេវតាទាំងឡាយនោះ តើបានទៅកើតជា ទេវតានោះដោយមានការធ្វើបុណ្យអ្វីខ្លះ ទើបបានកើតជាទេវតាមានសម្បត្តិទិព្វដ៏ល្អវិចិត្រ យ៉ាងនេះមានវិមាន ដ៏ល្អប្រកបដោយរតនវត្ថុជាដើមកាលបើទេវ បុត្រទេពធីតាទាំងឡាយ នោះ ក្រាបទូលប្រាប់នូវរឿងរ៉ាវដំណើរ អំពីបុព្វកម្មនោះសព្វគ្រប់ហើយក៏នាំយករឿងទាំង អស់ប្រាប់ដល់ មនុស្សលោកឲ្យខិតខំបំពេញនូវបុញ្ញកម្មផ្សេងៗ គ្នា។ #reangprengkhmerchalleng #ព្រះអង្គចន្ឋមុនី

Previous Post Next Post