ឧច្ឆុវិមាន ទី ២
[៣០] (ព្រះមោគ្គល្លានសួរថា) "ម្នាលទេវតា នាងរុងរឿងក្រៃពេកដោយសិរីផង វណ្ណៈផង យសផង តេជះផង ដូចព្រះចន្ទ និងព្រះអាទិត្យ ញ៉ាំងផែនដីព្រមទាំងទេវលោកឱ្យភ្លឺច្បាស់ ឬដូចព្រហ្មរុងរឿងជាងពួកទេវតាព្រមទាំងព្រះឥន្ទ ក្នុង ឋានត្រៃត្រឹង្ស។ ម្នាលទេវតា អ្នកមានគុណល្អ ទ្រទ្រង់កម្រងផ្កាឧប្បល មានគ្រឿងប្រដាប់ត្រចៀក មានសម្បុរស្បែកដូចមាស មានខ្លួនប្រដាប់ហើយ ទ្រទ្រង់សំពត់ដ៏ឧត្តម។ អាត្មាសូមសួរនាង នាងជាអ្វី មកថ្វាយបង្គំអាត្មា? នាងកាលកើតជាមនុស្ស ក្នុងជាតិមុន បានធ្វើអំពើអ្វីដោយខ្លួនឯង? ក្នុងកាលមុន បានសន្សំទាន ឬបានសង្រួមក្នុងសីល? នាងជាស្ត្រីមានយស បានមកកើតក្នុងសុគតិភព ដោយហេតុអ្វី? ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ផលនៃកម្មនេះតើដូចម្ដេច?"
(ទេវតានោះតបថា) "បពិត្រលោកម្ចាស់ដ៏ចម្រើន ក្នុងកាលអម្បាញ់មិញ លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំនេះឯង ដើម្បីបិណ្ឌបាតក្នុងស្រុក។ ក្នុងកាលនោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេន អំពៅមួយកំណាត់ ដល់លោកម្ចាស់ដោយបីតិថ្លឹងមិនបាន។ ក្រោយមក ម្ដាយក្មេកខ្ញុំសួរដេញដោលថា៖ 'ម្នាលស្ត្រីជាកូនចិញ្ចឹម នាងយកអំពៅទៅណាបានបាត់?' ខ្ញុំមិនបានចោល មិនបានទំពាស៊ីទេ ខ្ញុំបានឱ្យដល់ភិក្ខុអ្នកមានចិត្តរម្ងាប់ដោយខ្លួនឯងទៅហើយ។ (បើដូច្នោះ) ផ្ទះនេះធំស្រេចនឹងនាង ឬស្រេចនឹងយើង? ម្ដាយក្មេកប្រទេចផ្ដាសាខ្ញុំដូច្នេះហើយ ក៏ចាប់យកតាំងមកប្រហារខ្ញុំ។ ខ្ញុំធ្វើមរណកាល ច្យុតចាកអត្តភាពនោះបានមកកើតជាទេវតា។ អំពើជាកុសលនោះឯងដែលខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផលជាសុខដោយខ្លួនឯង។ ខ្ញុំភប់ប្រសព្វផលមួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥។ អំពើជាកុសលនោះ ខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផល អំពើជាសុខដោយខ្លួនឯង។ ខ្ញុំមានព្រះឥន្ទជាធំជាងទេវតាគ្រប់គ្រង មានពួកទេវតា ក្នុងឋានតាវត្តិង្សរក្សា ឆ្អែតស្កប់ស្កល់ដោយកាមគុណ ៥។ ផលនៃបុណ្យបែបនេះមានប្រមាណច្រើន។ ឧច្ឆុទក្ខិណាទានរបស់ខ្ញុំមានផលច្រើន។ ខ្ញុំភប់ប្រសព្វផលមួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥។ ផលនៃបុណ្យបែបនេះមានប្រមាណច្រើន។ ឧច្ឆុទក្ខិណាទានរបស់ខ្ញុំមានសេចក្ដីរុងរឿងច្រើន។ ខ្ញុំមានព្រះឥន្ទធំជាងទេវតាគ្រប់គ្រង មានពួកទេវតាក្នុងឋានតាវត្តិង្សរក្សា ដូចជា សហស្សនេត្រក្នុងនន្ទនវ័ន។ បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំចូលមកថ្វាយបង្គំចំពោះលោកម្ចាស់ អ្នកប្រកបដោយសេចក្ដីករុណា ជាអ្នកប្រាជ្ញផង ទូលសួរនូវអាការមិនមានរោគផង។ ព្រោះខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅ ១ កំណាត់ដល់លោកម្ចាស់ដោយបីតិដ៏ថ្លឹងមិនបាន។"
ចប់ ឧច្ឆុវិមាន ទី ២។
