#សិក្សាបិដក៥២
[៤៦] ជដិលសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង គយាសីសៈប្រទេស ទៀបទន្លេគយា។
សម័យនោះឯង ពួក ជដិល (អ្នកបួសក្រងសក់) ច្រើនរូប នាំគ្នាងើបខ្លះ មុជខ្លះ ងើបមុជៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ ក្នុងវេលារាត្រីដ៏ត្រជាក់នៃ ហេមន្តរដូវ ដោយសេចក្តីគិតឃើញថា "សេចក្តីបរិសុទ្ធមានបានដោយអំពើ (ងូតទឹកលាងបាប) នេះ"។
ព្រះមានព្រះភាគ ក៏បានទតឃើញពួកជដិលជាច្រើនទាំងនោះ ដែលកំពុងធ្វើតបៈកម្មយ៉ាងតឹងរ៉ឹងក្នុងទឹកដ៏ត្រជាក់ និងការបំពក់ភ្លើងដើម្បីបូជា ដោយយល់ខុសថាជាផ្លូវទៅកាន់សេចក្តីបរិសុទ្ធ។
លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺនូវ ឧទាន នេះ ក្នុងវេលានោះថា៖
ន ឧទកេន សុចិ ហោតិ ពហេ្វត្ថ ន្ហាយតី ជនោ
យម្ហិ សច្ចញ្ច ធម្មោ ច សោ សុចី សោ ច ព្រាហ្មណោ។
បុគ្គលមិនមែនស្អាតព្រោះទឹកទេ អ្នកផងច្រើនគ្នារមែងងូតទឹកនុ៎ះដែរ សច្ចៈ ១ ធម្មៈ ១ (មាននៅ) ក្នុងបុគ្គលណា បុគ្គលនោះទើបឈ្មោះថាជាអ្នកស្អាតផង ឈ្មោះថាជាព្រាហ្មណ៍ផង។
ចប់ សូត្រទី ៩។
