#សិក្សាបិដក៥២
[៤៥] សង្គាមជិសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះសង្គាមជិ ដ៏មានអាយុ បានទៅនគរសាវត្ថី ដើម្បីជួបព្រះមានព្រះភាគ។
ឯ បុរាណទុតិយិកា (អតីតភរិយា) របស់ព្រះសង្គាមជិ បានឮដំណឹងថា លោកមកដល់នគរសាវត្ថីហើយ ក៏បាននាំទារកតូចទៅឯវត្តជេតពន។ សម័យនោះ ព្រះសង្គាមជិ កំពុងអង្គុយនៅក្នុងវេលាថ្ងៃ ក្បែរគល់ឈើមួយដើម។ លំដាប់នោះ អតីតភរិយានោះបានចូលទៅរក ហើយពោលទទូចអស់វារៈ ៣ ដងថា៖
"បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំ ទាំងកូនតូចផង។"
ទោះបីជាស្ត្រីនោះពោលយ៉ាងនេះក្តី ក៏ព្រះសង្គាមជិ នៅស្ងៀម មិនតបតសោះឡើយ។ លំដាប់នោះ នាងក៏យកទារកនោះទៅដាក់ពីមុខលោក រួចពោលថា៖
"បពិត្រសមណៈ នេះជាកូនប្រុសរបស់លោក លោកចិញ្ចឹមវាផងចុះ!"
ពោលរួចហើយ នាងក៏ដើរចេញទៅ។ ឯព្រះសង្គាមជិ មិនរមិលមើល មិនហៅរក កូនតូចនោះសោះឡើយ។ កាលស្ត្រីនោះដើរទៅមិនឆ្ងាយ ក៏ងាកមកមើល ឃើញលោកមិនខ្វល់ខ្វាយនឹងកូនសោះ ក៏ត្រិះរិះថា "សមណៈនេះ មិនត្រូវការដោយកូនប្រុសទេតើ" រួចក៏ត្រឡប់មកយកកូនចេញទៅវិញ។
ព្រះមានព្រះភាគ ទ្រង់ទតឃើញនូវអាការដ៏ប្លែកនេះ ដោយ ទិព្វចក្ខុ ដ៏បរិសុទ្ធ។
លុះព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវ ឧទាន នេះ ក្នុងវេលានោះថា៖
អាយន្តឹ នាភិនន្ទតិ បក្កាមន្តឹ ន សោចតិ
សង្គា សង្គាមជឹ មុត្តំ តមហំ ព្រូមិ ព្រាហ្មណំ។
ភិក្ខុណា មិនត្រេកត្រអាលនឹងស្ត្រីដែលមករក មិនស្តាយស្ត្រីដែលគេចចេញទៅ តថាគតហៅបុគ្គលនោះថាជាព្រាហ្មណ៍ ដូចជាភិក្ខុឈ្មោះសង្គាមជិ ដែលរួចស្រឡះហើយចាកគ្រឿងជាប់ គឺកិលេស។
ចប់ សូត្រទី ៨។
