#អាសាឡ្ហបូជា
(ថ្ងៃ ១៥កើត ខែ អាសាឍ)
១. ព្រះអង្គទ្រង់ចុះកាន់គត៌ព្រះមាតា (ចាប់បដិសន្ធិ)
២. ព្រះអង្គទ្រង់ចេញបួស
៣. ព្រះអង្គទ្រង់សម្ដែងធម្មចក្ក (បឋមទេសនា)
៤. ព្រះអង្គទ្រង់សម្ដែងយមកប្បាដិហារ្យ (ផ្ចាញ់ពួកនិគ្រន្ថ)
១. បដិសន្ធិ
ក្នុងពេលដែលព្រះពោធិសត្វទ្រង់គង់ជាសន្តុសិតទេវបុត្រ នៅពេលនោះពុទ្ធកោលាហល បានកើតឡើង ពួកទេវតាក្នុងចក្រវាឡទាំងមូល បានប្រជុំគ្នាក្នុងចក្រវាឡតែមួយ ហើយបានចូលទៅកាន់សំណាក់ សន្តុសិតទេវបុត្រ។ ដោយបានឃើញបុព្វនិមិត្តនៃការចុតិចាកទេវលោក និងការបំពេញបារមីរបស់ព្រះពោធិសត្វគ្រប់គ្រាន់ហើយ ទើបទេវតាទាំងឡាយ ក្រាបអរាធនាព្រះពោធិសត្វចុះចាប់បដិសន្ធិក្នុងមនុស្សលោក។
ព្រះពោធិសត្វទ្រង់ស្តាប់ពាក្យអរាធនារួច ទ្រង់ពិចារណាពិនិត្យមើលនូវមហាវិនោកនៈ ៥ ប្រការ មាន កាល ទ្វីប ប្រទេស ត្រកូល និងព្រះជននី ឃើញថាមានគ្រប់បរិបូណ៌ ទើបទ្រង់ទទួលពាក្យអរាធនារបស់ទេវតាទាំងឡាយ ហើយទ្រង់ចុតិចាកតុសិតទេវលោក មកបដិសន្ធិក្នុងផ្ទៃនៃព្រះនាង សិរិមហាមាយាទេវី ។
ក្នុងរាត្រីពេញបូណ៌មី ១៥ កើត ខែអាសាឍ ព្រះនាងសិរិមហាមាយាទេវីទ្រង់សុបិននិមិត្តថា ស្ដេចមហារាជទាំង ៤ បានលើកព្រះនាងព្រមដោយសេយ្យាសនៈ ទៅកាន់អនោតត្តស្រះ ហើយឱ្យស្រង់ស្រព ប្រដាប់តាក់តែង ព្រមទាំងឱ្យផ្ទំបែរព្រះសិរសានៅទិសខាងកើត ក្នុងវិមានមាស ដែលនៅខាងក្នុងភ្នំប្រាក់ ស្ថិតនៅមិនឆ្ងាយពីអនោតត្តស្រះនោះ។ នៅមិនឆ្ងាយពីភ្នំប្រាក់ មានភ្នំមាសដែលមានដំរីសពោធិសត្វទ្រង់ស្ថិតនៅ ហើយស្ដេចបានចុះពីភ្នំមាសទៅកាន់ភ្នំប្រាក់ បន្ទាប់មកបានចូលទៅខាងក្នុងវិមានមាស ធ្វើប្រទក្សិណព្រះមាតាហើយ ស្ដេចចូលទៅកាន់គភ៌ព្រះមាតា។ សុបិននិមិត្តនោះឯង ពួកព្រាហ្មណ៍ ៦៤ នាក់ បានក្រាបទូលព្រះរាជាថា ព្រះនាងទេវីទ្រង់មានព្រះគភ៌ហើយ ព្រមទាំងក្រាបទូលបន្ថែមថា ព្រះបុត្រារបស់ព្រះអង្គ បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ បើចេញបួស នឹងបានត្រាស់ដឹងជាព្រះពុទ្ធក្នុងលោក។ ព្រះពោធិសត្វទ្រង់បដិសន្ធិ នៅថ្ងៃព្រហស្បតិ៍ ខែអាសាឍ ឆ្នាំរកា។
២. ចេញបួស
បន្ទាប់ពីព្រះបរមពោធិសត្វ បានទតឃើញនូវទូតទេវ ៤ មានមនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងអ្នកបួសហើយ ក៏មានព្រះទ័យសង្វេគតក់ស្លុត បានប្រាថ្នាចង់ចេញបួស។
រាត្រីថ្ងៃមួយ កាលព្រះពោធិសត្វទ្រង់ផ្ទំក្នុងរាជមណ្ឌល ទ្រង់បានទតឃើញនូវអាការៈដែលមិនគួរឱ្យត្រេកអរនៃស្រ្តីទាំងឡាយមានប្រការផ្សេងៗ សេចក្តីនឿយណាយក្នុងកាមគុណក៏បានកើតឡើងដល់ព្រះពោធិសត្វ ទ្រង់ពោលថា “ឱហ្ន៎ (ទីនេះ) ច្របូកច្របល់ណាស់តើ ឱហ្ន៎ (ទីនេះ) ច្របូកច្របល់ណាស់តើ”។ ព្រះទ័យរបស់ព្រះអង្គ ក៏បង្អោនទៅក្នុងការចេញបួសក្នុងថ្ងៃនោះឯង។ លុះទ្រង់ត្រិះរិះយ៉ាងនេះហើយ ក៏ទ្រង់បានបង្គាប់ឆន្នអាមាត្យឱ្យរៀបចំសេះសិន្ធព ឈ្មោះ កណ្ឋក: ដើម្បីជាយានចេញសាងមហាភិនេសក្រមណ៍ (ចេញបួស)។
មុនពេលដែលទ្រង់ចេញចាកនគរ ព្រះពោធិសត្វទ្រង់បានយាងមកដើម្បីទតមើលនូវព្រះរាជបុត្ររាហុលកុមារ និងព្រះនាងពិម្ពារជាលើកចុងក្រោយដោយក្តីអាល័យ បន្ទាប់មកទ្រង់បានឡើងគង់លើខ្នងសេះកណ្ឋកៈ ដោយមានឆន្នតោងកន្ទុយជាប់តាមខាងក្រោយ យាងចេញពីនគរកបិលវត្ថុតាមខ្លោងទ្វាព្រះនគរទិសខាងកើត។
គ្រានោះ មារមានចិត្តបាប មានបំណងចង់ឱ្យទ្រង់ត្រឡប់ មកត្រេកអរក្នុងសម្បត្តិ កាមគុណ ដែលស្ថិតនៅក្នុងវិស័យរបស់ខ្លួន ទើបស្ថិតនៅពាក់កណ្តាលអាកាស ហើយបានពោលនឹងព្រះពោធិសត្វថា ៧ ថ្ងៃទៀតសម្បត្តិស្ដេចចក្រពត្តិនឹងកើតឡើងដល់ព្រះអង្គហើយ។ ព្រះអង្គមិនត្រេកអរនឹងចក្ររតនៈជាដើមឡើយ មារមានចិត្តបាបក៏បានបាត់អំពីទីនោះមួយរំពេចទៅ។
ព្រះពោធិសត្វ ស្ដេចយាងទៅ ៣០ យោជន៍ ឆ្លងកាត់នគរ ៣ ត្រឹមតែមួយរាត្រីប៉ុណ្ណោះ ហើយយាងទៅដល់មាត់ច្រាំងស្ទឹងអនោមា។ បន្ទាប់មកទ្រង់បានកាត់ជដាសក់ ហើយទ្រង់បានអធិដ្ឋានថាបើទ្រង់បានត្រាស់ជាព្រះពុទ្ធមែន សក់ចូរស្តិតនៅពាក់កណ្តាលអាកាស បើមិនបានត្រាស់ដឹងទេ ក៏ចូរធ្លាក់ចុះក្នុងផែនដីចុះ, បាច់នៃជដាសក់ក៏បានស្ថិតនៅពាក់កណ្តាលអាកាស បន្ទាប់មកស្ដេចសក្កទេវរាជ ក៏បាននាំទៅឋានតាវត្តិង្ស និងបានតម្កល់ទុកក្នុងព្រះចូឡាមណីចេតិយ ដែលសម្រេចដោយរតនៈ ៧ ប្រការ។ ព្រះពោធិសត្វទ្រង់យាងចេញសាងផ្នួស នៅថ្ងៃព្រហស្បតិ៍ ខែអាសាឍ ឆ្នាំថោះ។
៣. សម្ដែងធម្មចក្ក
បន្ទាប់ពីបានត្រាស់ដឹងហើយ ព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រិះរិះថា អ្នកណាដែលទ្រង់គួរតែសម្តែងធម៌មុន។ ទ្រង់ពិចារណាថា អាឡារតាបសកាឡាមគោត្ត និងឧទកតាបសរាមបុត្ត ជាបុគ្គលមានប្រាជ្ញាច្រើន តែតាបសទាំងពីរនាក់នោះបានស្លាប់ហើយ។ ទើបទ្រង់ត្រិះរិះទៀតថា បញ្ចវគ្គិយទាំង ៥ រូប គឺអញ្ញាកោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈ មហានាម និងអស្សជិ ជាអ្នកមានឧបការៈដល់ព្រះអង្គកាលពីទ្រង់បំពេញទុក្ករកិរិយាពេលមិនទាន់បានត្រាស់ដឹង។ ទ្រង់ក៏យាងឆ្ពោះទៅក្រុងពារាណសី សំដៅទៅរកបញ្ចវគ្គិយភិក្ខុក្នុង ឥសិបតនមិគទាយវន បន្ទាប់មកទ្រង់បានសម្តែងនូវ ព្រះធម្មចក្កប្បវត្តនសូត្រ ជាទេសនាដំបូងដែលព្រះសម្ពុទ្ធទ្រង់សម្តែងបន្ទាប់ពីត្រាស់ដឹង។ បញ្ចវគ្គិយភិក្ខុទាំង ៥ រូបនោះ ព្រះអញ្ញាកោណ្ឌញ្ញៈក៏បានសម្រេចជាព្រះសោតាបន្ន ព្រមទាំងព្រហ្ម ១៨ កោដិ បានសម្រេចធម៌ក្រោយបានស្តាប់សូត្រនោះ។
៤. សម្តែងយមកបាដិហារ្យ
ទៀបគល់ដើមគណ្ឌាម្ពព្រឹក (ដើមស្វាយ) ព្រះសម្ពុទ្ធ ទ្រង់បានសម្តែងនូវយមកបាដិហារិយ៍ដល់សាវ័កបរិស័ទទាំងឡាយ មានប្រមាណ ៣៦ យោជន៍ ដែលប្រជុំគ្នាហើយក្នុងក្រុងសារវត្ថីនោះ។ បដិហារ្យជាគូៗ ដែលមិនសាធារណៈទូទៅដល់សាវ័កទាំងឡាយ ព្រះពុទ្ធដ៏ឧត្តមទ្រង់បានសម្តែង នៅត្រង់កណ្តាលនៃមហាបរិស័ទមានសភាពយ៉ាងនេះគឺ គំនរភ្លើងចេញពីព្រះកាយខាងលើ គំនរទឹកចេញពីព្រះកាយខាងក្រោម, គំនរទឹកចេញពីព្រះកាយខាងលើ គំនរភ្លើងចេញពីព្រះកាយខាងក្រោមជាដើម បន្ទាប់មកទ្រង់ចង្រ្កម ហើយនិម្មិតព្រះពុទ្ធ ១ អង្គទៀតកំពុងឈរខ្លះ កំពុងគង់ខ្លះ ទ្រង់ផ្ទំខ្លះជាដើម។ បន្ទាប់ពីសម្តែងយមកបាដិហារ្យរួច ទ្រង់បានសម្តែងនូវព្រះធម៌អនុលោមទៅតាមឧបនិស្ស័យនៃបរិស័ទ កាលបាដិហារ្យ និងធម៌ គឺព្រះសាស្ត្រាទ្រង់សម្តែងយ៉ាងនេះហើយ ធម្មាភិសម័យក៏បានកើតឡើងដល់មហាជនច្រើន។
ចាក ថ្ងៃព្រះពុទ្ធ #BUDDHA'S DAY
ដោយ ភិក្ខុវិមលោ សាន ថាវីន
