"កាម" តណ្ហា
ន សន្តិ កាមា មនុជេសុ និច្ចា
(ន: សាន់_តិ កា_ម៉ា ម:_នុ_ជេ_សុ និច_ចា)
“កាមទាំងឡាយដែលទៀងទាត់ មិនមានឡើយក្នុងមនុស្សលោក”
តើអ្វីទៅជា "កាម" ក្នុងន័យព្រះពុទ្ធសាសនា?
ពាក្យថា "កាម" ក្នុងព្រះពុទ្ធសាសនា មិនមែនសំដៅតែទៅលើការសេពសុខផ្លូវភេទ (តណ្ហា) តែមួយមុខនោះទេ ប៉ុន្តែវាមានន័យទូលំទូលាយ ដោយសំដៅលើអ្វីៗដែលធ្វើឱ្យចិត្តត្រេកអរ ពេញចិត្ត ដែលយើងហៅថា កាមគុណទាំង ៥ រួមមាន៖ រូប សំឡេង ក្លិន រស និងការប៉ះពាល់ (ផោដ្ឋព្វៈ) ដែលគួរឱ្យប្រាថ្នា របស់ទាំង ៥ យ៉ាងនេះហើយ ជាទីតាំងនៃសេចក្តីត្រេកត្រអាល ជាចំណងចងចិត្តសត្វលោកឱ្យជាប់ជំពាក់ និងវិលវល់ក្នុងវដ្តសង្សារដែលពោរពេញដោយសេចក្តីទុក្ខ។
ធម្មជាតិនៃកាមគុណ គឺសេចក្តីមិនទៀង
ប្រសិនបើយើងពិចារណាឱ្យបានស៊ីជម្រៅ យើងនឹងឃើញថា កាមគុណទាំងឡាយគ្មានអ្វីស្ថិតស្ថេររឹងមាំឡើយ គ្រប់យ៉ាងតែងតែមានការប្រែប្រួល និងសាបរលាបទៅវិញជាធម្មតា៖
៙ រូបដែលស្អាត ថ្ងៃណាមួយក៏គង់តែចាស់ទ្រុឌទ្រោម
៙ សំឡេងដែលពីរោះ ថ្ងៃណាមួយក៏គង់តែស្ងាត់បាត់ទៅ
៙ ក្លិនដែលក្រអូប ថ្ងៃណាមួយក៏គង់តែសាបរលាប
៙ រសជាតិដែលឆ្ងាញ់ ថ្ងៃណាមួយក៏គង់តែសាបរលួយ
៙ ការប៉ះពាល់ដែលទន់ភ្លន់ ថ្ងៃណាមួយក៏គង់តែប្រែប្រួលទៅតាមពេលវេលា
ការវង្វេងនឹងកាម គឺជាការផ្ញើសុខលើរបស់ដែលគ្រប់គ្រងមិនបាន
ដោយហេតុនេះហើយ ការដែលយើងលង់វង្វេង ស្រវឹងស្រទប់ក្នុងកាមគុណ ដែលជារបស់មិនទៀងទាត់ គឺស្មើនឹងយើងកំពុងយកសេចក្តីសុខរបស់យើង ទៅផ្ញើលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានទាល់តែសោះ ពេលដែលរបស់ទាំងនោះប្រែប្រួល ឬបាត់បង់ទៅ សេចក្តីទុក្ខផ្លូវចិត្តនឹងកើតឡើងភ្លាមៗ ការពិតនេះបញ្ជាក់ឱ្យឃើញថា ការប្រកាន់ខ្ជាប់ក្នុងកាមគុណ ជាទង្វើខ្វះបញ្ញា។
អ្នកដែលជាប់ជំពាក់ក្នុងកាមគុណ រមែងត្រូវបៀបបៀនដោយច្បាប់ត្រៃលក្ខណ៍គឺ៖ អនិច្ចំ (មិនទៀង), ទុក្ខំ (ជាទុក្ខ), និង អនត្តា (មិនមែនជារបស់ខ្លួន គ្រប់គ្រងមិនបាន) ពេលមិនយល់ពីច្បាប់ធម្មជាតិនេះ មនុស្សយើងតែងតែកើតទុក្ខ សោកសៅ មិនចេះចប់មិនចេះហើយ។
ផ្ទុយទៅវិញ អ្នកមានបញ្ញា (បណ្ឌិត) មិនលង់ខ្លួនក្នុងកាមគុណទេ ព្រោះដឹងច្បាស់តាមការពិតថា កាមគុណទាំងនោះជារបស់ឥតខ្លឹមសារ មិនអាចធ្វើឱ្យចិត្តផុតពីទុក្ខបានពិតប្រាកដឡើយ។ ការស្វែងរកសេចក្តីសុខពីកាមគុណ គឺប្រៀបដូចជាការប្រឹងចាប់ខ្យល់អញ្ចឹង គឺមិនអាចចាប់កាន់បានឡើយ។
បណ្ឌិតអ្នកឃើញទោសនៃកាម តែងខិតខំហ្វឹកហាត់កែលម្អខ្លួន មិនបណ្តោយចិត្តឱ្យក្លាយជាទាសករនៃសេចក្តីចង់បានឡើយ គេហ្វឹកហាត់សតិ និងបញ្ញា ដើម្បីពិចារណាឱ្យឃើញនូវសេចក្តីមិនទៀង ជាទុក្ខ និងមិនមែនជារបស់ខ្លួន រហូតដល់ចិត្តអាចតាំងនៅកណ្តាល (ឧបេក្ខា) មិនរំភើបញាប់ញ័រតាមការប្រែប្រួលនៃលោក។
ពេលចិត្តអាចលះបង់ការត្រេកអរក្នុងកាមគុណបាន នោះគឺការលើកស្ទួយផ្លូវចិត្តឱ្យនៅពីលើអំណាចនៃសេចក្តីប្រាថ្នា និងសេចក្តីទុក្ខទាំងពួង។ ចិត្តបែបនេះ នឹងសន្សឹមៗលះបង់នូវសេចក្តីក្តៅក្រហាយ ហើយឈានទៅដល់សេចក្តីស្ងប់ត្រជាក់ពិតប្រាកដ ដែលជាគោលដៅកំពូលនៃការប្រតិបត្តិធម៌។
ការប្រតិបត្តិដើម្បីរំដោះខ្លួនពីអំណាចកាមគុណ អាចធ្វើទៅបានតាមរយៈការពិចារណា ដូចជា៖ ការពិចារណា អសុភៈ (ការមើលឃើញរាងកាយថាជារបស់មិនស្អាត) ជារឿយៗ ឬការពិចារណាពី អនិច្ចំ ទុក្ខំ អនត្តា នៅក្នុង រូប សំឡេង ក្លិន រស និងការប៉ះពាល់។ នេះជាមាគ៌ាដែលព្រះពុទ្ធបានសម្តែងទុក ដើម្បីឱ្យអ្នកប្រតិបត្តិរួចផុតពីការអូសទាញរបស់កាម ដែលធ្វើឱ្យវិលវល់កើតស្លាប់។
ការមិនជាប់ជំពាក់ក្នុងកាមគុណ គឺជាការជ្រើសរើសមិនផ្ញើចិត្តលើរបស់ដែលមិនរឹងមាំ ដើម្បីស្វែងរកសេចក្តីសុខដ៏ថ្លៃថ្លា គឺសុខដែលកើតពីការរលត់កិលេស សុខដែលផុតពីទុក្ខ និងជាសេចក្តីសុខដែលមិនបាច់ពឹងផ្អែកលើវត្ថុខាងក្រៅមកចិញ្ចឹមបីបាច់តទៅទៀត។
"កាមគុណ ៥"
សូមកុំគិតថា "កាម" មានន័យត្រឹមតែរឿងស្នេហា ឬរឿងលើគ្រែ កាមគុណទាំង ៥ គឺជារបស់ដែលធ្វើឱ្យយើង "ញៀន" ប្រចាំថ្ងៃ ឧទាហរណ៍៖
៙ រូប: ការចូលចិត្តមើលរឿងភាគ មើលរបស់ស្អាតៗ មើលមនុស្សស្អាតៗ លេងទូរស័ព្ទ...
៙ សំឡេង: ការចូលចិត្តស្តាប់ចម្រៀងពីរោះៗ ស្តាប់ពាក្យសរសើរ...
៙ ក្លិន: ការចូលចិត្តប្រើទឹកអប់ថ្លៃៗ ហិតក្លិនម្ហូបឈ្ងុយៗ...
៙ រស: ការញៀននឹងម្ហូបឆ្ងាញ់ៗ តែគុជ កាហ្វេប្រ៊េនៗ...
៙ សម្ផស្ស: ការចូលចិត្តដេកពូកទន់ៗ ម៉ាស៊ីនត្រជាក់ រស់នៅស្រួលៗ...
អ្នកខ្លះគិតថា បើវាជា "កាម" វាត្រូវតែជារឿងល្មើសសីលធម៌ ឬជារឿងអាក្រក់ខ្លាំង តាមពិត ការជាប់ជំពាក់ក្នុងកាមគុណ ៥ សម្រាប់គ្រហស្ថ (អ្នកគ្រប់គ្រងផ្ទះ) មិនមែនសុទ្ធតែជាអំពើបាប (អកុសលកម្ម) ដែលត្រូវធ្លាក់នរកនោះទេ វាមិនខុសច្បាប់ ឬខុសសីលនោះឡើយ។ ប៉ុន្តែតាមផ្លូវធម៌ វាគ្រាន់តែជា "ចំណង" ដែលធ្វើឱ្យចិត្តយើងមិនស្ងប់ និងងាយរងនូវសេចក្តីទុក្ខនៅពេលដែលមិនបានសម្រេចតាមបំណង។
"កាម" និង "គុណ"
៙ កាម : មានន័យថា "សេចក្តីប្រាថ្នា, ភាពត្រេកអរ, សេចក្តីត្រូវការ, ការចង់បាន"
៙ គុណ : ក្នុងបរិបទនេះ មិនមែនមានន័យថាជាសេចក្តីល្អ ឬការដឹងគុណទេ (ដូចពាក្យគុណម៉ែពុកឡើយ) "គុណ" ទីនេះប្រែថា "ខ្សែ ឬចំណង" (ដូចជាពាក្យថា ជាប់គុណនាថ)
កាមគុណ ៥ គឺ ខ្សែចំណងទាំង ៥ ដែលចងចិត្តមនុស្សឱ្យជាប់ជំពាក់ ត្រេកត្រអាល វង្វេង តាមរយៈ ទ្វារទាំង ៥ របស់រាងកាយ (ភ្នែក ត្រចៀក ច្រមុះ អណ្តាត និងកាយ)។
- រូប (ភ្នែក) "តើធ្លាប់ដាច់អ៊ីនធឺណិត មើលរឿងភាគមិនកើត ឬលេង TikTok មិនកើត ហើយមានអារម្មណ៍ធុញថប់ ម៉ួម៉ៅទេ?" (នេះហើយជាចំណងនៃកាមគុណ តាមរយៈរូប)។
- សំឡេង (ត្រចៀក) "តើធ្លាប់មានអារម្មណ៍ថា អត់បានស្តាប់ចម្រៀង អត់បានស្តាប់គេសរសើរ ហើយមានអារម្មណ៍មិនល្អទេ?"
- ក្លិន (ច្រមុះ) "តើពេលធុំក្លិនស្អុយបន្តិច ម៉ួម៉ៅទេ? ពេលអត់បានប្រើទឹកអប់ដែលធ្លាប់ប្រើ មានអារម្មណ៍ខ្វះទំនុកចិត្តទេ?"
- រស (អណ្តាត) "នេះជាចំណុចងាយយល់បំផុត! ពេលឃ្លានម្ហូបអាហារឆ្ងាញ់ៗ តែគុជ ឬកាហ្វេប្រ៊េន ហើយទិញអត់បាន ឬញ៉ាំទៅអត់ឆ្ងាញ់ដូចមុន តើខឹងទេ? អន់ចិត្តទេ? នោះហើយដែលអណ្តាតកំពុងជាប់ចំណងនឹងរសជាតិ"
- សម្ផស្ស (កាយ) "បើឱ្យទៅដេកផ្ទះដែលក្តៅស្អុះស្អាប់ គ្មានម៉ាស៊ីនត្រជាក់ គ្មានពូកទន់ តើដេកលក់ទេ ឬរអ៊ូរទាំទាល់ភ្លឺ?"
ការយល់ពី "កាមគុណ ៥" មិនមែនតម្រូវឱ្យយើងបោះបង់ចោលការរស់នៅតាមបែបសម័យថ្មី ឈប់ញ៉ាំកាហ្វេ ឬឈប់ដេកម៉ាស៊ីនត្រជាក់នោះទេ។ ព្រះពុទ្ធសាសនាគ្រាន់តែចង់បង្រៀនឱ្យយើង "ស្គាល់ពីការពិត" ថាភាពត្រេកត្រអាលទាំងនេះវាជារបស់បណ្តោះអាសន្ន និងជាកន្លែងដែលបញ្ចុះមេរោគនៃការញៀន (ឧបាទាន)។
នៅពេលយើងយល់ពីវា យើងនឹងចេះប្រើប្រាស់របស់ទាំងនោះដោយ មានសតិ។ មានន័យថា.. ញ៉ាំកាហ្វេឆ្ងាញ់ក៏បាន អត់ក៏បាន មិនយកវាជាធំរហូតដល់ថ្នាក់រំខានសេចក្តីស្ងប់ក្នុងចិត្ត។ ការដែលមិនធ្លាក់ជាទាសករនៃការញៀនទាំង ៥ នេះហើយ គឺការយល់ដឹងពី "កាមគុណ ៥" ពិតប្រាកដ។
ហេតុអ្វីការជាប់ជំពាក់ (កាម) នាំឱ្យយើងកើតទុក្ខ?
សុវត្ថន៍ឧទាហរណ៍សាមញ្ញៗ... អ្នកសន្សំលុយទិញទូរស័ព្ទ iPhone ស៊េរីចុងក្រោយមួយគ្រឿង ពេលទិញបានភ្លាម អ្នកសប្បាយចិត្តណាស់ (នេះគឺសុខដែលកើតពីកាម) ប៉ុន្តែ៖
៙ ១ ឆ្នាំ ក្រោយមក ស៊េរីថ្មីចេញមកទៀត ទូរស័ព្ទអ្នកធ្លាក់ស៊េរី រាងកោសឆ្កូត ថ្មកាន់មិនសូវបានយូរ (នេះគឺ អនិច្ចំ មិនទៀង)។
៙ ពេលទូរស័ព្ទធ្លាក់បែកអេក្រង់ ឬចង់បានស៊េរីថ្មីតែគ្មានលុយទិញ អ្នកចាប់ផ្តើមតានតឹង ពិបាកចិត្ត (នេះគឺ ទុក្ខំ ការកើតទុក្ខ)។
៙ អ្នកមិនអាចហាមទូរស័ព្ទនោះមិនឱ្យចាស់ មិនឱ្យខូចបានទេ (នេះគឺ អនត្តា គ្រប់គ្រងមិនបាន)។
តើព្រះពុទ្ធហាមមិនឱ្យយើងហូបឆ្ងាញ់ ឬស្លៀកពាក់ស្អាតមែនទេ?
មិនមែនទេ! ព្រះពុទ្ធមិនបានហាមយើងមិនឱ្យបរិភោគ ឬប្រើប្រាស់របស់របរទាំងនោះទេ អ្វីដែលព្រះអង្គបង្រៀនគឺ "ការមិនជាប់ជំពាក់" (មិនប្រកាន់ ឬមិនញៀននឹងវា)។
៙ អ្នកអាចញ៉ាំម្ហូបឆ្ងាញ់បាន ប៉ុន្តែបើថ្ងៃណាមួយអត់មានម្ហូបឆ្ងាញ់ញ៉ាំ អ្នកក៏មិនខឹងរករឿងគ្រួសារ។
៙ អ្នកអាចស្រឡាញ់រូបសម្រស់បាន ប៉ុន្តែបើថ្ងៃណាមួយចាស់ទៅ មានស្នាមជ្រួញ អ្នកក៏អាចទទួលយកការពិតដោយស្នាមញញឹម មិនមែនកើតទុក្ខរហូតចង់សម្លាប់ខ្លួននោះទេ។
ប្រសិនបើយើងយកពាក្យថា "កាម" (សេចក្តីត្រេកអរ ជាប់ជំពាក់) មកឆ្លុះបញ្ចាំងជាមួយសង្គមខ្មែរបច្ចុប្បន្ន ពិសេសក្នុងរង្វង់យុវវ័យ ឬ "ក្មេងៗស្ទាវ" យើងនឹងឃើញថាសង្គមសព្វថ្ងៃកំពុងរុញច្រានក្មេងៗឱ្យធ្លាក់ចូលទៅក្នុងអន្លង់នៃ "កាមគុណ" យ៉ាងជ្រៅបំផុត តាមរយៈបច្ចេកវិទ្យា និងសម្ភារនិយម។
នេះ គឺ កាមគុណទាំង ៥ ក្នុងជីវិតប្រចាំថ្ងៃរបស់យុវវ័យ និងមូលហេតុដែលវានាំឱ្យពួកគេជួបវិបត្តិផ្លូវចិត្ត៖
១. រូប (ការជាប់ជំពាក់នឹងការមើលឃើញ និងការសម្ញែង)
សព្វថ្ងៃ ក្មេងៗវង្វេងនឹងការកសាង "រូបភាពសប្បនិម្មិត" (Fake Reality) នៅលើ Facebook, Instagram, និង TikTok.... ពួកគេញៀននឹងការប្រើ Filter ឱ្យស្អាត ញៀននឹងការថតរូបអួតសម្ញែងសម្ភារៈនិយម (ទូរស័ព្ទ iPhone 15/16 Pro Max, ម៉ូតូស៊េរីថ្មី, ខោអាវប្រ៊េនៗ)។
សេចក្តីទុក្ខដែលកើតឡើង... ដោយសារ "រូប" ទាំងនេះមិនទៀង (អនិច្ចំ) ពេលផុសរូបទៅគ្មានអ្នក Like, ពេលឃើញមិត្តភក្តិមានរបស់ទំនើបជាងខ្លួន ឬពេលទូរស័ព្ទខ្លួនធ្លាក់ស៊េរី ពួកគេចាប់ផ្តើមអន់ចិត្ត តូចចិត្តនឹងវាសនា ខ្លះហ៊ានកុហក លួចលុយ ឬធ្វើបាបចិត្តឪពុកម្តាយឱ្យទិញរបស់ទាំងនោះឱ្យខ្លួន ដើម្បីកុំឱ្យចាញ់មុខគេ នេះហើយគឺ ទុក្ខ ដែលកើតពីការជាប់ជំពាក់នឹងរូប។
២. សំឡេង (ការពឹងផ្អែកលើការទទួលស្គាល់ពីអ្នកដទៃ)
ក្មេងៗបច្ចុប្បន្ន ងាយរងឥទ្ធិពលពីពាក្យសម្តីអ្នកដទៃណាស់ ពួកគេចង់បានការសរសើរ ចង់ល្បី ចង់ឱ្យគេហៅថា "Idol"។
សេចក្តីទុក្ខដែលកើតឡើង... ពាក្យសម្តីមនុស្សប្រៀបដូចខ្យល់ (មិនទៀងទេ) ថ្ងៃនេះគេសរសើរ ថ្ងៃស្អែកគេជេរ។ យុវវ័យជាច្រើនបាក់ទឹកចិត្ត អាដៃ លោតទឹក ឬគិតខ្លី គ្រាន់តែដោយសារពាក្យរិះគន់ ឬការជេរប្រមាថពីមនុស្សដែលខ្លួនមិនទាំងស្គាល់មុខនៅលើអ៊ីនធឺណិត។ បើយើងមិនផ្ញើក្តីសុខលើពាក្យសម្ដីអ្នកដទៃ យើងនឹងមិនងាយបាក់ទឹកចិត្តឡើយ។
៣. រស និង ក្លិន
ការផឹកតែគុជ ហាងកាហ្វេប្រ៊េនៗ ឬការចូលក្លឹបផឹកស្រា ជារឿយៗមិនមែនដោយសារតែស្រេក ឬឆ្ងាញ់នោះទេ តែវាជា "Trend" (វប្បធម៌ហ្វូង) ដើម្បីថតរូប Check-in បង្ហាញពីភាពទាន់សម័យ ឬភាពឡូយឆាយ។
សេចក្តីទុក្ខដែលកើតឡើង... ការរត់តាមចំណង់ (រស និង ក្លិន) បែបនេះ ធ្វើឱ្យខាតបង់ពេលវេលាសិក្សា ខាតបង់ថវិកាឪពុកម្តាយ និងបំផ្លាញសុខភាពរាងកាយ ពេលគ្មានលុយទៅកន្លែងទាំងនោះ ពួកគេមានអារម្មណ៍ថាឯកោ ហាក់ដូចជាសង្គមរុញច្រានចោល។
៤. សម្ផស្ស (ស្នេហាវ័យក្មេង និងចំណង់ផ្លូវភេទមុនវ័យ)
ឥទ្ធិពលនៃរឿងភាគ ភាពយន្ត និងបណ្តាញសង្គម ធ្វើឱ្យក្មេងៗឆាប់ចង់ដឹងចង់សាករឿងស្នេហា។ ការជាប់ជំពាក់នឹង "សម្ផស្ស" (ការប៉ះពាល់ផ្លូវកាយ) ធ្វើឱ្យពួកគេប្រញាប់ប្រញាល់មានសង្សារ លះបង់គ្រប់យ៉ាងដើម្បីស្នេហា ដោយគិតថាស្នេហាជារឿងអមតៈ (គិតថាវាទៀង)។
សេចក្តីទុក្ខដែលកើតឡើង.... ដូចព្រះពុទ្ធបានត្រាស់ថា "កាមទាំងឡាយមិនទៀង" ស្នេហាក្នុងវ័យស្ទាវភាគច្រើនឆាប់ឆេះ ឆាប់រលត់។ ពេលបែកបាក់គ្នា មនុស្សវ័យនេះងាយនឹងបាត់បង់ម្ចាស់ការ យំសោកបោកខ្លួន បោះបង់ការសិក្សា ស្អប់ខ្លួនឯង ព្រោះពួកគេបានយកបេះដូងទាំងមូល ទៅផ្ញើលើមនុស្សម្នាក់ទៀត ដែលជាធម្មជាតិ "អាចប្រែប្រួល" គ្រប់វិនាទី។
ដំបូន្មានសម្រាប់យុវវ័យ
ព្រះពុទ្ធសាសនា មិនមែនជាសាសនាហួសសម័យដែលបង្រៀនឱ្យយុវវ័យរត់ចូលព្រៃនោះទេ ប៉ុន្តែជា "វិទ្យាសាស្ត្រផ្លូវចិត្ត" ដែលបង្រៀនឱ្យក្មេងៗចេះរស់នៅក្នុងសង្គមដ៏ស្មុគស្មាញនេះដោយភាពឆ្លាតវៃ៖
១. Trend គឺស្មើនឹង អនិច្ចំ (ភាពមិនទៀង) អ្វីដែលល្បីថ្ងៃនេះ ខែក្រោយគេនឹងភ្លេចហើយ ដូច្នេះ កុំបាច់ប្រឹងប្រជែងគ្នាទិញសម្ភារៈនិយម ដើម្បីត្រឹមតែពាក្យសរសើរមួយឆាវនោះទេ វាហត់ណាស់។
២. កសាងតម្លៃពីខាងក្នុង (បញ្ញា និងសមត្ថភាព) ការស្លៀកពាក់ខោអាវរាប់រយដុល្លារ មិនអាចបិទបាំងភាពល្ងង់ខ្លៅបានឡើយ បណ្ឌិតពិតប្រាកដ គឺអ្នកដែលសប្បាយចិត្តនឹងអ្វីដែលខ្លួនមាន រស់នៅសាមញ្ញ តែមានចំណេះដឹងជ្រៅជ្រះ។
៣. ក្តីសុខពិត មិនបាច់ចំណាយលុយទិញទេ កុំយកសេចក្តីសុខទៅផ្ញើលើចំនួន Like, លើទូរស័ព្ទដៃថ្មី ឬលើស្នេហាដែលមិនច្បាស់លាស់។
សេចក្តីសុខពិត គឺការមានសន្តិភាពផ្លូវចិត្ត ធ្វើជាកូនល្អ សិស្សល្អ និងមានក្តីសង្ឃឹមចំពោះអនាគតខ្លួនឯងដោយការខិតខំប្រឹងប្រែង មិនមែនដោយការរត់តាមសម្ភារៈនោះឡើយ។
"អ្នកដែលរត់តាមកាម (សម្ភារៈ និងចំណង់) ប្រៀបដូចជាការផឹកទឹកប្រៃ កាន់តែផឹក កាន់តែស្រេក មានតែការចេះតាំងចិត្តស្កប់ស្កល់ និងការយល់ពីភាពមិនទៀងទេ ទើបធ្វើឱ្យយុវវ័យអាចរស់នៅដោយមានសេចក្តីសុខពិតប្រាកដក្នុងយុគសម័យនេះបាន"
កុំយកក្តីសុខផ្លូវចិត្ត ទៅចងភ្ជាប់ជាមួយវត្ថុក្រៅខ្លួន (លុយកាក់ ទ្រព្យសម្បត្តិ រូបសម្រស់ ពាក្យសរសើរ) ព្រោះរបស់អស់ទាំងនេះវាមិនទៀងទាត់ អាចបាត់បង់គ្រប់ពេលវេលា បើយើងយល់ពីការពិតនេះ ពេលមានយើងប្រើប្រាស់វាដោយក្តីសុខ ពេលបាត់បង់វាយើងក៏មិនកើតទុក្ខ នេះហើយហៅថា "អ្នកមានបញ្ញា រកឃើញសេចក្តីសុខពិត ដែលមិនពឹងផ្អែកលើវត្ថុខាងក្រៅ"។
_____សុវត្ថន៍-Sovathn
ឯកសារយោង :
- ព្រះត្រៃបិដក ភាគទី ១៣ ៖ សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ.
- ព្រះត្រៃបិដក ភាគទី ១៦ ៖ សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ.
- ព្រះត្រៃបិដក ភាគទី ២០ ៖ សុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក៍.
- ព្រះត្រៃបិដក ភាគទី ៥២ ៖ សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទគាថា.
- ព្រះត្រៃបិដក ភាគទី ៥៤ ៖ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត.
- ព្រះពុទ្ធឃោសាចារ្យ. (១៩៩៣). វិសុទ្ធិមគ្គប្រែ ភាគ១ ភាគ២ និងភាគ ៣ (ភទ្ទនត្ថេរ ឆាក ឆឹង, អ្នកប្រែ). ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ. (បោះពុម្ពជាច្បាប់ដើមនាសតវត្សទី៥).
- ព្រះអនុរុទ្ធាចារ្យ. (២០០៥). អភិធម្មត្ថសង្គហៈ (ធម្មបាលត្ថេរ ខៀវ ជុំ, អ្នកប្រែ). ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ. (បោះពុម្ពជាច្បាប់ដើមនាសតវត្សទី១១).
#សុវត្ថន៍_Sovathn #តណ្ហា #កាមគុណ #កាម #សេចក្តីប្រាថ្នា #សេពកាម #រោគចិត្ត #សតិបដ្ឋាន #កម្មដ្ឋាន #អសុភកម្មដ្ឋាន #អនុស្សតិ #ព្រហ្មវិហារ #បលិពោធ #អាហារេបដិកូលសញ្ញា #រៀនអភិធម្ម #រៀនកម្មដ្ឋាន #ហ្វឹកហាត់កម្មដ្ឋាន #បដិបត្តិកម្មដ្ឋាន #ចម្រើនកម្មដ្ឋាន #ស្ដាប់ធម៌ #អប់រំចិត្ត #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធសាសនា #ព្រះធម៌អប់រំចិត្ត
