ថ្ងៃនេះ ខ្ញុំមានចំណាប់អារម្មណ៍ចំពោះការវិភាគរបស់ លោក រីឆាត យ៉ារ៉ូ (Richard Yarrow) លើបញ្ហាជម្លោះព្រំដែន កម្ពុជា - ថៃ ចុងឆ្នាំ ២០២៥ ដោយផ្តោតលើមូលហេតុថា ហេតុអ្វីបានជា ការដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃមកលើកម្ពុជារងការបរាជ័យ?
.
លោក រីឆាត យ៉ារ៉ូ (Richard Yarrow) គឺជាអ្នកស្រាវជ្រាវលើគោលនយោបាយសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ លោកមានមូលដ្ឋាននៅសាកលវិទ្យាល័យតូក្យូ (University of Tokyo) សាកលវិទ្យាល័យហាវឺដ (Harvard) និងព្រីនស្តុន (Princeton)។ ពីមុនលោកធ្លាប់ជាអ្នកប្រកបការស្រាវជ្រាវទស្សនកិច្ច (Visiting scholar) នៅវិទ្យាស្ថានសន្តិសុខ និងអន្តរជាតិនៃសាកលវិទ្យាល័យចុឡាឡុងកន (ISIS) នៅទីក្រុងបាងកក និងវិទ្យាស្ថានសិក្សាធនាគារ (IBS) នៅភ្នំពេញ។
-------------
អត្ថបទរបស់លោកមានការសរសេរវែងអន្លាយនិងគ្រប់ជ្រុងជ្រោយ ប៉ុន្តែក្នុងថ្ងៃនេះ ខ្ញុំនឹងសរុបយកតែចំណុចសំខាន់ៗមកចែករំលែកដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលមានខ្លឹមសារដូចតទៅនេះ ៖
ជម្លោះសេដ្ឋកិច្ចកម្ពុជា-ថៃ ឆ្នាំ២០២៥ និងដែនកំណត់នៃភូមិសាស្ត្រសេដ្ឋកិច្ច
.
នៅក្នុងជម្លោះព្រំដែនឆ្នាំ២០២៥ ប្រទេសថៃបានព្យាយាមប្រើប្រាស់ «ភូមិសាស្ត្រសេដ្ឋកិច្ច» (ការប្រើប្រាស់ពាណិជ្ជកម្ម និងទណ្ឌកម្មសេដ្ឋកិច្ចដើម្បីការបានប្រៀបខាងយោធា) មកលើកម្ពុជា តាមរយៈការបិទច្រកព្រំដែន កាត់ផ្តាច់អគ្គិសនី-អ៊ីនធឺណិត និងបញ្ឈប់ពលករចំណាកស្រុក។ ប៉ុន្តែ ការប៉ុនប៉ងនេះបាន បរាជ័យ ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរ និងមានភាពធន់ជាងមុន។
.
១. មូលហេតុដែលសម្ពាធសេដ្ឋកិច្ចរបស់ថៃមិនមានប្រសិទ្ធភាព
កម្ពុជាលែងពឹងផ្អែកលើថៃដាច់តែឯង៖ ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្វែរទិសដៅសេដ្ឋកិច្ចទៅភាគខាងកើត ដោយបង្កើនពាណិជ្ជកម្មយ៉ាងគំហុកជាមួយ ចិន និងវៀតណាម។ ត្រឹមឆ្នាំ២០២៤ ការនាំចេញទៅថៃមានត្រឹមតែ ៣% ប៉ុណ្ណោះនៃចំនួនសរុប។
.
ភាពស្វាហាប់លើការស្វែងរកប្រភពថាមពលជំនួស៖ នៅពេលថៃកាត់ផ្តាច់ការផ្គត់ផ្គង់ កម្ពុជាបានចរចាទិញប្រេងឥន្ធនៈពី សិង្ហបុរី និងម៉ាឡេស៊ី មកជំនួសយ៉ាងរហ័សតាមផ្លូវសមុទ្រ។ ម៉្យាងទៀត កម្ពុជាបានបង្កើនការផលិតអគ្គិសនីក្នុងស្រុកទ្វេដង និងមានខ្សែតភ្ជាប់ជាមួយវៀតណាមរួចជាស្រេច។
.
ផលប៉ះពាល់ត្រូវបានកម្រិតតាមភូមិសាស្ត្រ៖ សម្ពាធរបស់ថៃបង្កការខូចខាតខ្លាំងតែលើខេត្តភាគខាងលិច (បាត់ដំបង, បន្ទាយមានជ័យ) ដែលជាតំបន់កសិកម្ម និងកាស៊ីណូ។ ប៉ុន្តែ វាមិនបានប៉ះពាល់ដល់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិចម្បង គឺភ្នំពេញ កណ្តាល និងព្រះសីហនុ នោះឡើយ (GDP កម្ពុជានៅតែរក្សាបានប្រហែល ៥%)។
.
ទីផ្សារពលកម្មមានភាពបត់បែន៖ ទោះបីជាពលកររាប់សែននាក់ត្រូវបានបញ្ជូនត្រឡប់មកវិញ ប៉ុន្តែប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់កម្ពុជាមានភាពរហ័សរហួន ហើយកម្មករមួយចំនួនធំបានប្តូរទៅធ្វើការក្នុងវិស័យផលិតកម្មនៅភ្នំពេញ និងភាគអាគ្នេយ៍ជំនួសវិញ។
.
ថៃវាយតម្លៃស្ថានការណ៍ខុស និងខ្វះការសម្របសម្រួល៖ ថៃបានពឹងផ្អែកលើទិន្នន័យចាស់ និងវាយតម្លៃខ្ពស់ពេកលើ "ការពឹងផ្អែកជាប្រវត្តិសាស្ត្រ" របស់កម្ពុជា។ លើសពីនេះ រដ្ឋាភិបាលថៃរងសម្ពាធផ្ទៃក្នុងពីអាជីវករខ្លួនឯង និងសម្ពាធការទូតពីជប៉ុន ដោយសារការបិទព្រំដែនធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តជប៉ុន (ប៉ះពាល់ដល់គម្រោង Thailand +1 របស់ជប៉ុន) ។
២. មេរៀនភូមិសាស្ត្រសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍
ជម្លោះកម្ពុជា-ថៃ បានបង្ហាញឱ្យឃើញពី ដែនកំណត់ នៃយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចរវាងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖
អាស៊ានខ្វះយន្តការរួម៖ អាស៊ានមិនមានប្រព័ន្ធព័ត៌មានសម្ងាត់រួម បញ្ជាការដ្ឋានស៊ីប៊ែរ ឬយន្តការដាក់ទណ្ឌកម្មរួមឡើយ។ ថៃមិនអាចកៀរគរប្រទេសអាស៊ានផ្សេងទៀតឱ្យមកគៀបសង្កត់កម្ពុជាបានទេ ធ្វើឱ្យកម្ពុជានៅតែមានផ្លូវដកដង្ហើមសេដ្ឋកិច្ចយ៉ាងទូលាយ។
លក្ខណៈរចនាសម្ព័ន្ធមិនអំណោយផល៖ ប្រទេសក្នុងតំបន់ភាគច្រើនមានទំហំតូច និងខ្វះឧស្សាហកម្មផ្តាច់មុខ ដែលអាចយកទៅគំរាមគេដោយមិនឱ្យឈឺចាប់ដល់ខ្លួនឯង។ ម៉្យាងទៀត ប្រព័ន្ធភស្តុភារ (Logistics) និងផ្លូវសមុទ្រដែលបានកែលម្អចាប់តាំងពីឆ្នាំ២០០០ ធ្វើឱ្យប្រទេសរងសម្ពាធអាចប្តូរទៅរកដៃគូផ្សេងបានយ៉ាងងាយ។
៣. អនុសាសន៍គោលនយោបាយសម្រាប់ពេលអនាគត
អត្ថបទបានសន្និដ្ឋានថា យុទ្ធសាស្ត្រដាក់សម្ពាធអវិជ្ជមាន (ទណ្ឌកម្ម/បិទខ្ទប់) លែងមានប្រសិទ្ធភាពទៀតហើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលនានា (រួមទាំងថៃ) គួរតែងាកមកប្រើប្រាស់ «ឥទ្ធិពលភូមិសាស្ត្រសេដ្ឋកិច្ចវិជ្ជមាន» វិញ ដើម្បីចងជើងប្រទេសជិតខាងក្នុងរយៈពេលវែង តាមរយៈ៖
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។
ការផ្សារភ្ជាប់វិស័យសេវាកម្មដែលមានតម្លៃខ្ពស់។
ការធ្វើសមាហរណកម្មប្រព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ប្រាក់ឆ្លងកាត់ព្រំដែន។
បងប្អូនអាចស្វែងរកអានអត្ថបទពេញបាននៅទីនេះ
https://www.newmandala.org/cambodia-thailand-economic-conflict-and-the-limits-of-geoeconomics-in-southeast-asia/
#បណ្តុះគំនិត #ជម្លោះព្រំដែនកម្ពុជាថៃ #សេដ្ឋកិច្ច







