ថៃ និងកម្ពុជា តែងតាំងអ្នកសម្របសម្រួល (Conciliators) ពេញលេញ ដើម្បីដោះស្រាយវិវាទតំបន់សមុទ្រទាមទារជាន់គ្នាតាមយន្តការ UNCLOS
.
មកដល់ថ្ងៃនេះ ទាំងភាគីថៃ និងភាគីកម្ពុជា បានតែងតាំងអ្នកសម្របសម្រួល (conciliator) របស់ភាគីនីមួយៗគ្រប់ចំនួនហើយ បន្ទាប់ពីកម្ពុជាបានចាប់ផ្តើមដំណើរការសម្របសម្រួលដោយបង្ខំ (Compulsory Conciliation) អនុលោមតាមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (United Nations Convention on the Law of the Sea - UNCLOS) ដើម្បីស្វែងរកយុទ្ធសាស្ត្រសម្របសម្រួលវិវាទជាមួយថៃ ក្នុងករណីទាមទារសិទ្ធិលើតំបន់ផ្ទៃទឹកសមុទ្រប្រមាណ ២៦,០០០ គីឡូម៉ែត្រការ៉េ នៅក្នុងឈូងសមុទ្រថៃ ដែលត្រូវបានគេស្គាល់ថាជា «តំបន់ទាមទារជាន់គ្នា» (Overlapping Claims Area) និងត្រូវបានគេប៉ាន់ប្រមាណថាមានផ្ទុកឧស្ម័នធម្មជាតិជិត ១២ ទ្រីលីនហ្វីតគូប និងប្រេងកាតក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ។
.
បន្ទាប់ពីនេះ អ្នកសម្របសម្រួលរបស់ភាគីទាំងពីរ ត្រូវរួមគ្នាជ្រើសរើសប្រធានគណៈកម្មការសម្របសម្រួលម្នាក់ទៀត សរុបទាំងអស់ជា ៥ នាក់ ដោយតួនាទីរបស់គណៈកម្មការសំណុំនេះ គឺទទួលស្តាប់ការតវ៉ារបស់ភាគីទាំងសងខាង រួមទាំងពិចារណាលើភស្តុតាងផ្សេងៗ ដើម្បីស្នើឡើងនូវយុទ្ធសាស្ត្របញ្ចប់ ឬគ្រប់គ្រងវិវាទដែលមានចំពោះគ្នា។
.
ការចូលរួមក្នុងដំណើរការសម្របសម្រួលដោយបង្ខំដែលកំពុងកើតឡើងនេះ អាចចាត់ទុកថាជាលើកទី ២ ហើយ ដែលមានការប្រើប្រាស់យន្តការច្បាប់សមុទ្រ UNCLOS បែបនេះ ដោយកាលពីមុន ធ្លាប់បានកើតឡើងជាលើកដំបូង ដើម្បីស្វែងរកផ្លូវចេញសម្រាប់ករណីវិវាទខាងសមុទ្ររវាងទីម័រខាងកើត (Timor-Leste) និងអូស្ត្រាលី ក្នុងអំឡុងឆ្នាំ ២០១៦-២០១៨។
.
ខាងក្រោមនេះ ជាប្រវត្តិនៃអ្នកសម្របសម្រួលទាំងពីរភាគីដោយសង្ខេប ដើម្បីឱ្យអ្នកអានបានស្គាល់អ្នកសម្របសម្រួលរបស់ភាគីនីមួយៗកាន់តែច្បាស់៖
.
អ្នកសម្របសម្រួលភាគីកម្ពុជា៖ លោក ភីធឺ ថាក់សឺ-យែនសេន (Peter Taksøe-Jensen)
.
ព័ត៌មានផ្ទាល់ខ្លួន៖ លោក ភីធឺ ថាក់សឺ-យែនសេន អាយុ ៦៦ ឆ្នាំ ជាអ្នកការទូតជាន់ខ្ពស់ដាណឺម៉ាក ដែលមានបទពិសោធន៍ទាំងក្នុងវេទិកាសហប្រជាជាតិ និងការបរទេសកម្រិតមហាអំណាច។
.
ប្រវត្តិការងារការទូត៖ លោកធ្លាប់កាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសសំខាន់ៗជាច្រើន ដូចជា ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំសហរដ្ឋអាមេរិក ប្រចាំប្រទេសឥណ្ឌា ប្រចាំប្រទេសជប៉ុន ហើយបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំប្រទេសអ៊ីតាលី ម៉ាល់តា និងសានម៉ារីណូ។
.
ការអប់រំ និងការចាប់ផ្តើមអាជីព៖ លោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យកូពិនហាក (University of Copenhagen) ដោយបានចាប់ផ្តើមអាជីពនៅក្នុងក្រសួងយុត្តិធម៌ដាណឺម៉ាក ចន្លោះឆ្នាំ ១៩៨៦-១៩៨៧ មុននឹងប្តូរមកបម្រើការងារនៅក្រសួងការបរទេស ដោយកាន់តំណែងជាប្រធានអង្គភាពមួយរបស់ក្រសួង រហូតទទួលបានការតែងតាំងឱ្យទៅប្រចាំការនៅស្ថានឯកអគ្គរដ្ឋទូតដាណឺម៉ាក នាទីក្រុងវីយែន ប្រទេសអូទ្រីស ក្នុងតំណែងជាលេខាធិការទី១ ចន្លោះឆ្នាំ ១៩៨៩-១៩ ៩២។
.
ការរីកចម្រើនក្នុងអាជីព៖ បន្ទាប់ពីត្រឡប់មកប្រទេសដាណឺម៉ាកវិញ លោកបានទទួលតំណែងជាប្រធានអង្គភាពខាងគោលនយោបាយសន្តិសុខ ចន្លោះឆ្នាំ ១៩ ៩២-១៩៩៥។ បន្ទាប់មកនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ លោកបានបំពេញភារកិច្ចនៅគណៈប្រតិភូអចិន្ត្រៃយ៍របស់ដាណឺម៉ាកប្រចាំសហភាពអឺរ៉ុប ដោយកាន់តំណែងជាប្រធានអង្គភាពក្នុងអំឡុងឆ្នាំ ១៩៩៥-១៩៩៩ និងជាទីប្រឹក្សានៅឆ្នាំ ១៩៩៩។
.
បទពិសោធន៍ផ្នែកច្បាប់ និងអង្គការសហប្រជាជាតិ៖ ក្នុងអំឡុងឆ្នាំ ១៩៩៩-២០០៣ លោកបានកាន់តំណែងជាប្រធានអង្គភាពខាងច្បាប់ មុននឹងឡើងជាអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការច្បាប់ និងជាប្រធានផ្នែកច្បាប់នៃក្រសួងការបរទេស ចន្លោះឆ្នាំ ២០០៣-២០០៨។ បន្ទាប់មក ទើបលោកទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកនៅឆ្នាំ ២០១០។ លោក យែនសេន ធ្លាប់កាន់តំណែងជាជំនួយការអគ្គលេខាធិការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ផងដែរ។
.
ចំណុចសំខាន់៖ លើសពីនេះ លោកធ្លាប់ធ្វើជា ប្រធានគណៈកម្មការសម្របសម្រួលវិវាទព្រំដែនសមុទ្ររវាងទីម័រខាងកើត និងអូស្ត្រាលី ផងដែរ។
.
អ្នកសម្របសម្រួលភាគីកម្ពុជា៖ សាស្ត្រាចារ្យ ហ្សង់-ម៉ាក ទុយវែណាំង (Prof. Jean-Marc Thouvenin)
.
ព័ត៌មានផ្ទាល់ខ្លួន និងការងារវិទ្យាសាស្ត្រ៖ សាស្ត្រាចារ្យ ហ្សង់-ម៉ាក ទុយវែណាំង អាយុ ៦១ ឆ្នាំ ជាសាស្ត្រាចារ្យខាងច្បាប់អន្តរជាតិនៅសាកលវិទ្យាល័យ ប៉ារីស ណង់ទែរ (Paris Nanterre University) និងកាន់តំណែងជាអគ្គលេខាធិការនៃវិទ្យាស្ថានច្បាប់អន្តរជាតិទីក្រុងឡាអេ (Hague Academy of International Law) តាំងពីឆ្នាំ ២០១៧។
.
តួនាទីក្នុងវិស័យអប់រំ៖ ក្នុងតួនាទីខាងការសិក្សាអប់រំ សាស្ត្រាចារ្យ ទុយវែណាំង ធ្លាប់កាន់តំណែងជាច្រើន ដូចជា អគ្គលេខាធិការសមាគមច្បាប់អន្តរជាតិបារាំង ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យប៉ារីស និងជាប្រធានកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិ។
.
ការទទួលស្គាល់ជាអន្តរជាតិ៖ លោកជាគណៈកម្មការនៃសមាគមច្បាប់អន្តរជាតិបារាំង សមាជិកនៃសមាគមច្បាប់អន្តរជាតិ (ILA) និងសមាគមច្បាប់អន្តរជាតិអាមេរិក (ASIL) ព្រមទាំងជាសមាជិកសមាសភាពនៃវិទ្យាស្ថានច្បាប់អន្តរជាតិ (Institut de Droit international)។ លោកមានស្នាដៃបោះពុម្ពផ្សាយខាងច្បាប់អន្តរជាតិយ៉ាងទូលំទូលាយ រួមទាំងច្បាប់សមុទ្រផងដែរ។
.
បទពិសោធន៍ក្នុងការអនុវត្តច្បាប់ (តុលាការអន្តរជាតិ)៖ សាស្ត្រាចារ្យ ទុយវែណាំង ជាអ្នកច្បាប់អនុវត្តផ្ទាល់ ដោយធ្លាប់ធ្វើជាតំណាងឱ្យរដ្ឋនានានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) និងតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS)។
.
ម៉ាល់ឌីវ៖ ធ្លាប់ធ្វើជាទីប្រឹក្សា និងមេធាវីក្នុងរឿងក្តីខណ្ឌសីមាដែនសមុទ្រជាមួយម៉ូរីស (Mauritius)។
កូឡុំប៊ី៖ ធ្វើជាតំណាងក្នុងរឿងក្តី ២ ទាក់ទងនឹងច្បាប់សមុទ្រ រួមមាន ផ្ទៃសមុទ្រដែលពង្រីកចេញទៅ (extended continental shelf) សិទ្ធិនៃកោះ ការខណ្ឌសីមាដែនសមុទ្រ បន្ទាត់មូលដ្ឋាន និងសេរីភាពក្នុងការរុករកតាមនាវា។
.
អ៊ុយក្រែន៖ ធ្វើជាតំណាងក្នុងរឿងក្តីចំនួន ៤ ដោយមាន ២ ក្តីទាក់ទងនឹងច្បាប់សមុទ្រ គឺ អភ័យឯកសិទ្ធិនៃនាវាចម្បាំង និងការមិនគោរពសិទ្ធិពិសេស និងយុត្តាធិការនៃរដ្ឋឆ្នេរសមុទ្រ។
.
ស្លូវេនី៖ ធ្លាប់ជាទីប្រឹក្សាក្នុងរឿងក្តីតវ៉ានឹងក្រូអាស៊ី ស្ថិតនៅក្រោមតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប ដែលមានព័ត៌មានលម្អិតអំពីផលផ្លូវច្បាប់នៃសេចក្តីសម្រេចអាជ្ញាកណ្តាលក្នុងការខណ្ឌសីមាដែនសមុទ្រ។
.
ប្រទេសផ្សេងៗ៖ ធ្លាប់ជាទីប្រឹក្សាឱ្យប្រទេសឈីលី (ករណីកាតព្វកិច្ចក្នុងការចរចា), បួគីណាហ្វាសូ (រឿងក្តីព្រំដែន), បេណាំង (រឿងក្តីព្រំដែន), គីណេ (ករណីគាំពារផ្នែកការទូត), ឆាដ (រឿងក្តីព្រំដែន), កាមេរូន (រឿងក្តីព្រំដែន) និងអូស្ត្រាលី ក្នុងរឿងក្តីដីហ្វូស្ហ្វាត (Phosphate Lands) ដែលប្រទេសណូរូ (Nauru) បានប្តឹងអូស្ត្រាលីទៅកាន់តុលាការ ICJ ថាអូស្ត្រាលីបានជីកយករ៉ែហ្វូស្ហ្វាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលដែលគ្រប់គ្រងណូរូក្រោមក្រុមប្រឹក្សាអាណាព្យាបាលសហប្រជាជាតិ រហូតបង្កឱ្យមានការខូចខាតបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
.
អ្នកសម្របសម្រួលភាគីថៃ៖ សាស្ត្រាចារ្យ បណ្ឌិត រឺឌីហ្គើ វ៉ុលហ្វ្រុម (Prof. Dr. Rüdiger Wolfrum)
.
ព័ត៌មានផ្ទាល់ខ្លួន និងជំនាញ៖ សាស្ត្រាចារ្យ បណ្ឌិត រឺឌីហ្គើ វ៉ុលហ្វ្រុម អាយុ ៨៤ ឆ្នាំ មានជំនាញលើវិស័យជាច្រើន ដូចជា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់សមុទ្រ។
.
ការអប់រំ៖ លោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យធូប៊ីងហ្គិន (University of Tübingen) និងសាកលវិទ្យាល័យប៊ុន (University of Bonn) ដោយបានប្រឡងជាប់ការប្រឡងច្បាប់ដំណាក់កាលទីមួយ (First State Examination) នៅឆ្នាំ ១៩៦៩ និងដំណាក់កាលទីពីរ (Second State Examination) នៅឆ្នាំ ១៩៧៣ មុននឹងទទួលបានសញ្ញាបត្របណ្ឌិតខាងច្បាប់ (Dr. jur.) ពីសាកលវិទ្យាល័យប៊ុនក្នុងឆ្នាំដដែល។ ក្រៅពីនេះ លោកបានបញ្ចប់ការធ្វើ ហាប៊ីលីតាស៊ីយ៉ុង (Habilitation) ដែលជាសញ្ញាបត្រកម្រិតខ្ពស់បំផុតខាងវិស័យអប់រំក្នុងសាខាច្បាប់សាធារណៈ និងច្បាប់អន្តរជាតិនៅឆ្នាំ ១៩៨០។
.
បទពិសោធន៍ការងារ និងតំណែងជាន់ខ្ពស់៖ លោកកាន់តំណែងជាប្រធានកិត្តិយសនៃមូលនិធិ ម៉ាក់ ផ្លាំង (Max Planck Foundation for International Peace and the Rule of Law) តាំងពីឆ្នាំ ២០២១ មក ដោយសារបានបម្រើការងារក្នុងស្ថាប័ននេះអស់រយៈពេលជាង ៣ ទសវត្សរ៍។ លោកធ្លាប់ធ្វើជា ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ក្នុងអំឡុងឆ្នាំ ១៩៩៦, ១៩៩៩ និង ២០០៨ ព្រមទាំងធ្លាប់កាន់តំណែងជា ប្រធានតុលាការ ITLOS ក្នុងអំឡុងឆ្នាំ ២០០៥-២០០៩ ផងដែរ។
.
ចំណុចសំខាន់៖ នៅពេលដែលកើតមានវិវាទខាងសមុទ្ររវាងទីម័រខាងកើត និងអូស្ត្រាលី សាស្ត្រាចារ្យ បណ្ឌិត វ៉ុលហ្វ្រុម បានចូលរួមអង្គុយជាគណៈកម្មការសម្របសម្រួលម្នាក់ ដោយលោកគឺជា អ្នកសម្របសម្រួលដែលត្រូវបានតែងតាំងដោយភាគីទីម័រខាងកើត។
.
អ្នកសម្របសម្រួលភាគីថៃ៖ លោក អាល់ប៊ឺត ហបហ្វ៍ម៉ាន់ (Albert Hoffmann)
.
ព័ត៌មានផ្ទាល់ខ្លួន និងការអប់រំ៖ លោក អាល់ប៊ឺត ជេ. ហបហ្វ៍ម៉ាន់ អាយុ ៧១ ឆ្នាំ ជាជនជាតិអាហ្វ្រិកខាងត្បូង បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ យ៉ូហានណេសប៊ឺគ (University of Johannesburg) និងក្រោយមកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាកលវិទ្យាល័យ ព្រីតូរីយ៉ា (University of Pretoria)។
.
ប្រវត្តិការងារ៖ ផ្លូវអាជីពរបស់លោកបានចាប់ផ្តើមក្នុងនាមជាមេធាវីប្រចាំតុលាការជាន់ខ្ពស់នៃអាហ្វ្រិកខាងត្បូងនៅឆ្នាំ ១៩៨៣ មុននឹងប្តូរទៅបម្រើការងារនៅក្រសួងការបរទេស ដែលលោកបានកាន់តំណែងជាទីប្រឹក្សាច្បាប់អស់រយៈពេលរហូតដល់ ១៦ ឆ្នាំ។
.
តំណែងនៅក្នុងសហប្រជាជាតិ៖ ក្រោយមក លោក ហបហ្វ៍ម៉ាន់ បានចូលកាន់តំណែងជាទីប្រឹក្សាច្បាប់ និងជាអគ្គនាយក (Chief Director) ប្រចាំគណៈប្រតិភូអចិន្ត្រៃយ៍នៃអាហ្វ្រិកខាងត្បូងប្រចាំសហប្រជាជាតិ នាទីក្រុងញូវយ៉ក ក្នុងចន្លោះឆ្នាំ ១៩៩៩ ដល់ ២០០៥។
.
បទពិសោធន៍នៅតុលាការច្បាប់សមុទ្រ៖ បន្ទាប់ពីនោះ លោកបានកាន់តំណែងជា ចៅក្រមប្រចាំតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) តាំងពីឆ្នាំ ២០០៥ និងឆ្នាំ ២០១៤ ហើយបានឡើងកាន់តំណែងជា ប្រធានតុលាការ ITLOS ក្នុងអំឡុងឆ្នាំ ២០២០-២០២៣។ ក្រៅពីនេះ លោកក៏មានស្នាដៃខាងការសិក្សាស្រាវជ្រាវ ទាំងការធ្វើបាឋកថា និងការបោះពុម្ពផ្សាយជាច្រើនផងដែរ។
ប្រភពៈ Reuters, BBC
#Unclos #តំបន់ទាមទារជាន់គ្នា #OCA #ជម្លោះកម្ពុជាថៃ







