ខន្ធ ៥ (បញ្ចក្ខន្ធ)គឺជាបណ្តុំនៃរូបនិងនាម (រាងកាយនិងចិត្ត) ដែលប្រកបចូលគ្នាបង្កើតបានជាសត្វលោក ឬមនុស្សយើងម្នាក់ៗ។
១. រូបក្ខន្ធ សំដៅលើផ្នែកជារូបរាងកាយ វត្ថុ ឬរូបធាតុផ្សេងៗ។ រូបក្ខន្ធរបស់មនុស្សផ្សំឡើងពីធាតុសំខាន់ៗ ៤ គឺ ធាតុដី (ភាពរឹង) ធាតុទឹក (ភាពរាវ) ធាតុភ្លើង (កម្តៅ) និងធាតុខ្យល់ (ចលនា)។
២.វេទនាខន្ធ សំដៅលើការទទួលអារម្មណ៍ ដែលកើតឡើងនៅពេលអាយតនៈ (ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត) ប៉ះទង្គិចនឹងអារម្មណ៍។ វេទនាមាន ៣ យ៉ាងគឺ៖
- អារម្មណ៍ជាសុខ (សុខវេទនា)
- អារម្មណ៍ជាទុក្ខ (ទុក្ខវេទនា)
- អារម្មណ៍មិនសុខមិនទុក្ខ ឬកណ្តាលៗ (ឧបេក្ខាវេទនា)។
៣. សញ្ញាខន្ធ សំដៅលើការចំណាំបាន ការចងចាំ ឬការស្គាល់នូវរូប សំឡេង ក្លិន រស ការប៉ះទង្គិច និងរឿងរ៉ាវផ្សេងៗ។ ជាឧទាហរណ៍ ពេលយើងឃើញពណ៌ក្រហម យើងចំណាំបានថាវាជាពណ៌ក្រហម។
៤. សង្ខារក្ខន្ធ សំដៅលើការតាក់តែងចិត្ត ចេតនា ឬគំនិតដែលជំរុញឱ្យប្រព្រឹត្តអំពើផ្សេងៗ តាមផ្លូវកាយ វាចា និងចិត្ត។ សង្ខារក្ខន្ធនេះហើយដែលជាអ្នកបង្កើតឲ្យមាន កម្ម (ជាបុណ្យ ជាបាប ឬអព្យាក្រឹត)។
៥. វិញ្ញាណក្ខន្ធ សំដៅលើការដឹងនូវអារម្មណ៍តាមរយៈទ្វារទាំង ៦ គឺ ការដឹងតាមភ្នែក (ចក្ខុវិញ្ញាណ) ដឹងតាមត្រចៀក (សោតវិញ្ញាណ) ដឹងតាមច្រមុះ (ឃានវិញ្ញាណ) ដឹងតាមអណ្តាត (ជីវ្ហាវិញ្ញាណ) ដឹងតាមកាយ (កាយវិញ្ញាណ) និងដឹងតាមចិត្ត (មនោវិញ្ញាណ)។
#បញ្ចក្ខន្ធ #ព្រះពុទ្ធសាសនា #ជីវិតនិងចិត្ត #ការយល់ដឹងពីខ្លួនឯង







