រឿងភិក្ខុ ៥០០ អង្គ អ្នកប្រារព្ធសេចក្ដីអធិប្បាយអំពីដី

 #៤. បុប្ផវគ្គោ 

#១. រឿងភិក្ខុ ៥០០ អង្គ អ្នកប្រារព្ធសេចក្ដីអធិប្បាយអំពីដី

កោ ឥមំ បថវឹ វិចេស្សតីតិ ព្រះសាស្តា កាលគង់នៅវត្តជេតពន ជិតក្រុងសាវត្ថី ទ្រង់ប្រារព្ធភិក្ខុ ៥០០ អង្គ អ្នកប្រារព្ធសេចក្ដីអធិប្បាយអំពីដី ហើយត្រាស់នូវព្រះធម្មទេសនានេះ។

ឮថា ភិក្ខុទាំងនោះត្រេចចារិកទៅកាន់ជនបទជាមួយព្រះភគវាហើយ ត្រឡប់មកដល់វត្តជេតពនវិញ ក្នុងវេលាល្ងាច បានអង្គុយជួបជុំគ្នាក្នុងឧបដ្ឋានសាលា ពោលនូវរឿងដីក្នុងទីកន្លែងដែលខ្លួនបានទៅដល់ថា ក្នុងផ្លូវពីភូមិឯណោះទៅភូមិឯណោះ មានដីរាបស្មើ ដីមិនរាបស្មើ ដីមានភក់ច្រើន ដីមានក្រួសច្រើន ជាដីខ្មៅ ជាដីក្រហម ដូច្នេះឯង។ ព្រះសាស្តាយាងមកដល់ហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះអ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី? កាលដែលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះករុណាពោលអំពីរឿងដីក្នុងទីកន្លែងដែលបានត្រេចទៅ ព្រះអង្គក៏ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នោះឈ្មោះថាដីខាងក្រៅទេ អ្នកទាំងឡាយគប្បីធ្វើបរិកម្មក្នុងដីខាងក្នុង (រូបកាយ) នេះវិញ រួចទ្រង់សម្ដែងនូវព្រះគាថាទាំង ២ នេះថា៖

៤៤. កោ ឥមំ បថវឹ វិចេស្សតិ, យមលោកញ្ច ឥមំ សទេវកំ;

កោ ធម្មបទំ សុទេសិតំ,  កុសលោ បុប្ផមិវ បចេស្សតិ។

អ្នកណានឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោកគឺអបាយភូមិ ៤ និងមនុស្សលោកនេះព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគត សំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃជ្រើសរើសនូវផ្កា ដូច្នោះឯង។

៤៥. សេខោ បថវឹ វិចេស្សតិ, យមលោកញ្ច ឥមំ សទេវកំ;

សេខោ ធម្មបទំ សុទេសិតំ,  កុសលោ បុប្ផមិវ បចេស្សតិ។

ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោកគឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះ។


#អធិប្បាយគាថា 

ក្នុងបទទាំងនោះ បទថា កោ ឥមំ គឺតើនរណានឹងដឹងច្បាស់នូវដី ពោលគឺអត្តភាពរាងកាយនេះ។ បទថា វិចេស្សតិ គឺនឹងដឹងច្បាស់ដោយញាណរបស់ខ្លួន នឹងត្រាស់ដឹង នឹងធ្វើឱ្យជាក់ច្បាស់។ បទថា យមលោកញ្ច គឺយមលោក ពោលគឺអបាយភូមិទាំង ៤។ បទថា ឥមំ សទេវកំ គឺមនុស្សលោកនេះ ព្រមទាំងទេវលោក។ បទថា កោ ធម្មបទំ សុទេសិតំ គឺតើនរណានឹងរើសសម្រាំងនូវធម្មបទ ពោលគឺពោធិបក្ខិយធម៌ ៣៧ ដែលព្រះអង្គសម្ដែងទុកល្អហើយ ដូចជាអ្នកឈ្លាសវៃក្នុងការដោតកម្រងផ្កា រើសសម្រាំងនូវផ្កាដូច្នោះ។

បទថា សេខោ គឺព្រះសេក្ខបុគ្គល ៧ ពួក មានសោតាបត្តិមគ្គជាដើម នឹងដឹងច្បាស់នូវអត្តភាពរាងកាយនេះ ដោយអរហត្តមគ្គ រួចដកចេញនូវឆន្ទរាគពីអត្តភាពនោះ។ បទថា យមលោកញ្ច គឺយមលោក មនុស្សលោក និងទេវលោក ព្រះសេក្ខបុគ្គលនោះឯងនឹងដឹងច្បាស់ នឹងធ្វើឱ្យជាក់ច្បាស់។ ព្រះសាស្តាទ្រង់ដោះស្រាយប្រស្នាដោយព្រះអង្គឯងថា ព្រះសេក្ខបុគ្គល ៧ ពួកនោះ ប្រៀបដូចជាអ្នកដោតកម្រងផ្កាដ៏ឈ្លាសវៃ ចូលទៅក្នុងសួនផ្កា រួចបោះបង់ចោលនូវផ្កាដែលមិនល្អ មានផ្កាខ្ចី ផ្កាដង្កូវស៊ី និងផ្កាស្វិតជាដើម ហើយរើសយកតែផ្កាណាដែលល្អស្អាតមកក្រង យ៉ាងណាមិញ ព្រះសេក្ខបុគ្គល ក៏រមែងដឹងច្បាស់ ពិចារណា និងធ្វើឱ្យជាក់ច្បាស់នូវពោធិបក្ខិយធម្មបទ ដែលព្រះអង្គសម្ដែងទុកល្អហើយនោះ ដោយបញ្ញាយ៉ាងនោះឯង។

លុះបញ្ចប់ការទេសនា ភិក្ខុទាំង ៥០០ អង្គ ក៏បានសម្រេចអរហត្តផល ព្រមដោយបដិសម្ភិទាទាំងឡាយ។ ចំណែកឯមហាជនដែលបានមកប្រជុំគ្នា ក៏បានទទួលនូវផលប្រយោជន៍ពីព្រះធម្មទេសនានោះដែរ។

ចប់ រឿងភិក្ខុ ៥០០ អង្គ អ្នកប្រារព្ធសេចក្ដីអធិប្បាយអំពីដី ទី១។

Previous Post Next Post