ទានមហប្ផលសូត្រ ទី៩

 🍃ទានមហប្ផលសូត្រ ទី៩ 

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ទៀប​ឆ្នេរស្រះ​បោក្ខរណី ឈ្មោះ​គគ្គរា ជិតក្រុងចម្បា។ គ្រានោះឯង ពួកឧបាសក​ច្រើននាក់ នៅក្នុង​ស្រុកចម្បា ចូលទៅរក​ព្រះសារីបុត្ត​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​​ព្រះសារីបុត្ត​ដ៏មាន​អាយុ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។ លុះពួក​ឧបាសក ក្នុងស្រុកចម្បា អង្គុយ​ក្នុង​ទីដ៏សម​គួរ​ហើយ បាននិយាយ​នឹងព្រះសារីបុត្ត​ដ៏មានអាយុ ដូច្នេះថា បពិត្រ​លោក​ដ៏​ចំរើន ធម្មីកថា​ចំពោះព្រះភក្រ្ត នៃព្រះដ៏មាន​ព្រះភាគ យើងខ្ញុំខាន​​ស្តាប់អស់​កាល​​យូរ​ហើយ បពិត្រ​លោកដ៏ចំរើន សូមឲ្យយើង​ខ្ញុំគប្បីបាន​ស្តាប់នូវធម្មីកថា នៃព្រះដ៏មាន​ព្រះភាគ។ ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ គប្បីមក​ក្នុង​ថ្ងៃ​ឧបោសថចុះ ធ្វើដូច្នេះ អ្នកទាំងឡាយ គប្បីបាន​ស្តាប់នូវ​ធម្មីកថា ក្នុងសំណាក់​​ព្រះដ៏មានព្រះភាគ។ ពួកឧបាសក​នៅក្នុង​ស្រុកចម្បា ទទួលស្តាប់​​ព្រះសារីបុត្ត​​ដ៏មាន​អាយុ​ថា ព្រះករុណា លោកម្ចាស់ ហើយក្រោក​ចាកអាសនៈ ថ្វាយបង្គំ​​ព្រះសារីបុត្ត​​ដ៏មានអាយុ ធ្វើប្រទក្សិណ ចៀស​ចេញទៅ។


លំដាប់នោះ ពួកឧបាសក​អ្នកស្រុកចម្បា ចូលទៅរក​ព្រះសារីបុត្ត​ដ៏មាន​អាយុ ក្នុងថ្ងៃឧបោសថ លុះចូល​ទៅដល់ហើយ ក៏ថ្វាយ​​បង្គំ​​ព្រះសារីបុត្ត ហើយឋិតនៅ​ក្នុងទីដ៏​សមគួរ។ គ្រានោះ ព្រះសារីបុត្ត​ដ៏មានអាយុ ចូល​ទៅគាល់​​ព្រះមានព្រះភាគ ជាមួយ​នឹងពួកឧបាសក​អ្នកស្រុកចម្បា​នោះ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្ត​​ដ៏មាន​អាយុ អង្គុយក្នុង​ទីដ៏សម​គួរហើយ បានក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ទានបែបនោះ ដែលបុគ្គល​ឲ្យហើយ ចំពោះ​បុគ្គលខ្លះ ក្នុងលោកនេះ មាន​ផលច្រើន តែមិនមាន​អានិសង្សច្រើន មានដែរឬ បពិត្រព្រះអង្គ​ដ៏ចំរើន ទានបែបនោះ ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គល​ខ្លះ ក្នុងលោកនេះ មានផលច្រើន មាន​អានិសង្ស​ច្រើន មានដែរឬ។ 


ព្រះអង្គត្រាស់​ថា ម្នាលសារីបុត្ត ទានដែលបុគ្គល​ឲ្យ​​ហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមាន​អានិសង្សច្រើន ក៏មាន ម្នាលសារីបុត្ត ទានដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្ស​ច្រើន ក៏មាន។ បពិត្រព្រះអង្គ​ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​ទាន​បែប​នោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមាន​ផលច្រើន តែមិនមាន​អានិសង្សច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​ទាន​បែបនោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុង​លោកនេះ ជាទានមាន​ផលច្រើន មាន​អានិសង្ស​ច្រើន។ 


ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានទាំង​ប្រកប​ដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹង​នូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ។ បុគ្គលនោះ ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿង​ឧបករណ៍ដល់​ប្រទីប​ជាទាន ចំពោះសមណៈ ឬព្រាហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់​នូវហេតុនោះ​ដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន មានសភាព​បែបនេះ​ដែរឬ។ មានព្រះអង្គ។  


ម្នាលសារីបុត្ត ក្នុងដំណើរ​នោះ បុគ្គលណា ឲ្យទាន​ទាំងប្រកប​ដោយតណ្ហា ឲ្យទាន​ទាំងចិត្ត​ជាប់ជំពាក់ ឲ្យទាន​ទាំងសំឡឹង​​នូវ​ការ​សន្សំ​ទុក ឲ្យទាន​ដោយគិតថា អាត្មាអញ លះលោកនេះ​ទៅ នឹងបរិភោគ លុះបុគ្គល​នោះ ឲ្យទាន​នោះរួច​ហើយ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ជាមួយ​​នឹង​ទេវតា​​ជាធំ​ ក្នុងជាន់​ចាតុម្មហារាជិកៈ។ លុះបុគ្គលនោះ អស់កម្មនោះ​ហើយ ក៏បានមកកាន់​អត្តភាព​នេះ បាននូវឫទ្ធិនោះ យសនោះ អធិបតេយ្យនោះទៀត។ 


ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុង​លោកនេះ មិនឲ្យទាន​ប្រកបដោយតណ្ហា មិនឲ្យទាន​ទាំងចិត្តជាប់ជំពាក់ មិនឲ្យទាន​ទាំង​សំឡឹង​នូវ​ការសន្សំ​ទុក មិនឲ្យ​ទានដោយ​គិតថា អាត្មាអញ លះលោក​នេះទៅ នឹងបរិភោគ​ចំណែកខ្លះ ឲ្យទាន​ដោយគិតថា ទាន​ជាការល្អ។បេ។ ទាំងមិនឲ្យ​ទាន​ដោយ​គិតថា អាត្មាអញ​មិនគួរដើម្បីញុំាង​វង្ស របស់ត្រកូល​បុរាណ ដែល​ជីដូន​ជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរ​ញុំាងវង្ស​ត្រកូល​បុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ចំណែកខ្លះ ឲ្យទាន​ដោយ​គិតថា អាត្មាអញ​ចម្អិន (បាយ) ជនទាំងឡាយ​នេះ មិនទាន់​ចម្អិន កាលអញ​ចម្អិន មិនគួរ​ដើម្បីមិនឲ្យ​ទានដល់​ជនដែល​មិនទាន់​ចម្អិន ទាំងមិនឲ្យ​​ទាន​ដោយ​គិតថា អាត្មាអញ​ចម្អិន ជនទាំងឡាយ​នេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរ​ដើម្បី​មិនឲ្យ​ទាន ដល់ជន​មិនទាន់ចម្អិន ចំណែកខ្លះ ឲ្យទានដោយ​គិតថា មហាយញ្ញ​ទាំងឡាយ​នោះ របស់​ឥសីជាន់មុន​ទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និង​ការ​ចែក​រលែកនេះ នឹងមានដល់​អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទាន​ដោយគិតថា មហាយញ្ញ​ទាំងឡាយនោះ របស់ឥសី​ជាន់មុន​ទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាង​ណា ទាននឹង​ការចែក​រលែក នឹងមានដល់​អាត្មាអញ យ៉ាងនោះដែរ ចំណែកខ្លះ ឲ្យទាន​ដោយគិតថា កាលអាត្មា​អញ ឲ្យទាននេះ ចិត្តក៏រមែង​ជ្រះថ្លា ការពេញចិត្ត និងសេចក្តី​សោមនស្ស ក៏រមែង​កើតឡើង ទាំងមិនឲ្យ​ទានដោយគិតថា កាលអាត្មាអញ​ឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និង​សេចក្តី​សោមនស្ស ក៏រមែងកើតឡើង ចំណែកខ្លះ ឲ្យទានជា​គ្រឿងប្រដាប់​នៃចិត្ត ជាបរិក្ខារ​នៃចិត្ត។ បុគ្គលនោះ តែងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿង​ឧបករណ៍​ដល់ប្រទីប ជាទាន​ដល់សមណៈ ឬព្រាហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់​នូវហេតុនោះ​ដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន​មានសភាព​យ៉ាងនេះដែរឬ។ មាន ព្រះអង្គ។ 


ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា មិនឲ្យទាន​ប្រកប​ដោយ​តណ្ហា មិនឲ្យ​ទាន​ទាំងចិត្ត​ជាប់​ជំពាក់ មិនឲ្យទាន ទាំងសំឡឹង​នូវការសន្សំទុក មិនឲ្យ​ទានដោយ​គិតថា អាត្មាអញ លះលោក​នេះទៅ នឹងបរិភោគ ទាំងមិនឲ្យ​ទានដោយគិតថា ទានជាការល្អ ទាំងមិនឲ្យទាន​ដោយគិតថា អាត្មាអញ មិនគួរញុំាងវង្ស​ត្រកូលបុរាណ ដែលជីដូន​ជីតាធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យ​សោះ ទាំងមិនឲ្យទាន​ដោយគិតថា អាត្មាអញ​ចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញ​ចម្អិន មិនគួរដើម្បី​នឹងមិន​ឲ្យទាន ដល់ពួកបុគ្គល​មិនចម្អិន ទាំងមិនឲ្យ​ទាន​ដោយគិតថា មហាយញ្ញ​ទាំងឡាយ​នោះ របស់ឥសីទាំង​នោះគឺ ឥសី ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និង​ការចែក​រលែកនេះ នឹងមាន​ដល់អាត្មា​អញ យ៉ាងនោះដែរ ទាំងមិនឲ្យ​ទានដោយគិតថា កាលអាត្មាអញ​ឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តី​សោមនស្ស ក៏កើត​ឡើង ចំណែកខ្លះ ឲ្យទាន​ជា​គ្រឿង​​ប្រដាប់នៃចិត្ត ជាបរិក្ខារ​នៃចិត្ត លុះបុគ្គលនោះ ឲ្យទាននោះ​រួចហើយ ​បែក​ធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយ​នឹង​ព្រហ្មកាយិក​ទេវតា បុគ្គលនោះ ញុំាង​ផល​​កម្ម​នោះ ញុំាងឫទ្ធិនោះ ញុំាងយសនោះ ញុំាង​អធិបតេយ្យ​នោះ ឲ្យអស់ហើយ ជា​អនាគាមី មិនមកកាន់​ភពនេះទេ ម្នាលសារីបុត្ត នេះឯង​ជាហេតុ នេះឯង​ជាបច្ច័យ ដែល​នាំឲ្យ​​ទានបែប​នោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោក​នេះ ជាទាន​​មាន​ផលច្រើន តែមិនមាន​អានិសង្ស​ច្រើន ម្នាលសារីបុត្ត នេះឯង​ជាហេតុ នេះជាបច្ច័យ ដែលនាំ​ឲ្យទាន​បែបនោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គល​ខ្លះ ក្នុងលោកនេះ ជាទានមាន​ផលច្រើន មាន​អានិសង្សច្រើន។


អង្គុត្តរនិកាយ សត្តកនិបាត បិដក ភាគ៤៧


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

Previous Post Next Post