សេចក្តីទុក្ខមាន ៤ យ៉ាង

សេចក្តីទុក្ខជារឿងធម្មជាតិដែលសត្វលោកតែងតែជួបប្រទះ។ សេចក្តីទុក្ខមាន ៤ យ៉ាង
១. ជាតិទុក្ខ (ការកើត)៖ គឺសេចក្តីទុក្ខដែលកើតឡើងតាំងពីពេលចាប់បដិសន្ធិ និងការប្រសូតចូលមកក្នុងលោក។ ការចាប់កំណើតគឺជាប្រភពដើម និងជាទីតាំងនៃការកើតឡើងនូវទុក្ខទាំងពួង។
២. ជរាទុក្ខ (ការចាស់ជរា)៖ គឺសេចក្តីទុក្ខដោយសារការទ្រុឌទ្រោមនៃសង្ខារកាយ។ សរីរាង្គដែលធ្លាប់តែរឹងមាំ ក៏ប្រែជាចុះខ្សោយ ជ្រីវជ្រួញ ភ្នែកវាំង ត្រចៀកធ្ងន់ និងបាត់បង់ថាមពលពីមួយថ្ងៃទៅមួយថ្ងៃ។
៣. ព្យាធិទុក្ខ (ការឈឺថ្កាត់)៖ គឺសេចក្តីទុក្ខដោយសាររោគាពាធ ជំងឺតម្កាត់ ឬការឈឺចាប់ផ្សេងៗ ដែលមកបៀតបៀនរាងកាយឱ្យមានការលំបាក និងទន់ខ្សោយ។
៤. មរណទុក្ខ (សេចក្តីស្លាប់)៖ គឺសេចក្តីទុក្ខព្រោះការបែកធ្លាយខន្ធ ការអស់ទៅនៃអាយុសង្ខារ និងការត្រូវព្រាត់ប្រាស់ពីរាងកាយ ព្រមទាំងរបស់ជាទីស្រឡាញ់ទាំងពួង។
សេចក្តីទុក្ខទាំង ៤ ប្រការនេះ គឺជាធម្មជាតិនៃជីវិតដែលព្រះសម្មាសម្ពុទ្ធបានទ្រង់ត្រាស់សម្ដែងទុកនៅក្នុង ទុក្ខសច្ចៈ (សេចក្តីពិតអំពីទុក្ខ) ដែលជាចំណុចទីមួយនៃអរិយសច្ច ៤។ ការយល់ដឹងពីសេចក្តីទុក្ខទាំងនេះ គឺជាជំហានដំបូងក្នុងការស្វែងរកផ្លូវរំលត់ទុក្ខ។
------------------------------
© ភិក្ខុ គឿន ប៊ុនធី | 23 May 2026

 

Previous Post Next Post