សេចក្ដីឧបមារបស់ជីវិតមាន ៧ប្រការ

 សេចក្ដីឧបមារបស់ជីវិតមាន ៧ប្រការ 

១ ជីវិតដូចដំណក់ទឹកសន្សើម  ទឹកសន្សើមកាលត្រូវពន្លឺព្រះអាទិត្យ ក៏នឹងហួតហែងមិនអាចតាំងនៅយូរបាន ជីវិតកាលបើកើតឡើងហើយក៏មានចាស់ជរា ព្យាធិ មរណៈ រង់ចាំដុតបំផ្លាញរំលាយរូបរាងឱ្យវិនាសទៅគ្រប់ខណៈមិនបានដល់១០០ឆ្នាំផង  ។ 


២ ជីវិតដូចក្រពេញទឹក  ដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកប៉ះផែនដី ក៏រលាយខ្លួនភ្លាមជីវិតក៏តាំងនៅមិនបានយូរ ដូចជាដំណក់ទឹកដូច្នោះដែរ ។ 

៣ ជីវិតដូចកំណាត់ឈើដែលគូសក្នុងទឹក  មួយភ្លេតក៏ជិតដូចដើមវិញ មនុស្សនៅមាន ជីវិតក៏ដូចគ្នា បើនៅមានបច្ច័យទំនុកបំរុង ក៏តាំងនៅបាន ។ 


៤ ជីវិតដូចទឹកជ្រោះហូរធ្លាក់ពីភ្នំ ទឹកជ្រោះឬទឹកស្ទឹងរមែងនាំវត្ថុដែលនាំទៅបាន មិន មានឈប់ ថ្ងៃ និងយប់កន្លងទៅ ជីវិតក៏កន្លងទៅដូច្នោះដែរ ។ 

៥ ជីវិតដូចពពុះទឹកមាត់  ធម្មតាបុរសដែលមានកម្លាំងស្ដោះទឹកមាត់ពីចុងអណ្ដាតបាន យ៉ាងងាយ ជីវិតរលត់ទៅវិញបានយ៉ាងងាយក៏ដូច្នោះដែរ។ 


៦ ជីវិតដូចបន្ទះសាច់នៅលើភ្លើង  បន្ទះសាច់ដាក់ក្នុងខ្ទះនៅលើភ្លើង ត្រូវភ្លើងកំដៅឆេះ យ៉ាងណា ជីវិតត្រូវភ្លើងកិលេស និងភ្លើងទុក្ខដុតបំផ្លាញយ៉ាងសាហាវ មិនអាចធន់នៅបានក៏ដូច្នោះដែរ ។ 


៧ ជីវិតដូចគោដែលគេនឹងសម្លាប់ គេនាំខ្លួនយកទៅទីសត្តឃាត ជីវិតក៏ត្រូវមច្ចុរាជអូសខ្លួនទៅរកសេចក្ដីស្លាប់ក៏ដូច្នោះដែរ  ។ 

#ផ្ការំដួល

Previous Post Next Post