បណ្ឌិត គិន ភា ព្រមានថា «ចំការព្រំ» អាចក្លាយជាជំងឺសង្គមដូចការឆបោកអនឡាញ ខណៈអាជ្ញាធរហាក់គ្មានអំណាចអន្តរាគមន៍
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានប្រៀបប្រដូចស្ថានភាពក្រុមជំនឿក្នុងដីចម្ការមួយកន្លែងទៅនឹង «រដ្ឋក្នុងរដ្ឋ» ដែលអាជ្ញាធរមូលដ្ឋានហាក់គ្មានឥទ្ធិពល ឬអំណាចក្នុងការត្រួតពិនិត្យឡើយ។
តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាបន្ទាន់ទេ «រដ្ឋចម្ការ» នេះ នឹងប្រែជាជំងឺសង្គមដ៏ធ្ងន់ធ្ងរមិនខុសពីបញ្ហាឆបោកអនឡាញ (Online Scam) នាពេលសព្វថ្ងៃឡើយ។ លោកបានប្រៀបធៀបថា៖ «ស្រុកយើង កម្ទេចភ្លើងគេមិនសូវចាប់អារម្មណ៍ទេ ដល់តែអគ្គិភ័យ ទើបនាំគ្នាស្រវេស្រវាចាប់ធុងចាប់ប៉ោតពន្លត់ភ្លើង តែអ្វីៗវាហួសពេលទៅហើយ»។
លោកបានបន្ថែមថា មនុស្សរាប់ម៉ឺននាក់ និងរាប់ពាន់គ្រួសារដែលបានលក់ផ្ទះសម្បែង លក់ស្រែចម្ការ និងបែកបាក់គ្រួសារមកជ្រកកោណក្រោមមនោគមវិជ្ជារដ្ឋចម្ការនោះ នឹងក្លាយជាបន្ទុកសង្គមយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំខាងមុខ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានទម្លាយនូវរឿងរ៉ាវដ៏សោកសៅ ករណីបាត់ខ្លួនកុមារីម្នាក់នៅក្នុងរដ្ឋចម្ការនោះ ដោយលោកបានខិតខំជួយអន្តរាគមន៍ស្វែងរកជំនួយពីភាគីពាក់ព័ន្ធជាច្រើន ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាព។
លោកបានរៀបរាប់ថា ឪពុករបស់កុមារីរងគ្រោះគឺជាអតីតមន្ត្រីក្រោមឱវាទរបស់លោក ដែលបានទទួលអនិច្ចកម្មតាំងពីកូននៅអាយុ ៤ខែ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ពេលបំពេញបេសកកម្មកាលពីឆ្នាំ២០១៤ និងបានក្លាយជាមនុស្សរុក្ខជាតិអស់រយៈពេល ៤ឆ្នាំ។ ចាប់តាំងពីពេលនោះមក ម្តាយរបស់កុមារីគឺជាស្ត្រីមេម៉ាយដែលខិតខំតស៊ូចិញ្ចឹមកូន ៣នាក់តែម្នាក់ឯង។
លោកបណ្ឌិត គិន ភា បានប្រៀបប្រដូចជីវិតរបស់ស្ត្រីជារឿយៗរូបនេះទៅនឹង «នាងបដាចារ» ដែលជួបទុក្ខជាន់ទុក្ខ ហើយសូម្បីតែរូបលោក គ្រួសារ និងអាជ្ញាធរ ក៏មិនអាចជួយអន្តរាគមន៍បាន ក្រៅតែពីអាណិត និងបណ្តោយឱ្យទាំងម្តាយនិងកូនទ្រាំរស់តាមយថាកម្មតែប៉ុណ្ណោះ៕
#គិនភា #ចំការព្រំ #រដ្ឋចំការ #កុមារ #ច្បាប់ #អនុវត្តច្បាប់ #អាជ្ញាធរ #ជំងឺសង្គម #រដ្ឋក្នុងរដ្ឋ #ភ្នំឱរ៉ាល់ #phnomoral







