ស៊ុន អ៊ូ (Sun Wu) ឬ ស៊ុន ជឺ (Sun Tzu) (៥៤៤-៤៩៦មុនគ.ស)

ស៊ុន អ៊ូ (Sun Wu) ឬ ស៊ុន ជឺ (Sun Tzu) (៥៤៤-៤៩៦មុនគ.ស) ដែលជាសង្គ្រាមវិទូដ៏ល្បីល្បាញរបស់ប្រទេសចិននាសម័យឈុនឈីវ ឬសម័យនគរសង្គ្រាម។ បុព្វការីជនយុទ្ធសាស្ត្រយោធារូបនេះហើយជាអ្នកសរសេរតម្រាពិជ័យសង្គ្រាម ឬសៀវភៅសិល្បៈសង្គ្រាម (The Art of War) ដែលត្រូវបានចម្លង និងបកប្រែប្រើប្រាស់សម្រាប់ការសិក្សាបន្តជាង២៥០០ឆ្នាំមកហើយ។
ស៊ុន ជឺ ជាអ្នកជំនាញផ្នែកយោធាដ៏ល្បីល្បាញម្នាក់នៅក្នុងប្រវត្តិសាស្ត្រចិន នាមត្រកូលរបស់គាត់គឺ ស៊ុន ហើយឈ្មោះរបស់គាត់គឺ អ៊ូ គោរមនាមរបស់គាត់គឺ ឆាងឈីង។ មនុស្សជំនាន់ក្រោយៗបានហៅគាត់តៗគ្នាថា ស៊ុន ជឺ ព្រោះពាក្យ ជឺ (Tzu) សំដៅដល់អ្នកប្រាជ្ញ បញ្ញាវន្ត។ ឪពុករបស់គាត់គឺជាអភិជន និងជាមេទ័ពដ៏ល្បីល្បាញម្នាក់នៅនគរឈី (Qi State)។ កាលណោះទឹកដីចិនត្រូវបានបែងចែកជាច្រើននគរ ដូចជា នគរឈី នគរឈូ នគរឈីង នគរអ៊ូ នគរហាន នគរវ៉ី នគរចូវ នគរយៀក នគរចាវ នគរប៉ា នគរស៊ូ នគរយាន នគរសុង នគរលូជាដើម។
ក្នុងពេលចូលនិវត្តន៍ពីកិច្ចការសង្គ្រាមនិងរាជការ ស៊ុន អ៊ូ បាននិពន្ធសៀវភៅសិល្បៈសង្គ្រាម ដែលត្រូវបានគេស្គាល់ថាជាសៀវភៅស្ដីពីយោធាដំបូងបង្អស់នៅក្នុងពិភពលោក និងដើរតួជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រយោធាចិន។
សៀវភៅសិល្បៈសង្គ្រាមរបស់ ស៊ុន ជឺ មាន១៣ជំពូក និងមាន៥០០០ពាក្យ។ ជំពូកនីមួយៗមានប្រធានបទខុសៗគ្នា ប៉ុន្តែមានទំនាក់ទំនងនឹងគ្នា។
ជំពូកទី១ «ការរៀបចំផែនការ» សំដៅលើលទ្ធភាពនៃការធ្វើសង្គ្រាម។ ស៊ុន ជឺ បានលើកឡើងថា សង្គ្រាម គឺជាបញ្ហាស្លាប់និងរស់របស់ប្រទេសមួយ។ ច្បាប់សីលធម៌ ឋានសួគ៌ ដី មេទ័ព វិធីសាស្ត្រ និងវិន័យ គឺជាកត្តាសម្រេចចិត្តសំខាន់នៃការប្រយុទ្ធ។
ជំពូកទី២ «ការធ្វើសង្គ្រាម» បានសង្កត់ធ្ងន់ពីការទទួលជ័យជម្នះឆាប់រហ័ស។ លោកអះអាងថា ការចាប់ជនឈ្លើយសឹក ជាមធ្យោបាយផ្តួលគូប្រកួតកាន់តែឆាប់រហ័ស។
ជំពូកទី៣ «ការវាយប្រយុទ្ធដោយល្បិច» បានសង្កត់ធ្ងន់ទៅលើផែនការនៃការវាយប្រហារដើម្បីទទួលបានជ័យជម្នះនៅក្នុងសមរភូមិ ដោយលោកថ្លែងថា «ការស្គាល់សត្រូវនិងស្គាល់ខ្លួនឯង ធ្វើឱ្យអ្នកទទួលបានជ័យជម្នះគ្រប់សមរភូមិ»។
ជំពូកទី៤ «ការរៀបចំយុទ្ធសាស្ត្រ» ទាក់ទងទៅនឹងការទទួលបានជ័យជម្នះពេញលេញ ដោយការទទួលយកអត្ថប្រយោជន៍នៃលក្ខខណ្ឌសម្ភារៈ។ លោកបានអះអាងថា អត្ថប្រយោជន៍នៃលក្ខខណ្ឌសម្ភារ គឺផ្អែកលើការចំណាយខាងយោធា បរិមាណនៃការផ្គត់ផ្គង់ ចំនួនទាហាន និងតុល្យភាពនៃអំណាច។
ជំពូកទី៥ «ការប្រើប្រាស់ថាមពល» បានសង្កត់ធ្ងន់លើការកម្ចាត់សត្រូវដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ស៊ុន ជឺ បានគាំទ្រឱ្យប្រើស្ថានភាពអំណោយផលដើម្បីកម្ចាត់សត្រូវ ដូចជា ការវាយប្រហារ ឬការវាយឆ្មក់ដែលគេនឹកស្មានមិនដល់។
ជំពូកទី៦ «ចំណុចខ្សោយនិងខ្លាំង»​​ បញ្ជាក់ពីរបៀបដើម្បីឱ្យមានភាពបត់បែនទាន់ពេលវេលា និងដឹងថាពេលណាដើម្បីចាប់ផ្ដើមការវាយប្រហារ។ លោកបានអះអាងថា វាមានសារៈសំខាន់ណាស់ដើម្បីទទួលបាននូវភាពលើសលប់ដោយការល្បួងសត្រូវ និងស្វែងយល់ពីស្ថានភាពនៅក្នុងជំរុំរបស់សត្រូវ ក៏ដូចជាការលាក់បាំងស្ថានភាពផ្ទាល់ខ្លួន ខណៈដែលកត់សម្គាល់ពីទម្រង់នៃការចល័តទ័ពរបស់សត្រូវ។ ស៊ុន ជឺ បានគាំទ្រការទាញយកផលប្រយោជន៍ពីភាពទន់ខ្សោយ និងកំហុសរបស់សត្រូវដើម្បីកម្ទេចសត្រូវ។ ការជៀសវាងចំណុចខ្លាំង និងការវាយប្រហារទៅលើចំណុចទន់ខ្សោយរបស់សត្រូវ ទើបអាចទទួលបានជ័យជម្នះ។
ជំពូកទី៧ «ការចល័តកងទ័ព» ទាក់ទងនឹងសារៈសំខាន់នៃការទាញយកអត្ថប្រយោជន៍ពីស្ថានភាពជាក់លាក់ ដើម្បីសម្រេចបាននូវទីតាំងអំណោយផល។ ស៊ុន ជឺ បាននិយាយថាគេត្រូវវៀរចាកការសម្រេចចិត្តលឿនពេកចំពោះការបញ្ជាទ័ពទៅមុខ ហើយគួរតែយល់ដឹងពីនិន្នាការនៃប្រទេស ត្រូវស្គាល់ស្ថានភាពផ្លូវនិងសណ្ឋានដី, ប្រើប្រាស់មគ្គុទ្ទេសក៍ឆ្លាតវៃដែលអាចបញ្ឆោតសត្រូវបាន។ ដូចគ្នានេះដែរ ការពង្រឹងនិងការបែកចែកកងទ័ពនៅក្នុងលក្ខខណ្ឌខុសគ្នានិងទីតាំង, ស្មារតី និងកម្លាំងយោធារបស់សត្រូវ។
ជំពូកទី៨ «ការប្រែប្រួលនៃយុទ្ធសាស្ត្រ» ជាមូលដ្ឋាននៃការកំណត់គុណសម្បត្តិ និងគុណវិបត្តិនៃការចល័តទ័ព។ វិធីសាស្ត្រនេះមានសមត្ថភាពគំរាមកំហែង បង្ក្រាប និងធ្វើឱ្យសត្រូវពិបាកយល់ដើម្បីល្បួងពួកគេ។
ជំពូកទី៩ «ការហែក្បួនយោធា» ទាក់ទងនឹងសារៈសំខាន់នៃការរៀបចំ និងការដាក់ពង្រាយកងទ័ព ការសង្កេតនិងការប្រមូលព័ត៌មានពីសត្រូវ ក៏ដូចជាការប្រមូលផ្តុំមេទាហាន និងកូនទាហាន។
ជំពូកទី១០ «ការធ្វើចំណាត់ថ្នាក់សណ្ឋានដី» បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងសណ្ឋានដីជាច្រើនប្រភេទ និងសកម្មភាពយោធា។
ជំពូកទី១១ «ស្ថានភាពទាំង៩» ទាក់ទងនឹងសមរភូមិទាំង៩ខុសគ្នា និងការឆ្លើយតបឱ្យត្រូវស្ថានការណ៍។
ជំពូកនេះទី១២ «ការវាយប្រហារដោយប្រើភ្លើង» ពាក់ព័ន្ធនឹងគោលដៅ ប្រភេទ សម្ភារ ភស្តុភារ និងបរិយាកាស ចាំបាច់ដើម្បីអនុវត្តការវាយប្រហារ។ «ការប្រើប្រាស់ចារកម្ម»
គឺជាជំពូកដែលបង្ហាញពីសារៈសំខាន់នៃគោលការណ៍ចារកម្ម។
សិល្បៈសង្គ្រាមមិនត្រឹមតែមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានបកប្រែដោយជោគជ័យជាភាសាជាច្រើន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ រដ្ឋបុរសនិងអ្នកជំនាញខាងយោធាដ៏ល្បីល្បាញរបស់បារាំង ណាប៉ូឡេអុង បូណាបាត (Napoleon Bonaparte) បន្ទាប់ពីបរាជ័យនៅសរមភូមិវ័តធើលូ (Battle of Waterloo) ក៏បានឃើញសៀវភៅសិល្បៈសង្គ្រាមដោយចៃដន្យ ហើយលោកបាននិយាយថា «ប្រសិនបើខ្ញុំបានអានសៀវភៅសិល្បៈសង្គ្រាមកាលពី២០ឆ្នាំមុន ប្រវត្តិសាស្ត្រនឹងផ្សេងពីនេះ»។
សព្វថ្ងៃ នៅក្នុងប្រទេសវៀតណាម កូរ៉េ ជប៉ុន អ៊ីស្រាអែល អង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ី អ្នកឯកទេសខាងយោធាទាំងអស់រៀនសូត្រពីសៀវភៅនេះ។ នៅក្នុងអារម្ភកថានៃសៀវភៅនេះជាភាសាអង់គ្លេស អ្នកយុទ្ធសាស្ត្រជនជាតិអង់គ្លេសដ៏ល្បីឈ្មោះ លីឌែល ហាត (Liddell Hart) និយាយថាយុទ្ធសាស្ត្រយោធាចិនបុរាណសម័យដែលមានអាយុកាលជាង២៥០០ឆ្នាំ មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសង្គ្រាមនៅសម័យទំនើប។
ក្រៅពីសារៈសំខាន់របស់ខ្លួនលើកិច្ចការយោធា សិល្បៈសង្គ្រាមបានពង្រីកដើម្បីជះឥទ្ធិពលលើកិច្ចការផ្សេងទៀតជាពិសេសនៅក្នុងវិស័យគ្រប់គ្រងពាណិជ្ជកម្ម ពីព្រោះទីផ្សារហិរញ្ញវត្ថុជាសង្គ្រាមដែលមិនបើកាំភ្លើង។ សហគ្រិនជនជាតិជប៉ុនឈ្មោះ អូហាស៊ី តាកែវ (Ohashi Takeo) បានចង្អុលបង្ហាញនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា កម្រងល្បិចគ្រប់គ្រងយោធា (A Complete Collection of Military Tactics Management) «ការយកគំនិតនៃវិទ្យាសាស្ត្រយោធាចិនដើម្បីណែនាំការគ្រប់គ្រងនៃសហគ្រាស គឺនៅតែមានប្រសិទ្ធភាព និងមានប្រសិទ្ធភាពជាងវិធីសាស្ត្រគ្រប់គ្រងអាជីវកម្មនៅសហរដ្ឋអាមេរិក»។
លើសពីនេះទៀត សេដ្ឋវិទូអាមេរិកក៏បានចង្អុលបង្ហាញថា «គោលការណ៍និងទ្រឹស្ដីជាច្រើនដែលត្រូវបានរកឃើញនៅក្នុងសិល្បៈសង្គ្រាម នៅតែមានតម្លៃមិនអាចប្រកែកបានរហូតមកទល់ពេលនេះ»៕
Ctt: Fresh News

 

ចុចអានបន្ត..  Read More
Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post