. រឿងព្រះអនុរុទ្ធត្ថេរ

 ៤. រឿងព្រះអនុរុទ្ធត្ថេរ

ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅក្នុងវេឡុវនមហាវិហារ បានប្រារព្ធនូវព្រះអនុរុទ្ធត្ថេរ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះដែលមានពាក្យផ្ដើមថា យស្សាសវា ជាដើម។

ឮថា ក្នុងថ្ងៃមួយ ព្រះថេរៈមានចីវរចាស់ទុរភិក្ស ក៏បានដើរស្វែងរកសំពត់ដើម្បីធ្វើចីវរនៅតាមគំនរសំរាមជាដើម។ គ្រានោះ មានទេវធីតាម្នាក់នាម ជាលិនី ដែលធ្លាប់ជាភរិយារបស់ព្រះថេរៈក្នុងអត្តភាពទី ៣ រាប់ថយក្រោយពីជាតិភពនេះទៅ បានទៅកើតក្នុងភពតាវតឹង្ស។ នាងបានឃើញព្រះថេរៈកំពុងស្វែងរកបំណែកសំពត់ ក៏មានបំណងប្រគេនសំពត់ទិព្វ ៣ ផ្ទាំង ដែលមានប្រវែង ១៣ ហត្ថ និងទទឹង ៤ ហត្ថ ប៉ុន្តែនាងគិតថា ប្រសិនបើអញប្រគេនសំពត់ទាំងនេះតាមរបៀបធម្មតា ព្រះថេរៈច្បាស់ជានឹងមិនទទួលឡើយ។ នាងក៏បានយកសំពត់ទាំងនោះទៅដាក់ត្រង់គំនរសំរាមមួយ នៅខាងមុខផ្លូវដែលព្រះថេរៈកំពុងដើរស្វែងរកសំពត់ ដោយធ្វើឱ្យមើលឃើញតែត្រង់ជាយសំពត់បន្តិចប៉ុណ្ណោះ។

 

ព្រះថេរៈកាលដែលដើរស្វែងរកបំណែកសំពត់តាមផ្លូវនោះ ក៏បានឃើញជាយសំពត់នោះ រួចក៏កាន់យកទាញចេញមក ក៏បានឃើញសំពត់ទិព្វដែលមានទំហំដូចដែលបានពោលមក លោកក៏ពោលថា នេះជាបង្សុកូលដ៏ប្រសើរណាស់ហ្ន៎ រួចក៏កាន់យកយាងចេញទៅ។ លុះដល់ថ្ងៃធ្វើចីវរ ព្រះសាស្តាក៏បានយាងទៅកាន់វិហារ រួមជាមួយភិក្ខុ ៥០០ អង្គជាបរិវារ ហើយគង់ប្រថាប់នៅទីនោះ សូម្បីតែមហាថេរ ៨០ អង្គ ក៏គង់ប្រថាប់នៅទីនោះដែរ។ ក្នុងកិច្ចការដេរចីវរនោះ ព្រះមហាកស្សបត្ថេរ អង្គុយនៅផ្នែកខាងដើម ព្រះសារីបុត្តត្ថេរ អង្គុយនៅកណ្ដាល ព្រះអានន្ទត្ថេរ អង្គុយនៅខាងចុង ភិក្ខុសង្ឃជួយគ្នាមូលខ្សែអំបោះ ព្រះសាស្តាទ្រង់ជួយស៊កអំបោះចូលក្នុងកន្ធម្បាស (រន្ធម្ជុល) ចំណែកឯព្រះមហាមោគ្គល្លានត្ថេរ យាងចុះឡើងដើម្បីនាំមកនូវរបស់ដែលចាំបាច់ប្រើប្រាស់ក្នុងកិច្ចការនោះ។

ចំណែកឯទេវធីតា (នាងជាលិនី) ក៏បានចូលទៅក្នុងភូមិ រួចក៏បានដាស់តឿនសមាទានពួកអ្នកស្រុកថា "អ្នករាល់គ្នាអើយ ឥឡូវនេះព្រះសាស្តាទ្រង់គង់នៅក្នុងវិហារ ព្រមដោយមហាសាវក ៨០ អង្គ និងភិក្ខុ ៥០០ អង្គ ដើម្បីជួយធ្វើចីវរថ្វាយព្រះអនុរុទ្ធត្ថេរដែលជាម្ចាស់នៃយើង ចូរអ្នករាល់គ្នាដងយកនូវយាគូជាដើម ទៅកាន់វិហារចុះ"។ សូម្បីតែព្រះមហាមោគ្គល្លានត្ថេរ ក៏បាននាំយកនូវផ្លែព្រីងធំ (មហាជម្ពូ) មកក្នុងចន្លោះពេលឆាន់ដែរ ភិក្ខុ ៥០០ អង្គឆាន់មិនអស់ឡើយ។ ចំណែកឯព្រះឥន្ទ្រ ក៏បានមកតុបតែងទីកន្លែងធ្វើចីវរឱ្យមានសោភ័ណភាព ផ្ទៃដីក៏ប្រែជាមានពណ៌ក្រហមឆ្អៅដូចជាលាបដោយល័ក្ខយ៉ាងនោះដែរ។

ក្រោយពីភិក្ខុទាំងឡាយឆាន់រួចហើយ យាគូ នំបុរាណ និងភត្តដែលនៅសេសសល់ ក៏មានគំនរយ៉ាងធំដូចជាភ្នំ។ ពួកភិក្ខុទាំងឡាយក៏ពោលទោសថា "តើត្រូវការយាគូជាដើមច្រើនយ៉ាងនេះធ្វើអ្វី ចំពោះភិក្ខុតែប៉ុណ្ណេះ? គួរតែប្រាប់ទៅញាតិ និងអ្នកឧបដ្ឋាកឱ្យដឹងប្រមាណថា គួរនាំមកតែប៉ុណ្ណេះបានហើយ ព្រះអនុរុទ្ធត្ថេរនេះ ប្រហែលជាចង់បង្អួតឱ្យគេដឹងថា លោកមានញាតិ និងអ្នកឧបដ្ឋាកច្រើនហើយមើលទៅ"។ គ្រានោះ ព្រះសាស្តាត្រាស់សួរថា "ម្នាលភិក្ខុទាំងឡាយ តើអ្នកទាំងឡាយកំពុងនិយាយពីរឿងអ្វី?" កាលដែលភិក្ខុទាំងឡាយក្រាបទូលរឿងនោះហើយ ព្រះអង្គក៏ត្រាស់សួរថា "ម្នាលភិក្ខុទាំងឡាយ តើអ្នកទាំងឡាយស្មានថា 'របស់ទាំងនេះ គឺអនុរុទ្ធៈឱ្យគេនាំមក' ឬ?" ភិក្ខុទាំងនោះតបថា "ព្រះករុណា ព្រះអង្គ"។

ព្រះអង្គត្រាស់ថា "ម្នាលភិក្ខុទាំងឡាយ មិនមែនដូច្នោះទេ អនុរុទ្ធជាបុត្ររបស់តថាគត មិនដែលពោលពាក្យយ៉ាងនោះឡើយ។ ពិតមែនហើយ ឈ្មោះថាព្រះខីណាសព រមែងមិនពោលនូវពាក្យដែលជាប់ជំពាក់នឹងបច្ច័យឡើយ ប៉ុន្តែបិណ្ឌបាតទាំងនេះ កើតឡើងដោយអានុភាពនៃទេវតាប៉ុណ្ណោះ"។ រួចព្រះអង្គក៏ភ្ជាប់សេចក្ដីអនុសន្ធិ កាលនឹងសម្ដែងធម៌ ក៏បានត្រាស់នូវព្រះគាថានេះថា៖

៩៣. យស្សាសវា បរិក្ខីណា,  អាហារេ ច អនិស្សិតោ;

សុញ្ញតោ អនិមិត្តោ ច,  វិមោក្ខោ យស្ស គោចរោ;

អាកាសេ វ សកុន្តានំ,  បទំ តស្ស ទុរន្នយំ។

ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និងអប្បណិហិតវិមោក្ខ ជាគោចរ ដំណើររបស់ ជននោះ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ។

អធិប្បាយសេចក្តីនៃគាថា

ពាក្យថា យស្សាសវា (ព្រះខីណាសពណា មានអាសវៈ...) សំដៅដល់បុគ្គលណាដែលបានកម្ចាត់បង់នូវអាសវធម៌ទាំង ៤ ឱ្យអស់រលីងហើយ។ ពាក្យថា អាហារេ ច អនិស្សិតោ (ជាអ្នកមិនអាស្រ័យក្នុងអាហារ) មានន័យថា ជាអ្នកមិនអាស្រ័យដោយតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ នៅក្នុងអាហារឡើយ។

ពាក្យថា បទំ តស្ស ទុរន្នយំ (ស្នាមជើង ឬដំណើររបស់លោក ក្រដឹងបានដោយកម្រ) សេចក្ដីអធិប្បាយគឺថា ដូចជាសត្វស្លាបទាំងឡាយដែលហើរទៅលើអាកាស គេមិនអាចដឹងបានឡើយថា "សត្វនេះជាន់ដើរដោយជើងត្រង់ទីនេះ ប៉ះដោយទ្រូងត្រង់ទីនេះ ប៉ះដោយក្បាលត្រង់ទីនេះ ឬប៉ះដោយស្លាបត្រង់ទីនេះ" យ៉ាងណាមិញ ចំពោះភិក្ខុដែលមានសភាពយ៉ាងនេះ ក៏មិនអាចបញ្ញត្តិស្នាមជើង (ដំណើរ) បានឡើយថា "លោកទៅកាន់ទីនេះដោយស្នាមជើងនៃនិរិយភព ឬទៅដោយស្នាមជើងនៃតិរច្ឆានយោនី" ជាដើមឡើយ គឺមិនអាចកំណត់សម្គាល់បានឡើយ។

ក្នុងពេលបញ្ចប់ការសម្ដែងធម៌ ជនទាំងឡាយជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។

រឿងព្រះអនុរុទ្ធត្ថេរ ទី ៤ ចប់។

Previous Post Next Post