ព្រះមោគ្គល្លានសួរថា) "ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង

 វិហារវិមាន ទី ៦

[៤៤] (ព្រះមោគ្គល្លានសួរថា) "ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង​​។ ... ដូចផ្កាយព្រឹក​​។ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយគួរស្តាប់ គួររីករាយនៃចិត្ត រមែងលាន់ឮអំពីអវយវៈតូចធំដោយសព្វគ្រប់​​។ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយមានក្លិនក្រអូបជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំដោយសព្វគ្រប់​​។ កាលនាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយព្ធដ៏ផ្នួងសក់ ក៏ឮសូរគឹកកង ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥​​។ គ្រឿងប្រដាប់ត្រចៀកត្រូវខ្យល់បក់មកប៉ះក៏កម្រើកដោយខ្យល់ ឮសូរគឹកកងដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥​​។ កម្រងផ្កាណាព្ធដ៏សិរ្សៈរបស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយនៃចិត្ត (ក្លិននៃផ្កាកម្រងនោះ) រមែងផ្សាយទៅសព្វទិស ដូចដើមឪឡោក​​។ នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូបដែលមិនមែនជារបស់មនុស្ស​​។ ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី?"

(ទេវតាឆ្លើយថា) "បពិត្រព្រះអនុរុទ្ធដ៏ចម្រើន (នាង វិសាខា) ជាសំឡាញ់របស់ខ្ញុំ បានឱ្យជាងធ្វើមហាវិហារទៀបក្រុងសាវត្ថី ឧទ្ទិសចំពោះព្រះសង្ឃ​​។ ខ្ញុំជ្រះថ្លារីករាយចំពោះវិហារនោះ​​។ ព្រោះឃើញនូវផ្ទះគឺវិហារជាទីស្រឡាញ់នេះ ទើបវិមានដែលខ្ញុំបានហើយ ដោយអនុមោទនាដ៏បរិសុទ្ធនោះឯង ជាវត្ថុអស្ចារ្យ គួររមិលមើល ក៏ខ្ពស់ទៅព្ធដ៏អាកាសអស់ ១៦ យោជន៍ជុំវិញ ដោយបុញ្ញឫទ្ធិនៃខ្ញុំ​​។ ផ្ទះកំពូលជាលំនៅរបស់ខ្ញុំ ដូចគេចែកដោយចំណែកស្មើគ្នា រុងរឿងភ្លឺទូទៅអស់ ១០០ យោជន៍ជុំវិញ​​។ ឯស្រះបោក្ខរណីទាំងឡាយរបស់ខ្ញុំក្នុងទីនេះ ដែលពួកត្រីទិព្វនៅអាស្រ័យហើយ មានទឹករងថ្លា ក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ធ្លូកដោយឈូកសទាំងឡាយ មានក្លិនក្រអូបជាទីគាប់ចិត្ត ដែលខ្យល់បក់ផ្សាយទៅ​​។ ដើមព្រីង ខ្នុរ ត្នោត ដូង ព្រៃ និងឈើផ្សេងៗ ទាំងឡាយដុះជិតលំនៅខាងក្នុង មិនបាច់ដាំឡើយ​​។ (វិមាននោះ) សឹងរងំដោយតូរ្យតន្ត្រីផ្សេងៗ គឹកកងដោយពួកស្រីអប្សរ​​។ ទោះជនណាឃើញខ្ញុំក្នុងការយល់សប្ដិ ជននោះឯងគង់ត្រេកអរ​​។ វិមានបែបនេះជាទីអស្ចារ្យ គួររមិលមើល ភ្លឺព្រោងព្រាតដោយសព្វគ្រប់ កើតឡើងដោយបុញ្ញកម្មទាំងឡាយរបស់ខ្ញុំ​​។ បុគ្គលធ្វើនូវបុណ្យទាំងឡាយ​​។"

(ព្រះអនុរុទ្ធត្ថេរសួរថា) "វិមានដែលនាងបានហើយ ដោយអនុមោទនាដ៏បរិសុទ្ធនោះឯង ជាទីអស្ចារ្យ គួររមិលមើល​​។ ម្យ៉ាងទៀត នារីណាបានឱ្យនូវទាន នាងចូរប្រាប់នូវគតិរបស់នារីនោះ តើទៅកើតក្នុងទីណា?"

(ទេវតាឆ្លើយថា) "បពិត្រលោកដ៏ចម្រើន ស្រីសំឡាញ់របស់ខ្ញុំណាបានឱ្យជាងធ្វើមហាវិហារដើម្បីសង្ឃ ស្រីសំឡាញ់នោះ (គឺនាងវិសាខា) ជាស្ត្រីមានធម៌ដឹងច្បាស់ បានឱ្យទានហើយ បានទៅកើតក្នុងទេវលោកជាន់និម្មានរតី បានជាបជាបតីនៃទេវរាជឈ្មោះ សុនិម្មិត​​។ លោកម្ចាស់សួររកនូវនារីណាថា នារីនោះទៅកើតក្នុងទីណា? ផលនៃកម្មរបស់នារីនោះមិនគប្បីគិតឡើយ​​។ បពិត្រលោកដ៏ចម្រើន ខ្ញុំបានដោះស្រាយតាមសេចក្ដីពិតមិនប្រែប្រួល​​។ ព្រោះហេតុនោះ លោកម្ចាស់ចូរបបួលពួកជនដទៃថា៖ 'អ្នកទាំងឡាយចូរត្រេកអរឱ្យទានចំពោះសង្ឃផង​​។ អ្នកទាំងឡាយចូរមានចិត្តជ្រះថ្លាស្តាប់ធម៌ផង​​។ ការបានអត្តភាពជាមនុស្សដែលគេកម្របានដោយងាយ អ្នកទាំងឡាយក៏បានហើយ​​។ ព្រះពុទ្ធមានសំឡេងដូចព្រហ្ម មានព្រះធម្មាដូចមាស ជាអធិបតីក្នុងផ្លូវ បានសម្ដែងនូវទានជាផ្លូវណា ទក្ខិណាទាន (ដែលបុគ្គលឱ្យហើយ) ចំពោះសង្ឃណា ជាទានមានផលច្រើន អ្នកទាំងឡាយចូរត្រេកអរឱ្យទានទាំងឡាយ (នោះ) ចំពោះសង្ឃ (នោះ) ចុះ​​។ បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូបាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័កនៃព្រះសុគត លោកគួរដល់ទក្ខិណាទាន​​។ ទានទាំងឡាយដែលបុគ្គលឱ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនុ៎ះជាទានមានផលច្រើន​​។ បុគ្គល ៤ ពួកតាំងនៅក្នុងមគ្គ បុគ្គល ៤ ពួកតាំងនៅក្នុងផល នេះឈ្មោះថាព្រះសង្ឃ​​។ លោកប្រតិបត្តិត្រង់ប្រកបដោយបញ្ញា និងសីល​​។ បុណ្យឱ្យផលក្នុងបច្ចុប្បន្ន ដែលពួកសត្វជាមនុស្សប្រាថ្នានូវបុណ្យកាលបូជាកាលធ្វើ បានឱ្យហើយចំពោះសង្ឃ ជាទានមានផលច្រើន​​។

ព្រោះថាព្រះសង្ឃនុ៎ះ ជាព្រះសង្ឃមានគុណធំទូលាយ​​។ ព្រះសង្ឃនុ៎ះ ដូចជាសាគរដែលទ្រទ្រង់នូវទឹក មានជម្រៅរាប់មិនបាន​​។ ពួកសាវ័កអ្នកមានសេចក្ដីព្យាយាមប្រសើរជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត ជាអ្នកធ្វើនូវពន្លឺគឺញាណ សម្ដែងនូវធម៌​​។ ពួកសត្វណាបានឱ្យទានឧទ្ទិសចំពោះព្រះសង្ឃ (ទាននោះ) ឈ្មោះថាពួកសត្វទាំងនោះបានឱ្យល្អហើយ បូជាតូចល្អហើយ បូជាធំល្អហើយ​​។ សង្ឃគតាទក្ខិណាទាននោះដែលបុគ្គលដំកល់ទុកល្អហើយ ជាទានមានផលច្រើន​​។ ដែលព្រះពុទ្ធទ្រង់ជ្រាបច្បាស់នូវលោក កាលរឭករឿយនូវបុណ្យប្រាកដដូច្នោះ រមែងកើតសេចក្ដីត្រេកអរ ត្រាច់រង្គាត់ទៅក្នុងលោក​​។ ជនទាំងនោះកំចាត់បង់នូវមន្ទិលគឺសេចក្ដីកំណាញ់ ព្រមទាំងឫស ជាអ្នកមិនមានគេតិះដៀល បានរមែងទៅកាន់ឋានសួគ៌​​។"

ចប់ វិហារវិមាន ទី ៦​​។

ចប់ ភាណវារៈ ទី ២​​។

Previous Post Next Post