#ការហៅខ្លួនឯងនៅលើលិខិតស្នាម
នៅពេលសាមីខ្លួន សរសេរលិខិតនានាផ្ញើថ្វាយឬប្រគេនឬក៏ជូន ឃើញថានៅមានការឆ្គាំឆ្គងក្នុងការហៅខ្លួនឯង ដូចជាការហៅខ្លួនឯង ពេលខ្លះមិនដឹងថា ប្រើ «ខ្ញុំព្រះករុណា, ទូលបង្គំ, ខ្ញុំករុណា…»ជាដើម ដោយមិនដឹងថា ប្រើនៅពេលណា ជាមួយនរណា រហូតពេលខ្លះ ដាក់ច្រឡំដោយអចេតនា ជាពិសេសលោកអ្នកដែលធ្វើកិច្ចការងារផ្នែករដ្ឋបាល និងអ្នកសារព័ត៌មានមួយចំនួន ដែលច្រើនតែមានការភ័ន្តច្រឡំ ដោយមិនបានព្រាងទុក។ ឥឡូវនេះ ខ្ញុំសូមលើកពីការហៅខ្លួនឯង នៅក្នុងការសរសេរលិខិតស្នាម ទៅតាមលំដាប់លំដោយដូចតទៅ៖
១. បុរសធ្វើថ្វាយព្រះរាជាអម្ចាស់ផែនដីឬព្រះអគ្គមហេសី : «ទូលព្រះបង្គំជាខ្ញុំ»
២. បុរសធ្វើថ្វាយព្រះរាជវង្សានុវង្ស៖
- ទ្រង់យសជាសម្ដេច: «ទូលព្រះបង្គំជាខ្ញុំ»
- ទីព្រះអង្គម្ចាស់: «ទូលបង្គំជាខ្ញុំ»
- ទីអ្នកអង្គម្ចាស់: «ទូលបង្គំ»
៣. ស្ត្រីធ្វើថ្វាយព្រះរាជាអម្ចាស់ផែនដីឬព្រះអគ្គមហេសី: «ខ្ញុំម្ចាស់»
៤. ស្ត្រីធ្វើថ្វាយព្រះរាជវង្សានុវង្សទ្រង់យសជាសម្ដេច, ទីព្រះអង្គម្ចាស់, ទីអ្នកអង្គម្ចាស់: «ខ្ញុំម្ចាស់»
៥. បព្វជិត, គ្រហស្ថ ធ្វើលិខិតថ្វាយសម្ដេចព្រះសង្ឃរាជ: «ទូលព្រះបង្គំជាខ្ញុំ»
៦. បព្វជិត, គ្រហស្ថ ធ្វើលិខិតថ្វាយសម្ដេចព្រះសង្ឃនាយក (ដែលពុំមានរាជបុព្វសិទ្ធ): «ខ្ញុំព្រះករុណា»
៧. គ្រហស្ថធ្វើលិខិតថ្វាយព្រះរាជាគណៈទីសម្ដេច: «ខ្ញុំព្រះករុណា»
៨. បព្វជិតខ្ចីវស្សាធ្វើទៅភិក្ខុចាស់វស្សាឬគ្រហស្ថធ្វើប្រគេនភិក្ខុទាំងពួង: «ខ្ញុំព្រះករុណា»
៩. បព្វជិតចាស់វស្សាធ្វើផ្ញើទៅភិក្ខុខ្ចីវស្សាឬវស្សាស្មើគ្នា: «ខ្ញុំករុណា»
១០. បព្វជិតធ្វើថ្វាយព្រះរាជាម្ចាស់ផែនដីឬព្រះអគ្គមហេសី: «អាត្មាភាព»
១១. បព្វជិតធ្វើថ្វាយព្រះរាជវង្សានុវង្សទ្រង់យសជាសម្ដេច, ទីព្រះអង្គម្ចាស់, ទីអ្នកអង្គម្ចាស់, មន្ត្រីដែលមានយសធំ, អភិបាលខេត្ត: «អាត្មាភាព»
១២. សិស្សមានបណ្ដាសក្តិឬសិស្សជាសាមញ្ញជនធ្វើទៅកាន់គ្រូជាបព្វជិត: «ខ្ញុំព្រះករុណា»
១៣. គ្រូជាបព្វជិតធ្វើទៅកាន់សិស្សជាគ្រហស្ថ(មានបណ្ដាសក្តិ; រាស្ត្រសាមញ្ញ): «អាត្មា»។
ខ្ញុំលើកឡើងមកនេះ យោងទៅតាមព្រះរាជនិពន្ធរបស់សម្ដេចព្រះរាជអយ្យកោ វរចក្ររណរិទ្ធិ និងឯកសាររបស់អ្នកឧកញ៉ាមហាមន្ត្រី ញឹក នូវ ចាងហ្វាងក្រុមព្រះរាជមន្ទីរ ព្រះបរមរាជវាំងចតុម្មុខមង្គល រាជធានីភ្នំពេញ។
✍🏻 ក្រុងសួង ថ្ងៃ១ ᧽ ᧠ គិម្ហរដូវ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ / 12-07-2026







