#ដង្ហើមចុងក្រោយ
នៅក្នុងព្រះពុទ្ធសាសនា ការកើតជាមនុស្សត្រូវបានចាត់ទុកថាជារឿងកម្រ និងពិបាកបំផុត ព្រោះវាជាឱកាសមាសសម្រាប់សាងកុសល និងស្វែងរកផ្លូវធម៌ទៅមុខ។
ព្រះពុទ្ធលោកសម្តែងថា
#មនុស្សត្តភាវោ_ទុល្លភោ
"ការបានកើតជាមនុស្សជារឿងក្រ"
សត្វទាំងឡាយក្នុងលោកនេះដែលកើតក្នុងនរក ប្រេត តិរច្ឆាន មានចំនួនច្រើនឥតគណនាដូចជាដីលើផែនដីដែរ។
តែសត្វដែលបានមកកើតជាមនុស្ស ឬទេវតា មានចំនួនតិចតួចដូចជាដីដែលជាប់នឹងចុងក្រចកដៃប៉ុណ្ណោះ។ ជីវិតដែលបានកើតមកជាមនុស្សគឺជាកុសលផលបុណ្យដ៏មហាសាល និងមានភាពកម្រយ៉ាងក្រៃលែង។
ការកើតមកជាមនុស្សដែលមានរូបរាងកាយ គ្រប់គ្រាន់ មានបញ្ញាស្មារតីល្អ ហើយបានជួបប្រទះនឹង ព្រះពុទ្ធសាសនា គឺជាឱកាសដ៏កម្របំផុត។
ដោយសារតែជីវិតមនុស្សកម្រ និងមានតម្លៃបែបនេះ ទើបមនុស្សគ្រប់រូបត្រូវប្រើប្រាស់ជីវិតនេះកសាងអំពើល្អ សន្សំកុសល និងអភិវឌ្ឍបញ្ញា ដើម្បីកុំឱ្យការកើតមកនេះបាត់បង់ទៅវិញដោយឥតប្រយោជន៍ ។
ពុទ្ធសាសនាចាត់ទុកការធ្វើអត្តឃាតថាជា #អកុសលកម្មដ៏ធ្ងន់ធ្ងរមួយ ព្រោះវាជាការបំផ្លាញជីវិតដែលកើតមកដោយកម្រ។
ពុទ្ធសាសនាឲ្យតម្លៃខ្លាំងលើ #ចិត្តចុងក្រោយ មុនពេលដាច់ខ្យល់។ មនុស្សដែលសម្រេចចិត្តសម្លាប់ខ្លួន គឺធ្វើឡើងដោយសារតែចិត្តពោរពេញដោយ៖
ទោសៈ៖ ក្រេវក្រោធ ថ្នាំងថ្នាក់ជាមួយនរណា តូចចិត្តនឹងវាសនា។
មោហៈ៖ ងងឹតងងល់ រកផ្លូវចេញមិនឃើញ។
សោកសៅខ្លាំង៖ ភាពអស់សង្ឃឹម និងទុក្ខវេទនាផ្លូវចិត្តជាទម្ងន់។
កាលណាមនុស្សជិតស្លាប់ មានចិត្តសៅហ្មង នោះវានឹងនាំវិញ្ញាណនោះទៅចាប់បដិសន្ធិក្នុង អបាយភូមិ (ភពនៃទុក្ខវេទនា) ភ្លាមៗ បន្ទាប់ពីស្លាប់ទៅ។
ក្នុងជំនឿខ្មែរបុរាណតែងនិយាយថា «អ្នកសម្លាប់ខ្លួនឯង ពេលកើតជាតិខាងមុខតែងតែមកសម្លាប់ខ្លួនឯងដដែលៗ»។
ចំពោះផ្លូវធម៌ កាលណាវិញ្ញាណនោះកើតមកជាតិក្រោយទៀត កម្មដែលសម្លាប់ខ្លួនតាមអន្ទោល ព្រោះចិត្តនោះបានពាំនាំក្តីទោមនស្សមកជាមួយ នៅពេលជួបវិបត្តិប្រហាក់ប្រហែលគ្នា ចិត្តនោះងាយនឹងមាននិន្នាការចង់សម្លាប់ខ្លួនឯងម្តងទៀត។ ដូច្នេះការសម្លាប់ខ្លួនមិនមែនជាការបញ្ចប់ទុក្ខនោះទេ វាគ្រាន់តែជាការ "រត់គេចពីទុក្ខចាស់ ទៅបង្កើតទុក្ខថ្មីដែលធ្ងន់ធ្ងរជាងមុន"តែប៉ុណ្ណោះ ព្រោះត្រូវទៅរងទុក្ខក្នុងវដ្តសង្សាបន្តទៀត ។
********************
ឱវាទចំពោះក្មួយៗ ជីវិតយើងម្នាក់ៗកើតមករហូតធំធាត់មកទល់បច្ចុប្បន្ន ឪពុកម្តាយយើងបានលះបង់ច្រើនណាស់ដើម្បីចិញ្ចឹមយើង រីឯយើងខ្លួនឯងទៀតក៏បានឆ្លងកាត់ការលូតលាស់អស់វេលាដ៏យូរមកដែរ ជីវិតវាជាការតស៑ូ បើការស្លាប់របស់យើងដើម្បីបុព្វហេតុជាតិ វាពិតជាមានកិត្តិយសដែលវីរភាពនេះត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តជាតិ បើស្លាប់ដោយជំងឺឬដោយគ្រោះថ្នាក់វាជាផលកម្មយើងម្នាក់ៗពីអតីតជាតិ។ ប៉ុន្តែការស្លាប់ដោយសម្លាប់ខ្លួនដោយគ្រាន់តែខកចិត្តរឿងស្នេហា ឬតូចចិត្តអ្វីមួយ វាជារឿងអាម៉ាស។
មនុស្សកើតមកតែងមានទុក្ខ មិនថាអ្នកក្រ អ្នកមាន គ្រាន់តែរូបភាពផ្សេងៗគ្នា គ្មាននរណាប្រាប់នរណា ព្យាយាមដោះស្រាយផ្លូវចេញតាមមធ្យោបាយរៀងខ្លួន ការរលាស់ខ្លួនចេញបានពីបញ្ហានានាក្នុងជីវិតវាបានផ្តល់បទពិសោធន៍ថ្មីៗសម្រាប់ពង្រឹងដំណើរជីវិតយើងទៅមុខទៀត។
ប៉ុន្តែការជ្រើសយកវិធីសម្លាប់ខ្លួនដើម្បីដោះស្រាយបញ្ហាគឺជាវិធីដ៏កំសាកដែលគ្មានអ្នកកោតសរសើរឡើយ។
