ភាគទី៥ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតនៃការជជែកវែកញែករវាងព្រះសង្ឃពុទ្ធសាសនា និងគ្រូគង្វាល់គ្រិស្តសាសនានៅស្រីលង្កា គឺ «ការជជែកវែកញែកនៅបានទុរៈ» ដែលបានប្រព្រឹត្តទៅនៅឆ្នាំ ១៨៧៣។

 «ភាគទី៥»


 លោកគ្រូគង្វាល ដេវីដ ដឺ ស៊ីលវ៉ា បានលើកឡើងថា ពិភពលោក និងជីវិតមិនអាចកើតឡើងដោយឯកឯងបានទេ។ ត្រូវតែមាន «ព្រះអាទិទេព» ដែលជាអ្នកបង្កើតដ៏មានមហិទ្ធិឫទ្ធិ ព្រះអង្គមានសេចក្តីស្រឡាញ់ និងផ្តល់ដង្ហើមជីវិតដល់មនុស្ស។ ភាគីគ្រីស្តបានរិះគន់ពុទ្ធសាសនាថា ជាសាសនាអត់ព្រះ ដែលធ្វើឱ្យមនុស្សវង្វេង គ្មានទីពឹងផ្អែកខាងវិញ្ញាណ។


 ព្រះភិក្ខុ គុណានន្ទ បានប្រើតក្កវិជ្ជាវាយបកទៅលើគម្ពីរលោកុប្បត្តិ ដោយចោទសួរថា៖ «បើព្រះជាម្ចាស់បង្កើតលោកដោយក្តីស្រឡាញ់ និងដឹងសព្វគ្រប់ ហេតុអ្វីបានជាព្រះអង្គបង្កើតឱ្យមានសត្វសាហាវ រោគភ័យ មនុស្សពិការ និងទុក្ខវេទនា? បើព្រះដឹងមុនថា មនុស្សនឹងធ្វើបាប ហេតុអ្វីក៏នៅតែបង្កើតពួកគេមក ហើយដាក់ទោសពួកគេទៅវិញ?» ព្រះអង្គបានពន្យល់ថា ពិភពលោកកើតឡើងដោយសារច្បាប់ធម្មជាតិ និងហេតុបច្ច័យ (បដិច្ចសមុប្បាទ) មិនមែនដោយសារចិត្តចង់របស់អាទិទេពអង្គណានោះឡើយ។


ភាគីគ្រីស្តបានវាយប្រហារលើទ្រឹស្តី «កម្មផល» និង «ការចាប់ជាតិ» របស់ពុទ្ធសាសនា ដោយលើកឡើងថា វាជាការបង្រៀនដែលគ្មានយុត្តិធម៌ និងគ្មានភស្តុតាង។ ពួកគេសួរថា បើមនុស្សម្នាក់មិនចាំសោះថាជាតិមុនខ្លួនបានធ្វើអ្វីខ្លះ ហេតុអ្វីបានជាជាតិព្រះត្រូវមកទទួលរងទុក្ខវេទនាដោយសារទង្វើដែលខ្លួនមិនដឹង? នេះជាការដាក់ទោសដោយអយុត្តិធម៌បំផុត។


 ព្រះភិក្ខុ គុណានន្ទ បានឆ្លើយតបដោយប្រើឧទាហរណ៍បែបវិទ្យាសាស្ត្រ និងតក្កវិជ្ជាថា៖ «ក្មេងតូចម្នាក់ដែលលួចលេងភ្លើង ក៏ត្រូវភ្លើងរលាកដៃដែរ ទោះបីជាក្មេងនោះមិនទាន់មានចំណេះដឹងយល់ថាភ្លើងក្តៅក៏ដោយ»។ ច្បាប់កម្មផលគឺជាច្បាប់ធម្មជាតិ (សកម្មភាព និងផលវិបាក) វាមិនខ្វល់ថាមនុស្សម្នាក់ចាំ ឬមិនចាំនោះទេ។ ព្រះអង្គបានវាយបកទៅវិញថា ប្រព័ន្ធជំនឿគ្រីស្តដែលថា មនុស្សកើតមកមានវាសនាខុសគ្នា (ខ្លះអ្នកមាន ខ្លះអ្នកក្រ ខ្លះពិការ) ទៅតាម «ព្រះហឫទ័យរបស់ព្រះ» ទៅវិញទេ ដែលជាប្រព័ន្ធអយុត្តិធម៌ និងរកហេតុផលមិនឃើញ។


ភាគីគ្រីស្តបានពន្យល់ថា មនុស្សម្នាក់ៗមាន «ព្រលឹងអមតៈ» ដែលព្រះជាម្ចាស់បានប្រទានឱ្យ។ នៅពេលស្លាប់ទៅ រូបកាយនឹងរលាយ តែព្រលឹងនេះនឹងត្រូវទៅទទួលការកាត់ក្តីពីព្រះ ដើម្បីទៅស្ថានសួគ៌ ឬនរកជារៀងរហូត។ ពួកគេបានចោទពុទ្ធសាសនាថា ការបង្រៀនរឿង «អនត្តា» (គ្មានព្រលឹងពិតប្រាកដ) ធ្វើឱ្យមនុស្សបាត់បង់តម្លៃ និងគ្មានគោលដៅជីវិតច្បាស់លាស់។


  ព្រះភិក្ខុ គុណានន្ទ បានយកទ្រឹស្តី «អនត្តា» និង «ខន្ធ៥» មកពន្យល់យ៉ាងស៊ីជម្រៅ។ ព្រះអង្គបានបញ្ជាក់ថា អ្វីដែលយើងហៅថា "ខ្លួនយើង" ឬ "ព្រលឹង" នោះ ពិតពុំមានសភាវៈរឹងប៉ឹងអចិន្ត្រៃយ៍ណាមួយឡើយ វាគ្រាន់តែជាការប្រជុំគ្នានៃរូបធាតុកាយ និងវិញ្ញាណដែលប្រែប្រួលគ្រប់វិនាទី (អនិច្ចំ)។ ព្រះអង្គបានចោទសួរដេញដោលថា បើព្រលឹងរបស់គ្រីស្តជាវិញ្ញាណបរិសុទ្ធដែលព្រះប្រទានឱ្យ ហេតុអ្វីបានជាព្រលឹងនោះងាយនឹងធ្លាក់ក្នុងអំពើបាប និងកិលេសខ្លាំងម៉្លេះ?


ភាគីគ្រីស្តបានលើកឡើងថា មនុស្សទាំងអស់សុទ្ធតែមាន «បាបកម្មជាប់ខ្លួនពីកំណើត» ដោយសារការធ្លាក់ចុះនៃបុព្វបុរសអ័ដាំ និងអេវ៉ា។ មនុស្សមិនអាចសង្គ្រោះខ្លួនឯងបានទេ គឺមានតែការជឿលើ «ព្រះយេស៊ូវគ្រីស្ត» ដែលបានលះបង់ព្រះជន្មលើឈើឆ្កាងដើម្បីលោះបាប ទើបអាចទទួលបានសេចក្តីសង្គ្រោះទៅស្ថានសួគ៌។ ពួកគេបានរិះគន់ «ព្រះនិព្វាន» របស់ពុទ្ធសាសនាថា ជាការរលត់សូន្យឈឹង គ្មានសល់អ្វីទាំងអស់ ដែលមើលទៅដូចជាការបំផ្លាញខ្លួនឯងជាជាងសេចក្តីសង្គ្រោះ។


 ព្រះភិក្ខុ គុណានន្ទ បានបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតដែលថា «មនុស្សត្រូវទទួលបាបពីអ្នកដទៃទាំងដែលខ្លួនមិនបានធ្វើ»។ ព្រះអង្គលើកឡើងថា នៅក្នុងពុទ្ធសាសនា មនុស្សគឺជាម្ចាស់នៃវាសនារបស់ខ្លួន (ខ្លួនទីពឹងខ្លួន) គ្មាននរណាម្នាក់អាចលាងបាប ឬសង្គ្រោះអ្នកដទៃបានឡើយ។ ចំពោះព្រះនិព្វាន ព្រះអង្គបានពន្យល់ថា មិនមែនជាការរលត់បាត់រូបកាយបែបសូន្យទទេនោះទេ ប៉ុន្តែវាជា «ការរលត់ទៅនៃភ្លើងទុក្ខ ភ្លើងលោភៈ ទោសៈ មោហៈ» ដែលជាសេរីភាព និងសន្តិភាពដ៏ឧត្តុង្គឧត្តមបំផុត ដែលមនុស្សអាចសម្រេចបានដោយការអនុវត្តផ្ទាល់ខ្លួន មិនមែនដោយសារការសុំសីលបាចទឹកពីអាទិទេពណាមួយឡើយ។


លោកគ្រូគង្វាល ដឺ ស៊ីលវ៉ា បានលើកឡើងថា ព្រះពុទ្ធមិនមែនជាអ្នកសង្គ្រោះពិតប្រាកដទេ ព្រោះព្រះអង្គគ្រាន់តែជាមនុស្សធម្មតាម្នាក់ ដែលបានស្លាប់ (ចូលបរិនិព្វាន) និងរលាយបាត់ទៅហើយ មិនអាចមកជួយសង្គ្រោះ ឬស្តាប់ពាក្យអធិស្ឋានរបស់សត្វលោកបានទៀតឡើយ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ព្រះអង្គនៅមានព្រះជន្ម និងមានអំណាចជួយសង្គ្រោះមនុស្សគ្រប់ពេលវេលា។


ព្រះភិក្ខុ គុណានន្ទ បានបកស្រាយថា នេះហើយជាចំណុចខ្លាំងរបស់ព្រះពុទ្ធសាសនា។ ព្រះពុទ្ធមិនដែលប្រកាសខ្លួនថាជាអាទិទេព ឬជាអ្នកលាងបាបឱ្យនរណាឡើយ ព្រះអង្គជា «ព្រះបរមគ្រូ» ដែលរកឃើញផ្លូវរួចផុតពីទុក្ខ ហើយបង្ហាញផ្លូវនោះដល់មនុស្សជាតិ (អក្ខាតារោ តថាគតា - តថាគតគ្រាន់តែជាអ្នកចង្អុលផ្លូវ)។ ព្រះអង្គបានវាយបកទៅវិញដោយដកស្រង់ខគម្ពីរគ្រីស្តត្រង់ឈុតដែលព្រះយេស៊ូវត្រូវគេឆ្កាង ហើយស្រែកថា «ព្រះជាម្ចាស់នៃទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» រួចព្រះភិក្ខុចោទសួរថា៖ «បើទោះជាខ្លួនឯង ក៏មិនអាចសង្គ្រោះខ្លួនឯងបានផង តើព្រះអង្គអាចសង្គ្រោះមនុស្សលោកទាំងមូលដោយរបៀបណា?»


 ភាគីគ្រីស្តបានរិះគន់វិន័យសាសនារបស់ព្រះសង្ឃ និងពុទ្ធសាសនិកជុំវិញរឿង «សីលមិនសម្លាប់សត្វ (បាណាតិបាត)»។ ពួកគេបានចោទសួរថា បើការសម្លាប់សត្វជាបាប ហេតុអ្វីបានជាព្រះពុទ្ធអនុញ្ញាតឱ្យព្រះសង្ឃឆាន់សាច់សត្វដែលគេធ្វើថ្វាយ (ត្រីមំសៈបីយ៉ាងដែលបរិសុទ្ធ)? នេះសបញ្ជាក់ពីភាពមិនស៊ីសង្វាក់គ្នានៃវិន័យពុទ្ធសាសនា។


 ព្រះភិក្ខុ គុណានន្ទ បានពន្យល់ពីភាពខុសគ្នារវាង «ការសម្លាប់» និង «ការបរិភោគ» យ៉ាងច្បាស់ៗថា បាបកម្មស្ថិតនៅលើ ចេតនា នៃការសម្លាប់។ បើមិនបានសម្លាប់ខ្លួនឯង មិនបានបញ្ជាឱ្យគេសម្លាប់ និងមិនបានដឹងថាសត្វនោះត្រូវបានសម្លាប់ចំពោះចោទខ្លួន ការបរិភោគនោះមិនបង្កើតជាបាបកម្មឡើយ។ រួចព្រះអង្គបានបង្វែរមកដេញដោលគម្ពីរគ្រីស្តវិញថា នៅក្នុងគម្ពីរសញ្ញាចាស់ព្រះជាម្ចាស់បានបង្គាប់ឱ្យមនុស្សសម្លាប់សត្វធ្វើជាយញ្ញបូជាបង្ហូរឈាមដើម្បីបូជាថ្វាយព្រះអង្គ ដែលនេះបង្ហាញពីភាពសាហាវយង់ឃ្នងទៅលើសត្វលោកដែលមានជីវិតដូចគ្នា។

Previous Post Next Post