«ភាគទី៨»
លោកគ្រូគង្វាល ដឺ ស៊ីលវ៉ា បានលើកឡើងថា មានតែទ្រឹស្តីព្រះអាទិទេពបង្កើតលោកប៉ុណ្ណោះ ទើបអាចពន្យល់ពីភាពអស្ចារ្យនៃជីវិតបាន។ លោកបានចោទសួរថា ប្រសិនបើគ្មានព្រះជាម្ចាស់ផ្លុំខ្យល់ដង្ហើមជីវិតចូលទៅក្នុងរូបកាយដំបូងទេ តើរូបធាតុដែលគ្មានវិញ្ញាណអាចប្រែមកជាមានជីវិត រំកិលខ្លួន និងមានវិញ្ញាណដឹងខុសត្រូវដោយរបៀបណា? លោករិះគន់ពុទ្ធសាសនាថា ការនិយាយពីរឿងធាតុដី ទឹក ភ្លើង ខ្យល់ រួមផ្សំគ្នាបង្កើតជាជីវិត គឺជាការគិតបែបវត្ថុនិយមដែលខ្វះភាពពិសិដ្ឋ។
ព្រះភិក្ខុ គុណានន្ទ បានតតាំងដោយពន្យល់ពីទ្រឹស្តី «នាមនិងរូប» ។ ព្រះអង្គបញ្ជាក់ថា ជីវិតកើតឡើងដោយសារហេតុបច្ច័យរវាងរូបធាតុកាយ និងថាមពលវិញ្ញាណ (បដិសន្ធិចិត្ត) ដែលរុញច្រានដោយកម្លាំងកម្ម។ ព្រះអង្គបានវាយបកទៅវិញថា ការអះអាងថារាល់ជីវិតទាំងអស់ត្រូវបានបង្កើតដោយដៃព្រះ បង្កើតជាសំណួរវិទ្យាសាស្ត្រដ៏ធំមួយ៖ «ចុះបើព្រះជាអ្នកបង្កើតកោសិកា និងជីវិតគ្រប់រូប ហេតុអ្វីបានជាព្រះអង្គបង្កើតឱ្យមានមេរោគ ជម្ងឺឆ្លង និងព្រូនសាហាវៗនៅក្នុងពោះវៀនមនុស្ស ដែលចាំតែបំផ្លាញជីវិតមនុស្សលោកទៅវិញ? តើព្រះជាម្ចាស់ចង់បង្កើតវាដើម្បីធ្វើបាបមនុស្សដែលព្រះអង្គស្រឡាញ់មែនដែរឬទេ?»
ភាគីគ្រីស្តបានព្យាយាមវាយប្រហារលើសកម្មភាពសង្គមរបស់ពុទ្ធសាសនា ដោយលើកឡើងថា ក្រុមអ្នកផ្សព្វផ្សាយសាសនាគ្រីស្តបានសាងសង់មន្ទីរពេទ្យ សាលារៀន និងមណ្ឌលកុមារកំព្រាពាសពេញស្រីលង្កា ដើម្បីជួយអ្នកក្រីក្រ។ ពួកគេបានចោទថា ព្រះសង្ឃពុទ្ធសាសនាភាគច្រើនគិតតែពីការសូត្រធម៌ និងស្វែងរកការរួចខ្លួនផ្ទាល់ខ្លួន (ធម៌ឯកជន) ដោយមិនសូវឃើញមានការបង្កើតស្ថាប័នមនុស្សធម៌ធំៗដើម្បីជួយសង្គ្រោះសង្គមដូចភាគីគ្រីស្តឡើយ។
ព្រះភិក្ខុ គុណានន្ទ បានបកស្រាយយ៉ាងមុតមាំថា ការធ្វើទាន និងចិត្តមេត្តាករុណាគឺជាបេះដូងនៃពុទ្ធសាសនា (ទានបារមី)។ ប្រជាជនស្រីលង្កាបានចែករំលែក និងមើលថែគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធគ្រួសារ និងសហគមន៍វត្តអារាមជាច្រើនសតវត្សរ៍មកហើយ ដោយមិនចាំបាច់បង្កើតជាស្ថាប័នដើម្បីផ្សាយពាណិជ្ជកម្មសាសនានោះទេ។ ព្រះអង្គបានវាយបកចំៗទៅលើចេតនានៃមនុស្សធម៌របស់ភាគីគ្រីស្តនាសម័យនោះថា៖ «ការជួយសង្គ្រោះរបស់អ្នកក្រីក្រ និងការផ្តល់ការអប់រំរបស់ក្រុមអ្នកផ្សព្វផ្សាយសាសនា ជារឿយៗតែងតែភ្ជាប់មកជាមួយលក្ខខណ្ឌបង្ខំឱ្យពួកគេប្តូរជំនឿសាសនា និងបោះបង់វប្បធម៌ដូនតាខ្លួនឯង។ តើនេះជាសេចក្តីសប្បុរសពិតប្រាកដ ឬជាការទិញដូរជំនឿដោយប្រើប្រាស់ភាពក្រីក្ររបស់ប្រជាជន?»
ព្រះភិក្ខុ គុណានន្ទ បានលើកឡើងថា ពុទ្ធសាសនាឈរលើ «សច្ចធម៌ដែលអាចពិសោធន៍បាន» (ឯហិបស្សិកោ - មកមើលចុះ ពិសោធន៍ចុះ)។ ព្រះពុទ្ធបង្រៀនឱ្យមនុស្សពិនិត្យមើលចិត្ត និងឥរិយាបថខ្លួនឯង បើធ្វើល្អបានចិត្តស្ងប់ភ្លាមៗក្នុងជាតិហ្នឹង មិនបាច់រង់ចាំដល់ស្លាប់ទៅទើបដឹងលទ្ធផលនោះទេ។ ព្រះអង្គបានដេញដោលភាគីគ្រីស្តថា ទ្រឹស្តីរឿងការឡើងទៅស្ថានសួគ៌ ឬធ្លាក់នរកអស់កល្បរបស់គ្រីស្ត គ្មាននរណាម្នាក់អាចត្រឡប់មកបញ្ជាក់ ឬពិសោធន៍ឱ្យឃើញជាភស្តុតាងបានឡើយ គឺត្រូវបង្ខំចិត្តជឿតែម្យ៉ាង។
លោកគ្រូគង្វាល ដឺ ស៊ីលវ៉ា បានលើកឡើងពីភាពពិសិដ្ឋនៃ «ពិធីជ្រមុជទឹក»ថាជាសញ្ញាខ័ណ្ឌនៃការលាងជម្រះអំពើបាបដើម និងជាការចាប់កំណើតជាថ្មីខាងវិញ្ញាណនៅក្នុងព្រះគ្រីស្ត ដែលធ្វើឱ្យមនុស្សទទួលបានព្រះគុណ និងវិញ្ញាណបរិសុទ្ធមកគង់នៅជាមួយ។ លោករិះគន់ពុទ្ធសាសនាថា វិធីសាស្ត្រអង្គុយធ្វើសមាធិធ្មេចភ្នែក មើលដង្ហើមចេញចូល (អានាបានសតិ) គឺជាការចំណាយពេលទទេៗ មិនអាចជួយលាងបាបកម្មដែលធ្លាប់ធ្វើរួចហើយបានឡើយ។
ព្រះភិក្ខុ គុណានន្ទ បានតតាំងយ៉ាងខ្លាំងក្លាថា ទឹកធម្មជាតិអាចលាងជម្រះបានតែភាពកខ្វក់នៃរូបកាយខាងក្រៅប៉ុណ្ណោះ មិនអាចទៅលាងជម្រះស្នាមប្រឡាក់នៃកិលេស លោភៈ ទោសៈ មោហៈ នៅក្នុងចិត្តគំនិតមនុស្សបានឡើយ។ ព្រះអង្គពន្យល់ថា នៅក្នុងពុទ្ធសាសនា ចិត្តជាប្រធាន (មនោបុព្វង្គមា ធម្មា...) បើចិត្តអាក្រក់ ទង្វើក៏អាក្រក់ ដូច្នេះមានតែ «ការអភិវឌ្ឍចិត្ត និងការចំរើនសតិបញ្ញា» (ភាវនា) ប៉ុណ្ណោះ ទើបជាការជម្រះកិលេស និងជាការកែប្រែចរិតលក្ខណៈមនុស្សពីខាងក្នុងពិតប្រាកដ។ ព្រះអង្គបានចោទសួរដេញដោលបកទៅវិញថា៖ «បើការជ្រមុជទឹកអាចលាងបាប និងធ្វើឱ្យមនុស្សបរិសុទ្ធពិតមែន ហេតុអ្វីបានជាមនុស្សដែលឆ្លងកាត់ពិធីជ្រមុជទឹកហើយជាច្រើននាក់ នៅតែបន្តធ្វើអំពើអាក្រក់ លួចប្លន់ កុហក និងប្រព្រឹត្តខុសក្នុងកាមដដែល? តើទឹកនោះមិនមានប្រសិទ្ធភាព ឬមួយក៏ពិធីនោះគ្រាន់តែជាទម្រង់ខាងក្រៅ?»
ភាគីគ្រីស្តបានលើកឡើងថា ការជឿលើអត្ថិភាពនៃ «ខ្លួនយើង»ដែលបង្កើតឡើងដោយព្រះ គឺជាមូលដ្ឋានគ្រឹះនៃក្តីសង្ឃឹម និងការស្រឡាញ់ខ្លួនឯងក្នុងន័យស្ថាបនា។ ពួកគេចោទថា ការដែលពុទ្ធសាសនាបង្រៀនថា គ្មានខ្លួនប្រាណពិតប្រាកដ (អនត្តា) នឹងធ្វើឱ្យមនុស្សធ្លាក់ក្នុងភាពទន់ជ្រាយ មិនចង់កសាងអនាគត និងនាំឱ្យកើតជំងឺបាក់ទឹកចិត្ត ឬយល់ថាជីវិតគ្មានន័យ ។
ព្រះភិក្ខុ គុណានន្ទ បានពន្យល់បំភ្លឺយ៉ាងស៊ីជម្រៅថា ការយល់ខុសថាមាន «ខ្លួនយើង» អចិន្ត្រៃយ៍ (អត្តទិដ្ឋិ) ទៅវិញទេ ដែលជាប្រភពដើមនៃក្តីទុក្ខ ការប្រកាន់បក្សពួក ភាពមានះ និងសេចក្តីលោភលន់ចង់បានមកធ្វើជារបស់ខ្លួន។ នៅពេលមនុស្សយល់ច្បាស់ពីសច្ចធម៌នៃ «អនត្តា» ថាគ្រប់យ៉ាងកើតឡើង បម្រែបម្រួល និងរលាយទៅវិញតាមហេតុបច្ច័យ ពួកគេនឹងលះបង់នូវការប្រកាន់មាំ មិនតក់ស្លុតចំពោះការប្រែប្រួលនៃជីវិត (លោករធម៌) និងបង្កើតឱ្យមានចិត្តមេត្តាដ៏ទូលំទូលាយចំពោះអ្នកដទៃ ព្រោះយល់ថាគ្រប់ដង្ហើមជីវិតសុទ្ធតែមានចំណែកផ្សារភ្ជាប់គ្នា មិនមែនរស់នៅដើម្បីតែភាពអាត្មានិយមនោះឡើយ។
