រឿងកង្កែបស្តាប់ធម៌
បានឮថា កាលព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដល់អ្នកនគរចម្បា នៅត្រង់មាត់ច្រាំងស្រះបោក្ខរណី ឈ្មោះគគ្គរា មានកង្កែបមួយ បានកាន់យកនិមិត្តក្នុងព្រះសូរសៀងរបស់ព្រះមានព្រះភាគ (ដែលកំពុងទ្រង់សម្តែងធម៌)។ (ខណៈនោះ) មានអ្នកចិញ្ចឹមគោម្នាក់ កាលនឹងឈរច្រត់ឈើច្រត់ បាន(ឈរ) សង្កត់ចុះត្រង់ក្បាលកង្កែបនោះ។ កង្កែបនោះ ក៏ស្លាប់ក្នុងវេលានោះឯង ហើយកើតក្នុងវិមានមាសប្រមាណ ១២ យោជន៍ ក្នុងភពតាវត្តង្ស ដូចដេកលក់ហើយភ្ញាក់ឡើងដូច្នោះ។
ក្នុងភពតាវត្តិង្សនោះ មណ្ឌូកទេវបុត្រ ឃើញខ្លួនឯង ដែលពួកស្រីអប្សរចោមរោមហើយ ពិចារណាថា ឱយើង មកកើតក្នុងទីនេះ បានធ្វើកម្មអ្វីហ្ន៎ ? ក៏មិនបានឃើញកម្មអ្វីៗ យ៉ាងដទៃ ក្រៅពីការកាន់យកនិមិត្តក្នុងព្រះសូរសៀង របស់ព្រះមានព្រះភាគ (ប៉ុណ្ណោះ)។ មណ្ឌូកទេវបុត្រ ទើបមកព្រមទាំងវិមានក្នុងវេលានោះឯង ហើយថ្វាយបង្គំព្រះយុគលបាទ របស់ព្រះមានព្រះភាគ ដោយសិរសា។ ព្រះមានព្រះភាគ ទាំងដែលទ្រង់ជ្រាប (តែ) ត្រាស់សួរថា អ្នកណាហ្ន៎រុងរឿងដោយឫទ្ធិ ដោយយស មានសម្បុរដ៏ល្អ ញ៉ាំងទិសទាំងពួងឱ្យភ្លឺ កំពុងថ្វាយបង្គំ បាទានៃតថាគត ។
(មណ្ឌុកទេវបុត្រក្រាបទូលថា) ក្នុងកាលមុន ខ្ញុំព្រះអង្គជាកង្កែប នៅក្នុងទឹក មានវារិជាតិជាអាហារ កាលខ្ញុំព្រះអង្គ កំពុងតែស្តាប់ធម៌របស់ព្រះអង្គ នាយគោបាល បានសម្លាប់ខ្ញុំ ។
ព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដល់មណ្ឌកទេវបុត្រ នោះហើយ។ សត្វចំនួនប្រាំបីម៉ឺនបួនពាន់ បានសម្រេចធម៌។ ចំណែកទេវបុត្រ ក៏តាំងនៅក្នុងព្រះសោតាបត្តិផល បានធ្វើការញញឹមហើយក៏ជៀសទៅ៕៚
📚(ព្រះពុទ្ធរតនៈ ទំព័រ ៤១-៤៣)🙏
#រូបថត #ព្រះធម៌អប់រំចិត្ត #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះអង្គវនវាសី #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #គំនូរបុរាណ
ព្រះសង្ឃសាវក ព្រះមានព្រះភាគ អ្នកតាមដាន







