មួយឆ្នាំកន្លងផុតទៅ តែស្នាមរបួសនៃការឈឺចាប់នៅតែកប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងខ្មែរគ្រប់រូប

 «មួយឆ្នាំកន្លងផុតទៅ តែស្នាមរបួសនៃការឈឺចាប់នៅតែកប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងខ្មែរគ្រប់រូប»


មកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺគម្រប់មួយឆ្នាំគត់ ចាប់តាំងពីថៃបានបើកការឈ្លានពានមកលើទឹកដីកម្ពុជា និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ពេលវេលាមួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែស្នាមរបួសនៃការឈឺចាប់និងកំហឹងនៅតែចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងកូនខ្មែរគ្រប់រូប។ 


នោះគឺជាការឈឺចាប់ដែលកើតចេញពីការរំលោភបំពានលើទឹកដីខ្មែរ ការបាញ់ប្រហារលើកងទ័ព នគរបាល និងប្រជាពលរដ្ឋស៊ីវិល ការរាំងខ្ទប់មិនឱ្យប្រជាពលរដ្ឋចូលទៅប្រកបរបរនៅតាមស្រែចម្ការ ការលួចប្លន់ទ្រព្យសម្បត្តិ ការកម្ទេចនិងដុតបំផ្លាញផ្ទះសម្បែង ការកាត់ផ្តាច់ផ្លូវថ្នល់និងស្ពាន ព្រមទាំងការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាមនិងសាលារៀន។ អ្វីដែលគួរឱ្យឈឺចាប់ជាងនេះទៅទៀតនោះ គឺប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏ពិសិដ្ឋរបស់ដូនតាខ្មែរ ក៏ត្រូវរងការខូចខាត និងត្រូវបានដណ្ដើមយកទៅអះអាងជាកម្មសិទ្ធិរបស់ពួកគេផងដែរ។


អ្វីដែលខ្លោចផ្សាបំផុតនោះ គឺប្រជាពលរដ្ឋស៊ីវិលរាប់ពាន់គ្រួសារ និងមនុស្សរាប់ម៉ឺននាក់ត្រូវបាត់បង់ទីជម្រក។ រហូតមកដល់ពេលនេះ ពួកគេជាច្រើននៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងស្រុកកំណើតរបស់ខ្លួនវិញបាននៅឡើយ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរជាងកន្លះលាននាក់ដែលបានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមឈ្លានពាននេះ កំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត ភាពបាក់ស្បាត និងការរស់នៅក្នុងភាពភ័យខ្លាចជាប្រចាំ។ 


ការរំឭកខួបគម្រប់មួយឆ្នាំនៃសង្គ្រាមឈ្លានពាននេះ មិនត្រឹមតែជាការដាស់ស្មារតីជាតិរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់យើងទាំងអស់គ្នាធ្វើតុល្យការ វាយតម្លៃភាពខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន ព្រមទាំងទាញយកមេរៀនជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ ប្រវត្តិសាស្ត្រមិនមែនជាឃ្លាំងសម្រាប់រក្សាទុកការឈឺចាប់និងគំនុំសងសឹកនោះទេ ប៉ុន្តែជាសាលារៀនសម្រាប់បង្រៀនមនុស្សជំនាន់ក្រោយឱ្យចេះដកស្រង់មេរៀនពីអតីតកាល ដើម្បីកុំឱ្យកំហុស និងសោកនាដកម្មដដែលៗកើតឡើងម្តងទៀត។


ចាប់តាំងពីការកកើតនៃរដ្ឋសៀមនៅអំឡុងសតវត្សរ៍ទី១៣ ដែលក្រោយមកបានក្លាយជាប្រទេសថៃ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញពីការពង្រីកអំណាចនិងមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរជាបន្តបន្ទាប់។ លើសពីនេះ បញ្ហាព្រំដែននិងទឹកដីខ្មែរក៏ត្រូវបានក្រុមអ្នកនយោបាយ និងយោធាថៃមួយចំនួនយកមកប្រើជាចំណាប់ខ្មាំងនៃវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួនផងដែរ។ 


បើពិនិត្យតាមប្រវត្តិសាស្ត្រនិងដំណើរវិវត្តនៃនយោបាយថៃ ភាពតានតឹងនិងជម្លោះព្រំដែនជាមួយកម្ពុជាមិនមែនកើតចេញពីបញ្ហាបច្ចេកទេសព្រំដែនតែមួយមុខនោះទេ ប៉ុន្តែជាញឹកញាប់ត្រូវបានផ្សារភ្ជាប់នឹងវិបត្តិនយោបាយផ្ទៃក្នុង ការប្រកួតប្រជែងអំណាច តួនាទីរបស់យោធា និងការប្រើប្រាស់ជាតិនិយមជាឧបករណ៍នយោបាយ។ នៅពេលថៃប្រឈមនឹងវិបត្តិនយោបាយ បញ្ហាសេដ្ឋកិច្ច ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់រដ្ឋាភិបាល ឬសម្ពាធពីក្រុមប្រឆាំង ភាពតានតឹងនៅតាមព្រំដែនត្រូវបានបង្កើតឡើងឬបញ្ឆេះឱ្យជាសង្គ្រាមប្រដាប់អាវុធ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន បញ្ឆេះអារម្មណ៍ជាតិនិយម ប្រមូលផ្ដុំមតិសាធារណៈឱ្យឈរនៅពីក្រោយរដ្ឋាភិបាល និងពង្រឹងតួនាទីរបស់យោធាក្រោមហេតុផលការពារជាតិ។


សង្គ្រាមឈ្លានពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានបន្សល់ទុកមេរៀនជាច្រើនដែលខ្មែរយើងត្រូវរៀនសូត្រនិងចងចាំ។ មេរៀនដំបូងបំផុតគឺ សន្តិភាពមិនអាចរក្សាបានដោយបំណងល្អរបស់ភាគីម្ខាងតែឯងឡើយ ប៉ុន្តែត្រូវមានកម្លាំងជាតិជាខ្នងបង្អែក រួមមានសមត្ថភាពការពារជាតិ ការទូត ច្បាប់អន្តរជាតិ សេដ្ឋកិច្ច សាមគ្គីភាពនិងឯកភាពជាតិ ព្រមទាំងសមត្ថភាពព័ត៌មាន។ យើងមិនអាចផ្ញើវាសនាសន្តិភាពនិងសុវត្ថិភាពជាតិទៅលើការសន្យា ឬការធានារបស់ប្រទេសណាមួយទាំងស្រុងបានឡើយ។ ការអនុវត្តការងារការទូតប្រកបដោយលក្ខណៈបុរេសកម្មនិងឆ្លាតវៃ ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងការពង្រឹងសមត្ថភាពការពារជាតិត្រូវដើរទន្ទឹមគ្នា ខណៈសាមគ្គីភាពនិងឯកភាពជាតិគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលចាំបាច់ត្រូវតែពង្រឹងជាប់ជានិច្ច។ 


ទន្ទឹមនឹងនេះ យុទ្ធនាការព័ត៌មាននិងការទូតសាធារណៈក៏មានសារៈសំខាន់មិនចាញ់ការការពារនៅលើសមរភូមិប្រដាប់អាវុធឡើយ។ យើងត្រូវចងចាំថា យើងគ្មានសម្ព័ន្ធមិត្តយោធាណាមួយដែលមានកាតព្វកិច្ចមកប្រយុទ្ធការពារទឹកដីយើងជំនួសយើងនោះទេ ពោលគឺយើងមិនមានសត្រូវរួមទេ។ នៅពេលប្រទេសជាតិរងការឈ្លានពាន អ្នកដែលត្រូវឈរនៅជួរមុខនិងលះបង់ឈាមស្រស់ដើម្បីការពារទឹកដី គឺយើងជាខ្មែរខ្លួនឯង។ ដូច្នេះ មេរៀនដ៏សំខាន់បំផុតដែលយើងត្រូវរៀនសូត្រនិងចងចាំជានិច្ចនោះគឺ មានតែពេលយើងខ្លាំងប៉ុណ្ណោះ ទើបអ្នកដទៃគោរពនិងគាំទ្រយើង។


ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិឱ្យកាន់តែមានប្រសិទ្ធភាព កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ជាតិស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ ជាបឋម កម្ពុជាត្រូវកសាងសមត្ថភាពការពារជាតិឱ្យមានកម្លាំងពិតប្រាកដ មានភាពទំនើប មានវិន័យ និងអាចទប់ស្កាត់ ព្រមទាំងឆ្លើយតបនឹងការឈ្លានពានគ្រប់រូបភាព។ កងទ័ពដែលខ្លាំង គឺជាកងទ័ពដែលប្រជាពលរដ្ឋគោរពស្រឡាញ់ និងសត្រូវកោតញញើតគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវបន្តពង្រឹងការទូតប្រកបដោយវិជ្ជាជីវៈ ប្រើប្រាស់យន្តការច្បាប់អន្តរជាតិឱ្យមានប្រសិទ្ធភាព និងរៀបចំឯកសារ ផែនទី ភស្តុតាងប្រវត្តិសាស្ត្រ និងទឡ្ហីករណ៍ផ្លូវច្បាប់ឱ្យបានរឹងមាំនិងជាប្រព័ន្ធ។ កម្ពុជាក៏ត្រូវបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិ ធ្វើពិពិធកម្មទីផ្សារ បណ្ដាញដឹកជញ្ជូន ប្រភពថាមពល និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការពឹងផ្អែកជ្រុលលើប្រទេសណាមួយ។ យើងត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ឱ្យបានជាដាច់ខាត។


លើសពីនេះ យើងត្រូវបន្តពង្រឹងការទូតសាធារណៈ ប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រ និងសមត្ថភាពទប់ទល់នឹងព័ត៌មានក្លែងក្លាយ ដើម្បីឱ្យសហគមន៍អន្តរជាតិយល់ច្បាស់ពីការពិត និងជំហរស្របច្បាប់របស់កម្ពុជា។ សំខាន់បំផុត កម្ពុជាត្រូវថែរក្សាសាមគ្គីភាពនិងឯកភាពជាតិ លើកកម្ពស់ស្មារតីស្នេហាជាតិប្រកបដោយហេតុផល និងពង្រីកភាពជាដៃគូអន្តរជាតិដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងមានតុល្យភាព។ កម្លាំងជាតិពិតប្រាកដមិនមែនមានតែកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏កើតចេញពីសេដ្ឋកិច្ចរឹងមាំ ស្ថាប័នមានប្រសិទ្ធភាព ប្រជាជនមានចំណេះដឹង និងសង្គមមានយុត្តិធម៌និងសាមគ្គីភាពផងដែរ។


សរុបមក រយៈពេលមួយឆ្នាំកន្លងមកនេះបានបន្សល់ទុកមេរៀនជាច្រើនដែលខ្មែរយើងត្រូវរៀនសូត្រ និងចងចាំជានិច្ច។ កម្ពុជាចង់បានសន្តិភាព មិនមែនសង្គ្រាម ចង់បានមិត្តភាព មិនមែនភាពជាសត្រូវ និងចង់បានកិច្ចសហប្រតិបត្តិការ មិនមែនការប្រឈមមុខដាក់គ្នាឡើយ។ ប៉ុន្តែសន្តិភាពប្រកបដោយចីរភាពមិនអាចស្ថិតនៅលើការអត់ធ្មត់ និងបំណងល្អរបស់កម្ពុជាតែម្ខាងនោះទេ។ 


សន្តិភាពពិតប្រាកដត្រូវឈរលើការគោរពអធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី ច្បាប់អន្តរជាតិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។ សម្រាប់កម្ពុជា ការឈឺឆ្អាលនិងការគាំទ្រពីសហគមន៍អន្តរជាតិពិតជាមានសារៈសំខាន់ ប៉ុន្តែអ្វីដែលយើងមិនត្រូវភ្លេចនោះគឺ ការធ្វើកំណែទម្រង់ជាតិយ៉ាងស៊ីជម្រៅ ការកសាងសាមគ្គីភាពនិងឯកភាពជាតិ និងការអភិវឌ្ឍសមត្ថភាពការពារជាតិឱ្យមានភាពរឹងមាំពិតប្រាកដ។ ព្រោះមានតែពេលយើងរឹងមាំនិងអាចជួយខ្លួនឯងបានប៉ុណ្ណោះ ទើបអ្នកដទៃគោរព ជឿទុកចិត្ត និងចូលរួមគាំទ្រយើងតាមក្រោយ៕ 


២៤ កក្កដា ២០២៦

លោកគ្រូ គិន ភា

Download
Previous Post Next Post