បិដកភាគ ៤ ទំព័រ ២៣០ លេខព្រះវិន័យ ៣២៥

 សិក្ខាបទទី ៧

បិដកភាគ ៤ ទំព័រ ២៣០ លេខព្រះវិន័យ ៣២៥


៣២៥, សម័យនោះ ព្រះដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសកើតដល់ពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ សិក្ខាបទព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តទុកហើយថា បុគ្គលមានឆ្នាំថយពី ៣០ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ចំណែកពួកលោកមានអាយុមិនទាន់ដល់ ២០ ឆ្នាំមកទទួលឧបសម្បទា ពួកលោកមិនមែនជាឧបសម្បទាទេដឹង។ សត្តរសវគ្គិយភិក្ខុទាំងនោះក៏នាំគ្នាយំ ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ ពួកលោកយំ ព្រោះអ្វី ។ ពួកសត្តរសវគ្គិយភិក្ខុប្រាប់ថា អាវុសោឆព្វគ្គិយភិក្ខុទាំងនេះ ក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ពួកយើង។ ភិក្វុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ ប ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុទាំងឡាយផងគ្នាសោះ។ ប ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងក្លែងបង្កហេតុ ឲ្យមានសេចក្តីរង្កៀសសង្ស័យដល់ភិក្ខុទាំងឡាយផងគ្នា ពិតមែនឬ។ ពួកឆព្វគ្គិយទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្លែងបង្កហេតុ ឲ្យមានសេចក្តីរង្កៀសសង្ស័យដល់ភិក្ខុទាំងឡាយផងគ្នាទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាឬនឋាពួកជនដែលជ្រះថ្លាហើយឲ្យរេងរឹតតែជ្រះថ្លាឡើងទេ។ ប ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុផងគ្នាដោយគិតថា (សេចក្តីរង្កៀសសង្ស័យនេះ)កើតឡើង ការ មិនសប្បាយចិត្តនឹងមានដល់ភិក្ខុនោះ ១ រំពេចមិនខាន ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើសេចក្តីរង្កៀសសង្ស័យនោះឯងជាហេតុពិត មិនមែនហេតុដទៃឡើយ។ 


សូមអនុមោទនាព្រះវិន័យ

Previous Post Next Post