[២០] អាបាមទាយិកាវិមាន ទី ៣
(បិ.៥៥/ទំ.៣៧)
(ព្រះឥន្ទសួរព្រះកស្សបថា) កាលដែលលោកម្ចាស់ ត្រាច់ទៅបិណ្ឌបាត ឈរនៅស្ងៀម មាននារីម្នាក់ កំសត់ កំព្រា អាស្រ័យនៅផ្ទះ នៃបុគ្គលដទៃ ជ្រះថ្លា បានប្រគេនបាយក្តាំងដល់លោកម្ចាស់ដោយដៃរបស់ខ្លួន នាងនោះ លះបង់ រាងកាយ ជារបស់មនុស្សហើយ ទៅកាន់ទិសណាហ្ន៎។
(ព្រះថេរៈតបថា) កាលដែលអាត្មាត្រាច់ទៅបិណ្ឌបាត ឈរនៅស្ងៀម មាននារី កំសត់ កំព្រា អាស្រ័យនៅផ្ទះនៃបុគ្គលដទៃ ជ្រះថ្លា បានប្រគេនបាយក្តាំង ដល់អាត្មា ដោយដៃរបស់ខ្លួន នាងនោះលះបង់រាងកាយជារបស់មនុស្ស រួចផុតស្រឡះ ច្យុតអំពី មនុស្សលោកនេះទៅហើយ ពួកទេវតាដែលមានឫទ្ធិ៍ច្រើន មាននៅក្នុងឋាននិម្មានរតី ណា នារីដែលជាអ្នកប្រគេនបាយក្តាំង ក៏ដល់នូវសេចកី្តសុខរីករាយក្នុងពួកទេវតា ជាន់ និម្មានរតីនោះ។
ឱហ្ន៎ ទានរបស់ស្រីកំព្រាដែលបានតាំងទុកល្អ ក្នុងព្រះថេរៈព្រះនាម កស្សបៈ ឱហ្ន៎ ទក្ខិណាសម្រេចហើយដោយទានដែលនាំមក អំពីផ្ទះនៃបុគ្គលដទៃ នារីណាមានអវយវៈល្អទាំងអស់ ជាទីរមិលមើល មិនបានថោកថយនៃភស្តា គប្បីធ្វើនូវ ភាពនៃខ្លួនជាមហេសី នៃស្តេចចក្រពតិ្ត ក៏មិនដល់មួយចំណិតនៃចំណេក ១៦ ៗ ដង នៃ ការឱ្យនូវបាយក្តាំងនោះឡើយ
មាសឆ្តោរ ១០០ សេះ ១០០ រថទឹមអស្សតរ ១០០ កញ្ញា ១ សែន មានកុណ្ឌលជាវិការៈនៃកែវមណី ប្រដាប់ហើយ ក៏មិនដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឱ្យនូវបាយក្តាំងនោះឡើយ
ដំរីទាំងឡាយដ៏ប្រសើរ ១០០ នៅក្នុងព្រៃ ហេមពាន្តមានភ្លុកងដូចជាចន្ទោលនង្គ័ល មានកម្លាំងខ្លាំង មានខ្សែដង្គន់មាស ជាពូជមាតង្គៈ មានគ្រឿងប្រដាប់វិចិត្រហើយ ដោយមាស ក៏មិនដល់មួយចំណិត នៃចំណែក ១៦ ៗ ដង នៃការឱ្យនូវបាយក្តាំងនោះឡើយ
បុគ្គលណា គប្បីធ្វើនូវភាពនៃ ខ្លួនជាធំក្នុងទី្វបទាំង ៤ ក្នុងលោកនេះ ក៏នៅមិនទាន់ដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឱ្យនូវបាយក្តាំងនោះឡើយ។
ចប់ អាបាមទាយិកាវិមានទី ៣។







