. រឿងព្រះជម្ពុកត្ថេរ

 ១១. រឿងព្រះជម្ពុកត្ថេរ

មាសេ មាសេតិ ព្រះសាស្តា កាលគង់ប្រថាប់នៅក្នុងវេឡុវនារាម ទ្រង់ប្រារព្ធនូវជម្ពុកអាជីវក ហើយត្រាស់នូវព្រះធម៌ទេសនានេះ។

ឮថា ក្នុងអតីតកាល កាលដែលព្រះកស្សបសម្មាសម្ពុទ្ធកំពុងគង់ធរមាននៅឡើយ មានកុដុម្ពិកៈ (អ្នកមាន) ម្នាក់ដែលរស់នៅក្នុងភូមិ បានកសាងវិហារថ្វាយដល់ព្រះថេរៈមួយអង្គ ហើយបានបម្រើឧបត្ថម្ភព្រះថេរៈនោះដែលគង់នៅក្នុងវិហារនោះដោយបច្ច័យ ៤។ ព្រះថេរៈនោះតែងតែឆាន់នៅក្នុងផ្ទះរបស់គាត់ជាប្រចាំ។

សម័យថ្ងៃមួយ មានភិក្ខុជាព្រះខីណាសព (ព្រះអរហន្ត) មួយអង្គ ត្រេចទៅបិណ្ឌបាតក្នុងវេលាថ្ងៃ ក៏បានទៅដល់មាត់ទ្វារផ្ទះរបស់កុដុម្ពិកៈនោះ។ កុដុម្ពិកៈឃើញព្រះថេរៈនោះហើយ ក៏កើតសេចក្ដីជ្រះថ្លាក្នុងឥរិយាបថ ទើបនិមន្តឱ្យចូលក្នុងផ្ទះ ហើយអង្គាសថ្វាយនូវភោជនដ៏សម្រិតសម្រាំងដោយគោរព រួចក៏ប្រគេនសំពត់សដក (សំពត់ងូត) យ៉ាងធំមួយផ្ទាំង ដោយក្រាបទូលថា៖ "បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គជ្រលក់សំពត់នេះហើយប្រើប្រាស់ចុះ បពិត្រព្រះអង្គដ៏ចម្រើន សក់របស់ព្រះអង្គវែងណាស់ ខ្ញុំព្រះករុណានឹងនាំជាងកាត់សក់មកដើម្បីកោរសក់ថ្វាយ ហើយនឹងឱ្យគេសែងគ្រែមកដើម្បីឱ្យព្រះអង្គសម្រាក"។

ចំណែកឯភិក្ខុអ្នកនៅប្រចាំ (អាវាសិកភិក្ខុ) ដែលជាអ្នកចូលទៅឆាន់ក្នុងផ្ទះនោះជាប្រចាំ កាលបើឃើញសក្ការបូជាបែបនោះ ក៏មិនអាចធ្វើចិត្តឱ្យជ្រះថ្លាបានឡើយ រួចក៏គិតថា៖ "កុដុម្ពិកៈនេះ គ្រាន់តែឃើញលោកអង្គនេះមួយភ្លែត ក៏ធ្វើសក្ការៈដល់ថ្នាក់នេះ ចំណែកឯអញដែលមកឆាន់ក្នុងផ្ទះវាជាប្រចាំ បែរជាវាមិនធ្វើឱ្យដល់ថ្នាក់នេះសោះ" គិតដូច្នេះហើយក៏ត្រឡប់ទៅវិហារវិញ។

ចំណែកឯព្រះថេរៈអាគន្តុកៈ ក៏យាងទៅជាមួយភិក្ខុនោះដែរ ហើយបានជ្រលក់សំពត់ដែលកុដុម្ពិកៈប្រគេននោះ រួចក៏ប្រើប្រាស់ទៅ។ កុដុម្ពិកៈក៏បាននាំជាងកាត់សក់មកកោរសក់ថ្វាយព្រះថេរៈ និងឱ្យគេក្រាលគ្រែថ្វាយ រួចក៏ពោលថា៖ "បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសម្រាកលើគ្រែនេះចុះ" រួចក៏និមន្តព្រះថេរៈទាំងពីរអង្គដើម្បីឆាន់នៅថ្ងៃស្អែក ហើយក៏ត្រឡប់ទៅវិញ។

ភិក្ខុម្ចាស់អាវាស (អាវាសិកៈ) មិនអាចអត់ទ្រាំនឹងសក្ការៈដែលកុដុម្ពិកៈធ្វើនោះបានឡើយ។ លុះដល់វេលាល្ងាច ភិក្ខុនោះក៏ដើរទៅកាន់កន្លែងដែលព្រះថេរៈអាគន្តុកៈសម្រាក រួចក៏ជេរប្រមាថព្រះថេរៈដោយអាការៈ ៤ យ៉ាងគឺ៖

១. "ម្នាលអាវុសោអាគន្តុកៈ ការដែលលោកស៊ីលាមក នៅគ្រាន់បើជាងការដែលលោកឆាន់ភោជនក្នុងផ្ទះកុដុម្ពិកៈនោះ"។

២. "ការដែលលោកប្រើធាងត្នោតមកដកសក់ចេញ នៅគ្រាន់បើជាងការដែលលោកឱ្យជាងដែលកុដុម្ពិកៈនាំមកនោះកោរសក់ឱ្យ"។

៣. "ការដែលលោកដើរស្រាត (អាក្រាត) នៅគ្រាន់បើជាងការដែលលោកស្លៀកសំពត់សាដកដែលកុដុម្ពិកៈប្រគេន"។

៤. "ការដែលលោកដេកលើដី នៅគ្រាន់បើជាងការដែលលោកដេកលើគ្រែដែលកុដុម្ពិកៈយកមកថ្វាយ"។

ព្រះថេរៈអាគន្តុកៈ គិតថា៖ "កុំឱ្យបុគ្គលពាលនេះវិនាសដោយសារតែអាស្រ័យនឹងអញឡើយ" លោកក៏មិនទទួលការនិមន្តនោះទេ ហើយក៏ក្រោកពីព្រលឹមយាងចេញទៅតាមចំណូលចិត្តបាត់ទៅ។ ចំណែកឯភិក្ខុម្ចាស់អាវាស លុះព្រឹកឡើងក៏បានធ្វើការងារវត្តអារាមផ្សេងៗ រួចដល់វេលាទៅបិណ្ឌបាត ក៏គិតក្នុងចិត្តថា៖ "ឥឡូវនេះ លោកអាគន្តុកៈប្រហែលជាកំពុងដេក (សឹង) បើអញវាយរគាំងខ្លាំង លោកមុខជាភ្ញាក់" គិតដូច្នេះហើយ គេក៏យកខ្នងក្រចកមកគោះវាយរគាំងតិចៗ (ដើម្បីធ្វើពុតជាដាស់តែមិនឱ្យភ្ញាក់) រួចក៏ចូលទៅបិណ្ឌបាតក្នុងភូមិ។

កុដុម្ពិកៈ កាលបើបានរៀបចំសក្ការៈរួចរាល់ហើយ ក៏រង់ចាំមើលផ្លូវព្រះថេរៈទាំងឡាយ លុះឃើញតែភិក្ខុម្ចាស់អាវាសមកតែម្នាក់ឯង ក៏សួរថា "បពិត្រព្រះអង្គដ៏ចម្រើន តើព្រះថេរៈ (អាគន្តុកៈ) ទៅណាហើយ?"។ ភិក្ខុអាវាសិកតបថា៖ "ម្នាលអ្នកមាន កុំនិយាយអ្វីឡើយ ព្រោះលោកអាគន្តុកៈរបស់អ្នកកាលពីម្សិលមិញ លុះពេលអ្នកចេញទៅបាត់ ក៏ចូលទៅដេកក្នុងបន្ទប់រហូតដល់ភ្លឺ ទោះបីអាត្មាក្រោកមកបោសសម្អាតវិហារ ដងទឹកដាក់ក្អម ក៏ដូចជាវាយរគាំងយ៉ាងណាក៏លោកមិនដឹងខ្លួនដែរ"។

កុដុម្ពិកៈគិតថា៖ "ព្រះថេរៈដែលប្រកបដោយឥរិយាបថដ៏ល្អសម្បើមយ៉ាងនេះ មិនដែលសឹងដល់ថ្នាក់នេះឡើយ ប្រាកដជាលោកម្ចាស់អង្គនេះ បានពោលពាក្យអ្វីមួយឱ្យលោកយាងចេញទៅមិនខាន"។ កុដុម្ពិកៈដោយភាពជាអ្នកឈ្លាសវៃ ក៏បានអង្គាសភិក្ខុម្ចាស់អាវាសនោះដោយគោរព រួចលាងបាត្រឱ្យស្អាត ហើយដួសភោជនដែលមានរសជាតិឆ្ងាញ់ៗដាក់ពេញបាត្រ រួចប្រគល់ឱ្យភិក្ខុនោះថា៖ "បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើព្រះអង្គឃើញលោកម្ចាស់ (អាគន្តុកៈ) នោះ សូមព្រះអង្គប្រគេនចង្ហាន់នេះដល់លោកផង"។

ភិក្ខុម្ចាស់អាវាសនោះ កាលបើកាន់យកនូវចង្ហាន់នោះហើយ ក៏គិតថា៖ "ប្រសិនបើលោកអង្គនោះ បានឆាន់នូវបិណ្ឌបាតដែលមានសភាពបែបនេះ មុខជានឹងជាប់ចិត្តក្នុងទីកន្លែងនេះមិនខាន" គិតដូច្នេះហើយ ក៏ចាក់ចោលនូវបិណ្ឌបាតនោះក្នុងចន្លោះផ្លូវ រួចដើរទៅកាន់កន្លែងស្នាក់នៅរបស់ព្រះថេរៈ (អាគន្តុកៈ) កាលបើក្រឡេកមើលក្នុងទីនោះ ក៏មិនបានឃើញឡើយ។

លំដាប់នោះ សូម្បីតែសមណធម៌ដែលភិក្ខុនោះបានធ្វើអស់កាល ២០,០០០ ឆ្នាំ ក៏មិនអាចជួយរក្សាភិក្ខុនោះបានឡើយ ដោយហេតុតែការធ្វើនូវកម្មមានប្រមាណប៉ុណ្ណេះ។ លុះដល់ការបញ្ចប់នៃអាយុ ក៏បានធ្វើកាលកិរិយាទៅកើតក្នុងនរកអវីចី សោយទុក្ខវេទនាដ៏ធំធេងអស់មួយពុទ្ធន្តរ លុះមកដល់ពុទ្ធុប្បាទនេះ ក៏បានមកចាប់បដិសន្ធិក្នុងត្រកូលដែលមានគ្រឿងបរិភោគ និងភេសជ្ជៈដ៏ច្រើន ក្នុងក្រុងរាជគ្រឹះ។

ក្មេងនោះ ចាប់តាំងពីកាលដែលចេះដើរដោយជើងមក មិនប្រាថ្នានឹងដេកលើទីដេកឡើយ មិនប្រាថ្នានឹងបរិភោគបាយឡើយ តែងតែស៊ីនូវលាមករបស់ខ្លួនឯងប៉ុណ្ណោះ។ សាច់ញាតិទាំងឡាយ ក៏បានចិញ្ចឹមបីបាច់ក្មេងនោះ ដោយគិតថា "ក្មេងនេះធ្វើបែបនេះ ព្រោះភាពជាបុគ្គលពាលដែលមិនទាន់ដឹងក្ដី"។ សូម្បីតែក្នុងកាលដែលធំដឹងក្ដីហើយ ក៏មិនប្រាថ្នានឹងស្លៀកសម្លៀកបំពាក់ឡើយ តែងតែដើរអាក្រាត ដេកលើដី និងស៊ីនូវលាមករបស់ខ្លួនឯងប៉ុណ្ណោះ។

លំដាប់នោះ មាតាបិតារបស់គេគិតថា "ក្មេងម្នាក់នេះ មិនសមគួរដល់ត្រកូលឡើយ គេគឺជាមនុស្សអត់ដឹងខ្មាស សមគួរតែដល់ពួកអាជីវកប៉ុណ្ណោះ" ទើបនាំគេទៅកាន់សំណាក់នៃពួកអាជីវកទាំងនោះ រួចប្រគល់ឱ្យដោយប្រាប់ថា "សូមលោកម្ចាស់ទាំងឡាយ ជួយបំបួសក្មេងម្នាក់នេះផង"។ ពួកអាជីវកទាំងនោះ ក៏បានបំបួសគេ។ កាលដែលបំបួសនោះ ក៏បានឱ្យគេឈរក្នុងរណ្ដៅដែលមានជម្រៅត្រឹមករួចដាក់បន្ទះក្ដារពីលើស្មាទាំងពីរ បន្ទាប់មកក៏អង្គុយពីលើក្ដារនោះ ហើយដកសក់ក្បាលរបស់គេចេញដោយធាងត្នោត។ លំដាប់នោះ មាតាបិតារបស់គេ ក៏បាននិមន្តពួកអាជីវកដើម្បីឆាន់ក្នុងថ្ងៃស្អែក រួចក៏ត្រឡប់ទៅវិញ។

លុះដល់ថ្ងៃបន្ទាប់ ពួកអាជីវកបានប្រាប់គេថា "មក! យើងនឹងចូលទៅកាន់ភូមិ"។ គេមិនប្រាថ្នាឡើយ ដោយប្រាប់ថា "លោកម្ចាស់ទាំងឡាយទៅចុះ ខ្ញុំនឹងនៅទីនេះឯង"។ ពួកអាជីវក ទោះបីជាប្រាប់រឿយៗ កាលបើគេមិនប្រាថ្នា ក៏ទុកគេចោល រួចចេញទៅបាត់ទៅ។ ជម្ពុកៈ កាលបើដឹងថាពួកអាជីវកចេញទៅអស់ហើយ ក៏បើកបន្ទះក្ដារនៃបង្គន់ រួចចុះទៅខាងក្រោម ហើយធ្វើឱ្យជាពំនូតៗដោយដៃទាំងពីរ រួចស៊ីនូវលាមក។ ពួកអាជីវក បានផ្ញើអាហារពីខាងក្នុងភូមិមកឱ្យគេ។ គេក៏មិនប្រាថ្នានូវអាហារនោះដែរ។ ទោះបីជាត្រូវពួកអាជីវកប្រាប់រឿយៗ ក៏គេតបថា "ខ្ញុំមិនមានប្រយោជន៍ដោយអាហារនេះឡើយ អាហារគឺខ្ញុំបានរួចហើយ"។ ពួកអាជីវកសួរថា "តើបានក្នុងទីណា?" គេតបថា "គឺបានក្នុងទីនេះឯង"។ យ៉ាងនេះឯង ទោះបីជាក្នុងថ្ងៃទី២ ទី៣ និងទី៤ ដែលត្រូវពួកអាជីវកប្រាប់ជាច្រើនដង ក៏គេនៅតែមិនប្រាថ្នានឹងចូលទៅកាន់ភូមិ ដោយប្រាប់ថា "ខ្ញុំនឹងនៅទីនេះឯង"។

ពួកអាជីវកគិតថា "អាជីវកម្នាក់នេះ មិនប្រាថ្នានឹងចូលទៅក្នុងភូមិជារៀងរាល់ថ្ងៃ មិនប្រាថ្នានឹងទទួលយកអាហារដែលយើងផ្ញើមកឱ្យ ហើយតែងតែនិយាយថា 'អាហារគឺខ្ញុំបានក្នុងទីនេះឯង' តើគេធ្វើអ្វីឱ្យពិតប្រាកដ? យើងនឹងតាមដានគេ" គិតដូច្នេះហើយ កាលដែលចូលទៅកាន់ភូមិ ក៏បានទុកមនុស្សម្នាក់ ឬពីរនាក់ឱ្យនៅតាមដានគេ រួចក៏ចេញទៅ។ អ្នកទាំងនោះ ធ្វើពុតជាដើរទៅខាងក្រោយ រួចក៏លបពួនមើល។ ជម្ពុកៈ កាលបើដឹងថាពួកអាជីវកចេញទៅអស់ហើយ ក៏ចុះទៅក្នុងបង្គន់ រួចស៊ីលាមក តាមវិធីដែលធ្លាប់ធ្វើពីមុនមកនោះឯង។

អ្នកទាំងនោះ (អ្នកលបមើល) កាលបើឃើញអំពើរបស់គេហើយ ក៏បានទៅប្រាប់ដល់ពួកអាជីវកទាំងឡាយ។ ពួកអាជីវកកាលបើបានស្ដាប់ហើយ ក៏គិតថា៖ "អហោ! ជាអំពើដ៏ធ្ងន់ធ្ងរណាស់ ប្រសិនបើពួកសាវករបស់សមណគោតមដឹងថា 'ពួកអាជីវកដើរស៊ីលាមក' នោះ ពួកគេនឹងប្រកាសនូវអកិត្តិយសដល់ពួកយើងមិនខាន អាជីវកម្នាក់នេះមិនសមគួរដល់ពួកយើងឡើយ" គិតដូច្នេះហើយ ក៏បានបណ្ដេញគេចេញពីសំណាក់របស់ខ្លួន។

កាលដែលត្រូវពួកអាជីវកបណ្ដេញចេញហើយ មានថ្មដាដ៏ធំមួយដែលជាកន្លែងសម្រាប់មហាជនមកបត់ជើងធំ។ ក្នុងទីនោះ មានអន្លង់ទឹកដ៏ធំមួយនៅក្បែរថ្មដានោះឯង។ ជម្ពុកៈបានទៅកាន់ទីនោះ រួចស៊ីលាមកក្នុងពេលយប់ លុះដល់ពេលថ្ងៃដែលមហាជនមកបត់ជើង គេក៏យកដៃម្ខាងទប់ទល់នឹងថ្មដា រួចលើកជើងម្ខាងដាក់លើជង្គង់ ហាមាត់ចំហឆ្ពោះទៅរកទិសខ្យល់បក់។

មហាជនកាលបើឃើញគេហើយ ក៏ចូលទៅជិត រួចសំពះសួរថា៖ "បពិត្រលោកម្ចាស់ ហេតុអ្វីបានជាលោកម្ចាស់ចំហមាត់ឈរយ៉ាងនេះ?"។ គេតបថា៖ "អញជាអ្នកស៊ីខ្យល់ជាអាហារ អាហារដទៃទៀតមិនមានដល់អញឡើយ"។ មហាជនសួរទៀតថា៖ "បពិត្រលោកម្ចាស់ ចុះហេតុអ្វីបានជាលោកម្ចាស់លើកជើងម្ខាងដាក់លើជង្គង់ឈរយ៉ាងនេះ?"។ គេតបថា៖ "អញគឺជាអ្នកមានតបៈដ៏ខ្ពង់ខ្ពស់ មានតបៈដ៏សាហាវ ប្រសិនបើអញជាន់ដីដោយជើងទាំងពីរ នោះផែនដីនឹងញាប់ញ័រមិនខាន ហេតុនេះហើយ ទើបអញលើកជើងម្ខាងដាក់លើជង្គង់ឈរយ៉ាងនេះ។ មួយវិញទៀត អញតែងតែចំណាយពេលទាំងយប់ទាំងថ្ងៃដោយការឈរប៉ុណ្ណោះ មិនដែលអង្គុយ និងមិនដែលដេកឡើយ"។

ធម្មតាថាពួកមនុស្ស ភាគច្រើនតែងតែជឿតែពាក្យសម្ដីប៉ុណ្ណោះ ហេតុនោះទើបពួកគេគិតថា៖ "អហោ! អស្ចារ្យណាស់ មិនដែលឃើញអ្នកមានតបៈបែបនេះសោះ"។ ពួកអ្នកស្រុកអង្គៈ និងមគធៈភាគច្រើន ក៏មានសេចក្ដីជ្រះថ្លា ហើយតែងតែនាំយកនូវសក្ការៈដ៏ធំដំមកថ្វាយជារៀងរាល់ខែ។ ជម្ពុកៈពោលថា៖ "អញស៊ីតែខ្យល់ប៉ុណ្ណោះ មិនស៊ីអាហារដទៃឡើយ បើអញស៊ីអាហារដទៃ តបៈរបស់អញនឹងវិនាស" ដូច្នេះហើយ គេក៏មិនព្រមទទួលយកអ្វីដែលគេយកមកថ្វាយឡើយ។ មហាជនក៏នាំគ្នាអង្វរករថា៖ "បពិត្រលោកម្ចាស់ សូមលោកម្ចាស់កុំធ្វើឱ្យពួកខ្ញុំម្ចាស់វិនាសឡើយ បើលោកម្ចាស់ដែលមានតបៈដ៏សាហាវបែបនេះបានបរិភោគ នោះនឹងនាំមកនូវប្រយោជន៍ និងសេចក្ដីសុខដល់ពួកខ្ញុំម្ចាស់អស់កាលជាអង្វែង"។

តាមពិត គេមិនចូលចិត្តអាហារដទៃឡើយ (ព្រោះចង់ស៊ីតែលាមក) ប៉ុន្តែដោយសារត្រូវមហាជនអង្វរខ្លាំងពេក គេក៏យល់ព្រមយកចុងស្មៅទៅជ្រលក់ក្នុងទឹកដោះថ្លា និងទឹកអំពៅជាដើម រួចយកមកដាក់លើចុងអណ្ដាត ហើយប្រាប់ថា៖ "អ្នករាល់គ្នាទៅវិញចុះ ប៉ុណ្ណេះគឺល្មមសម្រាប់ប្រយោជន៍ និងសេចក្ដីសុខរបស់អ្នករាល់គ្នាហើយ"។ គេបានចំណាយពេលអស់កាល ៥៥ ឆ្នាំ ដោយការដើរអាក្រាត ស៊ីលាមក ដកសក់ក្បាល និងដេកលើដី យ៉ាងនេះឯង។

ធម្មតាថា ព្រះពុទ្ធទាំងឡាយ មិនដែលលះបង់នូវការពិនិត្យមើលលោកក្នុងវេលាជិតភ្លឺឡើយ។ ហេតុនោះ ក្នុងថ្ងៃមួយ កាលដែលព្រះភគវាទ្រង់ពិនិត្យមើលលោកក្នុងវេលាជិតភ្លឺ ជម្ពុកអាជីវកនេះ ក៏បានប្រាកដឡើងក្នុងសំណាញ់នៃព្រះញាណរបស់ព្រះអង្គ។ ព្រះសាស្តាទ្រង់ពិចារណាថា "តើនឹងមានអ្វីកើតឡើង?" ក៏ទ្រង់ជ្រាបថា ជម្ពុកៈមានឧបនិស្ស័យនៃព្រះអរហត្ត ព្រមដោយបដិសម្ភិទាទាំងឡាយ ទើបទ្រង់មានព្រះតម្រិះថា "តថាគតនឹងសម្ដែងនូវគាថាមួយបទដោយផ្ដើមពីរឿងរបស់គេនេះឯង កាលចប់គាថា ការសម្រេចធម៌នឹងមានដល់ពពួកសត្វ ៨៤,០០០ ហើយមហាជននឹងបានដល់នូវសេចក្ដីសុខដោយអាស្រ័យនឹងកុលបុត្រម្នាក់នេះ"។

លុះដល់ថ្ងៃបន្ទាប់ ព្រះអង្គយាងត្រេចទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ រួចត្រឡប់មកវិញ ក៏ត្រាស់ហៅព្រះអានន្ទត្ថេរមកថា៖ "ម្នាលអានន្ទ តថាគតនឹងទៅកាន់សំណាក់របស់ជម្ពុកាជីវក"។ ព្រះអានន្ទក្រាបទូលសួរថា "បពិត្រព្រះអង្គដ៏ចម្រើន តើព្រះអង្គយាងទៅតែម្នាក់ឯងឬ?" ព្រះអង្គត្រាស់ថា "មែនហើយ តថាគតទៅតែម្នាក់ឯងទេ"។ ត្រាស់ដូច្នេះហើយ ព្រះសាស្តាក៏យាងទៅកាន់សំណាក់របស់ជម្ពុកៈក្នុងវេលាដែលស្រមោលជ្រេទៅហើយ។

ពួកទេវតាគិតថា "ព្រះសាស្តាយាងទៅកាន់សំណាក់ជម្ពុកអាជីវកក្នុងវេលាល្ងាច ប៉ុន្តែជម្ពុកៈនោះរស់នៅលើថ្មដាដែលប្រឡាក់ទៅដោយលាមក នោម និងឈើជម្រះធ្មេញគួរឱ្យខ្ពើមរអើមណាស់ យើងគួរតែធ្វើឱ្យភ្លៀងធ្លាក់ចុះមក" គិតដូច្នេះហើយ ក៏ប្រើអានុភាពរបស់ខ្លួនធ្វើឱ្យភ្លៀងបង្អុរចុះមកក្នុងខណៈនោះតែម្ដង។ ផ្ទៃនៃថ្មដាក៏បានស្អាតបរិសុទ្ធ ឥតមានមន្ទិលឡើយ។ បន្ទាប់មក ពួកទេវតាក៏បានបង្អុរនូវភ្លៀងផ្កាមានពណ៌ ៥ ប្រការពីលើថ្មដានោះ។

ព្រះសាស្តាយាងទៅដល់សំណាក់ជម្ពុកអាជីវកក្នុងវេលាល្ងាច រួចត្រាស់ហៅថា "ជម្ពុកៈ!"។ ជម្ពុកៈគិតថា "តើនរណាអេះ? ជាមនុស្សអាក្រក់មកហៅអញថា ជម្ពុកៈ (អាឆ្កែចចក) យ៉ាងនេះ" រួចក៏សួរថា "តើនរណាហ្នឹង?"។ ព្រះអង្គត្រាស់ថា "តថាគតជាសមណៈ"។ គេសួរថា "ចុះមានការអ្វី មហាសមណៈ?"។ ព្រះអង្គត្រាស់ថា "ថ្ងៃនេះ សូមអ្នកឱ្យកន្លែងស្នាក់នៅដល់តថាគតតែមួយយប់ក្នុងទីនេះផង"។ គេតបថា "បពិត្រមហាសមណៈ ក្នុងទីនេះមិនមានកន្លែងស្នាក់នៅឡើយ"។

ព្រះអង្គត្រាស់ថា "ម្នាលជម្ពុកៈ អ្នកកុំធ្វើយ៉ាងនោះឡើយ សូមឱ្យកន្លែងស្នាក់នៅដល់តថាគតតែមួយយប់មក ធម្មតាអ្នកបួសរមែងប្រាថ្នារកអ្នកបួសដូចគ្នា មនុស្សប្រាថ្នារកមនុស្ស សត្វប្រាថ្នារកសត្វ"។ គេសួរថា "ចុះលោកជាអ្នកបួសដែរឬ?"។ ព្រះអង្គត្រាស់ថា "មែនហើយ តថាគតជាអ្នកបួស"។ គេសួរដេញដោលថា "បើសិនជាលោកជាអ្នកបួស តើឃ្លោកដាក់ទឹករបស់លោកនៅឯណា? ស្លាបព្រាដុតគ្រឿងក្រអូបនៅឯណា? ខ្សែយ័ន្ត (យញ្ញសុត្តៈ) នៅឯណា?"។ ព្រះអង្គត្រាស់ថា "របស់ទាំងនោះ តថាគតមានទាំងអស់ ប៉ុន្តែ ការដែលត្រូវកាន់របស់ទាំងនោះដាច់ដោយឡែកពីគ្នាដើរទៅមក វាជារឿងលំបាក ហេតុនេះតថាគតក៏កាន់យកទុកក្នុងខ្លួន (អព្ភន្តរេ) រួចដើរទៅ"។

ជម្ពុកៈក៏ខឹង រួចពោលថា "លោកចង់ដើរទៅណាក៏ដើរទៅចុះ បើមិនកាន់របស់ទាំងនោះផង!"។ គ្រានោះ ព្រះសាស្តាត្រាស់ថា "ម្នាលជម្ពុកៈ ចូរឈប់សិន អ្នកកុំខឹងអី សូមអ្នកប្រាប់កន្លែងស្នាក់នៅដល់តថាគតមក"។ គេនៅតែតបដដែលថា "បពិត្រមហាសមណៈ ក្នុងទីនេះមិនមានកន្លែងស្នាក់នៅឡើយ"។

ព្រះសាស្តាទ្រង់ចង្អុលបង្ហាញនូវរូងភ្នំ (បព្ភារៈ) មួយ ដែលស្ថិតនៅមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់គេ រួចត្រាស់សួរថា៖ "ក្នុងរូងភ្នំនោះ តើមាននរណារស់នៅដែរឬទេ?"។ គេតបថា៖ "បពិត្រមហាសមណៈ មិនមាននរណាម្នាក់ឡើយ"។ ព្រះអង្គត្រាស់ថា៖ "បើដូច្នោះ អ្នកចូរឱ្យកន្លែងនោះដល់តថាគតចុះ"។ គេតបថា៖ "បពិត្រមហាសមណៈ លោកម្ចាស់ដឹងដោយខ្លួនឯងចុះ"។

ព្រះសាស្តាទ្រង់រៀបចំទីគង់ប្រថាប់ក្នុងរូងភ្នំនោះ រួចក៏គង់នៅ។ ក្នុងបឋមយាម (យាមដើម) ស្ដេចមហារាជទាំង ៤ បានយាងមកបម្រើព្រះសាស្តា ដោយធ្វើឱ្យទិសទាំង ៤ មានពន្លឺភ្លឺស្វាង។ ជម្ពុកៈឃើញពន្លឺនោះហើយ ក៏គិតថា "តើពន្លឺអ្វីអេះ?"។ ក្នុងមជ្ឈិមយាម (យាមកណ្ដាល) សក្កៈទេវរាជ (ព្រះឥន្ទ្រ) ជាស្ដេចនៃទេវតា បានយាងមក។ ជម្ពុកៈឃើញពន្លឺនោះហើយ ក៏គិតទៀតថា "តើនរណាអេះ?"។ ក្នុងបច្ឆិមយាម (យាមចុងក្រោយ) មហាព្រហ្ម ដែលមានអានុភាពអាចធ្វើឱ្យចក្រវាឡ ១ ក៏បាន ២ ក៏បាន ឬ ១០ ក៏បាន ឱ្យមានពន្លឺភ្លឺស្វាងដោយម្រាមដៃតែមួយ ក៏បានយាងមកបម្រើព្រះសាស្តា ដោយធ្វើឱ្យព្រៃទាំងមូលមានពន្លឺភ្លឺស្វាងតែមួយ។ ជម្ពុកៈឃើញពន្លឺនោះហើយ ក៏គិតថា "តើនរណាអេះ?"។

លុះដល់ព្រឹកឡើង គេក៏ចូលទៅកាន់សំណាក់ព្រះសាស្តា ធ្វើបដិសណ្ឋារៈ រួចឈរក្នុងទីដ៏សមគួរ ហើយក្រាបទូលសួរថា៖ "បពិត្រមហាសមណៈ តើនរណាខ្លះដែលយាងមកកាន់សំណាក់លោកម្ចាស់ ធ្វើឱ្យទិសទាំង ៤ ភ្លឺស្វាងយ៉ាងនេះ?"។ ព្រះអង្គត្រាស់ថា៖ "គឺស្ដេចមហារាជទាំង ៤"។ គេសួរថា "យាងមកដើម្បីអ្វី?"។ ព្រះអង្គត្រាស់ថា "ដើម្បីបម្រើតថាគត"។ គេសួរថា "ចុះលោកម្ចាស់ ប្រសើរខ្ពង់ខ្ពស់ជាងស្ដេចមហារាជទាំង ៤ ដែរឬ?"។ ព្រះអង្គត្រាស់ថា៖ "មែនហើយ ជម្ពុកៈ តថាគតគឺជាស្ដេចលើស្ដេចមហារាជទាំងនោះទៅទៀត"។

គេសួរទៀតថា "ចុះក្នុងមជ្ឈិមយាម តើនរណាយាងមក?"។ ព្រះអង្គត្រាស់ថា "ម្នាលជម្ពុកៈ គឺសក្កទេវរាជ (ព្រះឥន្ទ្រ)"។ គេសួរថា "យាងមកដើម្បីអ្វី?"។ ព្រះអង្គត្រាស់ថា "ដើម្បីបម្រើតថាគតដូចគ្នា"។ គេសួរថា "ចុះលោកម្ចាស់ ប្រសើរខ្ពង់ខ្ពស់ជាងសក្កទេវរាជដែរឬ?"។ ព្រះអង្គត្រាស់ថា៖ "មែនហើយ ជម្ពុកៈ តថាគតប្រសើរខ្ពង់ខ្ពស់ជាងសក្កៈទៅទៀត សូម្បីតែសក្កៈនោះ ក៏ប្រៀបដូចជាសាមណេរអ្នកធ្វើកប្បិយកម្ម បម្រើតថាគតដែលជាអ្នកឈឺដូច្នោះឯង"។

គេសួរចុងក្រោយថា "ចុះក្នុងបច្ឆិមយាម តើនរណាយាងមក ធ្វើឱ្យព្រៃទាំងមូលភ្លឺស្វាងយ៉ាងនេះ?"។ ព្រះអង្គត្រាស់ថា "គឺមហាព្រហ្មនោះឯង ដែលពួកព្រាហ្មណ៍ក្នុងលោក តែងតែនាំគ្នាស្ដោះទឹកមាត់ លាងជម្រះ រួចពោលថា 'នមោ មហាព្រហ្មុនោ' (សូមនមស្ការដល់មហាព្រហ្ម) នោះឯង"។ គេសួរថា "ចុះលោកម្ចាស់ ប្រសើរខ្ពង់ខ្ពស់ជាងមហាព្រហ្មដែរឬ?"។ ព្រះអង្គត្រាស់ថា៖ "មែនហើយ ជម្ពុកៈ តថាគតគឺជាអតិព្រហ្ម (ព្រហ្មលើព្រហ្ម) ទៅទៀត"។

ជម្ពុកៈពោលថា៖ "បពិត្រមហាសមណៈ លោកម្ចាស់ពិតជាអស្ចារ្យណាស់ ចំណែកឯខ្ញុំរស់នៅទីនេះអស់កាល ៥៥ ឆ្នាំមកហើយ មិនដែលឃើញសូម្បីតែម្នាក់ក្នុងចំណោមអ្នកទាំងនោះ យាងមកបម្រើខ្ញុំម្ដងណាឡើយ។ ខ្ញុំខំស៊ីតែខ្យល់ជាអាហារ និងឈររហូតអស់កាលដ៏យូរបែបនេះ ក៏ពួកគេនៅតែមិនដែលមកបម្រើខ្ញុំសោះ"។

លំដាប់នោះ ព្រះសាស្តាត្រាស់នឹងគេថា៖ "ម្នាលជម្ពុកៈ អ្នកកាលដែលបញ្ឆោតមហាជនដ៏ល្ងង់ខ្លៅក្នុងលោក ក៏ត្រឡប់ជាចង់មកបញ្ឆោតតថាគតទៀតផងឬ? តើអ្នកមិនមែនបានស៊ីលាមក ដេកលើដី ដើរអាក្រាត និងដកសក់ក្បាលដោយធាងត្នោតអស់កាល ៥៥ ឆ្នាំទេឬ? ប៉ុន្តែអ្នកបែរជាបញ្ឆោតលោកថា 'អញស៊ីខ្យល់ ឈរជើងម្ខាង មិនអង្គុយ មិនដេក' ដូច្នេះទៅវិញ។ អ្នកចង់បញ្ឆោតសូម្បីតែតថាគត! ពីមុនមក អ្នកបានអាស្រ័យនូវទិដ្ឋិដ៏អាក្រក់ថោកទាប ទើបបានជួបប្រទះនូវសេចក្ដីទុក្ខដល់ថ្នាក់ស៊ីលាមក ដេកលើដី ដើរអាក្រាត និងដកសក់ក្បាលដោយធាងត្នោតអស់កាលដ៏យូរបែបនេះ សូម្បីតែឥឡូវនេះ អ្នកក៏នៅតែកាន់យកនូវទិដ្ឋិដ៏អាក្រក់ថោកទាបនោះដដែល"។

គេក្រាបទូលសួរថា "បពិត្រមហាសមណៈ តើខ្ញុំព្រះករុណាបានធ្វើកម្មអ្វីខ្លះ?"។ លំដាប់នោះ ព្រះសាស្តាក៏ត្រាស់ប្រាប់នូវបុព្វកម្ម (កម្មពីជាតិមុន) ដល់គេ។ កាលដែលព្រះសាស្តាកំពុងតែត្រាស់រៀបរាប់នោះឯង សេចក្ដីសង្វេគក៏កើតមានដល់គេ ហិរិ និងឱត្តប្បៈ (សេចក្ដីខ្មាស និងខ្លាចបាប) ក៏ប្រាកដឡើង គេក៏អង្គុយច្រហោងចុះ។ គ្រានោះ ព្រះសាស្តាក៏គ្រវែងសំពត់ងូតទឹកឱ្យទៅគេ។ គេក៏ស្លៀកសំពត់នោះ រួចថ្វាយបង្គំព្រះសាស្តា ហើយអង្គុយក្នុងទីដ៏សមគួរ។

ព្រះសាស្តាទ្រង់សម្ដែងនូវអនុបុព្វិកថា និងសម្តែងធម៌ទេសនាដល់គេ។ កាលចប់សេចក្ដីទេសនា ជម្ពុកៈក៏បានសម្រេចនូវអរហត្តផល ព្រមដោយបដិសម្ភិទាទាំងឡាយ រួចក៏ក្រោកពីអាសនៈថ្វាយបង្គំព្រះសាស្តា សុំបួសជាភិក្ខុក្នុងសាសនា។ ក្នុងពេលនោះឯង បុព្វកម្មរបស់គេក៏អស់រលីង។ តាមពិតទៅ ព្រោះតែគេបានជេរប្រមាថព្រះខីណាស្រពមហាថេរដោយពាក្យជេរ ៤ យ៉ាង ទើបគេត្រូវឆេះនៅក្នុងនរកអវីចិ អស់កាលដ៏យូរលង់ (រហូតដល់ដីដុះខ្ពស់ឡើងបាន ១ យោជន៍ និង ៣ គាវុត) ហើយផលកម្មដែលនៅសេសសល់ ក៏បណ្ដាលឱ្យគេត្រូវមកទទួលទុក្ខវេទនា (ស៊ីលាមក, ដើរស្រាត...) អស់កាល ៥៥ ឆ្នាំ ក្នុងជាតិនេះ។ ឥឡូវនេះ កម្មអាក្រក់នោះបានអស់ហើយ។ ម្យ៉ាងវិញទៀត ផលនៃសមណធម៌ដែលគេធ្លាប់ធ្វើអស់កាល ២០,០០០ ឆ្នាំ (ក្នុងសម័យព្រះកស្សបពុទ្ធ) គឺមិនអាចវិនាសបាត់បង់ឡើយ (ទើបជួយឱ្យគេសម្រេចធម៌ក្នុងជាតិចុងក្រោយនេះ)។

លំដាប់នោះ ព្រះសាស្តាទ្រង់លាព្រះហស្តខាងស្តាំ រួចត្រាស់ថា៖ "ឯហិ ភិក្ខុ (ចូរអ្នកមកជាភិក្ខុចុះ) ចូរអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវទីបំផុតនៃសេចក្ដីទុក្ខដោយប្រពៃចុះ"។ ក្នុងខណៈនោះឯង គ្រហស្ថលិង្គ (ភេទជាគ្រហស្ថ) ក៏បាត់ទៅ គេក៏បានក្លាយជាភិក្ខុអ្នកទ្រទ្រង់នូវបរិក្ខារ ៨ ប្រៀបដូចជាមហាថេរដែលមានវស្សា ៦០ ដូច្នោះឯង។

ឮថា ថ្ងៃនោះគឺជាថ្ងៃដែលពួកអ្នកស្រុកអង្គៈ និងមគធៈ ត្រូវនាំយកសក្ការៈមកថ្វាយ (ជម្ពុកៈ) ល្មម។ ហេតុនោះ ទើបអ្នកស្រុកទាំងពីររដ្ឋបាននាំយកសក្ការៈមកដល់ ហើយកាលបើបានឃើញព្រះតថាគត ក៏កើតសេចក្ដីត្រិះរិះថា៖ "តើលោកម្ចាស់ជម្ពុកៈរបស់យើងធំ (វិសេស) ជាង ឬក៏សមណគោតមធំជាង? ប្រសិនបើដឹងថា សមណគោតមធំជាង ជម្ពុកៈមុខជាត្រូវទៅកាន់សំណាក់សមណគោតមមិនខាន ប៉ុន្តែនេះ ប្រហែលជាមកពីជម្ពុកអាជីវកមានភាពវិសេសវិសាលជាងហើយ ទើបសមណគោតម យាងមកកាន់សំណាក់លោកយ៉ាងនេះ"។

ព្រះសាស្តាទ្រង់ជ្រាបនូវសេចក្ដីត្រិះរិះរបស់មហាជនហើយ ក៏ត្រាស់ថា៖ "ម្នាលជម្ពុកៈ អ្នកចូរជម្រះនូវសេចក្ដីសង្ស័យរបស់ពួកឧបដ្ឋាករបស់អ្នកចុះ"។ ព្រះថេរៈក្រាបទូលថា៖ "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណាក៏រង់ចាំតែឱកាសនេះឯង" រួចក៏ចូលកាន់ចតុត្ថជ្ឈាន ស្ទុះឡើងទៅលើអាកាសកម្ពស់ប្រហែលដើមត្នោតមួយ ហើយក្រាបទូលថា៖ "បពិត្រព្រះអង្គដ៏ចម្រើន ព្រះភគវាគឺជាគ្រូរបស់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាគឺជាសាវក (របស់ព្រះអង្គ)" រួចក៏ចុះមកថ្វាយបង្គំ។ បន្ទាប់មក ក៏ស្ទុះឡើងទៅម្ដងទៀត កម្ពស់ប្រហែលត្នោត ២ ដើម ៣ ដើម រហូតដល់កម្ពស់ត្នោត ៧ ដើម ហើយចុះមកវិញ ដើម្បីឱ្យមហាជនបានដឹងច្បាស់ពីភាពជាសាវករបស់ខ្លួន។ មហាជនឃើញដូច្នោះហើយ ក៏គិតថា៖ "អហោ! ព្រះពុទ្ធទាំងឡាយពិតជាអស្ចារ្យណាស់ មានគុណរកអ្វីប្រៀបផ្ទឹមមិនបានឡើយ"។

ព្រះសាស្តាកាលដែលនឹងមានព្រះតម្រាស់ជាមួយមហាជន ក៏ត្រាស់យ៉ាងនេះថា៖ "ជម្ពុកៈនេះ បានរស់នៅក្នុងទីនេះអស់កាលដ៏យូរ ដោយយកចុងស្មៅជ្រលក់សក្ការៈដែលអ្នករាល់គ្នានាំមក ហើយដាក់លើចុងអណ្ដាត ដោយតាំងចិត្តថា 'អាត្មាអញនឹងបំពេញតបៈ' ប៉ុន្តែប្រសិនបើគេបំពេញតបៈតាមឧបាយបែបនេះអស់កាលមួយរយឆ្នាំក៏ដោយ ក៏តបៈនោះមិនមានតម្លៃស្មើនឹងសូម្បីតែមួយភាគក្នុងដប់ប្រាំមួយ (១/១៦) នៃកុសលចេតនារបស់គេក្នុងពេលនេះ ដែលកំពុងញ៉ាំងធម៌ឱ្យកើតឡើងនោះឡើយ"។ ត្រាស់ដូច្នេះហើយ ព្រះអង្គក៏បន្តសាច់រឿងសម្តែងធម៌ ដោយត្រាស់នូវព្រះគាថានេះថា៖

៧០. មាសេ មាសេ កុសគ្គេន, ពាលោ ភុញ្ជេយ្យ ភោជនំ;

ន សោ សង្ខាតធម្មានំ,  កលំ អគ្ឃតិ សោឡសឹ។

ជនពាលទុកជាបរិភោគភោជនដោយចុងស្បូវរាល់ៗខែ ក៏មិនដល់មួយចំណិតនៃចំណែកទី ១៦ របស់បុគ្គលទាំងឡាយដែលមានធម៌បានដឹង ឬបានពិចារណាហើយឡើយ។

អធិប្បាយន័យនៃព្រះគាថា (អដ្ឋកថា)

សេចក្ដីនៃព្រះគាថានោះថា៖ ប្រសិនបើបុគ្គលពាល (អ្នកមិនដឹងធម៌) ដែលនៅក្រៅអំពីគុណមានសីលជាដើម ហើយបានបួសក្នុងសំណាក់នៃតិរ្ថីយ ដោយតាំងចិត្តថា "អញនឹងបំពេញតបៈ" រួចក៏បរិភោគអាហារដោយចុងស្មៅរាល់ៗខែ អស់កាលមួយរយឆ្នាំក៏ដោយ។

បទថា ន សោ សង្ខាតធម្មានំ, កលំ អគ្ឃតិ សោឡសិ មានសេចក្ដីថា៖ ពាក្យថា សង្ខាតធម្ម គឺសំដៅលើបុគ្គលដែលបានដឹងធម៌ហើយ បានពិចារណាធម៌ហើយ។ ក្នុងចំណោមបុគ្គលទាំងនោះ ព្រះសោតាបន្ន ចាត់ទុកថាជាសង្ខាតធម្មក្នុងថ្នាក់ទាបបំផុត ចំណែកឯព្រះខីណាសព (ព្រះអរហន្ត) ចាត់ទុកថាជាសង្ខាតធម្មក្នុងថ្នាក់ខ្ពស់បំផុត។ បុគ្គលពាលនោះ មិនមានតម្លៃដល់សូម្បីតែមួយភាគក្នុងដប់ប្រាំមួយនៃបុគ្គលអ្នកមានធម៌ដែលបានដឹងហើយទាំងនេះឡើយ នេះគឺជាទេសនាដែលលើកយកបុគ្គលមកជាតាំង។

សេចក្ដីពន្យល់ក្នុងទីនេះគឺ៖ ចេតនារបស់បុគ្គលពាលដែលបំពេញតបៈអស់កាលមួយរយឆ្នាំយ៉ាងនោះក្ដី និងកុសលចេតនាដែលកើតឡើងតែម្ដងក្នុងខណៈដែលកំពុងពិចារណាធម៌ (មិនថាក្នុងពេលឆាន់ ឬមិនឆាន់) របស់បុគ្គលអ្នកមានធម៌ដែលបានដឹងហើយនោះក្ដី ចេតនាដែលបុគ្គលពាលសន្សំអស់កាលដ៏យូរនោះ មិនមានតម្លៃស្មើនឹងមួយភាគក្នុងដប់ប្រាំមួយ នៃចេតនារបស់លោកឡើយ។

មានន័យថា៖ ផលនៃចេតនារបស់បុគ្គលអ្នកមានធម៌ដែលបានដឹងហើយនោះ ប្រសិនបើគេយកមកបែងចែកជា ១៦ ភាគ រួចយកមួយភាគក្នុងចំណោមនោះ មកបែងចែកជា ១៦ ភាគបន្តទៀត ផលដែលទទួលបានពីចំណែកតូចបំផុតនោះ ក៏នៅតែមានអានិសង្ឃច្រើនជាងតបៈដែលបុគ្គលពាលនោះខំធ្វើអស់មួយរយឆ្នាំទៅទៀត។

ក្នុងពេលបញ្ចប់សេចក្ដីទេសនា ការសម្រេចធម៌បានមានដល់ពពួកសត្វចំនួន ៨៤,០០០។

រឿងព្រះជម្ពុកត្ថេរ ចប់ទី ១១។

Previous Post Next Post