ចណ្ឌាលីវិមាន ទី ៤

 [២១] ចណ្ឌាលីវិមាន ទី ៤

(បិ.៥៥/ទំ.៣៨)

(ព្រះមោគ្គល្លានប្រាប់ថា) នែនាងចណ្ឌាលី នាងចូរថ្វាយបង្គំព្រះបាទា នៃព្រះគោរតមដ៏មានយស ព្រះពុទ្ធព្រះអង្គជាឥសីទី ៧ ទ្រង់ប្រថាប់នូវដើម្បីអនុគ្រោះនាង ចូរនាងញុំាងចិត្តឱ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះអរហន្ត ប្រកបដោយតាទិគុណចុះ នាងចូរផ្គងអញ្ជលីឱ្យរហ័ស ថ្វាយបង្គំចុះ ព្រោះថា ជីវិតរបស់នាងតិចណាស់​​​​​។ នាងចណ្ឌាលី ដែលព្រះមហាមោគ្គល្លាន មានខ្លួនអប់រំហើយ ទ្រទ្រង់នូវសរីរៈជាទីបំផុត បានដាស់តឿនហើយ ក៏ថ្វាយបង្គំព្រះបាទាព្រះគោរតមដ៏មានយស ក៏ស្រាប់តែមេគោ បុះនាងចណ្ឌាលី ដែលកំពុងផ្គងអញ្ជលីថ្វាយបង្គំ នូវព្រះសម្ពុទ្ធ អ្នកធ្វើនូវពន្លឺក្នុងទីងងឹតនោះ

នាងចណ្ឌាលី បានដល់នូវឬទិ្ធនៃទេវតា ចូលមកគាល់ (នូវព្រះមហាមោគ្គល្លាន) ជាព្រះខីណាស្រព ប្រាសចាកធូលី មិនមានតណ្ហា (ហើយនិយាយថា) បពិត្រលោកមានព្យាយាម មានអានុភាពច្រើន យើងខ្ញុំសូមថ្វាយបង្គំលោក​​​​។

(ព្រះថេរៈសួរថា) ម្នាលទេវធីតាមានគុណល្អ នាងជាអី្វ មានសម្បុរដូចជាមាស មានសរីរៈដ៏ភ្លឺ មានយសធំ ចុះមកអំពីវិមាន ប្រកបដោយវិចិត្រដ៏ច្រើន មានពួកស្រីអប្សរចោមរោម មកថ្វាយបង្គំអាត្មាដូច្នេះ​​​​។

(នាងចណ្ឌាលីទេវធីតាតបថា) បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំឈ្មោះចណ្ឌាលី ដែលលោកម្ចាស់មានសេចកី្តព្យាយាម បញ្ជូនទៅឱ្យថ្វាយបង្គំព្រះបាទា នៃព្រះគោតម ជាព្រះអរហន្តដ៏មានយស លុះខ្ញុំថ្វាយបង្គំព្រះបាទាហើយ ក៏ច្យុតអំពីកំណើតនៃនាងចណ្ឌាលី មកកាន់វិមានដ៏ប្រសើរ ដោយប្រការទាំងពួង កើតឡើងក្នុងនន្ទនឧទ្យាន មានស្ត្រីអប្សរ ១ ពាន់ ចោមរោម បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំជាទេវតា ប្រសើរវិសេស ជាងស្រីអប្សរទាំងនោះ ដោយសម្បុរ ដោយយស និងអាយុ ជាទេវតាមានកុសលដ៏ច្រើន បានធ្វើហើយ ដឹងខ្លួន មានស្មារតី មកដើម្បីថ្វាយបង្គំនូវព្រះមុនី ព្រះអង្គប្រកបដោយ សេចកី្តករុណា ក្នុងលោក​​​​។

លុះនាងចណ្ឌាលី ជាស្ត្រីមានកតញ្ញូកតវេទិនី ពោលពាក្យនេះដូច្នេះហើយ ក៏ថ្វាយបង្គំព្រះបាទានៃព្រះអរហន្តហើយ ក៏បាត់ពីទីនោះទៅ​​​​។

ចប់ ចណ្ឌាលីវិមានទី ៤​​​​។

Previous Post Next Post