៥. ពាលវគ្គ
(ត)
#នាងមល្លិកាធ្លាប់ជួយគេកាលពីជាតិមុន
ក្នុងកាលកន្លងទៅ ក្នុងក្រុងពារាណសី មានរាជបុត្រម្នាក់ បានចូលទៅរកដើមជ្រៃមួយដើម រួចបន់ស្រន់ចំពោះទេវតាដែលកើតនៅទីនោះថា "បពិត្រលោកម្ចាស់ទេវរាជ ក្នុងជម្ពូទ្វីបនេះ មានស្ដេច ១០១ អង្គ និងអគ្គមហេសី ១០១ អង្គ បើសិនជាខ្ញុំបានសោយរាជ្យបន្តពីបិតា ខ្ញុំនឹងយកឈាមត្រង់ករបស់ស្ដេច និងមហេសីទាំងនោះមកធ្វើពលិការបូជាដល់លោកម្ចាស់"។
លុះដល់បិតាសុគត រាជបុត្រនោះក៏បានឡើងសោយរាជ្យ ហើយគិតថា "អញបានសោយរាជ្យ ក៏ដោយសារអានុភាពរបស់ទេវតា អញត្រូវធ្វើពលិការបូជាដល់លោក"។ ទើបស្ដេចអង្គនោះនាំសេនាដ៏ច្រើនយាងទៅវាយយកឈ្នះស្ដេចមួយអង្គ រួចបន្តវាយយកឈ្នះស្ដេចដទៃទៀតរហូតដល់អស់គ្រប់ស្ដេចទាំងអស់ក្នុងជម្ពូទ្វីប រួចនាំយកស្ដេចទាំងនោះមកជាមួយមហេសីផងដែរ។ ក្នុងចំណោមនោះ មានស្ដេចពៅគេបង្អស់ឈ្មោះ ឧគ្គសេន ដែលមានអគ្គមហេសីឈ្មោះ ធម្មទិន្នា កំពុងមានគភ៌ ស្ដេចនោះក៏ទុកនាងចោល រួចនាំយកតែស្ដេចមកដល់ក្រោមដើមជ្រៃ ហើយឱ្យគេបោសសម្អាតទីនោះ ដោយគិតថា "អញនឹងឱ្យមនុស្សទាំងអស់នេះផឹកថ្នាំបំពុលឱ្យស្លាប់ រួចធ្វើពលិការបូជា"។
ទេវតាដែលនៅដើមជ្រៃគិតថា "ស្ដេចនេះយល់ថាដែលខ្លួនចាប់ស្ដេចបានទាំងអស់នេះ គឺព្រោះតែអាស្រ័យនឹងយើង ទើបចង់យកឈាមគេមកបូជាយើង បើសិនជាស្ដេចនេះសម្លាប់ពួកគេមែន វង្សក្សត្រក្នុងជម្ពូទ្វីបមុខជានឹងវិនាសដាច់ពូជមិនខាន ហើយក្រោមដើមឈើយើងក៏នឹងមានសភាពមិនស្អាត (ប្រឡាក់ឈាម) ដែរ តើអញអាចនឹងឃាត់ស្ដេចនេះបានដោយរបៀបណា?"។ ទេវតានោះពិចារណាមើល ក៏ដឹងថាខ្លួនឯងមិនអាចឃាត់បានឡើយ ទើបទៅរកទេវតាផ្សេងទៀតឱ្យជួយ ប៉ុន្តែទេវតាឯទៀតក៏ប្រកែកថាធ្វើមិនបាន រហូតដល់ទៅរកទេវតានៅក្នុងសកលចក្កវាឡ ក៏នៅតែគ្មានអ្នកណាហ៊ានទទួល។ ទេវតានោះក៏ទៅរកមហារាជទាំង ៤ ប៉ុន្តែមហារាជទាំង ៤ ក៏ប្រកែកថា "យើងធ្វើមិនបានទេ ប៉ុន្តែស្ដេចរបស់យើង (ព្រះឥន្ទ្រ) ជាអ្នកមានបុណ្យ និងបញ្ញាលើសលប់ជាងយើង ចូរអ្នកទៅសួរលោកមើល"។
ទេវតានោះក៏ចូលទៅរកព្រះឥន្ទ្រ រួចក្រាបទូលថា "បពិត្រព្រះអង្គ បើសិនជាព្រះអង្គមិនខ្វល់ខ្វាយទេ វង្សក្សត្រមុខជានឹងដាច់ពូជមិនខាន សូមព្រះអង្គជួយធ្វើជាទីពឹងផង"។ ព្រះឥន្ទ្រត្រាស់ថា "យើងក៏មិនអាចទៅឃាត់ស្ដេចនោះដោយផ្ទាល់បានដែរ ប៉ុន្តែយើងនឹងប្រាប់ឧបាយ (ល្បិច) ដល់អ្នក។ ចូរអ្នកស្លៀកសំពត់ពណ៌ក្រហម រួចចេញពីដើមឈើឱ្យស្ដេចនោះឃើញ ធ្វើអាការៈដូចជាចង់ចាកចេញទៅ។ ពេលនោះស្ដេចនឹងឃាត់អ្នក ហើយសួររកហេតុផល។ ចូរអ្នកប្រាប់ស្ដេចនោះថា 'អ្នកឯងបន់យើងថា នឹងយកស្ដេច ១០១ អង្គ និងមហេសី ១០១ អង្គមកបូជា ប៉ុន្តែឥឡូវនេះអ្នកឯងទុកមហេសីរបស់ស្ដេចឧគ្គសេនចោល បែរជានាំមកមិនគ្រប់ចំនួនទៅវិញ យើងមិនទទួលយកពលិការបូជាពីមនុស្សមុសាវាទ (និយាយភូតភរ) ដូចជាអ្នកឯងឡើយ' "។ ព្រះឥន្ទ្រប្រាប់ថា "កាលបើទេវតានិយាយយ៉ាងនេះ ស្ដេចនឹងបញ្ជាឱ្យគេទៅនាំនាងមក ហើយនាងនឹងសម្ដែងធម៌ដល់ស្ដេច រួចផ្ដល់ជីវិតដល់មហាជនទាំងអស់នេះជាមិនខាន"។ ទេវតាក៏បានធ្វើតាមឧបាយរបស់ព្រះឥន្ទ្រគ្រប់យ៉ាង។
ព្រះរាជាក៏បានបង្គាប់ឱ្យគេទៅនាំនាងមក។ កាលដែលព្រះនាងធម្មទិន្នាយាងមកដល់ ទោះបីជាឃើញព្រះរាជាអង្គុយនៅចុងជួរនៃស្ដេចទាំងឡាយក៏ដោយ ក៏នាងចូលទៅថ្វាយបង្គំតែស្វាមីរបស់ខ្លួនម្នាក់ប៉ុណ្ណោះ។ ព្រះរាជា (ស្ដេចកំណាច) ទ្រង់មានសេចក្ដីក្រោធយ៉ាងខ្លាំង ដោយគិតថា "ក្នុងខណៈដែលអញជាស្ដេចធំជាងគេទាំងអស់ឈរនៅទីនេះ នាងនេះបែរជាទៅថ្វាយបង្គំតែប្ដីរបស់ខ្លួនដែលជាស្ដេចតូចតាចបំផុតទៅវិញ"។
ពេលនោះ នាងបានពោលទៅកាន់ស្ដេចនោះថា "តើខ្ញុំមានរឿងអ្វីត្រូវជំពាក់ជំពិននឹងព្រះអង្គ? ចំណែកបុរសនេះគឺជាស្វាមីរបស់ខ្ញុំ ជាអ្នកផ្ដល់នូវភាពជាធំ (ឥស្សរិយយស) ដល់ខ្ញុំ បើខ្ញុំមិនថ្វាយបង្គំគាត់ តើឱ្យខ្ញុំមកថ្វាយបង្គំបញ្ចើចបញ្ចើព្រះអង្គធ្វើអ្វី?" ខណៈនោះ រុក្ខទេវតា កាលដែលនឹងបង្ហាញខ្លួនឱ្យមហាជនឃើញ ក៏បានបន្លឺសម្លេងថា "ពិតមែនហើយ ភទ្រេ! ពិតមែនហើយ ភទ្រេ!" រួចក៏បូជានាងដោយផ្កាមួយក្ដាប់។
ព្រះរាជាត្រាស់សួរទៀតថា "បើអ្នកមិនថ្វាយបង្គំយើងចុះ ចុះហេតុអ្វីបានជាអ្នកមិនថ្វាយបង្គំទេវតាដែលមានអានុភាពធំយ៉ាងនេះ ដែលជាអ្នកផ្ដល់នូវសិរីសួស្ដីនៃរាជសម្បត្តិដល់យើង?" នាងតបថា "បពិត្រមហារាជ ព្រះអង្គចាប់ស្ដេចទាំងឡាយបាន ក៏ដោយសារអាស្រ័យលើបុណ្យរបស់ព្រះអង្គផ្ទាល់ទេ មិនមែនទេវតាជាអ្នកចាប់មកប្រគល់ឱ្យឡើយ"។ ទេវតាក៏បានបន្លឺសម្លេងថា "ពិតមែនហើយ ភទ្រេ! ពិតមែនហើយ ភទ្រេ!" រួចបូជានាងដូចដើមវិញ។
បន្ទាប់មក នាងបានពោលទៅកាន់ព្រះរាជាទៀតថា "ព្រះអង្គតែងពោលថា 'ទេវតាចាប់ស្ដេចទាំងនេះមកឱ្យអញ' ប៉ុន្តែឥឡូវនេះ ព្រះអង្គមើលចុះ នៅខាងឆ្វេងនៃទេវតាមានដើមឈើដែលត្រូវភ្លើងឆេះ តើហេតុអ្វីបានជាទេវតានោះមិនអាចពន្លត់ភ្លើងបាន បើសិនជាលោកមានអានុភាពខ្លាំងពិតមែននោះ?" ទេវតាក៏បន្លឺសម្លេងបញ្ជាក់ថា "ពិតមែនហើយ ភទ្រេ!" រួចបូជានាងសារជាថ្មី។
ក្នុងខណៈដែលនាងកំពុងនិយាយនោះ នាងក៏យំផង សើចផង។ ព្រះរាជាត្រាស់សួរថា "តើអ្នកឯងជាមនុស្សឆ្កួតឬ?" នាងតបថា "បពិត្រព្រះអង្គ ហេតុអ្វីបានជាព្រះអង្គមានបន្ទូលយ៉ាងនេះ? មនុស្សដូចជាខ្ញុំមិនមែនជាមនុស្សឆ្កួតឡើយ"។ ព្រះរាជាសួរថា "ចុះហេតុអ្វីបានជាអ្នកយំផង សើចផង?"
នាងរៀបរាប់ថា "បពិត្រមហារាជ សូមទ្រង់ព្រះសណ្ដាប់ចុះ កាលពីជាតិមុន ខ្ញុំកើតជាកូនស្រីក្នុងត្រកូលមួយ រស់នៅផ្ទះខាងប្ដី។ ថ្ងៃមួយឃើញមិត្តភក្តិប្ដីមកលេងផ្ទះ ខ្ញុំចង់ធ្វើម្ហូបទទួលភ្ញៀវ ក៏បានឱ្យប្រាក់ទៅឈ្នួលស្រីម្នាក់ទៅទិញសាច់ ប៉ុន្តែនាងរកទិញសាច់មិនបាន ក៏ត្រឡប់មកវិញប្រាប់ថា 'គ្មានសាច់ទេ'។ ពេលនោះ ខ្ញុំក៏បានកាត់កពពែមួយក្បាលដែលដេកនៅខាងក្រោយផ្ទះ ដើម្បីយកមកធ្វើម្ហូប។ គ្រាន់តែខ្ញុំកាត់កពពែមួយក្បាលប៉ុណ្ណោះ ខ្ញុំត្រូវធ្លាក់នរកឆេះយ៉ាងយូរ ហើយកាលដែលរួចពីនរកមក ខ្ញុំត្រូវគេកាត់កសងវិញស្មើនឹងចំនួនរោមរបស់ពពែនោះ។ ខ្ញុំនឹកឃើញដល់ទុក្ខរបស់ខ្លួនឯងផង និងនឹកឃើញថា 'អ្នកឯងសម្លាប់មនុស្សច្រើនយ៉ាងនេះ តើអង្កាល់ណាទើបអាចរួចផុតពីទុក្ខបាន?' ខ្ញុំនឹកឃើញដល់ទុក្ខរបស់ព្រះអង្គបែបនេះ ទើបខ្ញុំយំ" រួចនាងក៏ពោលនូវព្រះគាថាថា៖
‘‘ឯកិស្សា កណ្ឋំ ឆេត្វាន, លោមគណនាយ បច្ចិសំ;
ពហូនំ កណ្ឋេ ឆេត្វាន, កថំ កាហសិ ខត្តិយា’’តិ។
ខ្ញុំ (កាលពីជាតិមុន) បានកាត់កពពែតែមួយក្បាលប៉ុណ្ណោះ ក៏ត្រូវឆេះរោលរាលក្នុងនរក (ហើយត្រូវគេកាត់កសងវិញ) តាមចំនួនរោមនៃពពែនោះទៅហើយ បពិត្រខត្តិយៈ ចុះព្រះអង្គដែលកាត់កមនុស្សជាច្រើនយ៉ាងនេះ តើនឹងធ្វើដូចម្ដេចទៅ (តើត្រូវរងទុក្ខវេទនាខ្លាំងក្លាប៉ុណ្ណាទៀត)?
ព្រះរាជាត្រាស់សួរថា "ចុះហេតុអ្វីបានជាអ្នកសើច?" នាងតបថា "បពិត្រមហារាជ ព្រោះខ្ញុំត្រេកអរដោយគិតថា 'ខ្ញុំបានរួចផុតចាកទុក្ខនោះហើយ'"។ ខណៈនោះ ទេវតាក៏បានបន្លឺសម្លេងថា "ពិតមែនហើយ ភទ្រេ! ពិតមែនហើយ ភទ្រេ!" រួចបូជានាងដោយផ្កាមួយក្ដាប់ទៀត។
ព្រះរាជាទ្រង់ព្រះតម្រិះថា "អហោ! អញបានធ្វើនូវអំពើដ៏ធ្ងន់ធ្ងរណាស់ទៅហើយ ឮថានាងនេះគ្រាន់តែសម្លាប់ពពែមួយក្បាលប៉ុណ្ណោះ ត្រូវធ្លាក់នរក ហើយកាលដែលរួចមកវិញ ត្រូវគេកាត់កសងតាមចំនួនរោមពពែនោះទៀត ចុះបើអញសម្លាប់មនុស្សច្រើនយ៉ាងនេះ តើអង្កាល់ណាទើបអញបាននូវសេចក្ដីសួស្ដី?" ព្រះអង្គក៏បានដោះលែងស្ដេចទាំងអស់ឱ្យមានសេរីភាព រួចថ្វាយបង្គំស្ដេចដែលមានព្រះជន្មចាស់ជាង និងលើកដៃសំពះដល់ស្ដេចដែលក្មេងជាង ដើម្បីសុំខមាទោសដល់ស្ដេចទាំងអស់ រួចបញ្ជូនពួកគេឱ្យត្រឡប់ទៅកាន់នគររៀងៗខ្លួនវិញ។
ព្រះសាស្តា កាលដែលនាំយកព្រះធម៌ទេសនានេះមកសម្ដែងហើយ ក៏ត្រាស់ថា "ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងពេលនេះទេ ដែលព្រះនាងមល្លិកាទេវី ផ្ដល់ជីវិតដល់មហាជនដោយអាស្រ័យបញ្ញារបស់ខ្លួន សូម្បីតែក្នុងកាលពីមុន ក៏នាងធ្លាប់បានផ្ដល់ឱ្យរួចមកហើយដែរ" រួចទ្រង់ប្រៀបធៀបជាតិថា៖
• ស្ដេចពារាណសី ក្នុងកាលនោះ បានមកជា ព្រះបាទបសេនទិកោសល។
• ព្រះនាងធម្មទិន្នា បានមកជា ព្រះនាងមល្លិកាទេវី។
• ចំណែកឯ រុក្ខទេវតា គឺ តថាគត នេះឯង។
កាលដែលទ្រង់ប្រៀបធៀបជាតិរួចហើយ ទ្រង់សម្ដែងធម៌បន្តទៀតថា "ម្នាលភិក្ខុទាំងឡាយ អំពើបាណាតិបាត មិនមែនជាអំពើដែលគួរធ្វើឡើយ ព្រោះថាអ្នកដែលសម្លាប់សត្វ តែងសោកសៅអស់កាលជាអង្វែង" រួចទ្រង់ត្រាស់នូវព្រះគាថាទាំងនេះថា៖
ឥធ សោចតិ បេច្ច សោចតិ, បាបការី ឧភយត្ថ សោចតិ;
សោ សោចតិ សោ វិហញ្ញតិ, ទិស្វា កម្មកិលិដ្ឋមត្តនោតិ។
អ្នកធ្វើបាប តែងសោកសៅក្នុងលោកនេះ ស្លាប់ទៅក៏រឹតតែសោកសៅ ឈ្មោះថា សោកសៅក្នុងលោកទាំងពីរ។ គេតែងសោកសៅ និងក្ដៅក្រហាយ ព្រោះឃើញនូវកម្មដ៏សៅហ្មងរបស់ខ្លួន។
ឯវំ ចេ សត្តា ជានេយ្យុំ, ទុក្ខាយំ ជាតិសម្ភវោ;
ន បាណោ បាណិនំ ហញ្ញេ, បាណឃាតី ហិ សោចតីតិ។
បើសិនជាសត្វទាំងឡាយដឹងយ៉ាងនេះថា "ការកើតនេះនាំមកនូវទុក្ខ" សត្វក៏មិនគប្បីសម្លាប់សត្វឡើយ ព្រោះថាអ្នកសម្លាប់សត្វ តែងសោកសៅ។
(រឿងអញ្ញតរបុរស ទី ១ ចប់ដោយបរិបូណ៌)។







