[២២] ភទ្ទិត្ថិកាវិមាន ទី ៥
(បិ.៥៥/ទំ.៤០)
(ព្រះមានព្រះភាគ ត្រាស់សួរថា) នាងមានសម្បុរខៀវផង លឿងផង ខ្មៅផង ហង្សបាទ (ក្រហមលឿង) ផង ក្រហមផង ចោមរោមដោយលំអងនៃផ្កា មានពណ៌ផ្សេងៗ ទ្រទ្រង់នូវកម្រងផ្កាមន្ទាបុស្សនៅលីក្បាល ម្នាលនាងមានប្រាជ្ញាល្អ ដើមឈើនេះ ក្នុងពួក ទេវតាដទៃគ្មានទេ ម្នាលនាងមានយស នាងកើតក្នុងពួកទេវតានៅក្នុងស្ថានត្រៃត្រឹង្ស ដោយបុណ្យអី្វ ម្នាលទេវធីតា តថាគតសួរហើយ នាងចូរប្រាប់មក ផលនៃកម្មនេះ ដូចម្តេច។
(ទេវតានោះតបថា) ជនទាំងឡាយស្គាល់ខ្ញុំថា ភទិ្ទកា ខ្ញុំជាឧបាសិកា នៅក្នុងកិម្ពិលានគរ បរិបូណ៌ដោយសទ្ធា នឹងសីល ត្រេកអរ ក្នុងការចែករលែកនូវទាន សព្វកាល ខ្ញុំមានចិត្តជ្រះថ្លាហើយ ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឱ្យគ្រឿងស្លៀក ដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំរក្សារនូវឧបោសថ ប្រកបដោយអង្គ ៨ អស់ ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមល្អក្នុងសីល ទាំងឡាយ សព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានការនៅ ដោយសេចកី្តមិនធ្វេសប្រហែស
មានឱកាសនៃសេចកី្តសុចរិតធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះ មក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំបានញុំាងពួកភិក្ខុ អ្នកអនុគ្រោះដោយប្រយោជន៍ដ៏ក្រៃលែង និងគូនៃសាវ័កដែលមានតបៈ (ព្រះសារីបុត្ត និងព្រះមោគ្គល្លាន) នឹង ព្រះមហាមុនីឱ្យសោយអាហារ ខ្ញុំមានឱកាសធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំរក្សានូវ ឧបោសថប្រកបដោយអង្គ ៨ រកប្រមាណមិនបាន នាំមកនូវសេចកី្តសុខសព្វកាល ខ្ញុំមានឱកាសធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺ ដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន។
ចប់ ភទិ្ទតិ្ថកាវិមានទី ៥។







