ខតសូត្រ (បុគ្គលដែលជីកគាស់គុណខ្លួនឯង)

 #សិក្សាបិដក៤២

[៤] ខតសូត្រ (បុគ្គលដែលជីកគាស់គុណខ្លួនឯង) 

ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុសក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួនដែលខ្លួនជីកគាស់ (ខតំ) កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង​។ បុគ្គល ៤ ពួកនោះ តើដូចម្តេចខ្លះ៖ 

១. មាតរិ មិច្ឆាបដិបន្នោ (ប្រតិបត្តិខុសក្នុងមាតា)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល កាលបើ ប្រតិបត្តិខុសក្នុងមាតា ឈ្មោះថារក្សាខ្លួនដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោស និងបាននូវបាបដ៏ច្រើន​។ 

២. បិតរិ មិច្ឆាបដិបន្នោ (ប្រតិបត្តិខុសក្នុងបិតា)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល កាលបើ ប្រតិបត្តិខុសក្នុងបិតា ឈ្មោះថារក្សាខ្លួនដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ​។ 

៣. តថាគតេ មិច្ឆាបដិបន្នោ (ប្រតិបត្តិខុសក្នុងព្រះតថាគត)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល កាលបើ ប្រតិបត្តិខុសក្នុងព្រះតថាគត ឈ្មោះថារក្សាខ្លួនដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ​។ 

៤. តថាគតសាវកេ មិច្ឆាបដិបន្នោ (ប្រតិបត្តិខុសក្នុងសាវ័កនៃព្រះតថាគត)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល កាលបើ ប្រតិបត្តិខុសក្នុងសាវ័ករបស់ព្រះតថាគត ឈ្មោះថារក្សាខ្លួនដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោស និងបាននូវបាបដ៏ច្រើន​។ 

ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ (អខតំ) មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញផង បាននូវបុណ្យដ៏ច្រើនផង​។ បុគ្គល ៤ ពួកនោះ តើដូចម្តេចខ្លះ៖ 

១. មាតរិ សម្មាបដិបន្នោ (ប្រតិបត្តិត្រូវក្នុងមាតា)៖ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតកាល ប្រតិបត្តិត្រូវក្នុងមាតា ឈ្មោះថារក្សាខ្លួនដែលខ្លួនមិនបានជីកគាស់គុណចោល ជាអ្នកមិនមានទោស និងបាននូវបុណ្យដ៏ច្រើន​។ 

២. បិតរិ សម្មាបដិបន្នោ (ប្រតិបត្តិត្រូវក្នុងបិតា)៖ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតកាល ប្រតិបត្តិត្រូវក្នុងបិតា ឈ្មោះថារក្សាខ្លួនដែលខ្លួនមិនបានជីកគាស់គុណចោល​។ 

៣. តថាគតេ សម្មាបដិបន្នោ (ប្រតិបត្តិត្រូវក្នុងព្រះតថាគត)៖ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតកាល ប្រតិបត្តិត្រូវក្នុងព្រះតថាគត ឈ្មោះថារក្សាខ្លួនដែលខ្លួនមិនបានជីកគាស់គុណចោល​។ 

៤. តថាគតសាវកេ សម្មាបដិបន្នោ (ប្រតិបត្តិត្រូវក្នុងសាវ័កនៃព្រះតថាគត)៖ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតកាល ប្រតិបត្តិត្រូវក្នុងសា​វ័ក​នៃព្រះតថាគត ឈ្មោះថារក្សាខ្លួនដែលខ្លួនមិនបានជីកគាស់គុណចោល ជាអ្នកមិនមានទោស និងបាននូវបុណ្យដ៏ច្រើន​។ 

គាថាពន្យល់ 

‘‘មាតរិ បិតរិ ចាបិ,  យោ មិច្ឆា បដិបជ្ជតិ; 

តថាគតេ វា សម្ពុទ្ធេ,  អថ វា តស្ស សាវកេ; 

ពហុញ្ច សោ បសវតិ,  អបុញ្ញំ តាទិសោ នរោ។ 

ជនណា ប្រតិបត្តិខុសក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគតជាសម្ពុទ្ធ ១ ក្នុងសាវ័ករបស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបាបដ៏ច្រើន​។ 

‘‘តាយ នំ អធម្មចរិយាយ, មាតាបិតូសុ បណ្ឌិតា; 

ឥធេវ នំ គរហន្តិ,  បេច្ចាបាយញ្ច គច្ឆតិ។ 

ក្នុងលោកនេះ បណ្ឌិតទាំងឡាយរមែងតិះដៀលបុគ្គលនោះ លុះទៅកាន់លោកខាងមុខហើយ រមែងទៅកាន់អបាយ ព្រោះការប្រព្រឹត្តមិនត្រូវតាមធម៌នោះ​ (ចំពោះមាតា និងបិតាទាំងឡាយ)។ 

‘‘មាតរិ បិតរិ ចាបិ,  យោ សម្មា បដិបជ្ជតិ; 

តថាគតេ វា សម្ពុទ្ធេ,  អថ វា តស្ស សាវកេ; 

ពហុញ្ច សោ បសវតិ,  បុញ្ញំ ឯតាទិសោ នរោ។ 

ជនណា ប្រតិបត្តិត្រូវក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគតជាសម្ពុទ្ធ ១ ក្នុងសាវ័ករបស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបុណ្យដ៏ច្រើន​។ 

‘‘តាយ នំ ធម្មចរិយាយ, មាតាបិតូសុ បណ្ឌិតា; 

ឥធេវ នំ បសំសន្តិ,  បេច្ច សគ្គេ បមោទតិ’’។  

ក្នុងលោកនេះ បណ្ឌិតទាំងឡាយរមែងសរសើរជននោះ លុះទៅកាន់លោកខាងមុខហើយ រមែងរីករាយក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តត្រូវតាមធម៌នោះ ចំពោះមាតានិងបិតាទាំងឡាយ​។

Previous Post Next Post