រឿងព្រះសោរេយ្យត្ថេរ

 ៩. រឿងព្រះសោរេយ្យត្ថេរ

ព្រះធម៌ទេសនាថា ន តំ មាតា បិតា កយិរា (មាតាបិតាមិនអាចធ្វើបាន...) នេះ ព្រះសាស្តាកាលដែលទ្រង់គង់ប្រថាប់នៅក្នុង ព្រះជេតពនវិហារ ក្រុងសាវត្ថី ទ្រង់បានប្រារព្ធនូវ ព្រះសោរេយ្យត្ថេរ ហើយសម្ដែងឡើង។

រឿងរ៉ាវនេះបានកើតឡើងក្នុង ក្រុងសោរេយ្យៈ ហើយបានទៅបញ្ចប់នៅ ក្រុងសាវត្ថី។ កាលដែលព្រះសម្មាសម្ពុទ្ធគង់នៅក្រុងសាវត្ថី មាន កូនប្រុសរបស់សេដ្ឋី ម្នាក់ក្នុងក្រុងសោរេយ្យៈ បានអង្គុយលើរទេះដ៏សុខស្រួលជាមួយមិត្តភក្តិម្នាក់ ចេញពីនគរទៅដើម្បីស្រង់ទឹក ព្រមដោយបរិវារយ៉ាងច្រើន។ ក្នុងខណៈនោះ ព្រះមហាកច្ចាយនត្ថេរ មានបំណងនឹងចូលទៅបិណ្ឌបាតក្នុងក្រុងសោរេយ្យៈ ក៏ឈប់រៀបចំគ្រងស្បង់ចីវរនៅខាងក្រៅនគរ។ ព្រះថេរៈមានរាងកាយ ពណ៌ដូចមាស។

កូនប្រុសសេដ្ឋីសោរេយ្យៈឃើញលោកហើយ ក៏ត្រិះរិះថា ឱ! ហ្ន៎ ប្រសិនបើព្រះថេរៈអង្គនេះបានមកជាភរិយារបស់អញ ឬមួយក៏ពណ៌សម្បុរនៃរាងកាយភរិយារបស់អញ បានដូចជាពណ៌សម្បុរនៃរាងកាយរបស់លោកនេះ ពិតជាល្អណាស់។ គ្រាន់តែគាត់គិតភ្លាម ភេទបុរសក៏បាត់ទៅ ភេទស្រីក៏ប្រាកដឡើង ដល់រូបគាត់ភ្លាមៗ។ គាត់កើតសេចក្ដីអៀនខ្មាសយ៉ាងខ្លាំង ក៏ចុះចាករទេះរត់គេចខ្លួនបាត់ទៅ។ ពួកបរិវារមិនបានស្គាល់គាត់ (ក្នុងរូបរាងជាស្រី) ក៏ឆ្ងល់ថា តើមានរឿងអ្វីកើតឡើង?។

ចំណែកឯគាត់ (ដែលក្លាយជាស្រីហើយនោះ) ក៏ដើរតាមផ្លូវដែលឆ្ពោះទៅកាន់ ក្រុងតក្កសិលា។ មិត្តភក្តិរបស់គាត់បានដើររកគ្រប់ទិសទីតែរកមិនឃើញ។ គ្រប់គ្នាស្រង់ទឹករួចក៏ត្រឡប់ទៅផ្ទះវិញ។ កាលដែលគេសួរថា តើកូនប្រុសសេដ្ឋីនៅឯណា? គេក៏ឆ្លើយថា ពួកយើងស្មានថាគាត់ស្រង់ទឹករួច ត្រឡប់មកមុនបាត់ហើយ។ លំដាប់នោះ មាតាបិតារបស់គាត់បានដើររកគ្រប់ទីកន្លែងតែរកមិនឃើញ ក៏នាំគ្នាយំសោកបោកខ្លួន ហើយគិតថា កូនប្រុសប្រហែលជាស្លាប់បាត់ហើយ ក៏បានធ្វើបុណ្យឧទ្ទិសកុសល (មតកភត្ត) ឱ្យគាត់បាត់ទៅ។

នាង (សោរេយ្យសេដ្ឋីបុត្រ) បានឃើញពួកឈ្មួញដែលធ្វើដំណើរទៅក្រុងតក្កសិលា ក៏ដើរតាមក្រោយរទេះរបស់គេ។ មនុស្សទាំងឡាយឃើញហើយក៏ឆ្ងល់ថា នាងដើរតាមក្រោយរទេះពួកយើង យើងមិនដឹងថាជាកូនចៅអ្នកណាឡើយ។ នាងប្រាប់ថា អ្នករាល់គ្នាបើកបររទេះទៅចុះ ខ្ញុំនឹងដើរទៅដោយជើងផ្ទាល់ នាងដើរបណ្ដើរក៏បានដោះ ចិញ្ចៀន ឱ្យគេដើម្បីសុំកន្លែងអង្គុយលើរទេះមួយ។ មនុស្សទាំងឡាយគិតថា នៅក្រុងតក្កសិលា កូនប្រុសសេដ្ឋីរបស់យើងមិនទាន់មានភរិយានៅឡើយទេ យើងនឹងប្រាប់គាត់ មុខជានឹងបានរង្វាន់ធំមិនខាន។ គេនាំនាងទៅដល់ផ្ទះហើយប្រាប់ថា លោកម្ចាស់ ពួកយើងបាននាំយកស្រីរតនៈម្នាក់មកជូនលោក។

កូនប្រុសសេដ្ឋីនៅក្រុងតក្កសិលាឮដូច្នោះ ក៏ឱ្យគេហៅនាងចូលមក។ កាលដែលឃើញនាងមានរូបរាងស្អាតបាត សមសួន និងគួរឱ្យជ្រះថ្លា ក៏កើតសេចក្ដីស្រឡាញ់ ហើយក៏រៀបការទទួលនាងទុកនៅក្នុងផ្ទះ។ តាមពិតទៅ ការដែលបុរសក្លាយជាស្រី ឬស្រីក្លាយជាបុរស មិនមែនមិនដែលកើតមាននោះទេ។ បុរសទាំងឡាយណាដែល ប្រព្រឹត្តខុសក្នុងកាម (អធម៌ក្នុងភរិយាអ្នកដទៃ) កាលដែលស្លាប់ទៅ រមែងទៅឆេះក្នុងនរកអស់រាប់សែនឆ្នាំ លុះត្រឡប់មកកើតជាមនុស្សវិញ រមែងត្រូវ កើតជាស្រីអស់ ១០០ ជាតិ។

សូម្បីតែ ព្រះអានន្ទត្ថេរ ដែលជាអរិយសាវកបានបំពេញបារមីអស់មួយសែនកប្ប កាលដែលអន្ទោលទៅក្នុងសង្សារវដ្ត ក្នុងអត្តភាពមួយ លោកបានកើតក្នុងត្រកូលជាងទង។ លោកបានធ្វើនូវ បរទារកម្ម (ការប្រព្រឹត្តខុសក្នុងប្រពន្ធអ្នកដទៃ) រួចឆេះក្នុងនរក លុះផលកម្មនៅសេសសល់ លោកបានកើតជាស្រីបម្រើជើងបុរសអស់ ១៤ អត្តភាព និងបានដល់នូវការ គ្រៀវ (កាត់កេរ្តិ៍ខ្មាស) អស់ ៧ អត្តភាព។

ចំណែកឯស្រ្តីទាំងឡាយ កាលបានធ្វើបុណ្យមានទានជាដើម ហើយនឿយណាយក្នុងភេទជាស្រី ក៏តាំងចិត្តអធិស្ឋានថា សូមឱ្យបុណ្យនេះរបស់ខ្ញុំ ប្រព្រឹត្តទៅដើម្បីបានអត្តភាពជាបុរសចុះ លុះស្លាប់ទៅ ក៏បានអត្តភាពជាបុរសវិញ ឬស្រ្តីដែលជា បតិទេវតា (គោរពប្ដីដូចទេវតា) ដោយអំណាចនៃសេចក្ដីប្រតិបត្តិត្រឹមត្រូវចំពោះស្វាមី ក៏រមែងបានអត្តភាពជាបុរសវិញដែរ។

ប៉ុន្តែ កូនប្រុសសេដ្ឋីនេះវិញ បានញ៉ាំងអយោនិសោចិត្ត (ចិត្តគិតមិនត្រូវទំនង) ឱ្យកើតឡើងចំពោះព្រះថេរៈ ក៏បានអត្តភាពជាស្រីក្នុងអត្តភាពនេះតែម្ដង។ ក្នុងក្រុងតក្កសិលា នាងបានរួមរស់ជាមួយកូនប្រុសសេដ្ឋី រួចក៏មានគភ៌ជាប់ក្នុងផ្ទៃ។ នាងសម្រាលបានកូនប្រុសម្នាក់ក្រោយកន្លងទៅ ១០ ខែ និងសម្រាលបានកូនប្រុសម្នាក់ទៀត ក្នុងកាលដែលកូនច្បងចេះដើរ។ ដូច្នេះ កូនដែលកើតពីផ្ទៃនាងមាន ២ នាក់ និងកូនដែលកើតក្នុងកាលដែលខ្លួននៅជាបុរសក្នុងក្រុងសោរេយ្យៈមាន ២ នាក់ រួមជាកូន ៤ នាក់។

ក្នុងសម័យនោះ មិត្តភក្តិដែលជាកូនសេដ្ឋីពីក្រុងសោរេយ្យៈ បានដឹកទំនិញតាមរទេះ ៥០០ គ្រឿង មកកាន់ក្រុងតក្កសិលា ហើយអង្គុយលើរទេះដ៏សុខស្រួលចូលទៅកាន់នគរ។ លំដាប់នោះ នាងឈរនៅជាន់លើនៃប្រាសាទ បើកបង្អួចមើលទៅកាន់ច្រកផ្លូវ ឃើញមិត្តភក្តិនោះក៏ចំណាំបាន ទើបចាត់ឱ្យទាសីទៅហៅមក រួចឱ្យអង្គុយលើទីដ៏ខ្ពង់ខ្ពស់ ហើយធ្វើសក្ការយ៉ាងធំដេរដាស។

គ្រានោះ មិត្តភក្តិនោះនិយាយទៅកាន់នាងថា នាងដ៏ចម្រើន ពីមុនមកខ្ញុំមិនដែលឃើញនាងឡើយ ប៉ុន្តែបែរជានាងធ្វើសក្ការៈយ៉ាងខ្លាំងដល់ខ្ញុំ តើនាងស្គាល់ខ្ញុំដែរឬ? នាងតបថា ចា៎ លោកម្ចាស់ ខ្ញុំស្គាល់ លោកម្ចាស់គឺជាអ្នកក្រុងសោរេយ្យៈមែនទេ? មិត្តភក្តិតបថា បាទ ត្រឹមត្រូវហើយ នាងដ៏ចម្រើន។ នាងក៏បានសួរពីសុខទុក្ខរបស់មាតាបិតា ភរិយា និងកូនៗរបស់កូនសេដ្ឋីសោរេយ្យៈនោះ។ មិត្តភក្តិនោះក៏តបថា បាទ នាងដ៏ចម្រើន ពួកគាត់មានសុខសប្បាយទេ រួចក៏សួរថា តើនាងស្គាល់អ្នកទាំងនោះដែរឬ? នាងតបថា ចា៎ លោកម្ចាស់ ខ្ញុំស្គាល់ ចុះកូនប្រុសម្នាក់របស់សេដ្ឋីនោះ ឥឡូវគេនៅឯណា លោកម្ចាស់? មិត្តភក្តិតបថា នាងដ៏ចម្រើន កុំនិយាយពីគេអី ពួកយើង និងគេបានជិះរទេះចេញទៅស្រង់ទឹកជាមួយគ្នាក្នុងថ្ងៃមួយ ប៉ុន្តែមិនដឹងថាគេទៅទីណាឡើយ ពួកយើងដើររកគ្រប់ទិសទីក៏មិនឃើញ ទើបទៅប្រាប់មាតាបិតាគេ ពួកគាត់ក៏យំសោកបោកខ្លួន ហើយបានធ្វើបុណ្យសពឱ្យគេបាត់ទៅហើយ។ នាងពោលថា ខ្ញុំនេះឯង គឺជាកូនសេដ្ឋីម្នាក់នោះ លោកម្ចាស់!

មិត្តភក្តិពោលថា នាងដ៏ចម្រើន ចូរថយចេញទៅ តើនាងនិយាយអ្វីហ្នឹង? មិត្តភក្តិរបស់ខ្ញុំគឺជាបុរសម្នាក់ ប្រៀបដូចជាទេវបុត្រ។ នាងតបថា លោកម្ចាស់ ខ្ញុំពិតជាគេមែន។ មិត្តភក្តិសួរថា ចុះរឿងនេះវាមានន័យដូចម្ដេច? នាងក៏សួរថា ក្នុងថ្ងៃនោះ តើលោកម្ចាស់ឃើញព្រះមហាកច្ចាយនត្ថេរដែរឬទេ? មិត្តភក្តិតបថា បាទ ឃើញ។ នាងរៀបរាប់ថា ខ្ញុំបានមើលទៅកាន់ព្រះមហាកច្ចាយនត្ថេរ រួចគិតថា ឱ! ហ្ន៎ ប្រសិនបើព្រះថេរៈនេះបានមកជាភរិយាខ្ញុំ ឬឱ្យភរិយាខ្ញុំមានសម្បុរដូចជាសម្បុរនៃរាងកាយលោកនេះ ពិតជាល្អណាស់។ ក្នុងខណៈដែលគិតភ្លាម ភេទបុរសរបស់ខ្ញុំក៏បាត់ទៅ ភេទស្រីក៏ប្រាកដឡើង។ គ្រានោះ ខ្ញុំមានសេចក្ដីអៀនខ្មាស មិនអាចនិយាយប្រាប់អ្នកណាម្នាក់បាន ក៏រត់គេចខ្លួនមកទីនេះឯង លោកម្ចាស់។

មិត្តភក្តិនោះនិយាយថា ឱ! អ្នកបានធ្វើកម្មដ៏ធ្ងន់ណាស់ ហេតុអ្វីក៏មិនប្រាប់ខ្ញុំ? ចុះអ្នកបានឱ្យព្រះថេរៈអត់ទោសឱ្យហើយឬនៅ? នាងតបថា មិនទាន់បានឱ្យលោកអត់ទោសឱ្យទេ លោកម្ចាស់ ចុះលោកម្ចាស់ដឹងទេថា ឥឡូវព្រះថេរៈគង់នៅទីណា? មិត្តភក្តិប្រាប់ថា លោកគង់អាស្រ័យនៅជិតនគរនេះឯង។ នាងពោលថា លោកម្ចាស់ ប្រសិនបើលោកនិមន្តមកបិណ្ឌបាតទីនេះ ខ្ញុំនឹងប្រគេនចង្ហាន់ដល់លោកម្ចាស់របស់ខ្ញុំ។

មិត្តភក្តិពោលថា បើដូច្នោះ ចូរអ្នកប្រញាប់រៀបចំសក្ការៈចុះ យើងនឹងឱ្យលោកម្ចាស់អត់ទោសឱ្យ រួចមិត្តភក្តិនោះក៏ធ្វើដំណើរទៅកាន់ទីលំនៅរបស់ព្រះថេរៈ ថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរ រួចនិមន្តថា បពិត្រព្រះអង្គ សូមព្រះអង្គទទួលភិក្ខារបស់ខ្ញុំព្រះអង្គនៅថ្ងៃស្អែកចុះ។ ព្រះថេរៈសួរថា ម្នាលសេដ្ឋីបុត្រ អ្នកគឺជាអ្នកចំណូលថ្មី (អាគន្តុកៈ) មែនទេ? គាត់តបថា បពិត្រព្រះអង្គ សូមព្រះអង្គកុំសួរពីភាពជាអ្នកចំណូលថ្មីរបស់ពួកខ្ញុំឡើយ សូមព្រះអង្គទទួលភិក្ខារបស់ខ្ញុំនៅថ្ងៃស្អែកចុះ។ ព្រះថេរៈក៏ទទួលដោយតុណ្ហីភាព។ ឯនៅក្នុងផ្ទះ សក្ការៈដ៏ធំក៏ត្រូវបានគេរៀបចំទុកថ្វាយព្រះថេរៈ។

លុះដល់ថ្ងៃបន្ទាប់ ព្រះថេរៈបាននិមន្តមកកាន់មាត់ទ្វារផ្ទះនោះ។ មិត្តភក្តិសេដ្ឋីបុត្រក៏បានឱ្យលោកគង់លើអាសនៈ ប្រគេននូវអាហារដ៏សម្រិតសម្រាំង រួចក៏នាំស្រ្តីនោះមកឱ្យដេកទៀបបាទមូលរបស់ព្រះថេរៈ ហើយក្រាបទូលថា បពិត្រព្រះអង្គ សូមព្រះអង្គអត់ទោសឱ្យមិត្តភក្តិរបស់ខ្ញុំព្រះអង្គផង។ ព្រះថេរៈសួរថា តើមានរឿងអ្វី? គាត់ក្រាបទូលថា បពិត្រព្រះអង្គ កាលពីមុន អ្នកនេះគឺជាមិត្តសម្លាញ់របស់ខ្ញុំ កាលដែលគេបានឃើញព្រះអង្គហើយ ក៏បានគិត (អាក្រក់) បែបនេះ រួចភេទបុរសក៏បាត់ទៅ ភេទស្រីក៏កើតឡើង បពិត្រព្រះអង្គ សូមព្រះអង្គអត់ទោសឱ្យគេផងចុះ។ ព្រះថេរៈត្រាស់ថា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោកឡើងចុះ អាត្មាអត់ទោសឱ្យអ្នករាល់គ្នាហើយ។ គ្រាន់តែព្រះថេរៈពោលថា អាត្មាអត់ទោសឱ្យភ្លាម ភេទស្រីក៏បាត់ទៅ ភេទបុរសក៏ប្រាកដឡើងវិញភ្លាម។

កាលដែលភេទបុរសប្រាកដឡើងវិញហើយ សេដ្ឋីបុត្រនៅក្រុងតក្កសិលាក៏និយាយថា មិត្តសម្លាញ់ កុមារទាំងពីរនាក់នេះ ព្រោះតែធ្លាប់នៅក្នុងផ្ទៃរបស់អ្នក និងព្រោះតែអាស្រ័យនឹងខ្ញុំទើបកើតមក ដូច្នេះក្មេងទាំងពីរនេះ គឺជាកូនរបស់យើងទាំងពីរនាក់ដដែលទេ ចូរអ្នករស់នៅទីនេះចុះ កុំកើតទុក្ខឡើយ។ គាត់តបថា មិត្តសម្លាញ់ ក្នុងអត្តភាពតែមួយនេះ ដំបូងខ្ញុំជាបុរស រួចក្លាយជាស្រី ហើយត្រឡប់ជាបុរសវិញ ខ្ញុំដល់នូវសេចក្ដីប្រែប្រួលខ្លាំងណាស់ កាលពីមុនមានកូន ២ នាក់កើតឡើងដោយអាស្រ័យនឹងខ្ញុំ ឥឡូវនេះមានកូន ២ នាក់ទៀតចេញពីផ្ទៃរបស់ខ្ញុំ ខ្ញុំដល់នូវសេចក្ដីប្រែប្រួលក្នុងអត្តភាពតែមួយយ៉ាងនេះហើយ ដូច្នេះអ្នកកុំគិតថាខ្ញុំនឹងរស់នៅក្នុងផ្ទះទៀតឡើយ ខ្ញុំនឹងបួសក្នុងសំណាក់លោកម្ចាស់របស់ខ្ញុំ។ ចំណែកឯកុមារទាំងពីរនាក់នេះ គឺជាបន្ទុករបស់អ្នកហើយ ចូរអ្នកកុំធ្វេសប្រហែសនឹងក្មេងទាំងនេះឡើយ។ ពោលដូច្នោះហើយ គាត់ក៏ថើបក្បាលកូន បង្អែល និងឱ្យកូនដេកលើទ្រូង រួចក៏ប្រគល់ឱ្យទៅឪពុកគេវិញ ហើយចេញទៅសូមបួសក្នុងសំណាក់ព្រះថេរៈ។ ព្រះថេរៈក៏បានឱ្យគាត់បួសជាសាមណេរ និងឧបសម្បទាជាភិក្ខុ រួចនាំត្រេចចារិកទៅតាមលំដាប់ រហូតដល់ក្រុងសាវត្ថី។

លោកមានឈ្មោះថា សោរេយ្យត្ថេរ។ អ្នកស្រុកអ្នកភូមិដែលដឹងរឿងរ៉ាវនោះ ក៏មានសេចក្ដីភ្ញាក់ផ្អើល និងចង់ដឹងចង់ឃើញយ៉ាងខ្លាំង ក៏នាំគ្នាចូលទៅសួរលោកថា បពិត្រព្រះអង្គ ឮថាមានរឿងបែបនេះមែនឬ? លោកតបថា មែនហើយ អ្នកដ៏ចម្រើន។ គេសួរទៀតថា បពិត្រព្រះអង្គ ចុះរឿងបែបនេះអាចកើតឡើងបានផងឬ? ឮថាមានកូន ២ នាក់កើតចេញពីផ្ទៃរបស់លោក និងមានកូន ២ នាក់ទៀតកើតឡើងដោយអាស្រ័យនឹងលោក តើក្នុងចំណោមកូនទាំងនោះ លោកមានសេចក្ដីស្រឡាញ់ខ្លាំងក្លាចំពោះកូនណាជាង? លោកតបថា គឺកូនដែលធ្លាប់នៅក្នុងផ្ទៃរបស់ខ្ញុំហ្នឹងឯង អ្នកដ៏ចម្រើន។ មនុស្សម្នាក់ហើយម្នាក់ទៀតដែលមកដល់ ក៏តែងតែសួរលោកនូវសំណួរដដែលនោះឯង។

ព្រះថេរៈកាលដែលពោលរឿយៗថា សេចក្ដីស្រឡាញ់ចំពោះកូនដែលធ្លាប់នៅក្នុងផ្ទៃហ្នឹងឯងខ្លាំងក្លាជាង ក៏កើតសេចក្ដីអៀនខ្មាស ទើបអង្គុយម្នាក់ឯង ឈរម្នាក់ឯង។ លោកកាលដែលនៅម្នាក់ឯងយ៉ាងនោះ ក៏បានញ៉ាំងខយធម៌ និងវយធម៌ឱ្យកើតឡើងក្នុងអត្តភាព រួចក៏បានសម្រេចនូវ អរហត្តផល ព្រមដោយបដិសម្ភិទាទាំងឡាយ។ គ្រានោះ មនុស្សទាំងឡាយដែលមកដល់ ក៏នៅតែសួរលោកថា បពិត្រព្រះអង្គ ឮថាមានរឿងបែបនេះមែនឬ? លោកតបថា មែនហើយ អ្នកដ៏ចម្រើន។ គេសួរទៀតថា ចុះសេចក្ដីស្រឡាញ់ចំពោះកូនណាខ្លាំងក្លាជាង? លោកតបថា សេចក្ដីស្រឡាញ់ចំពោះកូនណាមួយ មិនមានដល់ខ្ញុំឡើយ។

ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ភិក្ខុអង្គនេះពោលពាក្យមិនពិត កាលពីថ្ងៃមុនៗលោកពោលថា សេចក្ដីស្រឡាញ់ចំពោះកូនដែលនៅក្នុងផ្ទៃខ្លាំងក្លាជាង ប៉ុន្តែឥឡូវនេះបែរជាពោលថា មិនមានសេចក្ដីស្រឡាញ់ចំពោះកូនណាមួយឡើយ លោកពោលផ្សេងពីមុន ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កូនរបស់តថាគតមិនបានពោលពាក្យផ្សេង (កុហក) ឡើយ ចាប់តាំងពីកាលដែលកូនរបស់តថាគតបានឃើញមគ្គ ដោយចិត្តដែលតម្កល់ទុកត្រឹមត្រូវហើយ សេចក្ដីស្រឡាញ់ក្នុងទីណាមួយក៏មិនបានកើតមានឡើយ ព្រោះថាគុណសម្បត្តិណាដែលមាតាក៏ធ្វើឱ្យមិនបាន បិតាក៏ធ្វើឱ្យមិនបាន ចិត្តដែលតម្កល់ទុកត្រឹមត្រូវ (សម្មាបណិហិតំ ចិត្តំ) ដែលប្រវត្តទៅក្នុងខាងក្នុងនៃសត្វទាំងឡាយនេះឯង រមែងផ្ដល់ឱ្យនូវគុណសម្បត្តិនោះ រួចព្រះអង្គក៏ត្រាស់នូវព្រះគាថានេះថា៖

៤៣. ន តំ មាតា បិតា កយិរា,  អញ្ញេ វាបិ ច ញាតកា;

សម្មាបណិហិតំ ចិត្តំ,  សេយ្យសោ នំ តតោ ករេ។

មាតាបិតាមិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដ៏ទៃជាញាតិមិនគប្បីធ្វើនូវហេតុនោះបាន។ ចំណែកខាង ចិត្តដែលបុគ្គលតាំងទុកត្រូវហើយ រមែង ធ្វើបុគ្គលនោះឱ្យប្រសើរជាងហេតុនោះបាន។

Previous Post Next Post