ទេវតាសុត្តស្ស សតុល្លប្បកាយិកវគ្គ ទេវតោទានំ

 💎ទេវតាសុត្តស្ស សតុល្លប្បកាយិកវគ្គ ទេវតោទានំ💎

បិ២៩/៦៨  សិកលិកសូត្រទី៨

  [១២៤ -១២៥-១២៦-១២៧-១២៨]  ខ្ញុំបានស្ដាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងឱទ្យានឈ្មោះមទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងរាងគ្រិះ។ សម័យនោះឯង #ព្រះបាទនៃព្រះមានព្រះភាគទង្គិចដោយបំណែកថ្ម (ដែលទេវទត្តប្រមៀលមក) វេទនាដ៏មានកម្លាំង ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនពេញចិត្ត ក៏ប្រព្រឹត្តទៅក្នុងព្រះសរីរៈ នៃព្រះមានព្រះភាគ។  ត្រាស់បង្គាប់ភិក្ខុ ឲ្យក្រាលសង្ឃដី មានជាន់បួន ទ្រង់សម្រេចព្រះសីហសេយ្យខាងស្ដាំ តម្រួតព្រះបាទខាងឆ្វេង លើព្រះបាទខាងស្តាំ ទ្រង់មានសតិសម្បជញ្ញៈ។ 

 កាលវេលារាត្រីបឋមយាម កន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា៧០០អង្គ មានស្មើរដ៏ល្អ ញាំង មទ្ទកុច្ឆិឱទ្យាទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ឋិតនៅក្នុងទីសមគួរ។

 ព្រះសមណគោតម ជានាគមែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គលមានព្រះពលានុភាព ទោះបីវេទនា ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនពេញចិត្តកើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ ។

[២២៩ -១៣០-១៣១-១៣២]  លំដាប់ ទេវតាមួយអង្គទៀត បន្លឺឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា យីអើ ព្រះសមណគោតម  ជានិសភ: (១) មែនហ្ន៎ ព្រោះព្រះអង្គជាបុគ្គលឥតមានអ្នកណាស្មើ ទោះបីវេទនា ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញ: ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។  ព្រះអង្គជាធោរយ្ហបុគ្គល មែន ព្រោះព្រះអង្គជាអ្នកនាំទៅនូវធុរៈ ទោះបីវេទនា ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្តកើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំ មិនលំបាកឡើយ។

១, អដ្ឋកថា ថា គោឈ្មោលដែលជាធំជាងគោ ១ រយ ហៅថាឧសភ: ជាធំជាងគោ ១ ពាន់ ហៅថា អាសភ: ជាធំគោ១ មុឺន ហៅថា និសភ: ។ ព្រះមានព្រះភាគ ទ្រង់ប្ដេជ្ញានូវឋាន:ដ៏ប្រសើរ ទើបទ្រង់ព្រះនាមថា និសភ:។

ព្រះសមណគោតម ជាទន្សងបុគ្គល (អ្នកប្រដៅព្រះហឬទ័យបាន) មែន ព្រោះព្រះអង្គជាអ្នកមិនមានពុកត្បិត ទោះបីវេទនា ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានសតិសម្បជញ្ញៈ  សូមព្រះអង្គទតចំពោះតែអរហត្តផលសមាធិដែលចម្រើនល្អហើយ និងចិត្តដែលរួចស្រឡះដោយផលវិមុត្តហើយ សូមកុំទតនូវចិត្តដែលប្រព្រឹត្តទៅតាមរាគ: ប្រព្រឹត្តទៅតាមទោស:  និងចិត្តដែលសង្កត់សង្កិននូវកិលេសដោយសេចក្តីព្យាយាមរបស់ខ្លួនហើយប្រព្រឹត្តទៅ អ្នកណាឡើយនឹងរាប់អានបុគ្គលដែលបៀតបៀននូវនាគបុរស សីលបុរស អាជានីយបុរស និសភបុរស ធោរយ្ហបុរស ទន្ដបុរស មានសភាពយ៉ាងនេះដូចម្តេចបាន វៀរលែងតែបុគ្គលជាអន្ធពាលចេញ។    

             ឧទានរបស់ទេវតា

 ពួកព្រាហ្មណ៍ អ្នកទ្រទ្រង់នូវវេទនាទាំងម៥ ជាអ្នកប្រព្រឹត្តអាស្រ័យនូវតប: អស់មួយរយឆ្នាំគត់  ក៏ចិត្តរបស់ពួកព្រាហ្មណ៍នោះ នៅតែមិនរួចស្រឡះដោយប្រពៃឡើយ ព្រាហ្មណ៍ទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ បុគ្គលអ្នកជាចំពាក់ដោយសីលពត្ត(១) ព្រោះតណ្ហាគ្រប់សង្កត់ ទោះប្រព្រឹត្តនូវតបៈដ៏សៅហ្មង អស់មួយរយឆ្នាំ ក៏ចិត្តរបស់បុគ្គលទាំងនោះ មិនរួចស្រឡះដោយប្រពៃឡើយ បុគ្គលទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់ព្រះនិព្វានឡើយ។

១, អដ្ឋកថា ថា ជាប់ចំពាក់ទំនៀមនឹងប្រក្រតីទាំងឡាយ មានទំនៀមនិងប្រក្រតីនៃពពែ និងឆ្កែជាដើម ។

Previous Post Next Post