នខសិខាសូត្រ៖ ការដាស់តឿនសតិឱ្យផុតចាកភាពប្រមាទក្នុងសង្សារវដ្ត

 នខសិខាសូត្រ៖ ការដាស់តឿនសតិឱ្យផុតចាកភាពប្រមាទក្នុងសង្សារវដ្ត


កាលពីសម័យពុទ្ធកាល ក្នុងពេលដែលព្រះសម្មាសម្ពុទ្ធគង់នៅក្នុងវត្តជេតពនមហាលោកវិហារ ព្រះអង្គបានត្រាស់សម្តែងនូវព្រះធម៌ទេសនាដ៏គួរឱ្យរន្ធត់ចិត្តមួយ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីសភាពពិតនៃសង្សារវដ្តដ៏វែងឆ្ងាយ។ 


ក្នុងគ្រានោះ ព្រះអង្គទ្រង់យកដីបន្តិចបន្តួចដាក់លើចុងព្រះនខ (ក្រចក) ដ៏បរិសុទ្ធ ហើយសួរភិក្ខុទាំងឡាយថា "តើដីនៅលើចុងព្រះនខនេះ មានចំនួនច្រើនជាង ឬមួយក៏ដីក្នុងមហាប្រថពីទាំងមូលមានចំនួនច្រើនជាង?"

ដោយភិក្ខុទាំងឡាយក្រាបទូលថា"ដីក្នុងមហាប្រថពីមានចំនួនច្រើនលើសលប់ រាប់មិនអស់ រីឯដីលើចុងព្រះនខមានចំនួនតិចតួចក្រៃលែងនោះ"  ព្រះអង្គក៏បានត្រាស់សម្តែងនូវសេចក្តីពិតដ៏គួរឱ្យតក់ស្លុតថា សត្វលោកដែលច្យុតពីលោកនេះទៅ ហើយបានវិលត្រឡប់មកកើតជាមនុស្ស ឬទេវលោកវិញនោះ មានចំនួនតិចតួចប្រៀបបាននឹងដីលើចុងព្រះនខនេះឯង ចំណែកឯសត្វដែលត្រូវធ្លាក់ទៅក្នុងអបាយភូមិទាំង ៤ មាននរក ប្រេត អសុរកាយ និងតិរច្ឆានវិញនោះ គឺមានចំនួនច្រើនមហាសាលប្រៀបបាននឹងដីក្នុងមហាប្រថពីទាំងមូល។


ការត្រាស់សម្តែងនេះ មិនមែនជាការបង្រៀនដើម្បីឱ្យពុទ្ធបរិស័ទមានការភ័យខ្លាចដោយឥតប្រយោជន៍នោះទេ ប៉ុន្តែវាគឺជាការដាស់តឿនចិត្តដ៏មុតស្រួច ដើម្បីឱ្យយើងទាំងអស់គ្នាភ្ញាក់រឭកពីភាពប្រមាទក្នុងជីវិត។ យើងម្នាក់ៗត្រូវពិចារណាឱ្យឃើញថា ការបានមកកើតជាមនុស្សក្នុងពេលនេះ គឺជាឱកាសដ៏កម្របំផុត ដែលកើតឡើងដោយសារបុព្វកុសលដែលយើងបានសាងទុក។ ប៉ុន្តែដោយសារចិត្តរបស់យើងតែងតែហូរទៅតាមអំណាចនៃអវិជ្ជា និងកិលេសមានលោភៈ ទោសៈ និងមោហៈជាដើម ទើបយើងងាយនឹងធ្លាក់ទៅក្នុងអបាយភូមិវិញជានិច្ច។ 


ដូច្នេះ ដើម្បីកុំឱ្យជីវិតនេះត្រូវរបូតបាត់ទៅដោយឥតន័យ ហើយដើម្បីកុំឱ្យយើងក្លាយជាផ្នែកមួយនៃ "មហាប្រថពី" នោះ យើងត្រូវតែប្រឹងប្រែងសាងកុសលផលបុណ្យដោយសេចក្តីមិនប្រមាទ តាមរយៈការរក្សាសីល ការធ្វើទាន និងការអប់រំចិត្តឱ្យស្ងប់ស្ងាត់។ ជីវិតមនុស្សប្រៀបដូចជាទឹកសន្សើមលើចុងស្មៅដែលងាយនឹងរលាយទៅវិញគ្រប់ពេលវេលា ហេតុនេះក្នុងនាមជាពុទ្ធសាសនិកជន ចូរយើងតាំងចិត្តវៀរចាកអកុសលកម្មទាំង ១០ ប្រការ បំពេញបារមីឱ្យពេញលេញ ដើម្បីជាស្ពានចម្លងខ្លួនឱ្យរួចផុតពីសង្សារវដ្តដ៏គួរឱ្យខ្លាចនេះ ហើយឆ្ពោះទៅកាន់សុគតិភូមិ និងព្រះនិព្វានដែលជាទីបំផុតនៃទុក្ខដោយសេចក្តីស្ងប់តទៅ។


បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា

#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth

Previous Post Next Post